អានតួអត្ថបទ
កម្ពុជា

៧មករា​៖​លោកហ៊ុន សែន​ថា​ជា​ដើមហេតុ​នៃ​សន្តិភាព​នៅ​កម្ពុជា​តែ​លោក​សម រង្ស៊ី​ថា​ជា​សន្តិភាព​ក្លែង​ក្លាយ​

លោក​ហ៊ុន សែន ​នៅក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យ​ជម្នះ​ ៧មករា ​នា​ព្រឹក​ថ្ងៃអ​ង្គារ​ ទី៧ ​មករា​ ឆ្នាំ​២០២០​
លោក​ហ៊ុន សែន ​នៅក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យ​ជម្នះ​ ៧មករា ​នា​ព្រឹក​ថ្ងៃអ​ង្គារ​ ទី៧ ​មករា​ ឆ្នាំ​២០២០​ @facebook

ថ្ងៃ៧​មករា ​១៩៧៩​-៧ ​មករា​ ២០២០​នេះ ​គឺ​ជា​គម្រប់​ខួប​៤១​ឆ្នាំ​នៃ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ​ពត។​ នៅ​ព្រឹក​នេះ ​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​បាន​រៀប​ចំ​ការ​រំលឹក​ខួប​នេះ​នៅ​កោះពេជ្រ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់​។ ​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ​ប្រមុខ​បក្ស​កាន់អំណាច​បាន​ចាត់ទុក​ជា​ថ្មី​ថា​ ៧ ​មករា​ ជា​ដើម​ហេតុ​នៃ​សន្តិភាព​នៅ​កម្ពុជា​។ ​ប៉ុន្តែ​លោកសម រង្ស៊ី ​បាន​ចេញ​មក​វាយ​ប្រហារ​ថា ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​សព្វថ្ងៃ​នេះ ​គឺ​ជា​សន្តិភាព​ក្លែងក្លាយ​តែ​ប៉ុណ្ណោះ​។

ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល ​និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ហ៊ុន សែន​ បាន​រំលឹក​ឡើង​វិញ​ជា​ច្រើន​នូវ​គុណ​បំណាច់​នៃ​ថ្ងៃ​ជ័យ​ជម្នះ​៧មករា​។ ​ជ័យ​ជម្នះ​៧មករា​ ដែល​លោក​នាយករដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា ​បាននាំ​នូវ​សន្តិភាព ​សេរីភាព​ ក៏ដូចជា​សិទ្ធិ​គ្រប់យ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្លាប់​បាន​បាត់បង់​ទាំងស្រុង​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត​។​ ជាមួយគ្នា​នេះ ​លោក​ក៏​បាន​រំលេច​អំពី​ស្ថានភាព​នៅក្នុង​ឆ្នាំ​២០១៩​ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ដែរ​។ ​ជា​ស្ថានភាព​ដែល​លោកហ៊ុន សែន ​បាន​អះអាង​ថា ​មាន​ការ​វិវត្ត​ល្អ ​បើទោះ​មាន​បញ្ហា​ខ្លះ​កើតឡើង​ក្នុង​ស្រុក ​និង ​ការ​ប្រែប្រួល​ដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍​អន្តរជាតិ​ក៏​ដោយ​។

អ្វី​ដែល​លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ចង់​បញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​នោះ ​គឺ​បញ្ហាស​ន្តិភាព ​ស្ថិរភាព​នយោបាយ​ សន្តិសុខ ​និង ​សណ្តាប់​ធ្នាប់​សាធារណៈ​ដែល​ត្រូវ​បាន​ថែរក្សា​ការពារ​យ៉ាង​រឹងមាំ​ ទោះ​មាន​ការ​ប៉ុនប៉ង​ចង់ផ្លាស់ប្តូរ​របប​នយោបាយ​កម្ពុជា​ក្តី។​ សម្រាប់​លោកហ៊ុន សែន ​សន្តិភាព ​និង​ ស្ថិរភាព​នយោបាយ​បាន​ធ្វើ​ជាមូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ដូច​ពេល​បច្ចុប្បន្ន​នេះ​។

ក៏ប៉ុន្តែ​បញ្ហា​សន្តិភាព​នេះ ​ត្រូវ​បាន​លោកសម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​ហៅ​ថា ​ជា​សន្តិភាព​ផ្នូរខ្មោច​ និង ​សន្តិភាព​ក្លែងក្លាយ​ទៅវិញ​។ ​លោកសម រង្ស៊ី ​បាន​គូសបញ្ជាក់​ថា ​សន្តិភាព​ដែល​មាន​នៅប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ​គឺ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការ​គំរាមកំហែង ​ការ​បំភិត​បំភ័យ ​និង ​ការ​ភ័យខ្លាច​តែប៉ុណ្ណោះ ​។ សម្រាប់​លោកសម រង្ស៊ី ​វា​គ្រាន់តែ​ជា​ភាព​ស្ងប់ស្ងាត់​ដែល​បាន​មក​ពី​ការ​បង្រ្កាប​ដោយ​ហិង្សា ​និង​ យ៉ាង​សាហាវ​។ ​ក្រៅពី​វាយ​ប្រហារ​លើ​បញ្ហា​សន្តិភាព​នេះ​ លោក​សម រង្ស៊ី ​ក៏​បាន​វាយ​ប្រហារ​លើ​ថ្ងៃ​ជ័យជម្នះ​៧​មករា​ផងដែរ​។ លោក​ហៅ​ជ័យ​ជម្នះ​៧​មករា​នេះ ​ថា​ ជា​៧​មករា​ឡប់ឡែ​។

ខុស​ពី​លោក​សម រង្ស៊ី ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​វិញ ​នៅ​ថ្ងៃ​៧​មករា​នេះ ​បាន​ចេញ​សារ​រំលឹក ​និង​ចងចាំ​ប្រជាជន​កម្ពុជា​ជិត ​២លាន​នាក់ ​ដែល​បាន​បាត់បង់​ជីវិត ​និង​ ផល​ប៉ះពាល់​ជា​ច្រើន​រាប់​មិន​អស់​នៅក្នុងរ​បបប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​។ ស្ថានទូត​អាមេរិក ​បាន​កត់សម្គាល់​ថា​ ប្រជាជន​កម្ពុជា​បាន​បង្ហាញ​នូវ​ភាព​រឹងមាំ​អស់​ជាច្រើន​ទសវត្ស​ចាប់​តាំង​ពី​សម័យ​ដ៏​ខ្មៅងងឹត​ និង ​ការ​ខិតខំ​ប្តេជ្ញាចិត្ត ​បាន​នាំ​ប្រទេស​មួយ​នេះ​មក​ដល់​សព្វថ្ងៃ​។ សហរដ្ឋ​អាមេរិក​តាម​រយៈស្ថានទូត​របស់​ខ្លួន​នៅ​ភ្នំពេញ​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ និង​សេចក្តី​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ការ​ផ្សះផ្សា​ជាតិ​ វិបុលភាព ​ប្រជាធិបតេយ្យ ​និង​ឯករាជ្យភាព ​និង​ធានាថា​សោកនាដកម្ម​បែបនេះ​នឹង​មិន​កើត​ឡើង​វិញ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ