តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួននាយកសាលាដែលប្រមាថព្រះមហាក្សត្រតាមហ្វេសប៊ុក
ចុះផ្សាយនៅថ្ងៃ:
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ននាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ក្រុងស្ទឹងសែនដែលបានជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ តាមហ្វេសប៊ុក។ តាមច្បាប់ថ្មី នាយកសាលារូបនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពីពីរលានទៅ១០លានរៀល។
ជនសង្ស័យដែលរងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនេះ មានឈ្មោះថា ឃាង ណាវី អាយុ៥០ឆ្នាំ ជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នាយកសាលារូបនេះ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីបង្ហោះខ្លឹមសារលើហ្វេសប៊ុកដែលមានលក្ខណៈប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រកម្ពុជា។
តាមរយៈហ្វេសប៊ុកឈ្មោះថា“គ្រូប្រពន្ធស” លោកនាយកសាលាឃាង ណាវី បានសរសេររិះគន់ និងដៀលប្រមាថដល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ជុំវិញការប្រើប្រាស់ព្រះរាជតួនាទីមិនត្រឹមត្រូវក្នុងការរំលាយអតីតគណបក្សសង្គ្រោះជាតិ។ ចំពោះការសរសេរបែបនេះ តុលាការសាលាដំបូងខេត្តកំពង់ធំបានសម្រេចចោទប្រកាន់លោកឃាង ណាវី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ តាមមាត្រា៤៣៧ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ តាមមាត្រាថ្មីនេះ លោកនាយកសាលាអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ពីពីរលានរៀលទៅ១០លានរៀល។ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោកឃន កុសល បានសម្រេចឃុំខ្លួនលោកនាយកសាលានេះជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីស៊ើបអង្កេតមុននឹងបើកសវនាការជំនុំជម្រះក្តីជាផ្លូវការ។
សូមកត់សម្គាល់ថា នេះគឺជាករណីទីមួយហើយដែលសមត្ថកិច្ច និងតុលាការកម្ពុជាបានអនុវត្តច្បាប់ទៅលើជនដែលជេរប្រមាថព្រះមហាក្សត្រ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលបញ្ចូលបន្ថែមមាត្រាដាក់ទោសទណ្ឌលើអ្នកប្រមាថព្រះមហាក្សត្រ ទើបត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីចុងខែកុម្ភៈកន្លងទៅ។ ការអនុវត្តច្បាប់នេះទៀតសោត ធ្វើឡើងចំពេលដែលកម្ពុជាកំពុងតែអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា។
អ្នកវិភាគនៅកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់ទៅលើអ្នកដែលហ៊ានប្រមាថព្រះមហាក្សត្រនាពេលនេះ វាគឺជាសារមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាដទៃទៀត កុំឲ្យចេះតែហ៊ានប្រមាថ និងមិនគោរពដល់អង្គព្រះព្រះមហាក្សត្រ។ អង្គព្រះមហាក្សត្រ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា៕
selfpromo.newsletter.titleselfpromo.newsletter.text
selfpromo.newsletter.link.label