អានតួអត្ថបទ
កម្ពុជា

អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បតិ្ត​លើ​សេដ្ឋី​និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូបទៀត​ដោយសារ​ពុករលួយ​

លោក​គន់ គីម ​និង លោ​កទ្រី ភាព​
លោក​គន់ គីម ​និង លោ​កទ្រី ភាព​ @RFI

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​អាមេរិក​នៅ​ថ្ងៃទី​០៩ ​ខែធ្នូ ​ចំ​ថ្ងៃ​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​អន្តរជាតិ​បា​ន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លើ​លោក​ឧកញ៉ា ​ទ្រី ភាព ​អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ​និង​លោក​គន់ គីម​ អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​គឺអាមេ​រិក​បាន​ចោទ​ប្រកាន់​ពួកគេ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​។​ ក្រៅពី​កម្ពុជា ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​នេះ​ទៅលើ​មន្រ្តី​នៃ​ប្រទេស​ឡេតូនី ​និង​ វេណេស៊ុយអេឡា​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ច ​និង​ ហិរញ្ញវត្ថុ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​លោក​ឧកញ៉ា​ទ្រី ភាព​ និង​ លោក​នាយឧត្តម​សេនីយ៍ ​គន់ គីម​ នៅក្នុង​សហរដ្ឋ​អាមេរិក​ឬ​នៅក្នុង​កម្មសិទ្ធិ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អាមេរិក​។ ​មិនតែ​ប៉ុណ្ណោះ ​ក៏​បាន​ហាមឃាត់​មិន​ឱ្យ​ជនជាតិ​អាមេរិក​ទៅ​ពាក់ព័ន្ធ​ជាមួយ​ថែមទៀត​។ ក្រ​សួង​សេដ្ឋកិច្ច​អាមេរិក ​បាន​ចោទ​ប្រកាន់​លោក​ទ្រី ភាព ​និង ​លោក​គន់ គីម​ ដូចគ្នា​ថា ​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ​ជាច្រើន​ករណី​ដូចជា ​ការគ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ដោយ​មិន​ត្រឹមត្រូវ ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​អំពើ​ពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ​ឬ ​ការ​ទាញ​យក​ធនធាន​ធម្មជាតិ ​ឬ ​ស៊ី​សំណូក​។

សម្រាប់​លោកទ្រី ភាព​ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​អះអាង​ថា ​បាន​ប្រើប្រាស់​នូវ​បណ្តាញ​ដ៏​ធំ​នៅ​កម្ពុជា​ ដើម្បី​បង្កើត​ការ​សម្រប​សម្រួល​ការ​កាប់ឈើ​ដោយ​ខុសច្បាប់​ដោយ​ឃុបឃិត​នឹង​មន្ត្រី​រដ្ឋាភិបាល ​ទិញ​ការ​ការពារ​ពី​រដ្ឋាភិបាល​ និង ទិញ​ការ​ការពារ​ពី​យោធា ​ដើម្បី​បម្រើការ​ធ្វើ​ចរាចរ​ផលិតផល​ឈើ​ខុសច្បាប់​របស់​ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ​ចិន​ រុស៊្សី ​និង​អឺរ៉ុប​។​ ចំណែក​ លោក​គន់ គីម​វិញ ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​អះអាង​ថា ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅក្នុង​គម្រោង​អភិវឌ្ឍ​ក្នុងខេត្ត​កោះកុង ​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ចិន​។ ​បើ​តាម​អាមេរិក​ លោកគន់ គីម ​បាន​ប្រើប្រាស់​កងកម្លាំង​យោធា ​ដើម្បី​បំភិតបំភ័យ​ រុះរើ​ និង​ឈូស​ឆាយ​ដី​យក​ទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ចិន​។

បន្ថែម​ពី​លើ​បុគ្គល​អ្នក​ទាំងពីរ​ សមាជិក​គ្រួសារ​លោក​គន់ គីម​ ៣នាក់ ​ព្រមទាំង​ក្រុមហ៊ុន​អ្នកទាំង​២​សរុប​១៦​ក្រុមហ៊ុន​ទៀត​ក៏​ស្ថិតនៅ​ក្នុង​បញ្ចីទណ្ឌកម្ម​របស់​អាមេរិក​ផងដែរ​។ ​គួរបញ្ជាក់​ថា ​នេះ ​គឺជា​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មក​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​។ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨​ អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូចគ្នា​នេះ​មក​លើ​លោក​​ហ៊ីង ប៊ុនហៀង​ ដែល​ជា​មេ​បញ្ជាការ​​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន​ផងដែរ​ ដោយ​ចោទ​ថា ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

គួរ​ជម្រាប​ជូនថា ​ទណ្ឌកម្ម​របស់​អាមេរិ​កនេះ​ គឺ​ធ្វើឡើង​ក្រោម​ច្បាប់ ​Global ​Magnitsky​។ ​ច្បាប់ ​Global ​Magni- tsky​នេះ ​គឺជា​ច្បាប់​សម្រាប់​ដាក់ទណ្ឌកម្មលើ​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេសដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ច្បាប់​នេះ ​ត្រូវបាន​អនុម័ត​ដំបូង​កាលពី​ឆ្នាំ​២០១២ ​សម្រាប់​តែ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​នៃ​ប្រទេស​រុស្ស៊ី​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ក្រោយ​មក​ ច្បាប់នេះ​ក៏​ត្រូវ​បាន​ពង្រីក​វិសាលភាព​ជា​សាកល​តែ​ម្តង​។ រីឯ​ការ​អនុវត្ត​នៅពេល​នេះ​វិញ ​គឺ​ធ្វើឡើង​អនុលោម​តាម​បទ​បញ្ជាមួយ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​កាល​ឆ្នាំ២០​១៧ ​ដោយ​ផ្តោត​ទាំងលើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង ​អំពើពុករលួយ​ដែល​អាច​គំរាមកំហែង​ដល់ស្ថិរភាព​នយោបាយ​អន្តរជាតិ ​និង​ប្រព័ន្ធ​សេដ្ឋកិច្ច។​ កន្លងមក ​ច្បាប់នេះ ​មិន​ត្រឹមតែ​អនុវត្ត​មក​លើ​មន្រ្តី​កម្ពុជានោះ​ទេ ​ប៉ុន្តែ​ក៏​បាន​អនុវត្ត​ទៅ​លើ​មន្រ្តី​នៃ​ប្រទេស​មួយចំនួន​ទៀត​។ ជាក់ស្តែង​ នៅពេលនេះ​មន្រ្តី​នៃ​ប្រទេស​ឡេតូនី​ និង​ ប្រទេស​វេណេស៊ុយអេឡា​ជាដើម​ ក៏​ត្រូវ​បាន​អនុវត្ត​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​នេះ​ផង​ដែរ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ