អានតួអត្ថបទ
កម្ពជា

លោក​​សម រង្ស៊ី ​សាទរ​​ការ​ដោះលែង​​សមាជិក​​អតីត​​បក្ស​ប្រឆាំង​ តែ​​នៅតែ​​ថា ​កើត​ឡើង​​ព្រោះ​​សម្ពាធ​​អន្តរជាតិ​

លោកសម រង្ស៊ី ​
លោកសម រង្ស៊ី ​ @ Sam Rainsy's Facebook page

ក្រោយពី​ព្រះមហាក្សត្រ​កម្ពុជា​ព្រះរាជទាន​លើកលែងទោស​ដល់​សមាជិក​អតីត​បក្សប្រឆាំង​ទាំង១៤នាក់​នៅ​យប់មិញ​នេះ លោក​សម រង្ស៊ី តាមរយៈ​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការដោះលែង​នេះ។ ជាមួយនឹង​ការអបអរសាទរ លោក​អតីត​ប្រធាន​អតីត​បក្សប្រឆាំង​រូបនេះ ក៏​នៅតែ​អះអាង​ជាថ្មី​ដដែល​ថា ការដោះលែង​សមាជិក​អតីត​បក្សប្រឆាំង​នេះ គឺ​ដោយសារ​អន្តរជាតិ​បានដាក់​សម្ពាធ​ខ្លាំង​មកលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ផ្សាយពាណិជ្ជកម្ម

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​សាទរ​ផង និង​អរគុណ​ផង​ចំពោះ​វីរភាព​របស់​មន្ត្រី និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១៤នាក់ ដែល​បានបង្ហាញ​ភាពក្លាហាន ភាព​អត់ធ្មត់ និង​ភាពស្មោះត្រង់ របស់​ពួកគេ​ចំពោះ​អតីត​គណបក្សប្រឆាំង។ ជាមួយនឹង​ការដោះលែង​មន្ត្រី និង​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ លោក​សម រង្ស៊ី បានបង្ហាញ​ការយល់ឃើញ​របស់លោក​ថា លោក​កឹម សុខា ក៏​នឹងត្រូវ​ដោះលែង​ក្នុងពេលឆាប់ៗខាងមុខនេះ​ផងដែរ ក្រោម​សម្ពាធ​អន្តរជាតិ។ គឺ​សម្ពាធ​អន្តរជាតិ​នេះហើយ ដែល​លោក​សម រង្ស៊ី តែងតែ​និយាយដដែលៗ និង​ជា​បន្តបន្ទាប់​តាំងពី​មាន​ដំណឹង​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គ្រោង​ស្នើ​លើកលែងទោស​សកម្មជន​អតីត​បក្សប្រឆាំង​កាលពី​សប្តាហ៍​មុន​មក​ម្លេះ។

លោក​សម រង្ស៊ី បាន​គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កំពុងតែ​ចុះ​ញ៉ម​ក្រោម​សម្ពាធ​អន្តរជាតិ ។ ដូច្នេះហើយ លោក​ត្រូវ​បង្ខំចិត្ត​ដោះលែង​អ្នកទោស ដែល​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទាំងអស់​បែបនេះ។ ប៉ុ​ន្តេ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជា​សាធារណៈហើយ​ថា ការដោះលែង​ពួកគេ​ទាំងនេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការដាក់​សម្ពាធ​ពី​អន្តរជាតិ​ឡើយ។ ផ្ទុយទៅវិញ វា​កើតចេញពី​ចិត្ត​ប្រោសប្រណី​របស់លោក ដែលមាន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ការដោះលែង​អ្នកទោស​ទាំងនេះ គឺ​គ្រាន់តែ​ជា​លក្ខខណ្ឌ​ទីមួយ​ទេ ដែល​លោក​ហ៊ុន សែន ត្រូវបំពេញ​ក្រោម​សម្ពាធ​អន្តរជាតិ។ សម្រាប់​លោក​សម រង្ស៊ី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបំពេញ​ជា​លក្ខខណ្ឌ​បន្ថែមទៀត មាន​ជាអាទិ៍ គឺ​ត្រូវ​យល់ព្រម​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ អនុញ្ញាត​ឲ្យ​មន្ត្រី​ទាំង១១៨នាក់​អាចធ្វើ​នយោបាយ​ឡើងវិញ​បាន ក៏ដូចជា​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា និង រដ្ឋសភា​ឡើងវិញ​ជាដើម។

ចំពោះ​លក្ខខណ្ឌ​បន្ថែម​របស់លោក​សម រង្ស៊ី​នេះ ត្រូវបាន​លោក​សុខ ឥសាន​ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ហៅថា ជាការ​យល់សប្តិ ដែល​មិនអាច​ក្លាយជា​ការពិត​ប៉ុណ្ណោះ។ លោក​អះអាងថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​រស់​ឡើងវិញ​ឡើយ រីឯ​មន្ត្រី១១៨រូបនោះ គឺអាច​ធ្វើ​នយោបាយ​ឡើងវិញ​បាន តែ​ទាល់តែ​ចាំ​ដល់​ឆ្នាំ២០២៣សិន ទើប​អាចមាន​សិទ្ធិ។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​មិនអាច​ត្រឡប់ក្រោយ​វិញ​ជាដាច់ខាត ទោះ​ក្នុងករណី​ណាក៏ដោយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​សុខ ឥសាន ដដែល។ ហេតុ​ដូច្នេះហើយ លោក​សុខ ឥសាន អះអាងថា អ្វីដែល​លោក​សម រង្ស៊ី បានលើកឡើង គឺ​គ្រាន់តែ​ជាការ​ស្រមើ​ស្រ​ម៉ៃ ដេក​យល់សប្តិ ដែល​មិនអាច​ក្លាយជា​ការពិត​ឡើយ និង​មិនអាច​ជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ