អានតួអត្ថបទ
កម្ពុជា

លោកសម រង្ស៊ី​៖​ករណី​លោ​កកឹម សុខា ​ធ្វើ​ឱ្យ​លោ​កហ៊ុន សែន​ដើរ​ទៅមុខ​ក៏​មិនរួច​ ថយ​ក្រោយ​ក៏​មិន​រួច​

លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​
លោកសម រង្ស៊ី ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ @Sam Rainsy Facebook

សវនាការ​លោក​កឹម សុខា ​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​ទី២២ ​និង​ ២៣​ មករា ​ខាង​មុខ​នេះ​។ ​ប៉ុន្តែ​មុន​សវនាការ​នេះ​មក​ដល់ ​លោក​សម រង្ស៊ី ​ពី​ក្រៅ​ប្រទេស​បាន​ចេញ​មក​និយាយ​ជា​ថ្មី​ពី​ករណី​លោក​កឹម សុខា​នេះ។​ សម្រាប់​លោក​ប្រធានស្តីទី​អតីត​បក្សប្រឆាំង​រូប​នេះ ​ការ​យក​លោក​កឹម សុខា ​ទៅ​កាត់ទោស​ គឺ​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ដើ​រដល់​ផ្លូវ​ទាល់​ គឺ​ចង់​ទៅ​មុខ​មិន​រួច​ ថយ​ក្រោយ​ក៏​មិន​រួច​។

ផ្សាយពាណិជ្ជកម្ម

«​ហ៊ុន សែន ​ជាប់​អន្ទាក់​ខ្លួនឯង​ក្នុង​ការ​កាត់ទោស​កឹម សុខា ​គឺ​ធ្វើឱ្យ​គាត់​ទាល់​ច្រក​ដោយ​ទៅមុខ​ក៏​មិន​រួច​ ថយ​ក្រោយ​ក៏​មិនរួច​»​។ នេះ ​គឺ​ជា​ការ​អះអាង​របស់​លោក​សម រង្ស៊ី ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពីយប់​ថ្ងៃ​អាទិត្យ ​ទី១៩ ​ខែ​មករា​។ ​បើតាម​លោក​សម រង្ស៊ី ​ការ​ទៅមុខ​មិន​រួច​នេះ ​គឺ​ពីព្រោះ​មិន​អាច​រក​ភស្តុតាង​អ្វី​ពិត​ប្រាកដ​ដែល​បង្ហាញ​ថា ​លោក​កឹម សុខា ​ក្បត់​ជាតិ​មែន​។ ​ចំណែក ​ការ​ថយក្រោយ​មិនរួច​វិញ​ លោក​សម រង្ស៊ី ​បាន​បក​ស្រាយថា​ គឺពី​ព្រោះ​ថា​បើ​ត្រូវ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា ​មាន​ន័យ​ថា ត្រូវ​តែ​បើក​ផ្លូវ​ឱ្យ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើង​វិញ​។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ​លោក​សម រង្ស៊ី ​ដែល​ជា​ទណ្ឌិត​គ្មាន​សិទ្ធិ​អី​និយាយ​ពី​រឿងក្តី​របស់​លោក​កឹម សុខា ​ដែល​តុលាការ​កំពុង​ដំណើការ​តាម​នីតិវិ​ធី​ឡើយ​។ លោក​បាន​អះអាង​ទៀត​ថា ​នៅក្នុង​ការ​ជំនុំ​ជម្រះ​ក្តី ​គេ​យក​ភ័ស្តុតាង ​ឯកសារ ​និង ​សាក្សី ​គឺ​គេ​មិន​យក​តាម​ការ​យល់ឃើញ​របស់​ជនណា​ម្នាក់ ​ឬ ​ក្រុម​ជន​ណាមួយ​នោះ​ទេ​ ។

ជា​ការ​កត់សម្គាល់ ​នេះ​មិនមែន​ជា​លើកទី​១ ​និង​ជា​រឿង​ថ្មី​ថ្មោង​ទេ​ដែល​លោក​សម រង្ស៊ី ​បាន​លើក​និយាយ​ពី​រឿង​ក្តីក្តាំ​នៅតុលាការ​របស់​លោក​កឹម សុខា​នេះ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹងទេ​ លោក​សម រង្ស៊ី​ ក៏​ធ្លាប់​បាន​ទាញភ្ជាប់​ខ្លួន​លោក​ទៅ​ជាមួយ​លោក​កឹម សុខា​ថែម​ទៀត​ដោយ​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​កាត់ទោស​លើ​រូប​លោក​ជាមួយ​លោក​កឹម សុខា ​ពី​បទ​ក្បត់ជាតិ​។ ​ប៉ុន្តែ ​តុលាការ​កម្ពុជា​សម្រេច​ចោទប្រកាន់​ និង​ ដំណើរការ​សវនាការ​លើ​តែ​លោក​កឹម សុខា ​តែ​ម្នាក់​ប៉ុណ្ណោះ។​

នៅ​សប្តាហ៍​នេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​បើកស​វនាការ​លើ​លោក​កឹម សុខា ​នៅ​ថ្ងៃទី​២២​ និង​ ២៣​ ខែ​មករា​។ ​សវនាការ​បន្ត​នេះ ​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​វីដេអូឃ្លីប​របស់​លោក​កឹម សុខា ​កាល​ពី​ឆ្នាំ២​០១៣​នៅក្នុង​ប្រទេស​អូស្រ្តាលី​។ ​គឺ​វីដេអូឃ្លីប​នេះ​ហើយ​ដែល​ជា​ដើមហេតុ​ឈាន​ទៅ​ចាប់ខ្លួន ​និង​ ចោទលោក​កឹម សុខា ​ពី​បទ​ក្បត់ជាតិ​។ នៅក្នុង​សវនាការ​កាល​ពី​សប្តាហ៍​មុន ​លោក​កឹម សុខា ​បាន​ស្នើ​ឱ្យ​តុ​លាការ​ចាក់​បញ្ចាំង​វីដេអូ​នោះ​ទាំងស្រុង ​ដើម្បី​បញ្ជាក់​ពី​ការ​ពិត​។ តុលាការ​បាន​យល់ព្រម​ឱ្យ​លោ​កកឹម សុខា ​ដាក់​វីដេអូ​នោះ​ទាំងស្រុង ​ហើយ​នឹង​ធ្វើការ​ពិភាក្សា​ចាក់បញ្ចាំង​ឬ​យ៉ាងណា​នៅក្នុង​សវនាការ​នា​ពេល​ខាងមុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ