អានតួអត្ថបទ
កម្ពុជា

អ្នកសេដ្ឋ​កិច្ច​៖​ខេត្ត​ព្រះសីហនុ​នឹ​ង​បន្ត​រញ៉េ​រញ៉ៃមិ​ន​ក្រោម​៥​ឆ្នាំ​ទៀត​ទេ ​ទើប​អាច​រៀបចំ​បាន​ស្រួលបួល​ឡើងវិញ​

គ្រោះអគ្គីភ័យក្នុងខេត្តព្រះសីហនុ
គ្រោះអគ្គីភ័យក្នុងខេត្តព្រះសីហនុ @RFI

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា ​បាន​មើល​ឃើញ​ថា ​វត្តមាន​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​បង្ក​នូវ​ភាព​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​។ ភាព​អវិជ្ជមាន​ គឺ​ទៅលើ​បញ្ហា​សន្តិសុខ​ ភាពរញ៉ររញ៉ៃ​នៃ​សំណង់​អាគា​រនានា ​បញ្ហា​បរិស្ថាន ​និង​ទេសចរណ៍​ជា​ដើម​។ បញ្ហា​ទាំង​អស់​នេះ ​ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា ​អាច​បន្ត​កើត​មាន​មិន​ក្រោម​៥​ឆ្នាំ​ទៀត​ទេ ​ទើប​អាច​រៀបចំ​ឱ្យ​បាន​ល្អ​ស្រួលបួល​ឡើងវិញ​។

ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត​ ឆេង​ គីមឡុង ​អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច ​និង​ជា​នាយក​​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​របស់​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​បាន​បង្ហាញ​ការ​យល់ឃើញ​តាម​រយៈ​វិទ្យុបារាំង​អន្តរជាតិ​ថា ​ការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា​យក​គម្រូ​តាមការ​អភិវឌ្ឍ​ដំបូងៗ​នៅ​ក្នុង​ប្រទេស​ចិន​របស់​លោក​តេង ស៊ីពីង​។ លោក​បណ្ឌិត​ ឆេង​ គីមឡុង​ ពន្យល់​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ប៉ាត​ណា​ប៉ាតណី​បែបនេះ​បន្តទៀត​អាច​រហូត​ដល់​៥ឆ្នាំ​ឬ​លើស​ពីនេះ​ទើប​រដ្ឋាភិបាល​អាច​រៀបចំ​ឱ្យ​មាន​របៀប​រៀបរយ​ឡើងវិញ​។

ការ​លើកឡើង​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​នេះ ​ធ្វើឡើង​ស្របពេល​ដែល​សាធារណមតិ​ជាតិ ​និង ​អន្តរជាតិ​មើលឃើញ​ថា​ ខេត្ត​ព្រះសីហនុ​កំពុង​ពេញ​ដោយ​ភាព​រញ៉េរញ៉ៃ។​ រញ៉េរញ៉ៃ​ដោយសារ​តែ​វត្តមាន​ជនជាតិ​ចិន​យ៉ាងគំហុក​នៅ​ក្នុង​ខេត្ត​នេះ។​ វត្តមាន​នៃ​ជនជាតិ​ចិន​នេះ ​បាន​បណ្តាល​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដូច​យ៉ាង​បញ្ហា​ស​ន្តិសុខ ​សណ្តាប់ធ្នាប់ ​បញ្ហា​ធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ​និង​បញ្ហា​ប្រែប្រួល​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជា​ដើម​។

លោក​បណ្ឌិត​ ឆេង​ គីមឡុង​ បាន​ហៅ​បញ្ហា​ទាំងអស់​នេះ​ ថា​ជា​បញ្ហា​អន្តរកាល​នៃ​ខេត្ត​ព្រះសីហនុ​។ ​សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ ​ដើម្បី​អាចស្តា​រមុខមាត់​ខេត្ត​ព្រះសីហនុ​ឡើង​វិញ​បាន​ គឺ​រដ្ឋាភិ​បាលត្រូវ​រៀបចំបទ​ដ្ឋាន​នៃ​សាងសង់​ឱ្យ​ច្បាស់លាស់​ អនុវត្ត​ច្បាប់​គ្រប់គ្រង​លើ​ជន​បរទេស​ឱ្យ​បាន​ត្រឹមត្រូវ​ ក៏​ដូចជា ​គៀងគរ​វិនិយោគិន​បន្ថែម​ក្រៅ​ពី​ជនជាតិ​ចិន​។ លោក​បណ្ឌិតគី ​សេរីវឌ្ឍ ​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា​វិញ​ក៏​យល់​ឃើញ​ស្រដៀង​គ្នានេះ​ដែ​រ។ ប៉ុន្តែ​ លោក​បន្ថែម​ថា ​អាជ្ញាធរ​ត្រូវ​តែ​ជំរុញ ​និង​លើក​ទឹកចិត្ត​ឱ្យ​សាងសង់​អាគារ​នានា​ឱ្យ​បាន​រួចរាល់ ​និង ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​បាន​រៀប​រយ​។ ​ជាមួយគ្នានេះ​ ក៏​ត្រូវ​បង្កើត​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ ដើម្បី​ស្រូប​យក​ភ្ញៀវទេសចរ​ជាតិ ​​និង​អន្តរជាតិ​មក​កាន់​ខេត្ត​ព្រះសីហនុ​វិញ​។

ចំពោះ​បញ្ហា​ទាំង​នេះ​ លោក​ឃាង ភារម្យ ​អ្នកនាំពាក្យ​សាលា​ខេត្តព្រះសីហនុ ​បាន​អះអាង​ថា ​អាជ្ញាធរ​តែងតែ​ស្វាគមន៍​អ្នក​វិនិយោគ​ផ្សេងៗ​ដោយ​មិន​រើសអើង​នោះ​ឡើយ។​ លោក​បន្តថា​ ខេត្ត​ព្រះសីហនុ​អាច​ទាក់ទាញ​បាន​នូវ​វិនិយោគិន​បន្ថែម​ទៀត​នា​ពេល​ខាងមុ​ខនេះ ​ព្រោះ​ខេត្តនេះ​មាន​នូវ​តំបន់​សក្កានុពល​ជាច្រើន​សម្រាប់កា​រ​វិនិយោគ​។ ពាក់ព័ន្ធ​បញ្ហា​ទេសចរ​ណ៍វិញ ​លោក​ឃាង ភារម្យ ​បាន​គូស​ប​ញ្ជាក់​ថា នៅពេលនេះ​ អាជ្ញាធរខេត្ត​ព្រះសីហនុ​កំពុង​រៀបចំ​របៀប​រៀបរយ​ និង​សោភណ្ឌភាព​ឆ្នេរពីរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេស​ចរជាតិ​ និង ​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ