អានតួអត្ថបទ
កម្ពុជា

មនុស្ស​​ស្និត​​លោក​​កឹម សុខា​៖​លោក​​កឹម សុខា ​គឺ​ជា​​តំណាង​​សំឡេង​​ប្រឆាំង​​ពិត​ប្រាកដ​​របស់​​កម្ពុជា​

មនុស្សស្និតលោកកឹម សុខា៖ លោកកឹម សុខា គឺជាតំណាងសំឡេងប្រឆាំងពិតប្រាកដរបស់កម្ពុជា
មនុស្សស្និតលោកកឹម សុខា៖ លោកកឹម សុខា គឺជាតំណាងសំឡេងប្រឆាំងពិតប្រាកដរបស់កម្ពុជា @FB

ម្សិលមិញ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​សំណេះសំណាល​ជាមួយ​ឯកអគ្គរាជទូត​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​នៅ​គេហដ្ឋាន​របស់លោក។ ជំនួប​នេះ ធ្វើឡើង​ក្រោយពី​លោក​កឹម សុខា បាន​ជួប​អង្គទូត​ប្រទេស​ជាច្រើន​ជា​បន្តបន្ទាប់​នាពេល​កន្លងមកនេះ។ ជំនួប​ជាមួយ​ទូត​បរទេស​មិន​ដាច់​នេះ ត្រូវបាន​មនុស្ស​ស្និត​នឹង​លោក​កឹម សុខា ចាត់ទុកថា លោក​កឹម សុខា គឺជា​តំណាង​សំឡេង​ប្រឆាំង​ពិតប្រាកដ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ការដែល​ទូត​បររទេស​នានា​ប្រចាំ​នៅ​កម្ពុជា និង នៅ​ប្រទេស​ថៃ​ចូលជួប​លោក​កឹម សុខា ជា​បន្តបន្ទាប់​មកនេះ គឺ​មានន័យថា ពួកគេ​ចាត់ទុក​លោក​កឹម សុខា គឺ​តំណាង​សំឡេង​ប្រឆាំង ឬ សំឡេង​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា។ លោក​យ៉ែម បុញ្ញឫទ្ធិ ហ៊ាន​អះអាង​ដូច្នេះ គឺ​ដោយសារតែ​លោក​សំអាងថា អង្គទូត​ទាំងនោះ គឺ​សុទ្ធតែជា​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេសនីមួយ។ ដូច្នេះហើយ ការទាក់ទង​ជាមួយ​លោក​កឹម សុខា របស់​ពួកគេ គឺជា​ទំនាក់ទំនង​តំណាងឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេសមួយ។ លោក​បុញ្ញឫទ្ធិ បាន​អះអាង​ដូចនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃ​សៅរ៍​នេះ។

ចំណែក លោក​មុត ចន្ថា ដែលជា​នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា វិញ ក៏​យល់ឃើញ​ដូច​លោក​យ៉ែម បុញ្ញឫទ្ធិ នេះដែរ។ តាមរយៈ​អត្ថបទ​វិចារណកថា​កាលពី​ថ្ងៃ​សុក្រ លោក​មុត ចន្ថា បាន​គូសបញ្ជាក់ថា ការទាក់ទង​ជា​ផ្លូវការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេសមួយ និង​ប្រទេសមួយ និង​ជាមួយ​សំឡេង​ប្រឆាំង គឺធ្វើឡើង​តាមរយៈ​ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត។ ហេតុ​ដូចនេះហើយ លោក​ថា ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត​ដែលជា​តំណាង​ប្រទេស​ទាំងនោះ ប្រាកដជា​បានកំណត់​ថា​អ្នកណា​ជា​តំណាង​សំឡេង​ប្រឆាំង ឬ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​ដែលមាន​ទម្ងន់។

សូមបញ្ជាក់ថា តាំងពី​លោក​កឹម សុខា ត្រូវបាន​តុលាការ​កម្ពុជា​ពង្រីក​សេរីភាព​បន្ថែម​មក ពោល គឺ​ចាប់តាំងពី​ថ្ងៃទី១១ ខែវិច្ឆិកា​មក​តែម្តង គឺ​លោក​កឹម សុខា បានទទួល​ជួប​ជាមួយ​អង្គទូត​មហាអំណាច និង ប្រទេស​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់​ឥត​ដាច់។ ជំនួប​ទាំងអស់នោះ លោក​កឹម សុខា អះអាងថា មិនបាន​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ទេ គឺ​គ្រាន់តែ​ជួប​សួរសុខទុក្ខ​គ្នា​ធម្មតា​ប៉ុណ្ណោះ ព្រោះ​រូបលោក​ត្រូវបាន​តុលាការ​កម្ពុជា​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី លោក​កឹម សុខា ក៏បាន​គូសបញ្ជាក់​ឱ្យដឹង​ដែរ​ថា ទំនាក់ទំនង​អន្តរជាតិ​របស់លោក គឺធ្វើឡើង​ដើម្បី​ជាតិ​កម្ពុជា ផលប្រយោជន៍​ប្រទេស​ក​ម្ពុ​ជា និង​ប្រជាពលរដ្ឋ​ខ្មែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ