អានតួអត្ថបទ
កូរ៉េខាងជើង-ចិន

ចិន​នឹ​ងជួយ​តម្រែ​តម្រង់​អ្នក​ដឹកនាំ​ថ្មី​នៃ​កូរ៉េខាងជើង​ទៅតាម​អ្វី​ដែល​ខ្លួនចង់បាន

លោកគីម ជុងអ៊ុន​ មេដឹកនាំថ្មីរបស់កូរ៉េខាងជើង
លោកគីម ជុងអ៊ុន​ មេដឹកនាំថ្មីរបស់កូរ៉េខាងជើង REUTERS/KRT via REUTERS TV

ក្រោយ​ពី​លោកគីម​ ជុងអ៊ីល​បាន​ទទួល​មរណភាព​បាត់​ទៅ ក្រុម​អ្នក​សង្កេតការណ៍​កំពុង​នាំ​គ្នា​ឃ្លាំ​មើល​កាយវិការ ប្រតិកម្ម និង​ពាក្យ​សំដី​របស់​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចិន​ដែល​គេ​ចាត់​ទុក​ថា ជា​រៀមច្បង​របស់​កូរ៉េ​ខាង​ជើង។ តើ​ចិន​អាច​ជួយ​តម្រែតម្រង់​អ្នក​ដឹក​នាំ​ថ្មី​នៃ​របប​ព្យុងយ៉ាង ដូច​ម្តេច​ខ្លះ? ហើយ​តើ ​​កូរ៉េ​ខាង​ជើង​ក្រោយ​សករាជ​គីម ជុង អ៊ីល អាច​ស្តាប់​បង្គាប់​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ទីក្រុង​ប៉េកាំង​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

ចិន​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កូរ៉េ​ខាង​ជើង ដោយសារ​តែ​មូលហេតុ​ច្រើន​យ៉ាង។ មាន​ជា​បឋម មូលហេតុ​ប្រវត្តិសាស្រ្ត។ ចូរ​កុំ​ភ្លេច​ថា ចិន​និង​កូរ៉េ​ខាង​ជើង​បាន​ក្លាយ​ជា​បង​ប្អូន​ឈាម​ជ័រ​តែ​មួយ នៅ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ ពីព្រោះ​កាល​ណោះ កងទ័ព​ចិន​និង​កងទ័ព​កូរ៉េ​ខាង​ជើង​បាន​កៀក​ស្មា​គ្នា​ប្រយុទ្ធ​ទប់ទល់​នឹង​កង​កម្លាំង​អន្តរជាតិ ដឹក​មុខ​ដោយ​អាមេរិក​ដែល​បាន​មក​ជួយ​កូរ៉េ​ខាង​ត្បូង។ ម្យ៉ាង​ទៀត ចូរ​កុំ​ភ្លេច​ថា តាំង​ពី​ឆ្នាំ​១៩៩១​មក ពោល​គឺ​តាំង​ពី​លែង​ទទួល​បាន​ជំនួយ​ពី​សហភាព​សូវៀត​ដែល​បាន​រលាយ​បាត់​ទៅ កូរ៉េ​ខាង​ជើង​ដែល​ធ្លាក់​ខ្លួន​ក្រ ពឹងពាក់​សឹង​ទាំង​ស្រុង​ទៅ​លើ​ជំនួយ​របស់​ចិន។ ជំនួយ​នោះ​មាន​ច្រើន​សន្ធឹក​សន្ធាប់​ណាស់ ពោល​គឺ​វា​តំណាង​រហូត​ដល់​ទៅ​២0%​នៃ​ជំនួយ​ទាំង​ស្រុង​របស់​ចិន​ដល់​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​ពិភព​លោក។

មិន​តែ​ប៉ុណ្ណោះ នៅ​លើ​វិស័យ​ការទូត​អន្តរជាតិ របប​ព្យុងយ៉ាង​ក៏​ពឹងពាក់​សឹង​តែ​ទាំង​ស្រុង​ដែរ​ទៅ​លើ​ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​សម្ពាធ​អាមេរិកាំង ជាពិសេស​នៅ​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ។ ទាំងអស់​នេះ​ស្តែង​ឲ្យ​ឃើញ​ថា ចិន​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ប្រកែក​មិន​បាន​ទៅ​លើ​កូរ៉េ​ខាង​ជើង។

ក៏​ប៉ុន្តែ ឥទ្ធិពល​សឹង​ផ្តាច់​មុខ​របស់​ចិន​ទៅ​លើ​កូរ៉េ​ខាង​ជើង​នេះ មាន​កំណត់​ព្រំដែន។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ ចិន​បាន​ចេញ​មុខ​រៀបចំ​កិច្ចចរចា​ប្រាំមួយ​ភាគី ដើម្បី​បញ្ចុះបញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​បោះ​បង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ​យោធា។ នៅ​ទី​បំផុត ស្រាប់​តែ​កូរ៉េ​ខាង​ជើង​បាន​ដើរ​ចេញ​ពី​តុ​ចរចា និង​ថែម​ទាំង​បាន​ពិសោធ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​លើក​ថែម​ទៀត លើក​ទី​មួយ​នៅ​ឆ្នាំ​២០០៦ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០០៩។

ដោយ​ឡែក ឥទ្ធិពល​របស់​ចិន​ទៅ​លើ​កូរ៉េ​ខាង​ជើង​មាន​កំណត់​ព្រំដែន នៅ​ត្រង់​ថា ទីក្រុង​ព្យុងយ៉ាង​មិន​ស្តាប់​ទីក្រុង​ប៉េកាំង​ទេ នៅ​ក្នុង​ការ​អនុវត្តន៍​មាគ៌ា​នយោបាយ​ផ្ទៃ​ក្នុង។ ជាក់ស្តែង ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ទីក្រុង​ប៉េកាំង​បាន​ខ្នះខ្នែង​និយាយ​បញ្ចុះបញ្ចូល​ឲ្យ​លោក​គីម ជុងអ៊ីល​អនុវត្ត​នយោបាយ​កែទម្រង់​សេដ្ឋកិច្ច និង​បើក​ទ្វារ​បង្អួច​នៃ​ប្រទេស​ចំហ​ទៅ​ក្រៅ តាម​គំរូ​របស់​ប្រទេស​ចិន។ ក៏​ប៉ុន្តែ លោក​គីម ជុងអ៊ីល​មិន​ដែល​បាន​យល់​ព្រម​ទេ។ អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង​រូប​នេះ​ដែល​បាន​ទទួល​មរណភាព កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ បារម្ភ​ខ្លាច​ការ​បើក​ចំហ​ប្រទេស​និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​អំណាច និង​ធ្វើ​ឲ្យ​របប​កុម្មុយនិស្ត​នៃ​ប្រទេស​ខ្លួន​រលំ​រលាយ នៅ​ទី​បំផុត។

ព្យុងយ៉ាង​ប្រហែល​មិន​ស្តាប់​ប៉េកាំង​ទេ ដ្បិត​ប្រទេស​ទាំង​ពីរ​មាន​ប្រយោជន៍​ខ្វែង​គ្នា​

ជា​គោលការណ៍ ទីក្រុង​ប៉េកាំង នឹង​ឆ្លៀត​ពេល​មួយ​ដែល​កូរ៉េ​ខាង​ជើង​កំពុង​ឆ្លង​កាត់​អន្តរកាល ដើម្បី​បង្ខំ​ថ្នាក់​ដឹកនាំ​ថ្មី​នៃ​របប​ព្យុងយ៉ាង​ឲ្យ​យល់ព្រម​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​និង​ទទួល​យក​គំរូ​មូលធននិយម​បែប​ប្រទេស​ចិន។ ថ្នាក់​ដឹកនាំ​ចិន​ជា​បន្តបន្ទាប់​មិន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​បន្ត​រស់​ឯកា​អ៊ីចឹង​ត​ទៅ​មុខ​ទៀត​ទេ ពីព្រោះ​របៀប​គ្រប់គ្រង​បែប​ខ្លួន​ទី​ពឹង​ខ្លួន​នេះ​ធ្វើ​ឲ្យ​ប្រទេស​បន្ត​ឋិត​ក្នុង​ភាព​ក្រីក្រ​តោក​យ៉ាក និង​បន្ត​ជួប​នឹង​គ្រោះទុរ្ភិក្ស រហូត​ដល់​អាច​បណ្តាល​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​កើត​ឡើង និង​បណ្តាល​ឲ្យ​រដ្ឋអំណាច​ដួល​រលំ​បះជើង​ទៀត​ផង​ក៏​មិន​ដឹង។

ទន្ទឹម​នេះ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ទីក្រុង​ប៉េកាំង​បារម្ភ​ខ្លាច​មាន​ជនភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​ច្រើន​លាន​នាក់​ចូល​មក​ក្នុង​ទឹក​ដី​ចិន បើ​សិន​ជា​ស្ថានភាព​នៃ​កូរ៉េ​ខាង​ជើង​នៅ​តែ​ដុនដាប​ខ្លាំង​និង​យូរលង់​ដូច​សព្វ​ថ្ងៃ​ត​ទៅ​ទៀត។ ដោយ​ឡែក ចិន​ក៏​ដឹង​ដែរ​ថា កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅ​កូរ៉េ​ខាង​ជើង នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ចិន​មុន​គេ តាម​រយៈ​កំណើន​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ជា​ពិសេស នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ចង់​ឬ​មិន​ចង់ ថ្នាក់ដឹកនាំ​ចិន​នឹង​ខ្នះខ្នែង​អូសទាញ​កូរ៉េ​ខាង​ជើង​ឲ្យ​បត់​បែន​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ឬ​មិន​ចង់​បាន។ ចិន​មិន​ចង់​ឲ្យ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង​ដួល​រលំ​ទេ។ ម្ល៉ោះ​ហើយ ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​កូរ៉េ​ខាង​ជើង​ត​ទៅ​ទៀត បន្ត​ពន្យល់​អ្នក​ដឹក​នាំ​ថ្មី​នៅ​ព្យុងយ៉ាង​ឲ្យ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច។

ចិន​មិន​ចង់​ឲ្យ​មាន​អស្ថិរភាព​កើត​ឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ទាំង​មូល​ទេ។ ម្ល៉ោះ​ហើយ ចិន​នឹង​ច្បាស់​ជា​ជួយ​តម្រែតម្រង់​ថ្នាក់​ដឹក​នាំ​ថ្មី​នៃ​កូរ៉េ​ខាង​ជើង​កុំ​ឲ្យ​ឆេវឆាវ​បង្ក​រឿងរ៉ាវ​ផ្តេសផ្តាស កុំ​ឲ្យ​រក​រឿង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដូច​ដែល​ខ្លួន​បាន​ធ្វើ កាល​ពី​ឆ្នាំ​២០១០។
ចិន​មិន​ចង់​ឲ្យ​កូរ៉េ​ខាង​ជើង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ទេ ពីព្រោះ​ប្រការ​នេះ​មិន​យូរ​មិន​ឆាប់​នឹង​អាច​ញ៉ាំង​ឲ្យ​ជប៉ុន កូរ៉េ​ខាង​ត្បូង​និង​តៃវ៉ាន់ ចង់​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ដែរ ឬ​ក៏​ញ៉ាំង​ឲ្យ​សហរដ្ឋ​អាមេរិក​ចូល​មក​លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​បញ្ហា​ឧបទ្វីប​កូរ៉េ។ ម្ល៉ោះ​ហើយ ចិន​នឹង​ខ្នះខ្នែង​បញ្ចុះបញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​វិល​មក​កាន់​តុ​ចរចា​ប្រាំមួយ​ភាគី​វិញ​ជា​បន្ទាន់។

ប៉ុន្តែ​នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​នេះ តាម​មើល​ទៅ អគ្គមគ្គទេសក៍​ថ្មី​គីម ជុងអ៊ុន ក៏​ប្រហែល​ជា​មិន​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​ងាយៗ​ទេ ពី​ព្រោះ​ថ្នាក់​ដឹក​នាំ​ថ្មី​ឬ​ចាស់​នៅ​ទីក្រុង​ព្យុងយ៉ាង តែងតែ​យល់​ផ្សេង​ពី​ចិន។ ពួក​គេ​យល់​ឃើញ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ក្រ​ខ្សត់​ខ្លាំង​ត្រូវ​តែ​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ ដើម្បី​ធ្វើ​ឲ្យ​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ដែល​សុទ្ធ​ជា​សត្រូវ​ខ្លាច​រអែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ