អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង​សាងសង់​ប្រតិករ​នុយក្លេអ៊ែរ​ជិត​រួច​ហើយ

រូបថត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Yongbyon កូរ៉េខាង​ជើង ថត​តាម​ផ្កាយ​រណប​ខែ​ឧសភា ២០០៩
រូបថត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Yongbyon កូរ៉េខាង​ជើង ថត​តាម​ផ្កាយ​រណប​ខែ​ឧសភា ២០០៩ (Photo : AFP)

រូប​ភាព​ដែល​ថត​បាន​ដោយ​ផ្កាយ​រណប​បង្ហាញ​ថា គម្រោង​សាង​សង់​ប្រតិករ​នុយក្លេអ៊ែរ​ដែល​ប្រើ​ទឹក​ស្រាល​របស់​កូរ៉េ​ខាង​ជើង​កំពុង​តែ​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន​រហ័ស។ ប្រតិករ​នេះ ជា​ការ​ចាំ​បាច់​សម្រាប់​បង្កើត​អាវុធ​នុយក្លេអ៊ែរ។

ផ្សាយពាណិជ្ជកម្ម

ការ​វិភាគ​ទៅ​លើ​រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយ​រណប​កាល​ពី​ថ្ងៃ​ទី​៦​សីហា​កន្លង​ទៅ​នេះ​បង្ហាញ​ថា កូរ៉េ​ខាង​ជើង​បាន​ឈាន​ជើង​ជិត​ទៅ​ដល់​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ហើយ។ នេះ​​បើ​យោង​ទៅ​តាម​អ្នក​ឯកទេស​ខាង​សិក្សា​រូបភាព​ផ្កាយ​រណប​របស់​ទស្សនាវដ្តី​អង់គ្លេស​Jane’s Defense Weekly។

អ្នក​ឯកទេស​បាន​អះអាង​យ៉ាង​ដូច្នេះ ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​មាន​ដោម​(Dôme)​មួយ ដែល​មាន​វិជ្ឈមាត្រ​រហូត​ដល់​ទៅ​២១​ម៉ែត្រ នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​Yongbyon។ សូម​ជម្រាប​ថា រូបភាព​មុនៗ​ដូច​យ៉ាង​រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយ​រណប​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ពុំ​មាន​បង្ហាញ​ពី​ដោម​ដ៏​ធំ​មួយ​នេះ​ទេ។

ផ្អែក​ទៅ​លើ​រូបភាព​ថ្មីៗ​ទាំង​នេះ ពួក​អ្នក​ជំនាញ​នៃ​ទស្សនាដ្តី​Jane’s Defense Weekly អះអាង​ថា ប្រតិករ​នុយក្លេអ៊ែរ​ដែល​ប្រើ​ទឹក​ស្រាល​របស់​កូរ៉េ​ខាង​ជើង​អាច​នឹង​សង់​ហើយ​ដាច់​ស្រេច​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ រី​ឯ​ពួក​អ្នក​ឯកទេស​ផ្សេង​ទៀត​យល់​ឃើញ​ថា ការ​សាង​សង់​ប្រតិករ​ទឹក​ស្រាល​នេះ​នឹង​អាច​ចប់​នៅ​ឆ្នាំ​២០១៤​ឬ​២០១៥​ឯ​ណោះ។

គួរ​រំឭក​ថា កូរ៉េ​ខាង​ជើង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ឆ្នាំ​២០១០​ថា ខ្លួន​កំពុង​សាងសង់​ប្រតិករ​នុយក្លេអ៊ែរ​មួយ ដើម្បី​បង្កើត​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់​មិន​មែន​ដើម្បី​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ទេ។ ក៏​ប៉ុន្តែ របប​កុម្មុយនិស្ត​ព្យុងយ៉ាង​(Pyongyang) បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ពីរ​ដង​រួច​ទៅ​ហើយ។ ម្យ៉ាង​ទៀត កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ កូរ៉េ​ខាង​ជើង​បាន​សន្យា​ថា ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ចោល​មួយ​រយៈ​ពេល ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋអាមេរិក​លើ​កិច្ច​ព្រមព្រៀង​មួយ​ស្តី​ពី​ជំនួយ​ស្បៀង​អាហារ​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន។ ក្រោយ​មក​ទៀត កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ទុក​ជា​មោឃៈ បន្ទាប់​ពី​នៅ​ថ្ងៃ​ទី​១៣​មេសា កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស្ស៊ីល​ចម្ងាយ​ឆ្ងាយ ដែល​ខ្លួន​អះអាង​ថា ជា​កាំជ្រួច​សាកល្បង​បង្ហោះ​ផ្កាយ​រណប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ