អានតួអត្ថបទ
អាមេរិក

លោក ម៉ាក្រុង ថាបានព្យាយាមបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីលោក ដូណាល់ ត្រាំ និងលោក រ៉ូហានី ជួបគ្នា

ប្រធានាធិបតី​បារាំង​ លោក អេម៉ាណុយ​អែល ម៉ាក្រុង ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​
ប្រធានាធិបតី​បារាំង​ លោក អេម៉ាណុយ​អែល ម៉ាក្រុង ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​ REUTERS/Carlo Allegri

នៅ​​សហរដ្ឋអាមេរិក ជាទី​ដែល​ថ្នាក់​ដឹកនាំ​ពិភពលោក ទៅចូលរួម​ប្រជុំ​ថ្លែង​ការ​ណ៍​ស្តីពី​បរិស្ថាន​និងអាកាសធាតុ, លោក​ប្រធានាធិបតីបារាំង អេម៉ាណុយ​អែលម៉ាក្រុង ឆ្លៀត​ថ្លែងនៅទីស្នាក់ការអង្គការ​សហប្រជាជាតិ ថា លោកបានព្យាយាមបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យ​មាន​ជំនួប រវាង​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតី​អ៊ីរ៉ង់​ ហាសសាន រ៉ូហានី។ ចំពោះ​លោក អេម៉ាណុយ​អែលម៉ាក្រុង,  ប្រមុខ​រដ្ឋ​វ័យ​ក្មេង​បារាំង រូបនេះយល់ថា ជារឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់ ប្រសិន​បើ​លោកប្រធានាធិបតី​អ៊ីរ៉ង់​ ហាសសាន រ៉ូហានី ចាកចេញ​ពី​អាមេរិក ​ក្រោយ​កិច្ចប្រជុំ ដោយ​ពុំ​បាន​ជួប​ប្រាស្រ័យដោយ​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ។ ទន្ទឹម​នឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចន​សុន ដែល​មិត្ត​ជិត​ស្និទ្ធ​របស់​លោក ដូណាល់ ត្រាំ ក៏​យល់​ស្រប​ឯកភាព​នឹង​ការ​លើកឡើង​របស់​លោក​ប្រធានាធិបតីបារាំងដែរ។ សូម​ជ្រាបថា កាលពី​ខែ​មុន​នេះ ​នៅក្នុង​កិច្ចប្រជុំ​នៃប្រទេស​នាំមុខ​ទាំង​៧ នៅ​ប្រទេស​បារាំង លោក អេម៉ាណុយ​អែលម៉ាក្រុង ក៏​បាន​ស្ទុះ​ស្ទាខ្លាំង​ណាស់ដែរ ដើម្បី​ឱ្យ​លោក ដូណាល់ ត្រាំ និង​លោក រ៉ូហានី ជួបគ្នា តែ​ត្រូវ​ខកខាន ​ដោយសារ​​លោក ត្រាំ បដិសេធ។ នៅពេលនេះ នៅលើទឹក​ដី​អាមេរិក​តែម្តង ដែល​បារាំង​ដើរតួ​ជា​អន្តរាការីជាថ្មី​​។​

ផ្សាយពាណិជ្ជកម្ម

​ប្រសាសន៍​របស់​ប្រធានាធិបតីបារាំងលោកអេម៉ាណុយអែលម៉ាក្រុង ៖​

​«ប្រធានាធិបតី​ ដូណាល់ ត្រាំ ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង ចំពោះសន្តិសុខ និង​​ស្ថិរភាព​នៅក្នុង​តំបន់​។ លោកគ្មាន​ចង់​បង្កើត​បញ្ហា​ឬទំនាស់​អ្វីទេ។ ហើយ​ដោយសារតែ​លោក ដូណាល់ ត្រាំ​ ចង់​បាន​សន្តិសុខ​ស្ថិរភាព​ក្នុង​តំបន់​ដូច្នេះហើយ ទើប​លោក​មិន​អាច​បង្ហាញ​​ភាព​ទន់ជ្រាយ ឬភាព​មិន​ច្បាស់​លាស់​ណាមួយ​នោះឡើយ​។ លោក​ចង់​បាន​ការ​ធានា​ដាច់​ណាត់​ថា អ៊ី​រ៉ង់គ្មាន​នុយក្លេអ៊ែរ ហើយ​អ៊ីរ៉ង់​មិន​​ឆ្លៀតអភិវឌ្ឍ​គម្រោង​​ផលិត​មីស៊ីល​បាឡេស្ទីក។

នៅ​ម្ខាង​ទៀត ថ្នាក់ដឹកនាំ​អ៊ីរ៉ង់ ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ ក្នុង​កិច្ចការ​ធានា​រឿង​នេះ ដើម្បី​អាចរក្សា​សន្តិសុខ​​។ ក៏ប៉ុន្តែ អ្វី​ដែល​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​ចង់​បាន​នោះ គឺ​ចង់​ឱ្យអាមេរិក​​លើក​ទណ្ឌកម្ម​ចំពោះ​អ៊ីរ៉ង់​ចេញ​វិញ។

ដូច្នេះ យើង​មើល​ឃើញហើយថា លក្ខខណ្ឌ​អំណោយផល​ គឺ​នៅ​ទីនេះហើយ។ នៅឡើយ​តែ​ឆន្ទៈ​នៃ​ថ្នាក់​ដឹកនាំ​ទាំងពីរតែប៉ុណ្ណោះ​។ អាចថា ត្រូវ​ជំរុញ​ស្ថានការណ៍​ឱ្យ​ទៅរក​ភាព​ល្អប្រសើរ ឬក៏ថា​អាចថា ​​សម្រេច​ជួប​គ្នា​តែម្តង​រវាង​ប្រធានាធិបតីទាំងពីរ នៅ​ក្នុង​ជំនួប​ជា​ផ្លូវការ​។

ខ្ញុំ​សូម​បញ្ជាក់​ជាថ្មីថា ក្នុង​ការ​ទាក់ទង​គ្នា​ ជាង​​ពីរថ្ងៃមកនេះ ដែល​បារាំង​បាន​ជួយ​ធ្វើ​ជាអ្នក​ជួយ​នាំសារ ហើយ​​យើង​បានព្យាយាមបង្កើតលក្ខខណ្ឌអំណោយផលរួច​មកហើយ។ នៅពេល​នេះ ​អ្វី​ដែល​នៅ​សល់ គឺ​មានតែ​ភាគី​ទាំងពីរ​ អាមេរិក​និងអ៊ីរ៉ង់​ដែល​ជាអ្នក​ទទួលខុសត្រូវ ថាត្រូវ​ជួប​គ្នា​ ដើម្បី​ឈាន​ទៅរក​លទ្ធផល​រីកចម្រើន​យ៉ាង​ល្អប្រសើរ​និង​ចាំបាច់​។ »

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ