អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន​ សែន៖​ ព្រះអង្គម្ចាស់​ធម្មិកោ​មិនមែន​អ្នក​ការពារ​រាជានិយម​

ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ
ព្រះអង្គុម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ © លាងដឺលុច

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាន់តែ​ខិត​ចូល​មកដល់ សង្គ្រាម​ពាក្យ​សំដី​រវាង​អ្នកនយោបាយ​​ក៏​កាន់តែ​ពុះពោរ​ដែរ។ នៅ​ថ្ងៃ​ចន្ទនេះ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះជាតិ ​គឺជា​ប្រធាន​បទ​នៃ​ការ​វាយប្រហារពាក្យ​សំដី​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ អនុប្រធាន​គណបក្សប្រជាជន​កម្ពុជាបាន​​បរិហារ​ថា ព្រះអង្គម្ចាស់​ធម្មិកោ​ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន​លន់ នល់ ​ប្រឆាំង​សង្គមរាស្ត្រនិយម មិន​មែន​ជា​អ្នកការពារ​រាជានិយម​នោះ​ឡើយ។ ព្រះអង្គម្ចាស់​ធម្មិកោ​បាន​ប្រតិកម្ម​រិះគន់​តប​វិញ​ថា លោក​នាយករដ្ឋមន្ត្រី​ចូលចិត្ត​វាយប្រហារ​បុគ្គល។

ផ្សាយពាណិជ្ជកម្ម

បន្ទូល​របស់​ព្រះអង្គ​ម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ​កន្លងមក​ ថាព្រះអង្គ​ជា​អ្នក​តំណាង​ញាតិ​វង្សានុវង្ស​ និង​តំណាង​សង្គម​រាស្ត្រ​និយមផង​នៅ​ក្នុង​ឆាក​នយោបាយ​នោះ បន្ទូល​នេះ​ហើយ​ដែល​ជា​ដើមទង​នៃ​ប្រតិកម្ម។ ប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​អត្ថាធិប្បាយ​​ថា ព្រះអង្គ​ម្ចាស់​ធម្មិកោ​កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​របស់​សម្តេចម៉ែ​ មុនីនាថ សីហនុ និង​ព្រះមហាក្សត្រ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទូល​របស់​ព្រះអង្គម្ចាស់​ធម្មិកោ​ដែល​ជា​ក្មួយ​ប្រុស និង​សព្វថ្ងៃ​ជា​ប្រធាន​ខុទ្ទកាល័យ​របស់​​សម្តេចម៉ែ​ផង​នោះ បើ​តាម​ការ​អះអាង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល ក៏ត្រូវ​បាន​​ប្រកាស​ប្រឆាំង​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឬទ្ធិ​ដូចគ្នា​ដែរ។

ចំពោះ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បេក្ខ​ភាព​នាយករដ្ឋមន្ត្រី​បន្តទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ ការ​ដែល​ព្រះអង្គ​ម្ចាស់​ធម្មិកោ​ប្រកាស​តាំង​ខ្លួន​ជា​តំណាង​គ្រួសាររាជវង្ស និង​តំណាង​សង្គម​រាស្ត្រ​និយម​ផងនោះ ប្រការ​នេះ​អាច​ធ្វើ​អោយ​មាន​ការ​ភាន់​ច្រឡំ​​ថា សម្តេចម៉ែ និង​ព្រះមហាក្សត្រដែល​កំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល បាន​យល់ព្រម​អោយ​ព្រះអង្គម្ចាស់​ធម្មិកោ​ទៅ​ប្រឡូក​ក្នុង​គណបក្ស​ប្រឆាំង​ទៅវិញ។ ប៉ុន្តែលោក​ហ៊ុន សែន​ ក៏​បាន​ប្រកាស​ការពារ​ថា សម្តេចម៉ែ និង​ព្រះមហាក្សត្រ​មិន​មាន​ព្រះរាជតំរិះ​ធ្វើ​យ៉ាង​ដូច្នោះឡើយ។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ ដែល​កំពុង​បន្ត​ជួប​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​​បាន​មាន​បន្ទូល​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ខេត្ត​កំពង់ចាម​មក​ថា ព្រះអង្គ​មិន​ដែល​មាន​បន្ទូល​តំណាងអោយសមាជិក​រាជវង្ស​ទាំងមូល​នោះឡើយ តែ​តំណាងអោយ​សមាជិក​រាជវង្ស​ខ្លះ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​។ និយាយ​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ព្រះអង្គ និង​​ស្ថាប័ន​ព្រះបរម​រាជវាំងវិញ ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​មាន​បន្ទូល​ពន្យល់​វិញថា ស្ថានប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​អព្យាក្រឹត​ មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ហើយ​ថា​អ្នកណា​ក៏​អាច​បម្រើ​ស្ថាប័ន​នេះ​ដូចគ្នា​ដែរ។

ចំពោះ​ព្រះអង្គម្ចាស់ធម្មិកោ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​រម្លឹក​ថា​ព្រះអង្គ​ជាអតីត​ទាហាន​លន់ នល់​ប្រឆាំង​របប​សង្គម​រាស្ត្រ​និយមនោះ ព្រះអង្គក៏​បាន​រម្លឹក​តប​វិញ​ដែរថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ក៏​ជាអតីត​កម្មាភិបាល​នៃ​របប​ខ្មែរ​ក្រហម​ដែល​បានធ្វើ​អោយ​ស្លាប់​ញាតិវង្សានុវង្ស​ដូចគ្នា​ដែរ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ