អានតួអត្ថបទ
កម្ពុជា​

កម្ពុជា​ប្រារព្ធ​ខួប ទិវា​ឯករាជ្យជាតិ ថ្ងៃ​៩ វិច្ឆិកា

ការ​បង្ហោះ​ប៉េងប៉ោង​ ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​​ជាតិ​ ថ្ងៃទី ៩ វិច្ឆិកា ២០១០
ការ​បង្ហោះ​ប៉េងប៉ោង​ ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​​ជាតិ​ ថ្ងៃទី ៩ វិច្ឆិកា ២០១០ © Reuters

ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​២០១០ ថ្ងៃនេះ ជា​ខួប​លើក​ទី​៥៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ។ សម្រាប់​ពិធី​រម្លឹក​ការ​ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង ដែល​ជា​ស្នា​ព្រះហស្ត​របស់​សម្តេច​ឳ នរោត្តម សីហនុ នៅ​ថ្ងៃ​៩​វិច្ឆិកា​នេះ បាន​ប្រារព្ធ​ឡើង យ៉ាង​អឹកអធឹក នៅ​វិមាន​ឯករាជ្យ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រម​ទាំង​ឥស្សរជន ថ្នាក់​ដឹកនាំ​កំពូលៗ​ក្នុង​ស្ថាប័ន​ជាតិ​ និង​មហាជន​រាប់​ពាន់​នាក់។

ផ្សាយពាណិជ្ជកម្ម

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា បាន​ប្រារព្ធ​ឡើង​យ៉ាង​អ៊ឹកអធឹក ជាមួយ​នឹង​មនុស្សម្នា​រាប់​​ពាន់​​នាក់ នៅ​វិមាន​ឯករាជ្យ ដែល​ត្រូវបាន​កសាង​ឡើង​ជា​និមិត្តរូប។
​ព្រះមហាក្សត្រ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ជា​ព្រះ​រាជាធិបតីភាព ក្នុង​ពិធី​រម្លឹក​ថ្ងៃ​ឯករាជ្យ​ជាតិ នៅ​ព្រឹក​មិញ ជាមួយ​នឹង​វត្តមាន​របស់​ឥស្សរជន​កំពូលៗ មក​ពី​ស្ថាប័ន​ជាតិ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​មន្ត្រី​រាជការ សិស្សានុសិស្ស​ជាច្រើន​នាក់ កាន់​ទង់ជាតិ​គ្រវី និង​ស្រែក​ជ័យឃោស​ន៍​យ៉ាង​កង​រំពង។

ក្នុង​ពិធី​នៅ​ព្រឹក​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ រួម​មាន ​៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ឥស្សរជន​នយោបាយ​ជាច្រើន​ទៀត។ ក៏​ប៉ុន្តែ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា មិន​បាន​ចូលរួម​ពិធី​ប្រចាំ​ឆ្នាំ នៅ​ព្រឹក​មិញ​ទេ ដោយសារ​តែ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុ ៧៨ ឆ្នាំ​រូប​នេះ មាន​ធុរៈ ចេញ​ទៅ​ត្រួតពិនិត្យ​ជំងឺ​​នៅ​ក្រៅ​ប្រទេស។
ព្រះមហាក្សត្រ បាន​ព្រះរាជ​ទាន​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​វីរៈ​កងទ័ព​កម្ពុជា និង​បាន​ព្រះ​រាជទាន​ភ្លើង​ជ័យ នៅ​ចំ​កណ្តាល​វិមាន​ឯករាជ្យ មុន​នឹង​ព្រះអង្គ និង​ឥស្សរជន​ថ្នាក់​ដឹកនាំ​ជាតិ ព្រលែង​ព្រាប​ស និង​បង្ហោះ​ប៉េងប៉ោង ដើម្បី​ជា​ការ​ចាប់​ផ្តើម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា។ ភ្លើង​ជ័យ ត្រូវ​រក្សា​ទុក​រយៈពេល ៣ ថ្ងៃ។

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច របស់​សម្តេច​ឳ នរោត្តម សីហនុ។ សម្តេច​ឳ នរោត្តម សីហនុ បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ដើម្បី​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង។​

តាម​ប្រវត្តិសាស្ត្រ បារាំង​បាន​ដាក់​អាណានិគម គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង ប្រកាស​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​កម្ពុជា៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ