អានតួអត្ថបទ
អូទ្រីស

សុវត្ថិភាព និង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ៖ សំណុំ​រឿង​ឈឺ​ក្បាល​របស់ AIEA

អគារ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ត្រូវ​ផ្ទុះ​បណ្តាល​ឲ្យ​​លេចធ្លាយ​ធាតុវិទ្យុសកម្ម
អគារ​រ៉េអាក់ទ័រនុយក្លេអ៊ែរ​ នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​ត្រូវ​ផ្ទុះ​បណ្តាល​ឲ្យ​​លេចធ្លាយ​ធាតុវិទ្យុសកម្ម ©Reuters

ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅកាត់​ថា AIEA នឹង​ចាប់​ផ្តើម​បើក​ជំនួប​ប្រជុំ​ ក្រុម​ប្រឹក្សាភិបាល​របស់​ខ្លួន នៅ​ថ្ងៃ​ចន្ទ​នេះ នៅទីក្រុង​វីយែន​ ប្រទេស​អូទ្រីស។ ជា​ជំនួប​ប្រជុំ​ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការរៀប​ចំផែន​ការ​​ពង្រឹង​សុវត្ថិភាព​​នុយក្លេអ៊ែរ និង​ទៅ​លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​គ្រោះ​​រញ្ជួយ​ដីមរណៈ​​ ថ្ងៃ​ទី​១១​មីនា ឆ្នាំ​២០១១ ដែល​បន្ទាប់​មក​ បាន​រុញ​ច្រាន​​ប្រទេស​ជប៉ុន ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​​នុយក្លេអ៊ែរ​ហ្វូគុស្ហ៊ីម៉ា ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ និង​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ កាន់​តែ​ព្រួយ​បារម្ភជាងពេល​ណាៗ​ទាំង​អស់​នោះ ទើប​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ខិត​ខំ​រិះរក​មធ្យោបាយ​​ពង្រឹង​សុវត្ថិភាព​នុយក្លេអ៊ែរ ឲ្យ​បាន​ប្រសើរ​ឡើង។

 
នៅ​ថ្ងៃ​នេះ អគ្គនាយក​ទីភ្នាក់ងារ AIEA លោក យូគីយ៉ា អាម៉ាណូ ត្រូវ​បង្ហាញគម្រោង​សកម្ម​ភាព​ ជាក់​ស្តែង មាន​ជា​អាទិ៍​ការ​ដាក់​ឲ្យ​ដំណើរ​ការ​យន្តការ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ពីសំណាក់​ក្រុម​អធិការកិច្ច​អន្តរជាតិ​។ របាយការណ៍​នៃ​ការ​ត្រួតពិនិត្យ ដែល​ឈរ​លើ​គោលការណ៍​​ស្ម័គ្រ​ចិត្ត​របស់​រដ្ឋ​នីមួយៗ នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផង។ សំណើ​​នេះបាន​ទទួល​ការស្វាគមន៍​​ពី​បណ្តា​ប្រទេស​មហាអំណាច​ជា​ទូទៅ ​លើក​លែង​តែ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

ក្រៅ​ពី​​ផែនការ​​សុវត្ថិភាព​នុយក្លេអ៊ែរ​ ក្រុមប្រឹក្សាភិបាល​​របស់​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​ ដែល​ត្រូវ​បិទ​ជំនួប​​ប្រជុំ​របស់​ខ្លួន​នៅ​​ថ្ងៃ​សុក្រទី​១៦​កញ្ញា ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ដ៏​ចម្រូង​ចម្រាស​ផង​ដែរ។ អ្នក​ឯកទេស​​របស់​ ទីភ្នាក់ងារ AIEA ត្រូវ​ការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរអ៊ីរ៉ង់ ឲ្យ​បាន​​ច្រើន​ជាង​ធម្មតា។

​មួយ​រយៈ​ចុង​ក្រោយ​នេះ អ៊ីរ៉ង់​បាន​បង្ហាញ​ពី​ចេតនា​ល្អ​ ចង់​សហការ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ប៉ុន្តែ​​​​បណ្តា​ប្រទេស​មហាអំណាច នៅ​តែ​​សង្ស័យជានិច្ច​​​​ថា អ៊ីរ៉ង់​ចិញ្ចឹម​ចិត្ត​ប៉ុន​ប៉ង​​ផលិត​អាវុធ​បរមាណូ ក្រោម​លេស​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។ តាំង​ពី​សប្តាហ៍​មុន​មក អ៊ីរ៉ង់​​បាន​​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​​​នុយក្លេអ៊ែរ​​​ទី​មួយ​របស់ខ្លួន​ ដែល​​​ផ្តល់ថាមពល​អគ្គិសនី​ ជា​ផ្លូវ​ការ​​  ប្រមាណ​៤០០ មេហ្កាវ៉ាត់ ចាប់​ពី​ថ្ងៃ​នេះ​តទៅ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ