អានតួអត្ថបទ
កូតឌីវ័រ-ICC

តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ចោទ​​អតីត​ប្រធានាធិបតី​កូតឌីវ័រ ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ

ក្បួន​រថយន្ត​ដឹក​លោក​អតីត​​ប្រធានាធិបតី​​កូតឌីវ័រ ឡូរ៉ង់ បាក់បូ​ចូលពន្ធនាគារ​នៃ​​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​​ក្រុង​ឡាអេ
ក្បួន​រថយន្ត​ដឹក​លោក​អតីត​​ប្រធានាធិបតី​​កូតឌីវ័រ ឡូរ៉ង់ បាក់បូ​ចូលពន្ធនាគារ​នៃ​​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​​ក្រុង​ឡាអេ REUTERS/Michael Kooren

គឺ​នៅ​ប្រមាណ​ជា​ម៉ោង ៤ ទាប​ភ្លឺ​នា​ព្រឹក​ថ្ងៃពុធ ទី៣០ វិច្ឆិកា​នេះ ដែល​យន្តហោះ​ដឹក​លោក​អតីត​ប្រធានាធិបតី​កូតឌីវ័រ ឡូរ៉ង់ បាក់បូ​បាន​ចុះ​ចត​លើ​ទឹកដី​នៃ​ប្រទេស​ហូឡង់។ បន្ទាប់​ពី​បាន​ចុះ​ចត​ភ្លាម ក្បួន​រថយន្ត​ក៏​បាន​ដឹក​រូប​លោក ឡូរ៉ង់ បាក់បូ​ទៅ​ឃុំឃំាង​នៅ​ក្នុង​ពន្ធនាគារ​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ (ICC) ក្នុង​ទីក្រុង​ឡាអេ។ ចាប់​ពី​ពេល​នេះ​ត​ទៅ លោក ឡូរ៉ង់ បាក់បូ​នឹង​ត្រូវ​រស់​ក្រោម​ដំបូល​ដូច Radovan Karadzic ដូច Ratko Mladic ឬ​ក៏​ដូច Charles Taylor អ៊ីចឹង​ដែរ។

ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​យន្តហោះ​មួយ​គ្រឿង​របស់​ប្រទេស​កូតឌីវ័រ ដែល​លោក​អតីត​ប្រធានាធិបតី​កូតឌីវ័រ ឡូរ៉ង់ បាក់បូ​បាន​ទៅ​ដល់​ប្រទេស​ហូឡង់ និង​ត្រូវ​បាន​គេ​បញ្ជូន​ភ្លាម​ទៅ​ឃុំឃំាង​ក្នុង​ពន្ធនាគារ Scheveningen នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​នា​ព្រលឹម​ស្រាងៗ​ក្នុង​ថ្ងៃពុធ ទី៣០ វិច្ឆិកា ឆ្នំា ២០១១។ អតីត​ប្រធានាធិបតី​កូតឌីវ័រ​រូប​នេះ​ត្រូវ​បាន​គេ​ដាក់​ខ្នោះដៃ​តំាង​ពី​ពេល​ចាប់​ខ្លួន រហូត​ដល់​ពេល​បញ្ចូល​ខ្លួន​ទៅ​ក្នុង​បន្ទប់​ឃុំឃំាង។

ការ​ចាប់​ខ្លួន​លោក ឡូរ៉ង់ បាក់បូ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​យោង​តាម​ដីការ​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​ចុះ​ថ្ងៃទី ២៣ វិច្ឆិកា​កន្លង​ទៅ។ លោក ឡូរ៉ង់ បាក់បូ​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ​ចំនួន ៤ ករណី៖ ការ​កាប់​សម្លាប់​ដោយ​ចាប់​រំលោភ អំពើ​ហិង្សា​ផ្លូវភេទ ការ​ធ្វើ​ទុក្ខបុកម្នេញ និង​អំពើ​អមនុស្សធម៌​ជា​ច្រើន​ទៀត​ដែល​លោក លោក ឡូរ៉ង់ បាក់បូ​បាន​ប្រព្រឹត្ត​ក្នុង​ចន្លោះ​ខែ​វិច្ឆិកា ឆ្នំា ២០១០ និង​ខែ​ឧសភា ឆ្នំា ២០១១។

យោង​តាម​ដីកា​ចាប់​ខ្លួន ទង្វើ​អមនុស្សធម៌ និង​ហិង្សា​ទំាង​នេះ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លំាង​ការពារ និង​កងសន្តិសុខ​កូតឌីវ័រ ដោយ​មាន​ជំនួយ​ពី​ក្រុម​ទាហាន​ស៊ីឈ្នួល ព្រម​ទំាង​ក្រុម​ស្វ័យត្រាន​វ័យក្មេង​ដែល​ជា​អ្នក​គំាទ្រ​លោក បាក់បូ​នៅ​ក្នុង​ទីក្រុង Abidjan ពិសេស​នៅ​ក្បែរ​សណ្ឋាគារ Golf និង​តំបន់​ផ្សេង​ទៀត​នៅ​ទូទំាង​ប្រទេស។

ក្រុម​ចៅក្រម​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ក្រុម​កម្លំាង​គំាទ្រ​លោក ឡូរ៉ង់ បាក់បូ​បាន​វាយប្រហារ​តម្រង់​លើ​ជនស៊ីវិល​ដោយ​គិត​ថា ពួក​គេ​ជា​អ្នក​គំាទ្រ​លោក Alassane Ouattara ដែល​បច្ចុប្បន្ន​ជា​ប្រធានាធិបតី​កូតឌីវ័រ។ ទន្ទឹម​គ្នា​នេះ ក្រុម​កម្លំាង​គំាទ្រ​លោក ឡូរ៉ង់ បាក់បូ​ក៏​បាន​វាយប្រហារ​សំដៅ​លើ​សហគមន៍​ជនជាតិ​ភាគតិច និង​ក្រុម​អ្នក​កាន់សាសនា​ផង​ដែរ។

ខ្លឹមសារ​នៃ​ដីកា​ចាប់​ខ្លួន​លោក ឡូរ៉ង់ បាក់បូ​ក៏​បាន​បន្ថែម​ថា លោក ឡូរ៉ង់ បាក់បូ និង​ក្រុមអ្នកជំនិត​របស់​លោក​បាន​រៀបចំ​ផែនការ​មួយ​ដើម្បី​ឲ្យ​កងកម្លំាង​គំាទ្រ​ខ្លួន​យក​ទៅ​អនុវត្ត ហើយ​ជា​ទូទៅ ពួក​គេ​បាន​យក​ទៅ​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ តាម​បទបញ្ជា​ដែល​គេ​បាន​ទទួល។

បទចោទប្រកាន់​ប្រឆំាង​លោក ឡូរ៉ង់ បាក់បូ​ទំាង​អស់​នេះ​នឹង​ត្រូវ​គេ​លើក​យក​ទៅ​អាន​នា​ឱកាស​ការ​បង្ហាញ​ខ្លួន​របស់​ជនជាប់ចោទ​លើក​ដំបូង​នៅ​ពី​មុខ​ក្រុមចៅក្រម​នៃ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​នា​ថ្ងៃ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ