អានតួអត្ថបទ
អាមេរិក-បារាំង

អាមេរិក​បដិសេធ​ព័ត៌មាន​កាសែត​បារាំង​ជុំវិញ​ការ​លួចស្តាប់​ទូរសព្ទ​ពលរដ្ឋ​បារាំង​

លោក James Clapper ប្រធានទីភ្នាក់ងារចារកិច្ច​អាមេរិក
លោក James Clapper ប្រធានទីភ្នាក់ងារចារកិច្ច​អាមេរិក REUTERS

ដើម្បីរំងាប់​កំហឹង​របស់​រដ្ឋាភិបាល​បារាំង ប្រធាន​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក លោក ចេម ក្លាប់ផឺ​ James Clapper បាន​បង្ខំចិត្ត​ចេញមុខ​បដិសេធ​​​ព័ត៌មាន​របស់​កាសែត​បារាំង Le Monde ​ស្តីពី​ការលួចស្តាប់​ទូរសព្ទ​ពលរដ្ឋបារាំង។ លោកក្លាប់ផឺ​ ​បាន​ចោទទៅកាសែត​បារាំង​វិញថា ព័ត៌មាន​ទាំងនោះ​​មិនមែន​ជាការពិត​នោះទេ។ នេះ​បើយោងតាម​សារព័ត៌មាន​បារាំង​AFP នៅថ្ងៃ​ពុធនេះ។ ប៉ុន្មានថ្ងៃ​មុននេះ កាសែត​បារាំង​ Le​ Monde បាន​ចុះផ្សាយ​ព័ត៌មាន ​យក​បាន​ពី Edward Snowden ទាក់ទង​​សកម្មភាព​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ដែល​លួចស្តាប់ និង​ថត​ការ​សន្ទនាតាម​ទូរស័ព្ទ​របស់​ពលរដ្ឋ​បារាំង។

ផ្សាយពាណិជ្ជកម្ម

លោក ចេម ក្លាប់ផឺ James Clapper ប្រធាន​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក បាន​ចេញ​មុខ​ដោយផ្ទាល់​ បដិសេធ​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​បារាំង ឡឺ ម៉ុងដ៍ ជុំវិញ​សកម្មភាព​​លួចស្តាប់​ទូរសព្ទ​ពលរដ្ឋបារាំង។ លោក ចេម ក្លាប់ផឺ ចោទ​សារព័ត៌មាន​បារាំង​វិញថា ព័ត៌មាន​​ដែល​សារព័ត៌មាន​នេះ​ចុះថា ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិអាមេរិក NSA ​បាន​ធ្វើការ​លួច​ស្តាប់ និង​ថត​ការ​សន្ទនា​តាមទូរស័ព្ទ​ប្រមាណ​​ជាង ៧០លាន របស់​ពលរដ្ឋ​បារាំងនោះ​ មិនមែន​ជាការពិត​ឡើយ។

លោកក្លាប់ផឺ​ប្រាប់ថា ព័ត៌មាន​ដែល​អាមេរិក​ធ្វើការ​ប្រមែរ​ប្រមូល​​យកនោះ គឺ​មាន​លក្ខណៈ​ដូចគ្នា​ទាំងអស់​នៅគ្រប់​ប្រទេស។​ ប៉ុន្តែ​ប្រធាន​ទីភ្នាក់ងារ​ចារកិច្ច​អមេរិក​រូបនេះ មិនបានប្រាប់ថា តើព័ត៌មាន​ទាំងនោះ​ខុសពីការពិត​នៅត្រង់ចំណុច​ណានោះទេ។

គួររំលឹក​ថា ដោយសារ​តែ​ការចុះផ្សាយ​របស់​កាសែតបារាំង​បែបនេះ រដ្ឋាភិបាល​បារាំង​បាន​បញ្ចេញ​កំហឹង​ចំពោះ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​បាន​ទាមទារ​អោយ​អាមេរិកបកស្រាយ​បញ្ហានេះ។ លោក​អូបាម៉ា និង​ប្រមុខការទូត​អាមេរិក ចន ឃែរី បាន​ព្យាយាម​បកស្រាយ​រំងាប់​កំហឹង​ប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ រួចមកហើយ។ នៅពេលនេះ លោក ចេម ក្លាប់ផឺ James Clapper ដែល​ជា​​ប្រធាន​គ្រប់គ្រង​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ចំនួន​១៦ ក្នុងនោះ​ក៏​មាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិអាមេរិក NSA ដែរនោះ បាន​បង្ខំចិត្ត​ចេញមុខ​បដិសេធ​​ព័ត៌មាន​របស់​កាសែត​បារាំង ដើម្បី​​​រំសាយ​​កំហឹង​រដ្ឋាភិបាល​​បារាំង​ផងដែរ។

ទោះជាមានការ​ចោទប្រកាន់​បែបនេះក្តី​ នៅថ្ងៃ​ពុធម្សិលមិញ​នេះ កាសែត​បារាំង ឡឺ ម៉ុងដ៍​ នៅតែ​ប្រាបថ់ា​ ព័ត៌មាន​ដែល​ខ្លួន​បានចុះផ្សាយ​ទាំងអស់នោះ គឺជា​ការពិត។

នៅថ្ងៃ​ពុធ​នេះដែរ ប្រធានាធិបតី​បារាំង​ចង់អោយ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក និង​ទីភ្នាក់ងារ​ចារកិច្ច​បារាំង​សហការគ្នា ដើម្បី​រកពន្លឺ​លើ​បញ្ហា​នេះ និង​ក៏​ដើម្បី​គ្រប់គ្រង​រឿងរ៉ាវ​ទាក់ទង​នឹង​ Edward Snowden ដែល​ធ្លាប់​បំរើការ​អោយ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ផងដែរ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ