អានតួអត្ថបទ
ឧបទ្វីប​កូរ៉េ

ព្យុងយ៉ាង និង​សេអ៊ូល ​ផ្តើម​ចរចា​យោធា​នៅ​សប្តាហ៍​ក្រោយ

ទាហានកូរ៉េខាងត្បូងឆែកឆេរ​​​រថយន្ត​​នៅ​​ព្រំដែន​
ទាហានកូរ៉េខាងត្បូងឆែកឆេរ​​​រថយន្ត​​នៅ​​ព្រំដែន​

កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង បាន​យល់​ព្រមគ្នា​ នៅ​ថ្ងៃ​នេះ ថា​នឹង​​ចាប់​បើក​កា​រ​ចរចា​យោធា​​ឡើង​វិញ នៅ​ថ្ងៃ​ទី​៨​កុម្ភៈ​ ២០១១ ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ជួប​នឹង​ភាព​តាន​តឹង​​អស់​រយៈ​ពេល​ជា​ច្រើនខែ​មក។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

នៅ​ទី​បំផុត​ កូរ៉េ​ទាំង​ពីរ បាន​សម្រេច​​យក​ថ្ងៃ​ទី​៨ កុម្ភៈ​២០១១ មក​អារ​កាត់​សេចក្តី​​រវាងថ្ងៃ​ទី​១១​កុម្ភៈ​ ដែល​ជា​​សំណើ​​​របស់​កូរ៉េ​ខាង​ត្បូង និង​ថ្ងៃ​ទី​១ កុម្ភៈ​ ស្នើ​ឡើង​ដោយ​កូរ៉េ​ខាង​ជើង ដើម្បី បើក​ការ​ចរចា​ឡើង​វិញ។

​កម្មវត្ថុ​នៃ​ជំនួប​យោធា​​ ​ជាលើក​ទី​មួយ​ គិត​តាំង​ពី​​​ថ្ងៃ​ទី ២៣​វិច្ឆិកា​មក​នេះ គឺ​ដើម្បី​​រៀប​ចំ​ កំណត់​កាលបរិច្ឆេទ​ របៀប​វារៈ និង​ទីកន្លែង​ សម្រាប់​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ជួបពិភាក្សា​​គ្នា។ ជំនួប​​ជាន់​ខ្ពស់​ដែល​ អាច​ជា​ជំនួប​​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ប្រទេសផង ប្រសិន​បើ​​ក្រុង​ព្យុងយ៉ាង​ទទួល​ស្គាល់​ឧប្បត្តិហេតុ​ទាំង​ពីរ​លើក​ក្នុង​ឆ្នាំ​២០១០ ហើយ​សន្យា​ថា​នឹង​ឈប់​​ប្រព្រឹត្ត​អំពើ​បង្ក​ហេតុ​បែប​នេះ​ទៀត។

សូម​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១០​កន្លង​ទៅនេះ ភាព​តាន​តឹង​រវាង​កូរ៉េ​ទាំង​ពីរ​បាន​ឡើង​ដល់​កំរិត​កំពូល ដោយ​ហេតុ​តែ​កូរ៉េ​ខាង​ជើង​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​ បង្ក​ឲ្យ​មាន​នាវិក​ស្លាប់​៤៦​នាក់ នេះ​បើ​តាម​ការ​ស៊ើប​អង្កេត​អន្តរជាតិ និង​បន្ទាប់​មក​គឺ​នៅ​ថ្ងៃ​ទី ២៣​ខែ​វិច្ឆិកា២០១០ ព្យុងយ៉ាង​បាន​ផ្លោង​គ្រាប់​លើ​កោះ​របស់​កូរ៉េ​ខាង​ត្បូង​​ ផ្តាច់​ជីវិត​ជន​ស៊ីវិល​ពី​រ​នាក់​ និង​ទាហាន​ពីរនាក់។

លោក​ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង លី ម្យ៉ុងបាក់ បាន​គូស​បញ្ជាក់​​ថា​ ប្រសិន​បើ​ការ​ចរចា​ថ្នាក់យោធា​បាន​ជោគជ័យ “លោក​នឹង​មិន​ឆ្លើយ​បដិសេធ”​ ចំពោះ​​ការ​ចរចា​ជាថ្មី​​ ស្តីពី​សំណុំ​រឿងរំសាយ​កម្មវិធី​​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង និង​ការ​រៀប​ចំ​ជំនួបកំពូល​​អន្តរកូរ៉េ​ឡើយ។ កូរ៉េ​ខាង​ត្បូង​នឹង​យល់​ព្រម​បើក​ជំនួប​កំពូល​កូរ៉េ​ទាំង​ពីរ ប្រសិន​បើ​ចាំ​បាច់ ដូច្នេះ​ពេល​នេះ​ជា​ឱកាស​ល្អ​ដែល​ក្រុង​ព្យុងយ៉ាង​គួរ​តែ​ឆក់​យក​ឲ្យ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ