អានតួអត្ថបទ
កូតឌីវ័រ

លោក វ៉ាត់តារ៉ា អំពាវនាវ​ឲ្យ​មាន​ការផ្សះផ្សា​ជាតិ

លោក Alassane Ouattara តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ ថ្ងៃ​ទី ៧ មេសា ២០១១
លោក Alassane Ouattara តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ ថ្ងៃ​ទី ៧ មេសា ២០១១ France 24

ដោយ​​មិន​អាច​ផ្តួល​លោក ឡូរ៉ង់ បាក់បូ ប្រធានាធិបតី​ផុត​អាណត្តិ​ ដោយ​កម្លាំង​បាយ​បាន លោក អាឡាសាន វ៉ាត់តារ៉ា​ប្រធានាធិបតី​ប្រទេស​កូតឌីវ័រ ទទួល​ស្គាល់​ដោយ​អន្តរជាតិ បានរៀប​ចំ​យុទ្ធសាស្ត្រថ្មី។ តាម​រយៈ​សុន្ទរកថា យ៉ាង​ឧឡារិក ​ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ទៅ​កាន់​ជន​រួម​ជាតិ លោក​វ៉ាត់តារ៉ា បាន​អំពាវ ​នាវ​សុំ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ ដោយ​ឈរ​លើ​ឧត្តមគតិ​ អត់​អោន​ទោសគ្នា និង​​យោគយល់​គ្នា​ជា​បង​ប្អូន​​រួម​ជាតិ​តែ​មួយ ព្រម​ទាំង​ប្រកាស​ចាត់​វិធានការ​ ទាំង​ផ្នែក​សន្តិសុខ សុវត្ថិភាព និង​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ចប់​ហើយ​ឆាក​ឈុត​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កម្លាំង​ទ័ព​ ដើម្បី​គាស់​រំលើង​លោក ឡូរ៉ង់​ បាក់បូ ! នេះ​ជា​ជម្រើស​របស់​ ​លោក អាឡាសាន វ៉ាត់តារ៉ា ​ដែល​កំពុង​ប្តូរ​យុទ្ធសាស្ត្រ​ទៅ​រៀប​ចំ​ ដាក់​ពង្រាយ​ទ័ព​ឡោម​ព័ទ្ធ​ និង​បិទ​ខ្ទប់​ប្រធានាធិបតី​ផុត​អាណត្តិ​​ បាក់បូ​ ឲ្យ​ជាប់​នៅ​ក្នុង​វិមាន​​ប្រធានាធិបតី។

នៅ​ពេល​ថ្លែង​សុន្ទរកថា ទៅ​កាន់​ជន​រួម​ជាតិ​កូតឌីវ័រ យប់​មិញ លោក​វ៉ាត់តារ៉ា ​ដែល​ចាត់​ទុក​ការ​ប្រឈម​មុខ​ជាមួយ​នឹង​លោក​បាក់បូ បាន​កន្លង​ផុត​ទៅ​ហើយនោះ បាន​អំពាវនាវ​ឲ្យ​បណ្តា​ជន​កូតឌីវ័រ​ទាំងអស់ ផ្សះផ្សា​ជាតិ​ឡើង​វិញ ចេះ​អត់​ទោស​ឲ្យ​គ្នា ស្រឡាញ់​គ្នា​ជា​បងប្អូន​រួម​ជាតិ និង​មិន​ជ្រើសរើស​ការ​សង​សឹក​គ្នា។ លោក វ៉ាត់តារ៉ា ក៏បាន​​ប្រកាស​​អំពី​វិធានការ​​មួយ​ចំនួន ដើម្បី​នាំ​សន្តិសុខ និង​សុវត្ថិភាព​ ដល់​ក្រុង​ អាប៊ីហ្សង់ ដែល​ក្លាយ​ជា​ចំណី​នៃ​អំពើ​ហិង្សា អសុវត្ថិភាព និង​ការ​លួច​ប្លន់​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ។

លោក​ថែម​ទាំង​បាន​សន្យា​បង្កើត​គណៈកម្មការ​​ជាតិ​មួយ អង្កេត​​​លើ​សំណុំ​រឿងប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ។

បំរាម​គោចរ នឹង​ត្រូវ​បន្ធូរ​បន្ថយ​ ចាប់​ពី​ថ្ងៃ​សុក្រ​ទី ៨​មេសានេះ​តទៅ ដើម្បី​​អនុញ្ញាត​ឲ្យ​ក្រុង​អាប៊ីហ្សង់​មាន​សកម្មភាព​ជា​​ធម្មតា​​ និង​​​មានដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ បន្តិច​ម្តងៗ។ ក្នុង​បញ្ហា​សេដ្ឋកិច្ច​នេះ លោក​ប្រធានាធិបតី​ទទួល​ស្គាល់​ដោយ​អន្តរជាតិ បាន​ស្នើ​សុំសហភាព​អឺរ៉ុប​​ឲ្យ​​លើក​ទណ្ឌកម្ម ចេញ​ពី​​កំពង់​ផែ​ អាប៊ីហ្សង់ និង​ សិនប្រាដូ វិញ ព្រោះ​ពេល​នេះ​ រដ្ឋាភិបាល​របស់​លោក​គ្រប់គ្រង​ប្រទេស​​ស្ទើរ​តែ​ស្រុង កំពង់​ផែ​ទាំងពីរ​នេះ​លែង​នៅ​​ក្រោម​គ្រប់​គ្រង​របស់ លោក​ បាក់បូ​ ទៀត​ហើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ