អានតួអត្ថបទ
កម្ពុជា

គណបក្សសង្គ្រោះជាតិដាក់ពាក្យបណ្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ រួចរាល់ហើយ

អ្នក​គាំទ្រ​គណបក្សសង្រ្គោះជាតិ ជួប​ជុំ​គ្នា នៅទីស្នាក់គណបក្ស។
អ្នក​គាំទ្រ​គណបក្សសង្រ្គោះជាតិ ជួប​ជុំ​គ្នា នៅទីស្នាក់គណបក្ស។ @ Chea Bunthoeun

គណបក្ស​​សង្គ្រោះ​ជាតិ​​បានដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ទៅកាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​​ឲ្យ​ស្ថាប័ន​មួយ​នេះ​ ផ្តល់នូវ​ភាពយុត្តិធម៌​ដល់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត។ ស្ថា​ប័ន​កំពូល​​មួយ​នេះ នឹង​បើកកិច្ចប្រជុំពេញ​អង្គ នៅ​ព្រឹក​ថ្ងៃអង្គារ ទី២០​ ខែ​សីហា ​ឆ្នាំ២០១៣ ស្អែក​នេះ ដើម្បី​បន្ត​​ដោះស្រាយ​​​លើ​​ពាក្យបណ្តឹង​ទាំង​១៧​​ របស់​គណបក្ស​សង្គ្រោះជាតិ។

ផ្សាយពាណិជ្ជកម្ម

បណ្តឹង​ទាំង១៧ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ គឺ​សុទ្ធតែជា​បណ្តឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ច្រានចោល​កាលពី​ចុង​ស​ប្តា​ហ៏​កន្លងទៅនេះ ដោយបាន​លើកឡើងថាបណ្តឹង​ទាំងអស់នោះ​មិន​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ និង​មិនមាន​ភស្តុតាង​គ្រប់គ្រាន់។

ក្រោយ​ការសម្រេច​របស់​គ.ជ.បមិន​ចាត់ការ​ទៅលើ​បណ្តឹង​ទាំងអស់នេះ​រួចមក ក្រុមប្រឹក្សា​អ្នក​ច្បាប់​​គណបក្ស​សង្គ្រោះ​ជាតិ​បានពិនិត្យ ​និង​ប្រជុំ​សម្រេច​បញ្ជូន​បណ្តឹង​មកកាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដែល​ស្ថាន​ប័ន​មួយ​នេះ​នឹងត្រូវ​ឈប់​ទទួល​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​បោះឆ្នោត​នៅ​ថ្ងៃទី១៩ ខែសីហា​នេះ។

លោកហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ថា បណ្តឹង​ទាំង១៧ដែល​គណ​បក្ស​​សង្គ្រោះ​ជាតិ​បានដាក់​ទៅកាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រួមមាន​​បណ្តឹង​ចំនួន១៦ករណី ដែលជា​ករណី​ទូទៅ​កើតមានឡើង​នៅ​ថ្នាក់​រាជធានី-ខេត្ត​ ដូចជា​​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត ការបញ្ជាក់​អត្ត​សញ្ញាប័ណ្ណ​មិន​ប្រក្រតី​របស់​អាជ្ញាធរ និង​ការតវ៉ា​ផ្សេងៗ​ទៀត​​របស់​ពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត។ ដោយឡែក​បណ្តឹង​មួយ​ករណី​នៅ​ថ្នាក់ជាតិ​​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ គឺជា​បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​ករណី​មានឈ្មោះ​ស្ទួន​របស់​អ្នកបោះឆ្នោត​ប្រមាណ​ជាង៣២ម៉ឺន​នាក់​ ដែល​អាច​នាំទៅរក​ការបន្លំ​សន្លឹកឆ្នោត​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោកហូរ វ៉ាន់។

ពាក់ព័ន្ធ​នឹង​ការច្រានចោល​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១៧ករណី​ ទាក់ទង​នឹង​ការចោទប្រកាន់​ពី​ការលួចបន្លំ​សន្លឹកឆ្នោតពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​នោះ ត្រូវបាន​លោកហូរ វ៉ាន់ បញ្ជាក់ថា នោះ​វា​គ្រាន់តែ​ជាការ​រុញ​ករណីនេះ​ឲ្យ​ផុតពី​ការទទួលខុសត្រូវ​រប​ស់គ.ជ.បតែប៉ុណ្ណោះ។ ហើយ​ថា​និតិ​វិធី​ដោះស្រាយ​របស់​គ.ជ.ប​ដែល​មាន​​រយៈពេល​តែ៤៨ម៉ោង​នោះ វា​មិនអាច​ទទួលយក​បានទេ ខណៈដែល​ការ​ពិនិត្យ​​មើល​ករណី​បណ្តឹងនីមួយៗត្រូវការ​ពេលវេលា​ពិនិត្យ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ។

លោកអ៊ុត ឈន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អ្នកនាំពាក្យ​ស្ថាប័ន​មួយ​នេះ​ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា រហូតមកដល់​ថ្ងៃនេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការឈប់​ទទួល​បណ្តឹងតវ៉ា​ពី​គណបក្សនយោបាយ នៅ​មិនទាន់​ដឹង​មាន​ពាក្យបណ្តឹង​ប៉ុន្មាន​នៅឡើយ​ទេ ខណៈដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ផ្តើម​សវនាការ​ដោះស្រាយ​លើ​បណ្តឹង​ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​នេះ។

បើ​យោងតាម​សេចក្តីប្រកាសចុះ​ថ្ងៃទី១៧ ខែសីហា បង្ហាញថាអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន៣៣ និង​បាន​ដោះស្រាយ​រួច​ហើយ​ចំនួន​១៤ពាក្យ​បណ្តឹង។

សេចក្តីប្រកាស​បន្តថា ក្រុមប្រឹក្សាធម្មនុញ្ញកំពុង​ដោះស្រាយ​ចំនួន១៩ពាក្យបណ្តឹង នៅក្នុង​នោះ​មាន​​បណ្តឹង​​បដិសេធ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំការបោះឆ្នោតលើ​លទ្ធ​ផល​​បណ្តោះអាសន្ននៃ​ការបោះឆ្នោតចំនួន៩ពាក្យបណ្តឹង ដែល​បានទទួលនៅ​ថ្ងៃទី១៧​ខែសីហា ​​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ