អានតួអត្ថបទ
បារំាង-ឥណ្ឌា

ទីក្រុង​ប៉ារីស​បន្ត​ចែចូវ​ទីក្រុង​ញូដេលី

លោក​ប្រមុខរដ្ឋ​បារំាង Nicolas Sarkozy (រូបខាងស្តំា) និង​ភរិយា ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​អវកាស​ឥណ្ឌា ថ្ងៃទី៤ ធ្នូ ២០១០
លោក​ប្រមុខរដ្ឋ​បារំាង Nicolas Sarkozy (រូបខាងស្តំា) និង​ភរិយា ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​អវកាស​ឥណ្ឌា ថ្ងៃទី៤ ធ្នូ ២០១០ ©REUTERS/Lionel Bonaventure/Pool

នៅ​ថ្ងៃ​សៅរ៍ ទី៤ ធ្នូ ឆ្នំា ២០១០ នេះ លោក​ប្រធានាធិតី​បារំាង​នីកូឡា សាកូហ្ស៊ី​បាន​ផ្តើម​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ នៅ​ថ្ងៃ​នេះ លោក​សាកូហ្ស៊ី​បាន​ទៅ​ដល់​ទីក្រុង​បង់ហ្កាឡ័រ​នៃ​រដ្ឋ​កាម៉ាតាកា ស្ថិត​នៅ​ប៉ែក​ខាងជើង​ប្រទេស។ អមដំណើរ​លោក​សាកូហ្ស៊ី គេ​ឃើញ​មាន​ភរិយា​របស់​លោក រដ្ឋមន្រ្តី​យ៉ាង​តិច ៧រូប និង​ប្រធាន​រោងចក្រ​សហគ្រាស​បារំាង​ជា​ច្រើន​រូប​ទៀត។ គោលដៅ​នៃ​ទស្សនកិច្ច​នឹង​ផ្តោត​សំខាន់​លើ​វិស័យ​សេដ្ឋកិច្ច ជាង​វិស័យ​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

ជំហាន​ទីមួយ​នៅ​ថ្ងៃ​នេះ គឺ​ដំណើរ​ទៅ​កាន់​ទីក្រុង​បង់ហ្កាឡ័រ​នៃ​រដ្ឋ​កាម៉ាតាកា។ គឺ​នៅ​ទីនោះ​ឯង​ដែល​លោក​សាកូហ្ស៊ី​អញ្ជើញ​ទៅ​ទស្សនា​វិទ្យាស្ថាន​អវកាស​ដ៏​ធំ​របស់​ឥណ្ឌា។ ទីក្រុង​បង់ហ្កាឡ័រ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប៉ូលសេដ្ឋកិច្ច និង​វិទ្យាសាស្រ្ត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពិភពលោក ដូច​ជា​មជ្ឈមណ្ឌល Silicon Valley នៅ​សហរដ្ឋអាមេរិក។

បន្ទាប់​ពី​ទីក្រុង​បង់ហ្កាឡ័រ លោក​សាកូហ្ស៊ី​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​អាហ្រ្កា​នៃ​រដ្ឋ​អ៊ុត្តារប្រាដេសដ៍​​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ឯកជន ដើម្បី​ទស្សនា​វិមាន Taj Mahal ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ វិមាន Tag Mahal ដែល​សង់​ពី​ថ្មកែវ​ពណ៌ស និង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អច្ឆរិយវត្ថុ​ផ្នែក​​ស្ថាបត្យកម្ម​មួយ​នៅ​ក្នុង​ពិភពលោក។

បន្ទាប់​មក​នៅ​ថ្ងៃ​អាទិត្យ ទី៥ ធ្នូ​ស្អែក និង​ថ្ងៃ​ច័ន្ទ ទី៦ ធ្នូ លោក​សាកូហ្ស៊ី​នឹង​អញ្ជើញ​ទៅ​ទីក្រុង​ញូដេលី​ដែល​នៅ​ទីនោះ លោក​សាកូហ្ស៊ី​នឹង​ទទួល​ឲ្យ​ជួប​សន្ទនា​ដោយ​លោកស្រី​​ប្រធានាធិបតី​ឥណ្ឌា Pratibha Patil និង​លោក​នាយករដ្ឋមន្ត្រី Manmohan Singh។

នៅ​ថ្ងៃ​អង្គារ ទី៧ ធ្នូ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ លោក​សាកូហ្ស៊ី​នឹង​អញ្ជើញ​ទៅ​ទីក្រុង​សេដ្ឋកិច្ច​ប៊ុមបៃ​ដែល​នៅ​ទីនោះ លោក​សាកូហ្ស៊ី​នឹង​ចូល​រួម​គោរព​ចំពោះ​វិញ្ញាណក្ខ័ន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទំាង ១៦៦នាក់​នៅ​ក្នុង​អំពើភេរវកម្ម​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០០៨ ក្នុង​នោះ ក៏​មាន​ពលរដ្ឋ​បារំាង​ផង​ដែរ។

សេដ្ឋកិច្ច សំខាន់​ជាង​នយោបាយ

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី២​របស់​លោក​ប្រមុខរដ្ឋ​បារំាង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ដែល​មាន​រយៈពេល​យូរ​រហូត​ដល់​ទៅ ៤ថ្ងៃ។ ដំណើរ​ទស្សនកិច្ច​លើក​ទី១​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មករា ឆ្នំា ២០០៨ និង​ដែល​មាន​រយៈពេល​តែ ៣៦ម៉ោង​ប៉ុណ្ណោះ។

ដំណើរ​ទស្សនកិច្ច​លើក​ទី២​របស់​លោក​ប្រមុខរដ្ឋ​បារំាង​លើក​នេះ​នឹង​ផ្តោត​ជា​សំខាន់​នៅ​លើ​វិស័យ​សេដ្ឋកិច្ច ជាង​នៅ​លើ​វិស័យ​នយោបាយ។
អាទិភាព​ជា​ដំបូង​របស់​លោក​សាកូហ្ស៊ី គឺ​ផ្តល់​សន្ទុះ​បន្ថែម​ឲ្យ​ដល់​ភាព​ជា​​​​ដៃ​គូ​​យុទ្ធសាស្រ្ត​​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ញូដេលី។ ភាព​​ជា​ដៃគូ​​យុទ្ធសាស្រ្ត​ដែល​ប្រទេស​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នំា ១៩៩៨ នៅ​ជំនាន់​លោក​ប្រធានាធិបតី​បារំាង​ហ្សាក់ សៀរ៉ាក់។

នៅ​ពេល​នេះ និង​អ្វី​ដែល​លោក​សាកូហ្ស៊ី​ត្រូវ​ព្យាយាម​សម្រេច​ឲ្យ​បាន​ពី​ភាគី​ឥណ្ឌា គឺ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល និង​ទីផ្សារ​សព្វាវុធ។ ទំាង​អស់​នេះ​សុទ្ធសឹង​ជា​សំណុំរឿង​ដែល​លោក​សាកូហ្ស៊ី​បាន​លើក​យក​ទៅ​ជជែក​ពិភាក្សា​ម្តង​ហើយ កាល​ពី​ដំណើរ​ទស្សនកិច្ច​លើកទី១ តែ​នៅ​មិន​ទាន់​អាច​ជំនះ​ភាគី​ឥណ្ឌា​បាន។ ជាក់ស្តែង​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​ស៊ីវិល ក្រុមហ៊ុន​បារំាង Areva អាច​នឹង​ទទួល​បាន​កិច្ចសន្យា​សាងសង់​មជ្ឃមណ្ឌល​ប្រភេទ EPR ចំនួន​ពីរ​នៅ​ប៉ែកខាងលិច​ប្រទេស​ឥណ្ឌា។

និយាយ​ពី​ទីផ្សារ​សព្វាវុធ​វិញ ឥណ្ឌា​ត្រូវ​ការ​កែប្រែ​កងនាវាចម្បំាង​ឲ្យ​ទាន់សម័យទំនើប ឥណ្ឌា​ត្រូវ​ការ​ទិញ​យន្តហោះ​ចម្បំាង​ធុន​ថ្មី​ទំនើប​ចំនួន ១២៦គ្រឿង និង​ឥណ្ឌា​ក៏​ត្រូវ​ការ​ប្តូរ​យន្តហោះ​ប្រដេញ Mirage ចាស់ៗ​របស់​បារំាង​ដែល​ឥណ្ឌា​កំពុង​មាន​ក្នុង​ដៃ។ ក៏​ប៉ុន្តែ អ្នក​ដែល​ចង់​បាន​កិច្ចសន្យា​ពី​ឥណ្ឌា ទំាង​នៅ​លើ​វិស័យ​នុយក្លេអ៊ែរ និង​សព្វាវុធ​នា​ពេល​នេះ មិន​មែន​មាន​តែ​ប្រទេស​បារំាង​មួយ​ទេ។ ប្រទេស​ផ្សេង​ទៀត​ក៏​ចង់​បាន​ដូច​គ្នា​ដែរ ដូច​យ៉ាង​អាមេរិក និង​រុស្ស៊ី។ ជាក់ស្តែង​នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល បារំាង​ត្រូវ​ប្រឈម​មុខ​នឹង​សហរដ្ឋអាមេរិក​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នា​ពេល​ថ្មីៗ​កន្លង​ទៅ។

ហេតុអ្វី​បាន​ជា​បារំាង​កំពុង​សម្លឹង​មិន​ប៉ប្រិច​ភ្នែក ទីផ្សារ​សព្វាវុធ និង​កិច្ចសហប្រតិបត្តិការ​​លើ​វិស័យ​នុយក្លេអ៊ែរ​របស់​ឥណ្ឌា ?

បារំាង​ជា​ប្រទេស​ទី៣ ដែល​បាន​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា ពោល​គឺ​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​រុស្ស៊ី និង​ប្រទេស​អ៊ីស្រាអែល។ បច្ចុប្បន្ន​នេះ​ទៀត បារំាង​ក៏​កំពុង​ប្រឈមមុខ​នឹង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត។

តំាង​ពី​ឆ្នំា ២០០៧ មក ពោល​តំាង​ពី​ឥណ្ឌា​បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ ក្នុង​ការ​ទិញ​យន្តហោះ​ចម្បំាង​បន្ថែម​ចំនួន ១២៦គ្រឿង​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៩ ០០០លាន​អឺរ៉ូ និង​ប្តូរ​យន្តហោះ​ប្រដេញ Mirage ចាស់ៗ​របស់​បារំាង​ដែល​ឥណ្ឌា​កំពុង​មាន​ក្នុង​ដៃ​មក មាន​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​ប្រដេញ​ជើង​ដណ្តើម​គ្នា​យក។ នៅ​ខាង​អាមេរិក គឺ​ក្រុមហ៊ុន​បូអ៊ីង (Boeing) ចំណែក​ឯ​នៅ​ខាង​ប្រទេស​បារំាង គឺ​ក្រុមហ៊ុន Dassault Aviation ដែល​មក​ទល់​ពេល​នេះ នៅ​តែ​មិន​ទាន់​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ណា​មួយ នៅ​ឡើយ​ទេ។

បើ​និយាយ​ពី​ការ​សាងសង់​មជ្ឃមណ្ឌល​នុយក្លេអ៊ែរ​ប្រភេទ EPR វិញ បារំាង​សង្ឃឹម​នឹង​ទទួល​បាន ព្រោះ​ថា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១​កាល​ពី ២ឆ្នំា​មុន លោក​ប្រមុខរដ្ឋ​​បារំាង និង​លោក​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល។ តែ​បើ​និយាយ​ពី​ទីផ្សារសព្វាវុធ​វិញ ប្រទេស​ផ្សេង​ទៀត​មិន​ទុក​ឲ្យ​បារំាង​ជិះ​សេះ​លែងដៃ​តែ​ម្នាក់​ឯង​ឡើយ។

តែ​ដោយ​ឥណ្ឌា ជា​ប្រទេស​ដែល​ចូលចិត្ត​ថ្លឹងថ្លែង​ពិចារណា និង​មិន​ប្រញិបប្រញាប់​នោះ ប្រហែល​ជា​មិន​ទាន់​មាន​កិច្ចសន្យា​ផ្លូវការ​ណា​មួយ នឹង​ត្រូវ​ចុះ​ហត្ថលេខា​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋបារំាង​នា​ពេល​នេះ​ទេ។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​បារំាង និង​ឥណ្ឌា

ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច ៨% ក្នុង​ឆ្នំា ២០០៩ ជា​មួយ​នឹង​ពលរដ្ឋ​ជាង ១ពាន់​លាន​នាក់ និង​ជា​មហា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​ក្នុង​ពិភពលោក ឥណ្ឌា​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ចោមរោម ចែចូវ គិត​ទំាង​ប្រទេស​ចិន​ដែល​ជា​គូប្រជែង​ដ៏ធំ​នៅ​អាស៊ី។ ប៉ុន្មាន​ថ្ងៃ​មុន ជា​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្ងៃ​នេះ ជា​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី និង​នៅ​ថ្ងៃ​ខាង​មុខ ដល់​វេន​លោក​ប្រធានាធិបតី​រុស្ស៊ី Dimitri Medvedev និង​លោក​ប្រធានាធិបតី​ចិន Hu Jintao ម្តង។

ចំពោះ​ប្រទេស​បារំាង ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ចទី ៥​ក្នុង​លោក វិនិយោគទុន​​បារំាង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ស្ថិត​រហូត​ដល់​លំដាប់​ថ្នាក់​ទី ៩​ឯណោះ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ និង​ដើម្បី​តាម​ឲ្យ​ទាន់​ប្រទេស​ផ្សេង​ទៀត បារំាង​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ការ​ចូល​ខ្លួន​ទៅ​ប្រជែង​ជា​មួយ​ប្រទេស​ផ្សេង​ទៀត​ទេ ព្រោះ​ថា​កន្លង​មក ពិត​មែន​តែ​ទីផ្សារ​ឥណ្ឌា​មាន​សក្តានុពល​ដូច​ទីផ្សារ​ប្រទេស​ចិន​ក៏​ដោយ ក៏​អ្នកវិនិយោគទុន​បារំាង​ហាក់​ដូច​ជា​មាន​ការ​លំបាក ក្នុង​ការ​ប្រឈមមុខ​នឹង​ដៃគូ​ផ្សេង​ទៀត។

យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​អាច​ជំនះ​ភាគី​ឥណ្ឌា​បាន លោក​ប្រមុខរដ្ឋ​បារំាង​ដែល​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន​ផ្លាស់វេន​នៃ​ក្រុម​ប្រទេស G២០ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​បារំាង ក្នុង​ការ​គំាទ្រ​បេក្ខភាព​ប្រទេស​ឥណ្ឌា ជា​សមាជិក​អចិន្ត្រៃយ៍​ថ្មី​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ