អានតួអត្ថបទ
កម្ពុជា

លោក​ស​ ខេង​ បាន​​ហៅ​​បាតុកម្ម​​អហិង្សា​​របស់​​បក្ស​ប្រឆាំង​​ ថា​​ជា​​ជោគ​ជ័យ​​

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ពេល​កន្លងទៅ។
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ កាលពី​ពេល​កន្លងទៅ។ @rfi/ siv channa

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​កោតសរសើរ​កងកម្លាំង​សមត្ថកិច្ច​ដែល​បានការ​ពារ​សុវត្ថិភាព​បានល្អ ​ចំពោះ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី៧កញ្ញា។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកចូលរួម​បាតុកម្ម​ ដែល​បាន​គោរព​ច្បាប់​បានល្អ និង​អំពាវនាវ​ឲ្យ​ពួកគេ​ស្ងប់ស្ងាត់ ហើយ​ចូលរួម​តែ​សកម្មភាព​ណា​ដែល​គោរព​ច្បាប់។ សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើឡើង​ ខណៈដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី ​នៅ​ថ្ងៃទី១៥ ដល់ ១៧​កញ្ញា​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងនាម​អគ្គបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត ​បាន​ហៅ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី៧កញ្ញា​ថា ​ជា​ជោគជ័យ។ ជោគជ័យ ​ដោយសារតែ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​​បានល្អ និង​ក៏​ដោយសារតែ​អ្នកចូលរួម​បាតុកម្ម​ទាំងអស់​គោរព​ច្បាប់ និង​ធ្វើ​ដោយ​អហិង្សា​។

ការវាយតម្លៃ​បែបនេះ​បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ នៅ​ថ្ងៃទី១១កញ្ញា​នេះ។ តាមរយៈ​សេចក្តីថ្លែងការណ៍​នោះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​ភាពស្ងប់ស្ងាត់ និង​ចូលរួម​តែ​សកម្មភាព​ណា​ដែល​គោរព​ច្បាប់​តែប៉ុណ្ណោះ។

សេចក្តីអំពាវនាវ​រប​ស់លោក ស ខេង បានធ្វើ​ឡើង​ចំ​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​ជាថ្មីទៀត។ ប៉ុន្តែ មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ជា​លើក​ទី២នេះ​មាន​រយៈពេល៣ថ្ងៃជាប់ៗ ដោយ​គ្មាន​ឈប់សម្រាក​ឡើយ។ មហា​បាតុកម្ម​លើក​នេះ​ត្រូវបាន​លោក សម រង្ស៊ី ប្រកាសថា នឹងធ្វើ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​តែម្តង។ គណបក្សប្រឆាំង​ប្រកាស​ថា នឹង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ ​ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការ​បោះឆ្នោត​ រហូត​ទាល់តែ​បានសម្រេច។

ប្រសិនបើ​ដូច្នោះ​មែន មហា​បាតុកម្ម​លើក​នេះ​ត្រូវគេ​រំពឹងថា ​នឹងមាន​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​ជាង​មុន។ យ៉ាងណាក៏ដោយ លោក ស ខេង សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាជន​ប្រកបដោយ​ការទទួលខុសត្រូវ និង​ជាពិសេស ​ត្រូវ​បញ្ចៀស​ឲ្យ​បានជា​ដាច់ខាត​នូវ​ការ​ប៉ះ​ទង្គិចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ