អានតួអត្ថបទ
ស៊ីរី

ក្រុមបះបោរ​ស៊ីរី​ក្តោបក្តាប់​ប៉ុស្តឹ៍​ព្រំដែន​ ប៉ុន្តែ​ដកខ្លួន​ថយ​នៅទីក្រុង​ដាម៉ាស​

អ្នកស្ម័គ្រចិត្ត​​បោស​សម្អាត​សង្កាត់​ Midane នៃ​ Damas នៅថ្ងៃទី​២១​កក្កដា​​ឆ្នាំ២០១២
អ្នកស្ម័គ្រចិត្ត​​បោស​សម្អាត​សង្កាត់​ Midane នៃ​ Damas នៅថ្ងៃទី​២១​កក្កដា​​ឆ្នាំ២០១២ AFP/SANA

កងកម្លាំង​យោធា​ស៊ីរី​ ដោយមាន​ជំនួយ​រថក្រោះ​ជាច្រើន​គ្រឿងផង​ ​ បាន​ធ្វើការ​វាយលុក​នៅថ្ងៃ​អាទិត្យ​ទី២២​កក្កដា​នេះ​ដើម្បី​ដណ្តើម​យកមកវិញ​ ​ នូវ​សង្កាត់​ជាច្រើន​នៃ​ទីក្រុង​ដាម៉ាស​និង​ទីក្រុង​អាឡេប​ ​ ក្រោយពី​កងកម្លាំង​យោធា​ស៊ីរី​សេរី​បាន​ទទួល​ជោគជ័យ​កាលពី​សប្តាហ៍មុន។​ សង្គ្រាម​នៅ​ស៊ីរី​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​១៩ ០០០នាក់​ក្នុង​រយៈកាល​១៦ខែ​ ​ នេះបើយោងតាម​តួលេខ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃ​អាទិត្យ​ទី២២​កក្កដា​ឆ្នាំ២០១២នេះ​ ​ ប្រទេស​កាតារ​ត្រូវ​រៀបចំ​ទទួល​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​គណៈកម្មាធិការ​អារ៉ាប់​ដែល​តាម​ត្រួត​ពិនិត្យ​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី។​ អំណាច​ក្តោបក្តាប់​ដោយ​ប្រធានាធិបតី​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​បាន​ស្គាល់​ការ​រង្គោះ​រង្គើ​ ​ ក្រោយពីមាន​ការ​វាយប្រហារ​ដ៏​ហិង្សា​របស់​ពួក​បះបោរ​ប្រឆាំង​នៅ​ទីក្រុង​ដាម៉ាស​ ​ ដែលបាន​បណ្តាល​ឲ្យ​សហការី​ជំនិត​បួនរូប​របស់​បាស្ហារ​អាល-អាស្សាដ​បាត់បង់​ជីវិត។

នៅក្នុង​រដ្ឋធានី​ដាម៉ាស​វិញ​ ​ កងកម្លាំង​យោធា​ស៊ីរី​កំពុង​ធ្វើការ​វាយលុក​និង​បោស​សម្អាត​សង្កាត់​មួយ​ចំនួន​ដូចជា​ ​ សង្កាត់​ Qaboune ​ឋិតនៅ​ប៉ែកខាងកើត​ ​ នេះបើ​យោងតាម​ទីភ្នាក់ងារ​ផ្លូវការ​សាណា។​ នៅ​សង្កាត់​បារហ្សេ​ឯណោះ​ ​ ទាហាន​របស់​ បាស្ហារ​អាល-អាស្សាដ​ ដោយមាន​ជំនួយ​ទម្លាក់​គ្រាប់បែក​ពី​ឧទ្ធម្ភាគចគ្រ​ផង​ បាន​ធ្វើការ​វាយលុក​យ៉ាង​ហិង្សា​នៅ​ព្រឹក​ថ្ងៃអាទិត្យនេះ។

ការវាយ​លុក​របស់​កងកម្លាំង​យោធា​ស៊ីរី​នៅ​ទីក្រុង​ដាម៉ាស​និង​នៅ​ទីក្រុង​អាឡេប​ដែលជា​ទីក្រុង​សំខាន់​ទីពីរ​របស់​ប្រទេស​ស៊ីរី​ក្នុង​រយៈពេល​ពីរថ្ងៃ​ចុងក្រោយនេះ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​១៣០នាក់។

កងកម្លាំង​យោធា​ស៊ីរី​នៅ​បន្ត​ធ្វើការ​បោស​សម្អាត​នៅ​តាម​សង្កាត់​ជាច្រើន​នៃ​រដ្ឋធានី​ដាម៉ាស​ ​ ដែល​ជីវភាព​រស់នៅ​ជួបនឹង​ការលំបាក​កាន់តែ​ខ្លាំងឡើងៗ។​ ហាង​លក់​ទំនិញ​គ្មាន​ទំនិញ​លក់​ ​ នំប៉័ង​ក៏​មាន​កង្វះខាត​ ​ ប្រជាជន​នាំគ្នា​ពួន​សម្ងំ​ក្នុង​ផ្ទះ។

នៅ​ពេល​ដែល​ការទម្លាក់​គ្រាប់បែក​មាន​ភាព​ធូរស្បើយ​ ​ ប្រជាជន​នាំគ្នា​ចេញ​មក​រក​ទិញ​ចំណី​អាហារ​ នៅតាម​ហាង​លក់​ទំនិញ​ខ្លះៗ​ដែលនៅ​បើកទ្វារ។​ ជាពិសេស​នៅពេលនេះ​ដែលជា​ពិធី​តមអាហារ​ “រ៉ាម៉ាដង់”​ ដ៏​សក្ការៈ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម។

នៅឯព្រំដែន​ជាប់​នឹង​ប្រទេស​លីបង់​ ​ អ៊ីរ៉ាក់​ ​ ហ្សរដានី​ឯណោះ​ ​ គេឃើញ​មាន​ប្រជាជន​ស៊ីរី​រាប់​ម៉ឺននាក់​បាន​នាំគ្នា​រត់​ភៀសខ្លួន​គេចចៀស​ពី​សង្គ្រាម។​ បើយោងតាម​តួលេខ​របស់​ទីស្នងការ​ជាន់ខ្ពស់​របស់​អ.ស.ប.​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ ​ ក្នុង​រយៈពេល​តែ​ពីរថ្ងៃ​មាន​អ្នក​ភៀសខ្លួន​រហូត​ដល់ទៅ​ប្រមាន​៣០ ០០០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ