អានតួអត្ថបទ
ប៉ារីស-តួកគី

ប្រល័យ​ពូជសាសន៍​អាមេនី៖ តួកគី​ចោទ​​បារាំង​ថា គ្មាន​យុត្តិធម៌ និង​ការទទួល​ខុសត្រូវ

ប្រជាជន​បារាំង​ដើម​កំណើត​តួកគី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការអនុម័ត​ច្បាប់​នៅ​ព្រឹទ្ធសភា​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៣ មករា ២០១២
ប្រជាជន​បារាំង​ដើម​កំណើត​តួកគី​ធ្វើ​បាតុកម្ម​ប្រឆាំង​ការអនុម័ត​ច្បាប់​នៅ​ព្រឹទ្ធសភា​ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៣ មករា ២០១២ ©Reuters

នៅទីបំផុត​សភា និង​ព្រឹទ្ធសភា​បារាំង បាន​បោះឆ្នោត​អនុម័ត នៅយប់​ថ្ងៃចន្ទ ទី ២៣ មករា ឲ្យ​មាន​ច្បាប់​ដ៏​ចម្រូងចម្រាស់ និង​ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង បារំាង តួកគី។ ច្បាប់​ថ្មីនេះ​សំដៅ​ប្រឆាំង​រាល់ការបដិសេធ មិន​ទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍ ជាពិសេស​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ​អាមេនី បង្ក​ដោយ​ប្រជាជន​តួកគី នៅមុន​សម័យ​សង្រ្គាម​លោក​លើកទីមួយ។ ច្បាប់​បារាំង​បាន​បង្ក​ឲ្យ​ទីក្រុង​អង់ការ៉ា​ក្តៅឆេះឆួល ខឹង​ទីក្រុង​ប៉ារីស​យ៉ាងខ្លាំង។

ផ្សាយពាណិជ្ជកម្ម

តួកគី​បាន​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា​ច្បាប់​ដែល​សភា និង​ព្រឹទ្ធសភា​បារំាង​អនុម័ត កាលពី​យប់​ថ្ងៃចន្ទម្សិលមិញ។ ទីក្រុង​អង់ការ៉ា​បាន​ប្តេជ្ញា​រួចហើយ នឹង​ចាត់​វិធានការ​ខ្លាំង​នៅក្នុង​ពេល​ខាងមុខ​ឆាប់ៗនេះ ដើម្បី​ប្រតិកម្ម​តប​នឹង​បារាំង។ បារាំង​ដែល​តួកគី​បាន​ចាត់ទុក​ថា គ្មាន​យុត្តិធម៌ និង​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​តួកគី។

 
សម្រាប់ទីក្រុង​អង់ការ៉ា ច្បាប់ថ្មី​របស់​បារាំង​នឹងអាច​ជំរុញ​តួកគី​ ឲ្យ​កាត់ផ្តាច់​ទំនាក់ទំនង ដែល​អាច​ធ្វើ​ឲ្យ​បារាំង​ខាតបង់​ប្រយោជន៍​ច្រើន ជាពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច។ បារាំង និង​តួកគី គឺជា​សម្ព័ន្ធមិត្ត នៅក្នុង​អង្គការ​អូតង់ ហើយ​ប្រទេស​ទាំងពីរ​ក៏​កំពុង​មាន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដ៏​សំខាន់។

កាលពី​ពេលថ្មីៗនេះ នាយករដ្ឋមន្រ្តី​តួកគី​ធ្លាប់​បាន​ប្រកាស​ផ្អាកទំនាក់ទំនង​នយោបាយ និង​យោធា​ជាមួយ​បារាំង បន្ទាប់​ពី​សភា​បារាំង​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​មាន​សេចក្តី​ព្រាងច្បាប់ ប្រឆាំង​រាល់​ការបដិសេធ​ដែល​ថា គ្មាន​អំពើប្រល័យ​ពូជសាសន៍។ រហូត​មក តួកគី​ទទួល​ស្គាល់​ថា មាន​ជនជាតិ​អាមេនី​ស្លាប់​នៅ​អំឡុង​សម័យ​សង្រ្គាម​លោក​លើកទីមួយ ប៉ុន្តែ តួកគី​បដិសេធ​មិន​ទទួលស្គាល់​ថា មាន​អំពើ​ប្រល័យ​ពូជសាសន៍។

មុន​នឹង​ចេញ​ច្បាប់នេះ បារាំង​ធ្លាប់​ទទួល​ស្គាល់​រួចហើយ​ថា មានអំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី។ ប៉ុន្តែ តាមរយៈ​ច្បាប់​ថ្មី​ដែល​មាន​ចែង​ពី​ទោស​ជាប់គុក មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​៤៥០០០​អឺរ៉ូ រដ្ឋ​បារាំង​នឹង​អាច​ចាប់​ដាក់គុក​រាល់​អ្នកណា​ដែល​ហ៊ាន​និយាយ​បដិសេធ​ថា មិន​មាន​អំពើ​ប្រល័យពូជសាសន៍ ជាពិសេស​អំពើប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​អាមេនី។

បើតាម​តួកគី ច្បាប់​បារាំង​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេរីភាព​បញ្ចេញមតិ ហើយ​ច្បាប់នេះ​ធ្វើឡើង​ដោយ​ហេតុផល​នយោបាយ​ផ្ទៃក្នុង​បារាំង​តែ​ប៉ុណ្ណោះ ព្រោះថា នៅពេលជិតដល់​ការបោះឆ្នោត​ប្រធានាធិបតី​ អ្នកនយោបាយ​បារាំងធ្វើអ្វី​គ្រប់យ៉ាង​ដើម្បី​ទាញ​រក​សំឡេង​បោះឆ្នោត​ពី​ប្រជាជន​បារំាង​ដើមកំណើត​អាមេនី ដែល​មាន​ប្រមាណ ជាង ៥សែននាក់ ក្នុង​ប្រទេស​បារាំង។​

ដូចពាក្យ​គេ​ថា ខោកក្បាល អង្អែលខ្នង។ ក្រោយប្រតិកម្ម​ខ្លាំង​របស់​ទីក្រុង​អង់ការ៉ា ប៉ារីស​បាន​បញ្ជាក់​ថា ច្បាប់ថ្មីនេះ​មិន​សំដៅតែ​ទៅលើ​ប្រទេស​តួកគី។ តាម​រដ្ឋមន្រ្តីការបរទេស​បារាំង លោក​Alain Juppé ដែល​និយាយ​ប្រាប់​ទូរទស្សន៍ នៅព្រឹកថ្ងៃនេះ បារាំង​ត្រូវការ​តួកគី និង​ត្រលប់មកវិញ តួកគី​ត្រូវការ​បារំាង។ មាន​ក្រុមហ៊ុន​បារាំង​ជាច្រើន​កំពុង​បោះទុន​វិនិយោគ​នៅតួកគី។ ដូច្នេះ តួកគី​គួរ​បន្ថយកំហឹង ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ