អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រឹក្សាសន្តិសុខ​​នឹងបញ្ជូន​​បន្ថែម​កម្លាំង​មួកខៀវ​ទៅ​ស៊ូដង់ខាងត្បូង

កងរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ស៊ូដង់​ខាងត្បូង
កងរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ស៊ូដង់​ខាងត្បូង ©REUTERS/James Akena

ការប្រយុទ្ធគ្នា​នៅ​តែមាន​សកម្មភាព​ខ្លាំងក្លា នៅ​ស៊ូដង់​ខាងត្បូង។ កម្លាំង​ទ័ព​រដ្ឋាភិបាល​បាន​ប្រកាស​​ត្រៀមខ្លួន ដើម្បី វាយសម្រុក​ទៅលើ​ទីក្រុង​បរ ដែលបាន​ធ្លាក់​ទៅក្នុងដៃ​របស់​ពួក​ឧទ្ទាម​ ដែល​ស្មោះស្ម័គ្រ​នឹង​លោក​អតីតអនុប្រធានាធិបតី​រីក ម៉ាស្ហារ។ ទាហាន​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ​ពង្រឹង​សន្តិសុខ នៅ​តាម​ជំរំ​របស់ខ្លួន ជាពិសេស នៅទីក្រុង​បរ។ ទាហាន​មួកខៀវ​ជនជាតិ​ឥណ្ឌា​ពីរនាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​មួយ របស់​ក្រុមឧទ្ទាម កាលពី​សប្តាហ៍មុន។ កាលពី​ថ្ងៃ​ល្ងាច​ចន្ទ​ទី ២៣ ធ្នូ លោកបាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​គេ​បញ្ជូន​​កងទ័ព​មួកខៀវ ៥​៥០០​នាក់ និង​ប៉ូលិស​៧០០​នាក់ បន្ថែមទៀត ទៅស៊ូដង់។ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​បើក​ការប្រជុំ​បន្ទាន់ នៅថ្ងៃ​អង្គារ​ដើម្បី​សម្រេច​លើ​ការបបញ្ជូន​ក្រុមមួកខៀវ ទៅ​ស៊ូដង់​ខាងត្បូង។

ផ្សាយពាណិជ្ជកម្ម

លោក​Gerard Areaud ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ផ្ទាល់ បាន​បញ្ជាក់​ហើយថា ទាហាន​​​មួកខៀវ​ជាង ៥ពាន់​នាក់ ដែល​អង្គការ​សហប្រជាជាតិ​នឹង​បញ្ជូន​បន្ថែម​ទៅ​ស៊ូដង់ នឹង​មិន​អាច​ជួយ​ការពារ​ជនស៊ីវិល​បាន​ទាំងអស់ទេ។ ដោយសារ​តែ​ការប្រយុទ្ធ​គ្នា មាន​កាន់តែខ្លាំង ជនស៊ិវិល​ជាង​បួនម៉ឺន ប្រាំពាន់នាក់ កំពុង​រត់ភៀសខ្លួន នៅក្នុង​ជំរំ​ជ្រកកោន នៅ​ជំរំ​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង។សូមបញ្ជាក់ថា នៅ​ស៊ូដង់ ខាងត្បូង មន្រ្តី​អង្គការ​សហប្រជាជាតិ​ ៧ពាន់ កំពុង​ប្រចាំការ ដែលក្នុងនោះ មាន​ជាង​៤ពាន់នាក់ ជាទាហាន​មួកខៀវ។

 
វត្តមាន​របស់​កម្លាំង​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ នៅស៊ូដង់ខាងត្បូង គឺ​ដើម្បី​ការពារ​ជនស៊ីវិល​ដែល​កំពុង​រងគ្រោះ ដោយសារ​ការប្រយុទ្ធគ្នា​រវាង​កងទ័ព ភាគី​ទំាងពីរ។ កម្លាំង​មួកខៀវ​ត្រូវ​បាន​ពង្រឹង​ខ្លាំង នៅ​ជំរំ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង បរ ព្រោះ នៅទីនោះ មាន​សំបូរ​អ្នករត់​ភៀសខ្លួន ជា​ជនជាតិ​ពិន្ធុ ឌិនកា ដែល​ជាជនជាតិ​ភាគច្រើន របស់​លោក​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​បច្ចុប្បន្ន ប៉ុន្តែ ជាសត្រូវ​រកមុខ​របស់​ក្រុមឧទ្ទាម ដែល​មក​ពី​កុលសម្ព័ន្ធ​នុយអេ របស់​លោក​អតីត​អនុប្រធានាធិបតី ម៉ាស្ហារ។

បើមើល​ទៅលើ​ទីតាំង​ភូមិសាស្រ្ត និង​ទំហំ​ប្រយុទ្ធគ្នា​រវាង​ភាគី​បដិបក្ខ​ទាំងពីរ កម្លាំង​មួកខៀវ​បន្ថែម ជាង ៥ពាន់​នាក់ ពិត​ជាមិន​អាច​ជួយ​បន្ធូរបន្ថយ​ស្ថានភាព នៅ​ស៊ូដង់​ខាងត្បូង​បានទេ។ ប្រទេស​ស៊ូដង់​មាន​ទំហំ​ធំ​មែនទែន គឺ​ស្មើនឹង​ទំហំ​នៃ​ប្រទេស​អេស្ប៉ាញ​បូកចូល​ជាមួយ​ប្រទេស​ព័រទុយហ្កាល់។

ប្រទេស​ស៊ូដង់​ជួប​សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ ជាង​២០ឆ្នាំ ទម្រាំ ស៊ូដង់​ខាងត្បូង​បាន​ផ្តាច់ខ្លួន និង​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ កាលពី​ឆ្នាំ ២០១១​កន្លងទៅ។ រដ្ឋាភិបាល​របស់​ស៊ូដង់​ខាងជើង មិន​ចង់​បាត់បង់​ទឹកដី​ភាគខាងត្បូង ដែល​សំបូរ​ទៅដោយ​អណ្តូងប្រេងទេ។ គឺ​ដោយសារ​ផលប្រយោជន៍​អណ្តូងប្រេង ដែល​ឧទ្ទាម ​ប្រមូលផ្តុំ​ដោយ​ជនជាតិ​ពិន្ធុ ខំប្រឹង​ប្រយុទ្ធ​ការពារ​ទឹកដី​ភាគ​ខាងត្បូង។ បច្ចុប្បន្ននេះទៀត បើមើល​ពីខាងក្រៅ ការប្រយុទ្ធគ្នា​នៅ​ស៊ូដង់​ខាងត្បូង ដែល​ផ្ទុះ​ឡើង កាលពី​ថ្ងៃ​ទី ១៥​ធ្នូ​កន្លងទៅ មាន​លក្ខណៈនយោបាយ។ គឺ​ទាហាន​រដ្ឋាភិបាល​បើក​ការវាយ​ប្រហារ​ទៅលើ​ក្រុមឧទ្ទាម​ដែល​លោកប្រធានាធិបតី ​ចោទថា គាំទ្រ​អតីត​អនុប្រធានាធិបតី ដែល​ប៉ុនប៉ង​ចង់​ធ្វើ​រដ្ឋប្រហារ។

សូមអាន៖ស៊ូដង់​ខាង​ត្បូង ៖ ជម្លោះ​​ដណ្តើម​អំណាច ក្លាយ​ជា​សង្គ្រាម​ស៊ីវិល​ ?

ប៉ុន្តែ គេ​មើលឃើញថា ការប្រយុទ្ធគ្នា​នៅ​ស៊ូដង់ នេះ គឺ​មិន​ខុសអី ពី​ការប្រយុទ្ធ​ដើម្បី​ទាមទារ​គ្រប់គ្រង​ប្រយោជន៍​ប្រេង នៅ​ស៊ូដង់​ខាងត្បូងទេ។ មេទ័ព របស់​រដ្ឋាភិបាល​ខ្លះ មិន​មែន​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម​ជាតិ​ពិន្ធុ​នុយអេ ដោយសារ​តែ​គេ​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល​ទេ ប៉ុន្តែ គេ​ប្រយុទ្ធ ព្រោះ គេ​ចង់​បាន​អំណាច​គ្រប់គ្រង​អណ្តូងប្រេង ដូចជា​នៅ​ទីក្រុង​Bentiu ជាដើម។ អ្នកជំនាញខ្លះ​មើលឃើញថា ក្រុមមេទ័ព​ទាំងនេះ​នៅតែមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ស៊ូដង់​ខាងជើង។ ដូច្នេះ វា​អាច​ដែល​​ថា រដ្ឋាភិបាល​ស៊ូដង់​ខាងជើង អាច​ដើរតួនាទីសំខាន់ ឬ​អ្នករុញ​ពីក្រោយ​ឲ្យ​ស៊ូដង់​ខាងត្បូង ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម។

 

សូមអាន៖ ការបោះឆ្នោត​ប្រជាមតិ​ដែល​អាច​បំបែក​ស៊ូដង់​ចេញ​ជា​ពីរ​ប្រទេស

 

រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​ដែល​ទើប​មាន​អាយុ ពីរឆ្នាំ អាច​ងាយ​ជួប​ការបែកបាក់ ព្រោះ ស៊ូដង់​ខាងត្បូង​ត្រូវ​បាន​ផ្គុំ បង្កើត​ឡើង ដោយការ​ចូលរួមគ្នា​ច្រើន​ពីជាតិ​ពិន្ធុ។ ក្រុមទាំងនេះ​ធ្លាប់​រួមប្រយុទ្ធ​ជាមួយគ្នា ដើម្បី​ទាមទារ​ផ្តាច់ទឹកដី​ពីរដ្ឋាភិបាល​ខាងជើង។ ប៉ុន្តែ ដោយសារ​តែ​មេដឹកនាំ នយោបាយ មិន​ត្រូវគ្នា ដូច្នេះ ក្រុមជាតិពិន្ធុ​ដែល​គាំទ្រ​អ្នកនយោបាយ ក៏​មិន​ត្រូវ​គ្នាដែរ។ ទាហាន​រដ្ឋាភិបាល​មក​ពី​ក្រុម​ឌិនការ កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​នុយអេ ដែល​ជា​ក្រុម​របស់​អតីត​អនុប្រធានាធិបតី​ម៉ាស្ហារ។ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព បាន​ប្រែក្លាយ​ជា​ការសម្លាប់​ប្រកាន់​ពូជាសាសន៍​លើ​ប្រជាជន​ស៊ីវិល។ ជាក់ស្តែង តាម​មន្រ្តី​អង្គការ​សហប្រជាជាតិ នៅក្នុង​ទីក្រុង​ជូបា ដែល​គ្រប់គ្រង​ដោយ​ទាហាន​រដ្ឋាភិបាល ប្រជាជន​ជាតិពិន្ធុ នុយអេ បាន​រត់ចូល​ជំរំភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​គេចផុត​ពីការ​ប្រយុទ្ធ និង​ការសម្លាប់​រង្គាល។ ចំណែក​នៅ​ទីក្រុង​Akobo ដែល​ធ្លាក់ក្នុង​ដៃ​របស់​ឧទ្ទាម​នុយអេ គឺ​ក្រុមប្រជាជន​ឌិនការ​វិញម្តង ដែល​រត់រក​ជំនួយ​របស់​អង្គការ​ប្រជាជាតិ ព្រោះ ដោយសារ​តែ​ពួកគេ​ត្រូវ​រង​ការយាយី សម្លាប់​ពី​ក្រុម​ឧទ្ទាម ដែល​មក​ពីក្រុមកុលសម្ព័ន្ធ នុយអេ។

អាមេរិក​ដាក់គំនាបឲ្យ​បើក​ការចរចា
តាំងពី​ថ្ងៃ​អាទិត្យ អង្គការ​សហប្រជាជាតិ និង​មេដឹកនាំ នៅក្នុង​ពិភពលោក ជាពិសេស លោកប្រធានាធិបតី​អាមេរិក បាន​ជំរុញ ឲ្យ​មេដឹកនាំ​ស៊ូដង់​ខាងត្បូង ដែល​ជា​ភាគី​ជម្លោះ ចូល​ចរចា​គ្នា ដើម្បី​ជៀសវាង​សង្រ្គាម​ស៊ីវិល។ អាមេរិកផ្ទាល់ ដែល​លូកដៃ​ច្រើនជាងគេ ក្នុង​ការជំរុញ​ឲ្យ​ស៊ូដង់​ខាងត្បូង​ទទួល​ឯករាជ្យ និង​បំបែកខ្លួន​ពី​ស៊ូដង់​ខាងជើង បាន​ព្រមាន​ទាំង​លោកប្រធានាធិបតី និង​អតីត​អនុប្រធានាធិបតី​ដែល​ជា​មេពួកឧទ្ទាម ថា អាមេរិក​នឹង​បញ្ឈប់​ការគាំទ្រ ដល់​រដ្ឋ​ដ៏ក្មេងខ្ចី​ជាងគេនេះ បើសិនជា​ការចូលកាន់​អំណាច នៅ​ប្រទេស​នេះ ធ្វើឡើង ការប្រើកម្លាំង​យោធា។

►សូមអាន៖លោក​អូបាម៉ា​ព្រមាន​ក្រុមឧទ្ទាម​ស៊ូដង់​ខាងត្បូង​ បន្ទាប់ពី​ទាហាន​អាមេរិកាំង​៤រូប​រងរបួស​

ការព្រមាន​របស់​អាមេរិក​អាច​ដាក់​សម្ពាធ​ទៅលើ​ភាគី​ជម្លោះ ព្រោះថា ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង មិន​ចង់​បាត់​ការគំាទ្រ​ពី​មហាអំណាចអាមេរិក​ទេ ជាពិសេស នៅក្នុងពេល​ដែល​ប្រទេស​ស៊ូដង់​ខាងត្បូង ទើបតែ​មាន​អាយុ​ជាង ២ឆ្នាំ និង​នៅតែ​រងការគំរាមកំហែង​ជាប់ជានិច្ច​ពី​រដ្ឋាភិបាល​ស៊ូដង់​ខាងជើង។​

លោកប្រធានាធិបតី​សាលវ៉ា គៀ បាន​ប្រកាស​ធ្វើការ​ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមួយ​ភាគី​ជម្លោះ​របស់លោក ប៉ុន្តែ លោក​រីក ម៉ាស្ហារ​វិញ ដែល​ជាអតីត​អនុ​ប្រធានាធិបតី បណ្តេញ​ចេញ​ពីតំណែង​បាន​ទាមទារ កាលពីថ្ងៃ​ចន្ទ ឲ្យ​លោក​ប្រធានាធិបតី​ដោះលែង​រដ្ឋមន្រ្តី​១០​នាក់ ដែល​ស្និទ្ធ​នឹង​លោក សិន។ រដ្ឋមន្រ្តី​ទាំង​១០នាក់ ត្រូវ​ទាហាន​រដ្ឋាភិបាល​ចាប់ដាក់ឃុំ បន្ទាប់ពី​រងការ​ចោទប្រកាន់​​ពីបទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី។ រហូតមកដល់​ពេលនេះ លោកប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​មិន​ទាន់​មាន​ចម្លើយ​យ៉ាងណាទេ។ ប៉ុន្តែ ចង់ ឬ​មិន​ចង់ លោកប្រធានាធិបតី​ត្រូវ​គេ​មើលឃើញថា ជាអ្នកត្រូវ​ស្រាយ ចំណង ដែល​លោក​អាច​បង្កើតឡើង។ ដោយសារ​តែ​លោក​ប្រធានាធិបតី​បាន​ប្រកាស​បណ្តេញ​លោក​អនុ​ប្រធានាធិបតី ចេញពី​តំណែង និង​ចាប់​មន្រ្តី​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ពួក​ឧទ្ទាម​ដែលជា​គ្នីគ្នា​របស់​លោក​អតីត​អនុប្រធានាធិបតី​ចេញមុខការពារ​មេកើយ​របស់ខ្លួន និង​ ប្រយុទ្ធ​តប​នឹង​រដ្ឋាភិបាល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ