អានតួអត្ថបទ
ថៃ

សហភាព​អឺរ៉ុប​បរិហារ​សំណុំ​រឿង​ក្តី​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ

ស៊ុមយុត ព្រឿកសាកាសែមស៊ុក ដើរ​ទៅ​កាន់​សាល​កាត់​ក្តី ថ្ងៃទី ២៣​មករា ឆ្នាំ​២០១៣
ស៊ុមយុត ព្រឿកសាកាសែមស៊ុក ដើរ​ទៅ​កាន់​សាល​កាត់​ក្តី ថ្ងៃទី ២៣​មករា ឆ្នាំ​២០១៣ © Reuters

អ្នក​កាសែត​ និង​សកម្មជន​ ​ស្និទ្ធ​នឹង​ចលនា​​អាវ​ក្រហមម្នាក់ ជាប់​ចោទ​ពី​បទ​បាន​ជេរ​ប្រមាថ​ក្រុម​គ្រួសារ​ព្រះរាជវង្ស​ ត្រូវ​បាន​តុលាការ​ក្រុង​បាងកក ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​១១​ឆ្នាំ។ សាលក្រម​ដែល​ជំរុញ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ទាន់​ហន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​។

ផ្សាយពាណិជ្ជកម្ម

 

ដើរ​ចូលក្នុង​បន្ទប់​កាត់​ក្តី​ ជាមួយ​នឹង​ជើង​ជាប់​ច្រវ៉ាក់ ដៃ​កាន់​ខ្សែ​ទ្រ​​ខ្មោះជើង លោក​ ស៊ុមយុត ព្រឿកសាកាសែមស៊ុក (Somyot Preaksakasemsuk) និពន្ធនាយក​ទស្សនាវដ្តី “Voice of Thanksin” ត្រូវ​បាន​តុលាការ​ក្រុង​បាងកក​ កាត់​ទោស​នៅ​ព្រឹកថ្ងៃពុធ​នេះ ឱ្យ​ជាប់​ពន្ធនាគារ ១១​ឆ្នាំ ក្នុង​បទ​បាន​បោះផ្សាយ​អត្ថបទ​ចំនួន​ពីរ​ (មួយ​នៅ​ខែ​កុម្ភៈ មួយ​ទៀត​នៅ​ខែ​មីនា ឆ្នាំ​២០១០) ដែល​មាន​អត្ថន័យ​ជេរ​ប្រមាថ​គ្រួសារ​ព្រះរាជវង្ស។ ចំណែក លោក ការ៉ុម​ ប៉ុលប៉នក្លង់ អាយុ​៥១​ឆ្នាំ ជា​សកម្មជន​ស្និទ្ធ​នឹង​ចលនា​អាវ​ក្រហម​ និង​ដែល​ត្រូវ​ចាប់ខ្លួន​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១១ ត្រូវ​ជាប់​ទោស​៥​ឆ្នាំ​ សំរាប់​មួយ​អត្ថបទ បន្ថែម​ពី​លើ​​ការ​ជាប់​​​​ទោស​នៅ​ក្រៅ​ឃុំ​ ១​ឆ្នាំ ពី​បទ​បរិហារ​កេរ្ត៍។ មេធាវី​របស់​សកម្មជន​នេះ​ គ្រោង​នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ ព្រោះ​ការ៉ុម​ បំពេញ​ការងារ​ក្នុង​នាម​ជា​អ្នក​កាសែត គ្មាន​ចេតនា​សោះឡើង​នឹង​រំលោភ​មាត្រ​១១២ នៃ​ច្បាប់​ប្រមាថ​ព្រះចេស្តា​សេ្តច។

គ្រាន់​តែ​បាន​ឮ​សាលក្រមភ្លាម ប្រតិភូ​សហភាពអឺរ៉ុប ប្រចាំ​ទីក្រុង​បាងកក បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​ និង​រិះគន់ យ៉ាង​ទាន់ហន់ ចាត់​ទុក​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​ថៃ ថាបាន​បំផ្លាញ​​យ៉ាង​ដំណំ​ ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ និង​មូលដ្ឋាន​គ្រឹះ​នៃ​សេរីភាព​សារព័ត៌មាន ព្រម​ទាំង​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រូបភាព​របស់​ប្រទេស​ (ប្រទេសសេរី និង​​ប្រជាធិបតេយ្យ)។

បញ្ញាជន និង​អង្គការ​ជា​ច្រើន យល់​ថា​សំណុំ​រឿង​ក្តី​នេះ មាន​លក្ខណៈ​នយោបាយ​ជាង​អ្វី​ទាំង​អស់ ! តុលាការ​កំពុង​តែ​ដើរ​តួនាទី​ជា​អ្នក​ការពារ​រាជវង្ស​ មិន​មែន​ការពារ​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឡើយ ! នេះ​បើ​តាម​ការ​បរិហារ​របស់​នាយក​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី។ អង្គការ​Amnesty Internation បាន​ថែម​ទាំង​ទាមទារ​ឱ្យ​ ព្យួរ​ និង​សើរើ​ ​ច្បាប់​ប្រមាថ​ព្រះចេស្តា​សេ្តច​នេះ ឡើង​វិញ ហើយ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់ រួម​ទាំង​លោក សុមយុត​ផង។

ការ​តស៊ូ​មតិ ជុំ​វិញ​ច្បាប់​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​ដ៏​តឹង​តែង​ នៅ​ប្រទេស​ថៃ​នេះ បាន​ផ្ទុះ​ឡើង​ម្តង​កាលពី​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​​តាអំពុង ជាប់​ទោស​២០​ឆ្នាំ​ពី​បទ​បាន​ផ្ញើ​សារ​តាមទូរស័ព្ទ​ជេរ​ប្រមាថ​រាជវង្ស​ បានស្លាប់​ក្នុង​ពន្ធនាគារ​ និង​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ក៏​ប៉ុន្តែ​នេះ​ជា​សំណុំ​រឿង​ដ៏​ក្តៅ​គគុក​និង​​ដ៏​គួរ​ឱ្យ​រអា​​បំផុត អាច​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់ស្ថិរភាព​ជាតិ​ផង ព្រោះ​ថា ព្រះមហាក្សត្រ​ ភូមិបុល ព្រះជន្ម​ ៨៥​វស្សា ត្រូវ​បាន​បណ្តា​ជន​ថៃ​ទូទៅ គោរព​ដូច​ព្រះ។ គ្មានតួនាទី​នយោបាយ​មែន ប៉ុន្តែ​ គ្រួសាររាជវង្ស​ ត្រូវ​បាន​​​ការពារ​ដោយ​ច្បាប់​ ដ៏​​តឹង​តែង​ជាង​គេ​បំផុត​មួយ​នៅ​លើពិភពលោក៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ