អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ប្រើ​ទឹកដី​កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​ចិន

សំឡេង ០៦:៥៨
ប្រជាជន​កូរ៉េខាងត្បូង​តវ៉ា​ប្រឆាំង​ការសាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​លើ​ កោះ Jeju ត្រូវ​ប៉ូលិស​ចាប់នាំខ្លួន នៅថ្ងៃ​សុក្រ​ទី ២ កញ្ញា ២០១១
ប្រជាជន​កូរ៉េខាងត្បូង​តវ៉ា​ប្រឆាំង​ការសាងសង់​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​លើ​ កោះ Jeju ត្រូវ​ប៉ូលិស​ចាប់នាំខ្លួន នៅថ្ងៃ​សុក្រ​ទី ២ កញ្ញា ២០១១ ©Reuters

រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រើប៉ូលិស ​ជាង​មួយ​ពាន់ ដើម្បី​ចាប់​បំបែក​ក្រុមបាតុករ ដែល​ក្រាញននៀល តវ៉ា តាំងពី​ខែ​មិថុនា ប្រឆាំង​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​លើ​កោះ Jeju។ គម្រោង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងត្បូង ប្រកាស​តាំងពី​ឆ្នាំ ២០០៧ និង​បញ្ចប់​ការសាងសង់ នៅឆ្នាំ ២០១៤ ប៉ុន្តែ គេទើបតែ​ចាប់ផ្តើម​ការដ្ឋាន​សាងសង់ នៅ​ខែ​មករា​ដើមឆ្នាំ នេះ មុន​នឹង​ត្រូវ​អាក់ខាន ដោយសារ​ការរារាំង​របស់​ក្រុម​ប្រជាជន​តវ៉ា។

ផ្សាយពាណិជ្ជកម្ម

អ្នក​ដែលប៉ូលិស​​ចាប់​កាលពី​ព្រឹកថ្ងៃ​សុក្រ ទី ២ កញ្ញា គឺ​ភាគច្រើន​ជា​សកម្មជន​ការពារ​បរិស្ថាន និង​ប្រជាជន​រស់នៅក្នុង​តំបន់​ដែល​រដ្ឋាភិបាល​ត្រូវ​សាងសង់​​មូលដ្ឋាន​ទ័ព​ ជើងទឹក។ អ្នកតវ៉ា​ប្រឆាំង​មាន​គ្នា​ប្រមាណ​តែ​ជាង​មួយ​រយនាក់។

បើ​តាម​សមាគម​ការពារ​បរិស្ថាន ប្រជាជន​ជាង ៩០​ភាគរយ​របស់​កោះ ប្រឆាំង មិន​ចង់​ឲ្យ​រដ្ឋាភិបាល​តាំងទ័ព នៅលើ​កោះJeju ដោយគេ​អះអាង វត្តមាន​នាវាចម្បាំង​នឹង​បំផ្លាញ​បរិស្ថាន និង​ប្រពៃណី​រស់នៅ​ស្ងប់ស្ងាត់​របស់​ពួកគេ។ ក្រៅពី​អ្នកការពារ​បរិស្ថាន អ្នកដែល​បារម្ភ ជាងគេ គឺ​ក្រុមនេសាទ ដែល​គិត​ថា ផលនេសាទ​របស់ខ្លួន​នឹង​ត្រូវ​ប៉ះពាល់​ដោយ​វត្តមាន​ទ័ពជើងទឹក។

ម្យ៉ាងវិញទៀត គួរដឹងថា ប្រជាជន​នៅ​លើកោះ Jeju មិន​ចង់​ឲ្យ​មាន​វត្តមាន​ទាហាន​លើ​កោះ​របស់ខ្លួន ព្រោះ​គេ​មិន​ចង់ឃើញសង្រ្គាម​ដែល​នឹង​អាច​ផ្ទុះឡើង។ នៅពេល ការតាំង​មូលដ្ឋាន​ទ័ព និង​ការជញ្ជូន​អាវុធ​មក​ដាក់លើ​កោះ កាន់តែច្រើន នឹង ជៀសមិនផុត បង្ក ឲ្យ​មាន​ការខឹង​សម្បារ​ពីចិន។

មាន​មនុស្ស​ទទួល​ទុក្ខសោក ប៉ុន្តែ ក៏​មាន​ក្រុម​មនុស្ស​ដែល​ចង់​ឃើញ​គម្រោង​សាងសង់​មូលដ្ឋាន​ទ័ពជើងទឹក ចេញជារូបរាង និង​ចង់ឃើញ​ការសហការ​រវាង​កូរ៉េខាងត្បូង ជាមួយ​អាមេរិក។ នៅចំពោះមុខ​ការគំរាមកំហែង​មិន​ចេះចប់​ពី​កូរ៉េខាងជើង ដែល​ចិន​កាន់ជើង ប្រជាជន​កូរ៉េខាងត្បូង​ពិតជា​ចង់​បានអាមេរិក​ធ្វើ​ជា​ខ្នងបង្អែក ដើម្បី​ការពារ​សន្តិសុខ​ជាតិ។
 
រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​និយាយ​ប្រាប់​ទៅ​ប្រជាជន​ថា គេ​ត្រូវ​ការសាងសង់​មូលដ្ឋាន​ទ័ពជើងទឹក នៅ​លើ​កោះ​Jeju ដែល​នឹង ក្លាយ​ទៅ​ជា​ចំណត​នាវា​ចម្បាំង និង​នាវាមុជទឹក កូរ៉េខាងត្បូង និង​អាមេរិក ជាង ២០គ្រឿង។ នេះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​សន្តិសុខ​ជាតិ គឺ​ទប់ទល់​ប្រឆាំង​នឹង​ ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង។ មូលហេតុ​នេះ​សំខាន់​ណាស់​សម្រាប់​បញ្ចុះបញ្ចូល​ប្រជាជន​កូរ៉េខាងត្បូង ភាគច្រើន ដែល​នៅតែ​រងគ្រោះ និង​ខ្លាច​ការវាយប្រហារ​ជាថ្មី ពី​ទីក្រុង​ព្យុងយ៉ាង។

ម្យ៉ាងទៀត កំពង់ផែ​ដែល​ស្ថិតនៅ​ក្នុងមូលដ្ឋាន​ទ័ពជើងទឹក នឹង​អាច​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសច​អាមេរិក​ចូលចត និង​ជម្រុញ​ផ្នែកសេដ្ឋកិច្ច​ទេសចរណ៍​របស់កោះនេះ។

នយោបាយ​ជម្រុញ​កំណើន​ទេសចរណ៍​របស់​រដ្ឋាភិបាល​ពិបាក​នឹង​ឲ្យ​គេ​ជឿ​បន្តិច។ ផ្ទុយទៅវិញ គេ​មាន​ចំណុច​សង្ស័យ​ជាច្រើន ទៅ​លើ​គម្រោង​នេះ។ ទីមួយ បើ​មើល​ពី​ទីតាំង​ភូមិសាស្រ្ត កោះ Jeju ស្ថិតនៅ​ភាគខាងត្បូង​របស់​ប្រទេស​កូរ៉េខាងត្បូង ទៅទៀត គឺ​នៅឆ្ងាយ​ពី​កូរ៉េ​ខាងជើង ប៉ុន្តែ​វា​ស្ថិត​ទៅរក​ក្បែរ​ប្រទេស​ចិន​ទៅវិញ។ ទីពីរ ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊្សីល អាមេរិក​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លើកឡើងថា នឹងដាក់​ប្រចាំ នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក នោះ​គឺ​មិន​មែន​ប្រើដើម្បី​ទប់ទល់​គ្រាប់មីស្ស៊ីល​កូរ៉េខាងជើងទេ ព្រោះគ្រាប់មីស៊្សីលកូរ៉េខាងជើង បាញ់​ក្នុង​ចំងាយ​ខ្លីប៉ុណ្ណោះ។
 
ដូច្នេះ បើមិន​មែន​ក្នុង​យុទ្ធសាស្រ្ត​ប្រឆាំង​កូរ៉េខាងជើងទេ ​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​លើកោះ Jeju​របស់​កូរ៉េខាងត្បូង​ត្រូវ​បង្កើតឡើង​ដើម្បី​ទប់ទល់​នឹង​ចិនទៅវិញ។

កោះJeju​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីចិន និងបែរ​ចំ​មុខ​ទៅ​រក​ទីក្រុង​សៀងហៃ។ ប្រជាជន​កូរ៉េខាងត្បូង​ដែល​តវ៉ា​ប្រឆាំង​នឹង​គម្រោង​សាងសង់​បាន​បរិហារ​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​សុខចិត្ត​ចំណាយ​លុយ​ដល់​ទៅ​ជាង ៩រយ​លាន​ដុល្លារ ដើម្បី​បំពេញចិត្ត​អាមេរិក។ គឺ​នាវា​ចម្បាំង​អាមេរិក នឹង​ទ័ពជើងទឹក​អាមេរិក ដែល​នឹង​ចូល​ទៅ​បោះទីតាំង​នៅក្នុង​មូលដ្ឋាន​ទ័ពកូរ៉េខាងត្បូង នៅ​កោះ Jeju។

ប៉ុន្តែ រហូតមកដល់​ពេលនេះ ទាំង​អាមេរិក និង​កូរ៉េខាងត្បូង​បាន​បដិសេធ​ការចោទប្រកាន់​របស់​សកម្មជន​កូរ៉េខាងត្បូង។ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​អះអាង​ថា គម្រោង​នេះ​ជា​គម្រោង​របស់​កូរ៉េខាងត្បូង​តែម្នាក់​ឯង និង​ធ្វើឡើង​ដើម្បី​អាច​ឲ្យ​កូរ៉េខាងត្បូង​មាន​កម្លាំង​ការពារ​ខ្លួនឯង នៅពេល​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ដកទ័ព​ចេញ​ពី​កូរ៉េខាងត្បូង។

សំដីការទូត​មិន​ឆ្លុះបញ្ចាំង​ពី​ការពិតទេ។ ជាក់ស្តែង កូរ៉េខាងត្បូង​ពេលនេះ កំពុង​ចូលរួម​ផ្លាស់ទីតាំង​មូលដ្ឋាន​ទ័ព​អាមេរិក​នៅភាគខាងជើង ​ទីក្រុង​សេអ៊ូល ឲ្យ​មក​ប្រមូលផ្តុំ​នៅ​ភាគខាងត្បូង​​ទីក្រុង​វិញ គឺ​មក​ប្រមូល​ផ្តុំ​នៅ​ជំរំទ័ព Humphreys ដែល​នៅអនាគត​ខាងមុខ នឹង​ក្លាយ​ជា​មូលដ្ឋាន​ទ័ពធំ និង​សំខាន់​ជាងគេ​របស់​អាមេរិក​នៅកូរ៉េខាងត្បូង។ ទីតាំង​ថ្មីនេះ ជា​ថ្មីដូចនឹង​មូលដ្ឋាន​យោធាលើ​​កោះ Jeju បែរ​ទៅរក​ប្រទេស​ចិន៕

 
ក្នុង​បរិបទ​បច្ចុប្បន្ន វាច្បាស់​ណាស់​ថា អាមេរិក​ត្រូវការ​យក​ទឹកដី​កូរ៉េខាងត្បូង​ដើម្បី​ធ្វើ​ជា​ទីតាំង​យោធា​ យុទ្ធសាស្រ្ត​ទប់ទល់​នឹង អំណាច​ចិន​វិញ។ ចិន​ដែល​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​បញ្ចេញ​ឥទ្ធិពល​របស់ខ្លួន និង​ទាមទារ​ធ្វើ​ជា​មហាប្រទេស​គ្រប់គ្រង​តំបន់​ទឹកសមុទ្រ​នៅ​អាស៊ី​ ប៉ាស៊ីហ្វិក។

ប្រឈមមុខ​នឹង​ការពង្រីក​អំណាចចិននេះ អាមេរិក​រក្សា​​សហការ​ជាមួយ​សម្ព័ន្ធមិត្ត យោធា​របស់ខ្លួន ដូចជា ជប៉ុន ឥណ្ឌា ហ្វីលីពីន។ ប្រទេស​ទាំងនេះ​សុទ្ធ​តែ​កំពុង​មាន​ជម្លោះ​ព្រំដែន បើមិន​ដីគោក ក៏ជម្លោះដែនទឹក ជាមួយ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ