អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក ពូទីន​ ធ្វើសេច​ក្តីថ្លែង​ការណ៍​ពិសេស​ បន្ទាប់ពី​ស.រ.អា. ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ INF

សំឡេង ០៦:២៨
ប្រមុខរដ្ឋ Vladimir Poutine បុរសខ្លាំង​រុស្ស៊ី
ប្រមុខរដ្ឋ Vladimir Poutine បុរសខ្លាំង​រុស្ស៊ី @AFP

“ពិភពលោក ត្រូវការឱ្យមាន កិច្ចចរចាថ្មី​ ស្តីអំពី​សន្តិសុខ​យុទ្ធសាស្ត្រ ​ដែល​ឥឡូវ​ស្ថិត​នៅ ​ក្រោម​គ្រោះ​ថ្នាក់ ក្រោយ​ពី​​ស.រ.អា. ​ដោយ​គ្មាន​ការ​ពិភាក្សា ​នា​ថ្ងៃទី២ ​សីហា បាន​ប្រកាស​ជា​ផ្លូវ​ការ​ ដកខ្លួន​ ចេញ​ពី​សន្ធិសញ្ញា​ហាម​ប្រាម​មីស៊ីល​រយៈ​ខ្លី និង​ មធ្យម INF​ “ ។ សេចក្តី​នេះ​ ថ្លែងថ្ងៃ៥​សីហា ដោយ​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​ ក្នុងកិច្ច​ប្រជុំវិសាមញ្ញ​ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ ​ចូលរួម​ដោយ​​បណ្តា​មេដឹកនាំនៃ​ក្រសួង និង​ស្ថាប័ន​កម្លាំង​នៅ​រុស្ស៊ី​។ ​សេចក្តីថ្លែង​ការណ៍​ លោក ពូទីន ឆ្លុះឱ្យឃើញ​ពី​បញ្ហា ដែល​គំរាម​ប្រែ​ក្លាយទៅ​ជា​ ការ​រត់​ប្រណាំង​បំពាក់​សព្វាវុធ ​ដំណាក់ថ្មី។​ មេដឹកនាំរុស្ស៊ី ​គូសបញ្ជាក់​ថា​ ម៉ូស្គូ ត្រៀម​ចូល​ខ្លួន​ធ្វើកិច្ច​ចរចា​ ប៉ុន្តែ ​ក្រុងវ៉ាស៊ីនតោន ​មិន​ត្រៀម​ឯណា។ ទោះ​យ៉ាងណាក៏​ដោយ​ ក៏​ប្រទេស​រុស្ស៊ី ​មាន​អ្វីៗ ​សម្រាប់​កម្ចាត់​ឱ្យខ្ទាត​ទៅ​ ការគំរាម​ណា ​ដែល​ជាគ្រោះថ្នាក់​ដល់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

អំពី គម្រោងដកខ្លួនចេញពី សន្ធិសញ្ញានេះ ស.រ.អា.  បានប្រកាសថ្ងៃ ១ កុម្ភៈ។ តាមពិត ក្នុងអត្ថបទ កិច្ចព្រមព្រៀងនោះ ដែលចុះរវាងក្រុងម៉ូស្គូ និង វ៉ាស៊ីនតោន ក្នុងឆ្នាំ ១៩៨៧ តាំងពីជំនាន់សូវៀតម៉្លេះ មាន ប្រមើលមែននូវ លទ្ធភាពដកខ្លួនចេញបែបនេះ។ រយៈពេលកន្លះឆ្នាំ ប្រមើលដោយនីតិវិធីដកខ្លួនចេញនោះ បាន កន្លងផុតមែន។ ការនេះ ដូចដែលលោក ពូទីន បានថ្លែងឱ្យដឹង គឺមានន័យថា សន្ធិសញ្ញា INF លែង មាន សុពលភាព ដោយស្វ័យប្រវត្តិ តែម្តង។ ស្របនឹងសន្ធិសញ្ញានេះ សហភាពសូវៀត បានកម្ទេច​ ចោល មីស៊ីលរយៈខ្លីនិងមធ្យមរបស់ខ្លួន អស់ ១.៨៤៦ ដើម ចំណែក ស.រ.អា.  បានកម្ទេច តែ ៨៤៦ ដើម ដែល ខ្លួនមានកាលណោះ។

សេចក្តីថ្លែងការណ៍ប្រធានាធិបតីរុស្ស៊ី លើកឡើងតមកទៀត ៖

-រុស្ស៊ី បង្ខំចិត្តសង្កេតឃើញដោយសោកស្តាយថា ការដកខ្លួនជាឯកតោភាគី របស់ ស.រ.អា. ​ចេញពីសន្ធិសញ្ញា ដែលហាមប្រាមមីស៊ីលរយៈខ្លីនិងមធ្យម , ការបំផ្លាញ​ឯកសារ​មួយជាគ្រឹះ ក្នុងវិស័យត្រួតពិនិត្យលើសព្វាវុធ  បានបង្កឱ្យស្ថាន​ការណ៍​ក្នុង​លោក​ស្មុគស្មាញក្រៃ ដែល ហែហម​ទៅ​ដោយហានិភ័យធ្ងន់ធ្ងរបំផុត សម្រាប់ ទាំង​អស់គ្នា។

-សន្ធិសញ្ញាដែល ស.រ.អា.  សម្រេចដកខ្លួនចេញ ជាឯកសារ ដែល ៖ ទី ១ តែង​បាន​ពង្រឹង ការជឿទុកចិត្តគ្នា រវាង អ្នកនយោបាយ រវាង ពួកយោធា និង ទី ២ តែងបាន កម្រិត​លទ្ធភាពរបស់ ភាគីណាមួយ ធ្វើការវាយ ប្រហារដោយឥតព្រមានជាមុន។

-នាទីទទួលខុសត្រូវចំពោះស្ថានការណ៍ស្មុគស្មាញនេះ គឺ ធ្លាក់ទាំងស្រុង ទៅលើ ភាគី​អាមេរិកាំង។ ពីព្រោះ ដែលសមតែ ពិភាក្សាដោយជញ្ជឹងគិតឱ្យបានដិតដល់អំពី បញ្ហា​សន្តិសុខអន្តរជាតិ ស.រ.អា.  បែរទៅជា ឆូតចោលយ៉ាងងាយបំផុត ការខំប្រឹងប្រែង​អស់​យូរ​ឆ្នាំជាប់ ដែលឆ្ពោះទៅ បន្ទាបគ្រោះថ្នាក់នៃ ជម្លោះ​ទ្រង់​ទ្រាយធំ បូក​ទាំង ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ផង។

ដកស្រង់ពី សេចក្តីថ្លែងការណ៍ ប្រមុខរដ្ឋរុស្ស៊ី ៖

 -រុស្ស៊ី មិនអាចធ្វើថ្លង់ធ្វើខ្វាក់ឡើយ ចំពោះស្ថានការណ៍ដែលកើតមាន មិនអាច​សោមនស្សឡើយនឹង សេចក្តីថ្លែងការណ៍កោកៗ របស់ ស.រ.អា.  និង ពួក​ប្រទេស​សម្ព័ន្ធមិត្តអាមេរិកាំង អំពីសន្តិភាពនិយមរបស់គេ ដែល គ្មានអ្វីជា​ការធានាឱ្យបាន​កក់ក្តៅឡើយ។ មកពីមូលហេតុនេះ និង ដោយគន់គិតដល់ ស្ថានការណ៍ ដែល​លេច​ចេញមក ខ្ញុំសូម ផ្ទុកផ្តាក់ ក្រសួងការពារជាតិ ក្រសួងការបរទេស ស្ថាប័នឈ្លបការណ៍​ក្រៅ​ប្រទេស របស់សហព័ន្ធរុស្ស៊ី ឱ្យតាមដាន​សង្កេត​យ៉ាង​ប្រុងប្រយ័ត្ន និង ហ្មត់ចត់បំផុត អំពីជំហានតទៅថ្ងៃមុខ របស់ ស.រ.អា.  ខាងស្រាវជ្រាវ ខាងផលិត និង ខាងពង្រាយមីស៊ីលណា ដែលអាចបាញ់ទៅចម្ងាយខ្លី ( ពី ៥០០ ដល់ ១.០០០ គ.ម.) និងដែល អាចបាញ់ទៅចម្ងាយមធ្យម ( ពី ១.០០០ ដល់ ៥.៥០០ គម) ។

រុស្ស៊ី មានអ្វីៗ សម្រាប់ឆ្លើយតបនឹង ការគំរាមថ្មីៗ លើខ្លួន ៖

តាមសម្តីលោកពូទីន ក្នុងករណីទទួលបានព័ត៌មានពិតប្រាកដ ដែលថា ស.រ.អា.  បញ្ចប់ការស្រាវជ្រាវ ហើយ ចាប់ផ្តើមផលិត មីស៊ីលសមស្រប នោះ រុស្ស៊ីនឹងបង្ខំចិត្ត ចាប់ផ្តើមស្រាវជ្រាវ និង ផលិត យ៉ាងពេញទំហឹង មីស៊ីលបែបនេះដែរ ។

ដកស្រង់ពី សេចក្តីថ្លែងការណ៍ ប្រធានាធិបតីរុស្ស៊ី ៖

-ប្រាកដណាស់ សម្រាប់ផលិតឱ្យបានមីស៊ីលដែលត្រូវការនោះ គឺទាមទារពេលវេលា។ ទម្រាំប្រព័ន្ធបែបនេះ ចូលទៅបំពាក់កងទ័ពរុស្ស៊ី គ្រោះថ្នាក់ជាក់លាក់មែន ដែលលេចចេញមក សម្រាប់រុស្ស៊ី ក្រោយពី ស.រ.អា.  ដកខ្លួនចេញពី សន្ធិសញ្ញា INF គឺនឹងត្រូវទប់ស្កាត់យ៉ាងកក់ក្តៅដោយ មធ្យោបាយដែលរុស្ស៊ីមានទៅហើយ ពោលគឺ ៖ មីស៊ីលប្រចាំនៅអាកាសធុន X-101 និង Kinjal ទន្ទឹមនឹង មីស៊ីលប្រចាំនៅសមុទ្រធុន Kalibr ព្រមទាំងប្រព័ន្ធមីស៊ីល ដែលនឹងប្រសូតមក ក្នុងថ្ងៃមុខ បូកទាំងប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង រាប់សិបដង ប្រភេទ Tsirkon ។

ថ្លែងក្នុងកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសន្តិសុខជាតិ ថ្ងៃ ៥ សីហា លោក ពូទីន គូសបញ្ជាក់តមកទៀត ៖

-រុស្ស៊ី មិនប្រកែកទេ ពី កាតព្វកិច្ចឯកតោភាគីដែលមានទទួលយកមកដាក់លើខ្លួន ប៉ុន្តែរាល់សកម្មភាពរុស្ស៊ី នឹងផ្តិតជាប់ដោយ” លក្ខណៈស្មើនឹង ស.រ.អា. ”។ សាច់រឿង ជាអាទិ៍គឺអំពី ការណ៍ដែលថា រុស្ស៊ី នឹងពុំពង្រាយ មីស៊ីល រយៈខ្លីនិងមធ្យមមានមូលដ្ឋានលើដី នៅតាមតំបន់ណាដែល ដរាប​ណា ស.រ.អា.  មិនពង្រាយ ប្រព័ន្ធមីស៊ីលប្រភេទទាំងនេះ របស់ខ្លួនឡើយ។

លោកពូទីន ក្នុងសេចក្តីថ្លែងការណ៍ខ្លួន អំពាវនាវក្រុងវ៉ាស៊ីនតោន ឱ្យប្រកាន់គោលជំហរស្គាល់នាទីទទួល ខុសត្រូវ ។ ពីព្រោះ សន្ធិសញ្ញាដែលហែកចោលដោយ ស.រ.អា.   ធ្លាប់បានដើរតួទៅហើយ ជាភាគមួយនៃ ប្រព័ន្ធទាំងមូលដែល ចេះធានាបាននូវសន្តិសុខ។

ដកស្រង់ពី សេចក្តីថ្លែងការណ៍ប្រធានាធិបតីរុស្ស៊ី ៖

-ទោះបីមានរឿងដែលកើតឡើងក្តី ក៏ភាគីរុស្ស៊ី នៅតែសង្ឃឹមលើ សុភវិនិច្ឆ័យ លើ ការចេះយល់ដឹងក្នុងចិត្ត អំពី នាទីទទួលខុសត្រូវនៃ ដៃគូអាមេរិកាំង និង ក្រុមប្រទេសសម្ព័ន្ធមិត្តអាមេរិកាំង ទាំង នៅពីមុខបណ្តា ប្រជាជនខ្លួន ទាំងនៅពីមុខសហគមអន្តរជាតិទាំងមូល។

-តាមមតិរុស្ស៊ី សកម្មភាពស.រ.អា.  ដែលបំផ្លាញចោល សន្ធិសញ្ញាហាមប្រាមមីស៊ីល រយៈ ខ្លី និងមធ្យម មុខជា នឹងនាំចៀសមិនផុតឡើយ ទៅកាន់ការអង្រន់ឱ្យរង្គោះរង្គើទៅ សសរ ដែលទ្រសន្តិសុខនៅក្នុងលោកទាំងមូល បូកទាំង សន្ធិសញ្ញាស្តីអំពីសព្វាវុធយុទ្ធសាស្ត្រវាយលុក និង សន្ធិសញ្ញាស្តីអំពីការមិនសាយភាយ អាវុធនុយក្លេអ៊ែរ។

សេណារីយ៉ូ បែបនេះ តាមការគូសបញ្ជាក់ នៃលោក វ៉្លាឌីមៀរ ពូទីន  គឺមានន័យថា ស្តារឡើងវិញ ការរត់ប្រណាំងបំពាក់សព្វាវុធ ដែលគ្មានអ្វីអាចទប់ដំណើរវា ។ ហើយដើម្បី បញ្ចៀសឱ្យផុតពី ភាពច្របូកច្របល់ ជាទីដែល លែងមានក្បួនខ្នាតអ្វីណា លែងមានការកម្រិតអ្វីណា លែងមានច្បាប់អ្វីណា គឺត្រូវតែថ្លឹងថ្លែង ម្តងទៀត អំពីផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតឡើង ហើយចាប់ផ្តើមទៅ ការសន្ទនាគ្នាយ៉ាងមធ្យ័ត។ ប្រទេសរុស្ស៊ី ត្រៀមខ្លួនសម្រាប់ចាប់ផ្តើមការសន្ទនានេះ - លោកប្រមុខរដ្ឋរុស្ស៊ី បញ្ចប់សេចក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ