អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

អំពី​បែបបទ​នៃ​ការ​សុំ​ចុះ​សៀវភៅ​អត្រានូកូលដ្ឋាន​កំណើត (សំបុត្រកំណើត)

សេង ឌីណា
សេង ឌីណា ©RFI

នៅក្នុងនាទីយល់ដឹង​អំពី​ច្បាប់​របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា​ សូម​ធ្វើការ​ពន្យល់​ អំពី​បែបបទ​នៃ​ការ​ចុះសៀវភៅ​កំណើតរបស់​កូន។ អត្រានុកូលដ្ឋាន គឺជា​ចំណងរួម​ភ្ជាប់​សញ្ជាតិ​ទៅនឹង​រដ្ឋ និង​ស្ថានភាព​ជាក់ស្តែង ដែល​ពលរដ្ឋម្នាក់ៗមាន នៅ​ក្នុង​ត្រកូល​គ្រួសារ​ខ្លួន ក្នុង​សង្គមជាតិ និង​ដែល​បង្កើត​ឲ្យ​ជននោះ មាន​សិទ្ធិ និង​ករណីយកិច្ច។ ការចុះសៀវភៅអត្រានុកូលដ្ឋាន ​គឺ​ជាកាតព្វកិច្ច ដែល​ពលរដ្ឋ​ខ្មែរគ្រប់​ត្រូវ​តែ​បំពេញ (មាត្រា ២ និង មាត្រា ៣ នៃ​អនុក្រឹត្យ​ ស្តីពី​អត្រានុកូលដ្ឋាន ឆ្នាំ​២០០០)។

ផ្សាយពាណិជ្ជកម្ម

សំណួរ-នៅ​ពេល​ដែល​មាន​ទារក​ទើប​នឹងកើត តើ​ឪពុក​ម្តាយ​ត្រូវ​ទៅ​ចុះសំបុត្រ​កំណើត​នៅ​កន្លែងណា ហើយ​ត្រូវ​ចុះ​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ?
 
នៅ​ពេល​ដែល​មាន​ទារក​កើត ឪពុក ឬ​ម្តាយ​របស់​ទារក (ជាទូទៅ គឺ​ឪពុក) ត្រូវ​ទៅ​រាយការណ៍​ចុះសំបុត្រ​កំណើត នៅ​សាលាឃុំ ឬ​សង្កាត់ នៃ​លំនៅដ្ឋាន​អចិន្រ្តៃយ៍​របស់​ខ្លួន។ ក្នុងករណី​ឪពុក និង​ម្តាយ​មាន​ធុរៈ​ទៅ​មិនបាន ត្រូវ​ពឹងពាក់​សាច់ញាតិ ឬ​ក៏​អ្នក​ជិតខាង​ឲ្យ​ទៅ​ជំនួស​បាន ក៏ប៉ុន្តែ សាច់ញាតិ និង​អ្នកជិតខាង​នោះ ត្រូវតែ​ជា​អ្នក ដែល​បាន​ឃើញ និង​បាន​ដឹងឮផ្ទាល់​ ពី​ការ​កើត​របស់​ទារក​នេះ។

ការចុះសំបុត្រ​កំណើត​នេះ ក្នុងរយៈពេល​យ៉ាងយូរ​បំផុត ៣០ថ្ងៃ គិត​ចាប់ពីថ្ងៃ ដែល​ទារក​កើត។

យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ (ស.ណ.ន ១៨ ឧសភា ២០០៧) ការចុះសៀវភៅកំណើត​ត្រូវ​នាំ​ទៅ​ជាមួយ​នូវ​លិខិត​ស្នាម​មួយចំនួន៖

  • លិខិត​បញ្ជាក់ទទួលស្គាល់​កំណើត​របស់​ទារក ចេញដោយ​មន្ទីរពេទ្យ (ប្រសិនបើ​ទារក​កើតនៅ​មន្ទីរពេទ្យ) ឬ
  • លិខិត​បញ្ជាក់​ទទួល​ស្គាល់​កំណើត ចេញដោយ​មេភូមិ (បើ​ទារក​កើតនៅ​ផ្ទះ)
  • ប្រសិនបើ​មាន ត្រូវ​យក​ទៅ​ជាមួយ​ផងដែរ នូវ​ឯកសារ​មួយចំនួនទៀត ដូចជា សៀវភៅគ្រួសារ​ ដែល​មាន​ឈ្មោះ​ឪពុក​ម្តាយ​របស់​ទារក, សេចក្តីចម្លង​សំបុត្រ​កំណើត​របស់​ឪពុកម្តាយ, សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ឪពុកម្តាយ, អត្តសញ្ញាណប័ណ្ណ​​របស់​ឪពុកម្តាយ។
  • ក្នុងករណី​ឪពុក​ម្តាយ​មិន​បាន​ទៅ​ចុះសៀវភៅ​កំណើត​​ដោយ​ផ្ទាល់​ខ្លួនឯង ហើយ​ពឹងពាក់​សាច់ញាតិ ឬ​អ្នក​ជិតខាង​ឲ្យ​ទៅ​​ជំនួស ឪពុក​ម្តាយ ត្រូវ​ធ្វើ​លិខិត​បញ្ជាក់​មួយ​​ទៀត ដោយ​មាន​​បញ្ជាក់​ច្បាស់លាស់ ​​ពី​នាមត្រកូល នាមខ្លួន និង​ថ្ងៃខែឆ្នាំ​កំណើត​របស់​ទារក​។

បើសិន​ជា​បាន​មក​ចុះ​សំបុត្រ​កំណើត​កូន ក្នុង​រយៈពេល​កំណត់ ៣០ថ្ងៃ​ ហើយ​មាន​ឯកសារ​គ្រប់គ្រាន់​​ដូច​ខាង​លើ​នេះ មេឃុំ ឬ​ចៅសង្កាត់ ដែល​ជា​មន្រ្តី​អត្រានុកូលដ្ឋាន​ ត្រូវ​ចេញ​សំបុត្រ​កំណើត​ច្បាប់​ដើម​មួយសន្លឹក​ឲ្យ​ទៅ​ឪពុក​ម្តាយ។ ​សំបុត្រ​កំណើត​ច្បាប់ដើម​នេះ ត្រូវ​ចេញ​ឲ្យ​ដោយ​ឥតគិត​ថ្លៃ។
 
សំណួរ-​ក្នុងករណី​​ខកខាន​មិនបាន​ទៅ​ចុះ​សំបុត្រ​កំណើត ក្នុងរយៈពេល​​កំណត់ ៣០ថ្ងៃ តើត្រូវ​ធ្វើ​ដូចម្តេច?
 
បើសិន​ជា​កូន​កើត​មក​ មិន​ទៅ​ចុះ​សំបុត្រ​​កំណើត ​ទុក​ឲ្យ​ហួស ៣០​ថ្ងៃ​ ការចុះ​សំបុត្រ​កំណើត នៅតែ​អាច​ធ្វើ​បាន ប៉ុន្តែ ត្រូវ​បាន​សំណុំបែបបទ​ច្រើន​ជាង​​​ការ​ទៅចុះ​សំបុត្រ​កំណើត ក្នុង​រយៈពេល​កំណត់ ហើយ​ត្រូវ​មាន​ការ​បង់ថ្លៃ។

ការសុំចុះសំបុត្រ​កំណើត ហួស​ពី ៣០ថ្ងៃ ក្រោយ​ពី​ទារក​កើត គឺ​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី ដែល​គេ​ហៅថា “ការប្តឹងសុំចុះសៀវភៅ​អត្រា​នុកូលដ្ឋាន” ប៉ុន្តែ ធ្វើ​នៅ​សាលាឃុំ​សង្កាត់​ដែល​ឪពុកម្តាយ​រស់នៅ​ដដែល ដោយ​មិន​ចាំបាច់​ត្រូវ​ទៅ​ដល់​ស្រុកខណ្ឌ ឬ​ក៏​ខេត្ត​ក្រុង​ទេ។

ក្នុងការ​ប្តឹង​សុំចុះ​សំបុត្រ​កំណើត​នេះ ឪពុក ឬ​ម្តាយ​របស់​ទារក​ត្រូវ​មាន​សំណុំឯកសារ ដូចករណី​ចុះ​សំបុត្រ​កំណើត​ក្នុងរយៈពេល​កំណត់ ៣០ថ្ងៃ​ដែរ ប៉ុន្តែ ត្រូវ​​នាំទៅ​ជាមួយ​ នូវ​សាក្សី​ ២រូប ដែល​ជា​នីតិជន ហើយ​ត្រូវ​បំពេញ​ពាក្យ​ប្តឹង​សុំ​ចុះ​​សំបុត្រ​កំណើត។ ពាក្យ​ប្តឹង​សុំ​ចុះសំបុត្រ​កំណើត​នេះ​ត្រូវ​​​បិទតែមប្រិ៍ ថ្លៃ ១ពាន់​រៀល សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ។ សម្រាប់​អ្នក​នៅ​ខេត្ត​ផ្សេង​ក្រៅពីនេះ ត្រូវ​បិទតែមប្រិ៍ ថ្លៃ ៤ពាន់​រៀល។ ការទិញតែមប្រិ៍​នេះ គឺ​ជំនួស​ឲ្យ​ការ​បង់​លុយផ្ទាល់ មានន័យថា អ្នក​សុំ​មិន​តម្រូវ​ឲ្យ​បង់​លុយ​អ្វី​បន្ថែម​ពីលើ​នេះ​ទៀតទេ។

និយាយ​សរុប​ជារួម​មកវិញ ប្រសិន​បើ​ទៅចុះសំបុត្រ​កំណើត​ទាន់​ពេល គឺ​មិនហួស​ពី ៣០ថ្ងៃ ក្រោយ​ពី​ទារក​កើត សំណុំរបែបបទ​មាន​លក្ខណៈ​ងាយស្រួល​ជាង ហើយ​សំបុត្រ​កំណើត​ត្រូវ​ចេញ​ឲ្យ​ដោយ​ឥត​គិតថ្លៃ។ ប៉ុ​ន្តែ បើ​ទុក​ឲ្យ​ហួស ៣០ថ្ងៃ បាន​ទៅ​ចុះ គឺ​ត្រូវ​បំពេញ​សំណុំបែបបទ​ច្រើន​ជាង ហើយ​ត្រូវ​មាន​បង់​ថ្លៃ តាមរយៈ​ការ​ទិញតែមប្រិ៍។
 
សំណួរ-ចំពោះ​អ្នក​ដែល​បាន​កើត​តាំង​ពី​ក្នុង​សម័យ​ខ្មែរក្រហម ឬ​ក្រោយ​សម័យ​ខ្មែរក្រហម ប៉ុន្តែ មិនទាន់​មាន​ការ​រៀបចំ​សៀវភៅ​អត្រានុកូលដ្ឋាន​ឡើងវិញ​ត្រឹមត្រូវ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​អាច​ចុះ​សំបុត្រ​កំណើត​បាន?
 
អ្នក​ដែល​បាន​កើត​មុន​​សម័យ​ខ្មែរក្រហម​ក៏ដោយ ក្នុង​សម័យ​ខ្មែរក្រហម​ក៏ដោយ ក្រោយ​សម័យ​ខ្មែរក្រហម​ក៏ដោយ ឲ្យ​តែ​កើត​មុន​​​ពេល​មាន​អនុក្រឹត្យ ស្តីពី​អត្រានុកូលដ្ឋាន មានន័យថា កើតមុន​ថ្ងៃ​ទី២៩ ធ្នូ ឆ្នាំ​២០០០ អនុក្រឹត្យ​នេះ​ទុក​លទ្ធភាព​ឲ្យ​មាន​ការ​ចុះ​សំបុត្រ​បញ្ជាក់​កំណើត ដោយ​ឥត​គិត​ថ្លៃ ក៏ប៉ុន្តែ ត្រូវ​ធ្វើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី៣១ សីហា ឆ្នាំ​២០០៥ មានន័យថា មក​ទល់​នឹង​ពេល​ឥឡូវ​នេះ ការ​ចុះសំបុត្រ​បញ្ជាក់​កំណើត​ដោយ​ឥតគិត​ថ្លៃ​នេះ ត្រូវ​ហួស​ពេល​ធ្វើ​ហើយ។

អ្នក​ដែល​មិន​បាន​ទៅ​សុំ​ចុះ​សំបុត្រ​បញ្ជាក់​កំណើត មុន​ថ្ងៃ​ទី៣១ សីហា ឆ្នាំ​២០០៥ នៅ​តែ​អាច​ទៅ​សុំ​ចុះ​សំបុត្រ​កំណើត​បាន​ដដែល នៅ​សាលា​ឃុំ សង្កាត់ ដែល​ខ្លួន​រស់នៅ ដោយ​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី “ប្តឹងសុំ​ចុះ​សំបុត្រ​កំណើត” ដូច​ករណី ចុះសំបុត្រ​កំណើត​ហួស​រយៈពេល ៣០ថ្ងៃ​​ដែរ មានន័យថា ត្រូវ​មាន​​សាក្សី​ជា​នីតិជន ២​រូប ទៅ​ជាមួយ ហើយ​ត្រូវ​បង់លុយ តាមរយៈ​ការ​ទិញ​តែមប្រិ៍ គឺ ១ពាន់​រៀល សម្រាប់​អ្នក​នៅ​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ ហើយ ៤ពាន់រៀល សម្រាប់​អ្នក​នៅ​ខេត្ត​ក្រុង​ក្រៅពីនេះ។

សំណួរ-ក្នុងករណី​ទារក ដែល​កើត​នៅ​ឯ​បរទេស តើ​ត្រូវ​ទៅ​ចុះ​សំបុត្រ​កំណើត​នៅ​កន្លែងណា?
 
ក្នុងករណី​ទារក​​កើត​នៅ​បរទេស ពី​ឪពុក ឬ​ម្តាយ​ជា​ពលរដ្ឋ​ខ្មែរ ហើយ​រស់នៅ​ដោយ​ស្របច្បាប់​នៅ​បរទេស ឪពុក ម្តាយ​របស់​ទារក​នេះ អាច​ទៅ​សុំ​ចុះ​សំបុត្រ​កំណើត​កូន នៅ​អាជ្ញាធរ​អត្រានុកូលដ្ឋាន​របស់​ប្រទេស​ដែល​ខ្លួន​រស់នៅ​នោះ​បាន ទៅតាម​បញ្ញត្តិ​ច្បាប់​របស់​ប្រទេស​នោះ។

បន្ទាប់​មក​ទៀត គាត់​អាច​មាន​លទ្ធភាព​ពីរ៖

ឬមួយ គាត់​ទៅ​សុំ​ចុះ​សំបុត្រ​កំណើត នៅ​ឯស្ថានទូត ឬ​ស្ថាន​កុងស៊ុល​​របស់​កម្ពុជា ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស ដែល​គាត់​រស់នៅ​នោះ។ ក្នុងករណី​នេះ ស្ថានទូត ឬ​ស្ថានកុងស៊ុល នឹង​ចេញ​សំបុត្រ​កំណើត​ច្បាប់ដើម ដែល​អាច​យក​មក​ប្រើប្រាស់​ជាផ្លូវការ​បាន ដូច​សំបុត្រ​កំណើត ដែល​ចេញដោយ​មេឃុំ ចៅសង្កាត់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

ឬមួយទៀត ឪពុក ម្តាយ​ មិនចាំបាច់​ទៅ​សុំចុះសំបុត្រ​កំណើត នៅ​ស្ថានទូត ឬ​ស្ថានកុងស៊ុល​កម្ពុជា​ក៏​បាន​ដែរ។ ក៏ប៉ុន្តែ នៅ​ពេល​គាត់​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ គាត់​ត្រូវ​យក​សំបុត្រ​កំណើត ដែល​ចេញដោយ​អាជ្ញាធរ​​បរទេស ទៅបង្ហាញ​មេឃុំ ឬ​ចៅសង្កាត់ នៃ​ទីលំនៅ​ថ្មី​របស់​គាត់ ដើម្បី​សុំ​សំបុត្រ​កំណើតថ្មី។
 
សំណួរ-និយាយ​ពីនាមត្រកូល​របស់​ទារកវិញ។ តើ​ច្បាប់​មាន​ចែង​កំណត់​ អំពី​ការជ្រើសរើស​នាមត្រកូល​របស់​កូន​ដែរ ឬ​ក៏​អាច​ដាក់​ត្រកូលអ្វី​ក៏​បាន តាម​តែ​ការ​កំណត់​របស់​ឪពុកម្តាយ?
 
យោងតាម​អនុក្រឹត្យ​ ស្តីពី​អត្រានុកូលដ្ឋាន (មាត្រា ១៨) ការ​កំណត់​នាមត្រកូល​របស់​កូន អាច​ធ្វើឡើង​បាន​ ៣យ៉ាង៖

  • អាច​យក​ត្រកូល​ ដែល​ក្រុមគ្រួសារ​កំណត់​យក​តាំង​ពី​ដូនតា​យូរលង់​មក​ហើយ​ក៏បាន
  • អាច​យក​ឈ្មោះ​ជីតាខាង​ឪពុក​មក​ដាក់​ជា​នាម​ត្រកូល​ក៏​បាន
  • ឬ​ក៏​អាច​យក​ឈ្មោះ​របស់​ឪពុក មក​ដាក់​ជា​នាម​ត្រកូល​ក៏បាន​

ចំពោះ​ឈ្មោះ​របស់​ទារក​វិញ (នាមខ្លួន) គឺ​ឪពុក ម្តាយ ឬ​អាណាព្យាបាល​ជា​អ្នក​ដាក់​ឲ្យ។ ការកំណត់​ឈ្មោះ និង​នាមត្រកូល​​របស់​ទារកនេះ គឺ​ត្រូវ​ធ្វើឡើង​ តាំងពី​ពេល​ចុះ​សំបុត្រ​កំណើត។ មែនទែនទៅ ឪពុកម្តាយ​ត្រូវ​រក​ឈ្មោះ​​ដាក់ឲ្យ​កូន តាំង​ពី​មុន​ចុះ​សំបុត្រ​កំណើត​ម៉្លេះ ព្រោះ​ បើ​កើត​នៅ​មន្ទីរពេទ្យ លិខិត​បញ្ជាក់​ទទួលស្គាល់​កំណើត​ទារក​របស់​មន្ទីរពេទ្យ​ក៏​ត្រូវ​មាន​កំណត់​នាមត្រកូល និង​នាមខ្លួន​ទារក។ បើ​កើត​នៅ​ផ្ទះ លិខិត​បញ្ជាក់​ទទួលស្គាល់​កំណើត​ទារក​ ដែល​ចេញដោយ​មេភូមិ ក៏​ត្រូវ​មាន​ដាក់​នាមត្រកូល និង​នាមខ្លួន​ទារក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ