អានតួអត្ថបទ
អាមេរិក

Washington Post៖ រដ្ឋាភិបាល​អាមេរិក​បីជំនាន់ កុហក​និង​បំភាន់​សាធារណមតិ​អាមេរិក​

ទាហាន​អាមេរិក  នៅ​ Afghanistan កាលពី ខែ​កក្កដា ២០១៩
ទាហាន​អាមេរិក នៅ​ Afghanistan កាលពី ខែ​កក្កដា ២០១៩ WAKIL KOHSAR / AFP

ថ្ងៃទី​៩ធ្នូ​ កាសែតអាមេរិក​ The Washington Post បាន​ទម្លាយ​ការ​សម្ងាត់ ពី​សំណុំ​រឿង​សង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែល​រដ្ឋាភិបាលអាមេរិក បាន​កុហកនិងបំភាន់សាធារណមតិ។ កាសែត​នេះ បាន​ទទួល​របាយការ​ណ៍​សម្ងាត់​​របស់​ភ្នាក់​ងារ​ពិសេស​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ធ្វើ​ការសិក្សា​​ស៊ើប​អង្កេត​​ ជុំវិញ​ដំណើរការធ្វើ​​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាននិង​ការ​កសាង​ប្រទេសនេះ​​ឡើងវិញ​។ ក្នុង​នោះ អ្នក​​ជំនាញ​ខាងយោធា ខាងការទូត និង​ថ្នាក់​ដឹកនាំ​ធំៗរបស់​អាមេរិក​ គឺ​សុទ្ធតែ​ដឹង​ច្បាស់​ថា អន្តរាគមន៍អាមេរិក​នៅទីនោះ ជារឿង​បរាជ័យ​ និងជារឿង​ទៅមិនរួច ហើយប្រធានាធិបតី​អាមេរិក​ទាំង​បី​ជំនាន់ ក៏បាន​ដឹង​ច្បាស់​ពីរឿង​នេះផង​ដែរ។​​​ ក៏ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​តែងតែ​ព្យាយាម​លាក់​បាំង និង​បំភ្លៃ​ទិន្នន័យ​ខុសពី​ការ​​ពិត​នៅ​ទីលាន​ជាក់​ស្តែង​។ នេះបើតាម​កាសែតអាមេរិក​ The Washington Post ។​​

ផ្សាយពាណិជ្ជកម្ម

របាយការណ៍សិក្សា​ស៊ើប​អង្កេត ដែល​​កាសែត​ The Washington Post ទទួល​បាននោះ​ គឺ​ចំណងជើង «សង្គ្រាម​ប្រឆាំង​នឹងសច្ចភាព» មាន​សំណុំ​ឯកសារ​ជាង​២ពាន់​ច្បាប់​ រៀបចំ​ដោយ​ ការិយាល័យ​អធិការកិច្ច​ពិសេស​ដើម្បី​កសាង​អាហ្វហ្គានីស្ថាន ដែល​ជា​ភ្នាក់​ងារផ្លូវ​ការ​​របស់​រដ្ឋាភិបាល​​អាមេរិកផ្ទាល់តែ​ម្តង​​។ ​ការ​សិក្សា​​អង្កេត​នេះ ផ្តើម​ធ្វើ​ឡើង​នៅឆ្នាំ​២០០៨ ដើម្បី​សិក្សា​មើលពី​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​លើសលុប គ្មាន​ប្រសិទ្ធភាព​ ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ ហើយ​មាន​សញ្ញាណ​ពីភាព​ពុក​រលួយ។​ ហើយ​បើ​តាមការ​សិក្សា​មួយ​របស់​សកលវិទ្យាល័យ Brown, ការ​លូកដៃ​របស់​​អាមេរិក ទៅក្នុង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាននិង​ការ​ស្រោចស្រង់​​ប្រទេស​នេះឡើងវិញ គឺ​ត្រូវ​ចំណាយ​ប្រាក់​ ចន្លោះពី ៩៣៤ពាន់​លាន​ដុល្លារ ទៅ​៩៧៨ពាន់​លាន​ដុល្លារ​។​

ក្នុង​របាយការណ៍ដែល​ចុះផ្សាយ​​ដោយ​​កាសែត​ The Washington Post គឺ​​មាន​បង្ហាញ​សក្ខីកម្ម​របស់​អ្នក​ជំនាញ​កិច្ចការ​សន្តិសុខ​ជាតិ ពិសេសគឺ​​បាន​សាកសួរ​អ្នកជំ​នាញ​ខាង​ចម្បាំង និងមន្ត្រី​​ការទូត​ ដែល​ឈរ​ជើង​នៅ​មូលដ្ឋាន​អាហ្វហ្គានីស្ថាន ស្រាប់​។ ​ពួក​គេ​ខ្លះ​ បាន​ដឹង​ច្បាស់ពីស្ថានការណ៍បរាជ័យ។ ចំពោះ​ពួក​គេទាំងនោះ អន្តរាគមន៍​របស់​អាមេរិកនៅ​អាហ្វហ្គានីស្ថាន​​ ​គឺ​ជា​ជម្លោះ​មួយ ដែល​មិន​អាច​​ឈ្នះ​។ ក្នុង​ចំណោម​មេទាហាន​ជាច្រើន ដែលបាន​​ផ្តល់​បទសម្ភាស​សម្រាប់​របាយការ​អង្កេត​នោះ មាន​ដូច​ជា​មេបញ្ជាការ Micheal Flynn, ទីប្រឹក្សា​ផ្នែក​សន្តិសុខ Douglas Dute ជាដើម។ ​វរសេនីយ Bob Crowley ដែល​ទទួល​ខុសត្រូវកិច្ចការ​យោធា ឆ្នាំ​២០១៣-១៤ ពន្យល់នៅឆ្នាំ​២០១៦ ថា​ប្រភព​ទិន្នន័យ​ជាក់ស្តែង​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន គឺបានត្រូវ​​គេ​បំភ្លៃ​ខុសពី​ភាពពិត ហើយ​ថ្នាក់​ដឹកនាំនយោបាយ​​អាមេរិក​ យក​ទៅ​និយាយ​ប្រាប់​សាធារណជន​ ថា​ពួក​គេ​កំពុង​តែ​ដើរ​លើផ្លូវ​ត្រូវទៅវិញ។​

គួរ​បញ្ជាក់ថា របាយការណ៍​«សង្គ្រាម​ប្រឆាំង​នឹងសច្ចភាព» ឬ Afghanistan Papers នេះ គឺជាការ​​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​អាមេរិក​ខ្លួន​ឯង ហើយ​ប្រធានាធិបតី​អាមេរិក​ទាំង​បី​ជំនាន់ តាំងពី​លោក ហ្សក ដាប់ប៊ែលយូ ប៊ូស, មកដល់​លោក បារាក់ អូបាម៉ា និង​លោក ដូណាល់​ ត្រាំ នេះទៀត គឺ​​សុទ្ធតែបាន​ដឹង​រឿង​នេះដែរ។ ប៉ុន្តែ​រដ្ឋាភិបាលអាមេរិក មិន​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត​នេះទេ ដោយសារចាត់ទុក​ជា​កិច្ចការ​សម្ងាត់​របស់​ជាតិ ហើយ​តែងតែព្យាយាមលាក់បាំង និងបំភ្លៃទិន្នន័យខុសពីការពិត នៅទីលានជាក់ស្តែង។ ចំពោះ​រឿងនេះ បើតាម​ The Washington Post គឺ​រដ្ឋាភិបាល​អាមេរិក​ បាន​កុហក​ពលរដ្ឋ​របស់​ខ្លួន​ អស់​១៨ឆ្នាំ​មក​ហើយ​។​

រឿងនេះ ស្រដៀង​គ្នា​ នៅសំណុំ​រឿង​ Pantagon Papers  ដែល​មន្ទីរ​រដ្ឋាភិបា​លអាមេរិក​ បំភាន់​សាធារណមតិ​ ចំពោះ​​​សង្គ្រាម​នៅ​វៀតណាម​ កាលពីឆ្នាំ​១៩៧១​ និង​ដែលត្រូវកាសែត​ The Washington Post ដដែល​នេះ ជាអ្នក​លាតត្រដាង​ការពិត​៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ