អានតួអត្ថបទ

បារាំង​ផ្តល់ជំនួយ​៨៥​លាន​អឺរ៉ូ ដើម្បីអភិវឌ្ឍ​ម៉ាលី ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីហាត

លោកនាយករដ្ឋមន្ត្រីបារាំង​ Edouard Philippe (ឆ្វេង​)ពេល​ធ្វើសន្ទរកថាជា​មួយ​នាយករដ្ឋមន្ត្រី​ម៉ាលី។ ក្រុង​​បាម៉ាកូ ថ្ងៃទី​​២៣កុម្ភៈ២០១៩​
លោកនាយករដ្ឋមន្ត្រីបារាំង​ Edouard Philippe (ឆ្វេង​)ពេល​ធ្វើសន្ទរកថាជា​មួយ​នាយករដ្ឋមន្ត្រី​ម៉ាលី។ ក្រុង​​បាម៉ាកូ ថ្ងៃទី​​២៣កុម្ភៈ២០១៩​ ALAIN JOCARD / AFP

លោកនាយករដ្ឋមន្ត្រីបារាំង បានទៅដល់ទីក្រុងបាម៉ាកូ ប្រទេសម៉ាលី កាលពីថ្ងៃសៅរ៍ទី ២៣កុម្ភៈ​ ដើម្បីពិនិត្យ​តាមដាន​ អំពីការអនុវត្តគំរោងការបោសសំអាត ចលនាភេរវកម្មនៅតំបន់​សាហ៊ែល ដែលកំពុងតែគំរាម​ប្រទេសអាហ្វ្រិក តំបន់កណ្តាលនិងភាគខាងលិច។ ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីបារាំង អ៊ែឌ័រ ហ្វ៊ីលីព បានសន្យាផ្តល់ជំនួយចំនួន៨៥លានអឺរ៉ូ​ ដើម្បីជួយអភិវឌ្ឍន៍ប្រទេសម៉ាលី។ លោកហ្វ៊ីលីព លើកឡើងថា ការរីកចំរើនសេដ្ឋកិច្ច និងសង្គមរបស់ម៉ាលី គឺជាការជ្រោមជ្រែងមួយផ្នែក ដើម្បីទប់ស្កាត់​ចលនា​ភេរវកម្ម​អ៊ីស្លាម​ជីហាត។

ផ្សាយពាណិជ្ជកម្ម

លោក អ៊ែឌ័រ ហ្វ៊ីលីព បានលើកឡើងថា នៅរវាងប៉ុន្មានឆ្នាំខាងមុខនេះ ទីភ្នាក់ងារបារាំង ដើម្បីការអភិវឌ្ឍន៍ នឹងដំឡើងកញ្ចប់ថវិការបស់ខ្លួន សម្រាប់ប្រទេសម៉ាលី។ លោកបន្តថា​ វាជាការចាំបាច់ណាស់ ដែលត្រូវតែបើកសមរភូមិប្រយុទ្ធ ដើម្បីបោសសំអាតក្រុមជីហាតភេរវកម្ម ក៏ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ជាការចាំបាច់​ដែរ ដែលត្រូវតែអភិវឌ្ឍន៍ម៉ាលី ឲ្យមានសន្តិភាព​និងភាពរុងរឿង។

តាមប្រភពឲ្យដឹងពីក្រុមការងារ អមដំណើររបស់លោកនាយករដ្ឋមន្ត្រីបារាំង គឺបារាំង នឹងផ្តល់ជំនួយសរុបចំនួន ៨៥លានអឺរ៉ូ ឲ្យដល់ម៉ាលី។ ក្នុងនោះ មាន៥០លានអឺរ៉ូ គឺជាកម្ចី ក្នុងទិសដៅយកទៅអនុវត្តគម្រោងបណ្តាញទឹកស្អាត នៅតាមទីក្រុងធំៗចំនួន៥ នៅភាគកណ្តាលប្រទេសម៉ាលី។ ប្រជាជនម៉ាលី ប្រមាណ៥សែននាក់ នឹងបានទទួលផលពីគំរោងនេះ។ ក្រៅពីនេះ គឺមាន១០លានអឺរ៉ូ ជាជំនួយឥតសំណង ជួយដល់រតនាគារជាតិម៉ាលី ដើម្បីទុកប្រើប្រាស់ ក្នុងករណីអាសន្នណាមួយ។ ១០លានអឺរ៉ូ ទៀត សម្រាប់អភិវឌ្ឍន៍ស្ថាប័នហិរញ្ញវត្ថុសាធារណៈ ហើយចុងក្រោយគឺ១៥លានអឺរ៉ូ សម្រាប់ធ្វើគំរោងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដល់ប្រជាជនម៉ាលី ប្រមាណ៧៥០០នាក់។

សូមបញ្ជាក់ថា ម៉ាលី គឺជាប្រទេសអាហ្វ្រិកដ៏ធំ ហើយដែលតំបន់ភាគខាងជើង ស្ថិតក្នុងតំបន់សាហ៊ែលអាហ្វ្រិក ដែលកំពុងតែប្រឈមមុខខ្លាំង ជាមួយនឹងចលនាភេរវកម្មអ៊ីស្លាមជ្រុលនិយម។ បារាំង បានដឹកនាំកងកម្លាំងសម្ព័ន្ធមិត្ត រួមសហការជាមួយប្រទេសអាហ្វ្រិកមួយចំនួន ដើម្បីទប់ស្កាត់ចលនាភេរវកម្មនេះ។ បញ្ហាសន្តិសុខ អស្ថិរភាព និងបញ្ហាសេដ្ឋកិច្ច បានធ្វើឲ្យសមត្ថភាពហិរញ្ញវត្ថុម៉ាលី ​ចុះអន់ថយជាខ្លាំង ចាប់តាំង​ពី​ឆ្នាំ២០១២មក។

ប្រមាណ១០ឆ្នាំចុងក្រោយនេះ បារាំង បានផ្តល់ជំនួយនិងកម្ចីសរុបទៅឲ្យម៉ាលី ប្រហែលជា៧០០លានអឺរ៉ូ តាមរយៈគំរោងអភិវឌ្ឍន៍ផ្សេងៗ។ យ៉ាងណាមិញ នៅជាយក្រុងបាម៉ាកូ កាលពីព្រឹកថ្ងៃសៅរ៍ទី២៣កុម្ភៈ លោកអ៊ែឌ័រ ហ្វ៊ីលីព បានទៅបើកសម្ភោធស្ថានីយបូមទឹកមួយ នៅមាត់ទន្លេNiger។ គម្រោងផលិតទឹកស្អាត ដែលមានតម្លៃប្រមាណ៥០០លានអឺរ៉ូ មានបារាំងចូលរួម ជាមួយម្ចាស់កម្ចី​ឯកជនផ្សេងទៀត នឹងចាប់ដំណើរការ ពីពាក់កណ្តាល​ឆ្នាំ២០១៩ទៅ។ គំរោងនេះនឹងជួយផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាជនម៉ាលី នៅក្រុងបាម៉ាកូ ប្រមាណជា​១លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ