អានតួអត្ថបទ
បារាំង-អាហ្វ្រិក

លោកម៉ាក្រុង ​ថ្លែង​សន្ទរកថា​នៅ​ចំពោះ​មុខ​ ក្រុម​និស្សិត​បួគីណាហ្វាសូ

លោក Emmanuel Macron ទទួល​ដោយ​លោក​ប្រធានាធិបតី​​បួគីណាហ្វាសូ ​Roch Marc Christian Kaboré.
លោក Emmanuel Macron ទទួល​ដោយ​លោក​ប្រធានាធិបតី​​បួគីណាហ្វាសូ ​Roch Marc Christian Kaboré. REUTERS/Ludovic Marin/Pool

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កំពុងបំពេញទស្សនកិច្ច នៅលើទ្វីបអាហ្វ្រិក។ នៅថ្ងៃនេះ នៅទីក្រុងអាហ្កាឌូហ្គូ ប្រទេសបួគីណាហ្វាសូ លោកម៉ាក្រុង នឹងធ្វើសន្ទរកថា នៅចំពោះមុខក្រុមនិស្សិតបួគីណាហ្វាសូ​ ស្តីអំពីគោលនយោបាយរបស់បារាំង ក្នុងការសហការ ជួយជ្រោមជ្រែងទ្វីបអាហ្វ្រិក។ ទោះយ៉ាងណា វត្តមានរបស់លោកប្រធានាធិបតីបារាំងនៅបួគីណាហ្វាសូ មិនបានធ្វើឲ្យគ្រប់គ្នាសប្បាយចិត្តទេ ដោយមានក្រុមសមាគមន៍នឹងអង្គការនានា បានគំរាមធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងក្រុមហ៊ុនធំៗ ដែលក្នុងនោះមានក្រុមហ៊ុនបារាំងដែរ ដែលមកជីក និងបូមយកធនធានធម្មជាតិ នៅអាហ្វ្រិក។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីបារាំង បានជ្រើសរើសយក សកលវិទ្យាល័យក្រុងអាហ្កាឌូហ្គូ ដើម្បីថ្លែងសន្ទរកថា ទៅកាន់យុវជន និស្សិតរបស់ប្រទេស​បួគីណាហ្វាសូ ប្រមាណ​​១៥០នាក់​។ សន្ទរកថា របស់លោក ម៉ាក្រុង កំពុង​ត្រូវគេតាមដាន ចាំស្តាប់ យ៉ាងយកចិត្តទុក ដោយម្នាក់ៗ ចង់ដឹង​ថា តើលោកប្រធានាធិបតីបារាំង មានអ្វីយកទៅផ្សព្វផ្សាយអំពាវនាវ ឲ្យ​ដល់យុវជនរបស់ទ្វីបអាហ្វ្រិក។

តាមការប៉ាន់ស្មាន លោកប្រធានាធិបតីបារាំង ប្រាកដជានឹងមិននិយាយ​អំពី ការសន្យាស្វែងរកជំនួយដើម្បីការអភិវឌ្ឍន៍នៅអាហ្វ្រិកទេ តែ​លោក នឹងនិយាយអំពី កិច្ចសហប្រតិបត្តិការ ដែលជំរុញយុវជនអាហ្វ្រិក​ ឲ្យចាប់ផ្តើមពង្រីកគំនិតធ្វើជំនួញ នៅក្នុងប្រទេសខ្លួន ដោយមានបារាំង រងចាំជួយ។ គេក៏​ជឿដែរ ថា​លោក ម៉ាក្រុង នឹងលើកមកនិយាយនូវ “ការទទួលខុសត្រូវរួមគ្នា”  រវាងបារាំង និងអាហ្រ្វិក ក្នុងបញ្ហាជនភៀសខ្លួន។ ពិតហើយ ដែលបារាំងមានករណីយកិច្ច ជួយទំនុកបំរុង ទទួលជនភៀសខ្លួនអាហ្វ្រិក ដែលទៅដល់ដីបារាំង តែរដ្ឋាភិបាលនៅអាហ្វ្រិក ក៏ត្រូវតែប្រឹងប្រែងកាត់បន្ថយ ការធ្វើចំណាកស្រុក របស់ប្រជាជនខ្លួនដែរ។

ដោយឡែក​ គេនៅចាំបានថា កាលពីជំ​នួបកំពូលប្រទេស G20 នៅឯទីក្រុងហំបួរ កាលពីខែកក្កដាកន្លងទៅ លោកម៉ាក្រុង ធ្លាប់បាននិយាយដាស់តឿនទ្វីបអាហ្វ្រិក ថាត្រូវគិតគូរ អំពីគោលនយោបាយគ្រប់គ្រងកំណើតទារក។ សម្តីនេះ បានធ្វើឲ្យថ្នាក់ដឹកនាំខ្លះ មិនពេញចិត្តទេ។

ដូចគ្នាដែរ  វត្តមានរបស់លោក ប្រធានាធិបតីបារាំង នៅលើដីបួគីណាហ្វាសូ នាពេលនេះ ក៏មិនមែនគ្រប់គ្នាពេញចិត្តទាំងស្រុងនោះទេ។ កាលពីព្រឹកថ្ងៃអង្គារនេះ មានជនមិនស្គាល់មុខ បានគុបគ្រាប់បែក មួយគ្រាប់ ទៅលើក្បួនដង្ហែររបស់កងយោធាបារាំង នៅក្រុងអាហ្កាឌូហ្គូ តែជាសំណាងល្អ មានមនុស្សរបួសស្រាល តែ៣នាក់ប៉ុណ្ណោះ។ វត្តមានទាហានបារាំង ដែលបញ្ឈរជើង នៅបួគីណាហ្វាសូ គឺជាចំណុចរសើបមួយ ដោយសារតែវាហាក់បីដូចជាបារាំង បន្តដាក់អាណានិគម មកលើប្រទេសគេ។ សកម្មជនជាតិនិយមមួយចំនួន បានទាមទារ ឲ្យ​លប់ចោល​រូបិយបណ្ណ័ Franc CFA ដែលពួកគេចាត់ទុកថា ជាកំអែលសល់ពីសម័យអាណានិគមបារាំង។

ជាងនេះទៅទៀត មានអង្គការ សមាគមន៍ជាច្រើននៅបួគីណាហ្វាសូ បានប្រកូកប្រកាស ធ្វើបាតុកម្មនៅថ្ងៃនេះ ប្រឆាំងនឹងវត្តមានរបស់លោក ប្រធានាធិបតីបារាំង។ ក្រុមសកម្មជន ចាត់ទុកក្រុមហ៊ុន បារាំង និងក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀត ថាបានមកជីកកកាយ បូមយកធនធានធម្មជាតិ របស់ទ្វីប​អាហ្វ្រិក។ តែយ៉ាងណា រដ្ឋាភិបាលបួគីណាហ្វាសូ បានអំពាវនាវ ឲ្យគ្រប់គ្នារក្សាការស្ងៀបស្ងាត់ ដើម្បីកុំឲ្យប្រទេសខ្លួនបាក់មុខ ក្នុងការទទួលប្រធានាធិបតី​បារាំង។ លោករដ្ឋមន្រ្តីក្រសួងការបរទេស បួគីណាហ្វាសូ និយាយថា ការទទួលប្រធានាធិបតីបារាំង ឲ្យបានសមនឹងកិត្តិយស មិនមែនមានន័យថា បួគីណាហ្វាសូ នឹងមិននិយាយអ្វីសោះ ត្រង់ទៅត្រង់មក ជាមួយបារាំងនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ