អានតួអត្ថបទ

ប្រធានាធិបតី​អាល់ហ្សេរី​ត្រលប់​ចូល​ប្រទេស​វិញ តែ​សន្ទុះ​បាតុកម្ម​ប្រឆាំង​កាន់​តែ​ខ្លាំង

សិស្សនិងនិស្សិត​ នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់លោក Bouteflika ជា​លើក​ទី​៥ នៅ​ក្រុង​អាល់ហ្សេ
សិស្សនិងនិស្សិត​ នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំងការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់លោក Bouteflika ជា​លើក​ទី​៥ នៅ​ក្រុង​អាល់ហ្សេ REUTERS/Zohra Bensemra

ប្រធានាធិបតីផុត​អាណត្តិ​​អាល់ហ្សេរី លោក ​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ Abdelaziz Bouteflika បាន​ត្រលប់​ចូល​ប្រទេស​វិញ​ហើយ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​អស់​រយៈ​ពេល​ពីរសប្តាហ៍​នៅ​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ប៉ុន្តែ​ចរន្ត​ប្រឆាំង​នឹង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាណត្តិ​ទី​៥ មិន​បាន​ចុះ​ថយ​ទេ។ នៅ​ថ្ងៃអាទិត្យ​នេះ សិស្ស​និស្សិត​អាល់ហ្សេរី បាន​ប្រកូកប្រកាស​តាម​ប្រព័ន្ធសង្គម​ ចុះ​ធ្វើ​បាតុកម្មនៅ​ទូទាំង​ប្រទេស។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​៨២​ឆ្នាំ លោក​ប្រធានាធិបតី​អាល់ហ្សេរី ​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ មិនដែល​ថ្លែង​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​ទេ តាំង​ពី​លោកធ្លាក់​ខ្លួន​ឈឺ​ជំងឺ​​សរសៃ​ឈាម​ខួរ​មក នៅ​ឆ្នាំ​២០១៣​មក។ មកសម្រាក​ព្យាបាលជំងឺ​នៅ​ប្រទេស​ស្វ៊ីស តាំង​ពី​ថ្ងៃ​ទី ២៤​កុម្ភៈ និង​បន្ទាប់​ពី​ព័ត៌មាន​លេច​ឮ​ថា​ពេទ្យ​ស្វ៊ីស​ចង់​ដាក់​លោក​ឱ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ជន​ណា​ម្នាក់ ព្រោះ​លោក​ប្រធានាធិបតី​លែង​មាន​សមត្ថិភាព​សម្រេច​គ្រប់គ្រាន់​នោះ លោក ​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ ត្រូវត្រលប់​​ទៅ​ដល់​ក្រុងអាល់ហ្សេ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ។ ប៉ុន្តែ​ដំណឹង​ស្តី​អំពី​ការ​វិលត្រលប់ចូលមាតុប្រទេស​វិញ​ ​មិន​បាន​ធ្វើ​រលក​បាតុកម្ម​ស្ងប់​ស្ងាត់​ឡើយ។

សម្រាប់​ក្រុមបាតុករ​ ពួកគេ​ស្វាគមន៍​ការ​វិល​ត្រលប់​របស់​លោក​ប្រធានាធិបតី​ ប៉ុន្តែ​មិន​ត្រូវ​ការ​លោក​ធ្វើ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​អាណត្តិ​ថ្មី​ទៀត​ទេ ! ហើយ​ក្នុង​ខណៈ​ដែល​បាតុករ ជា​ពលរដ្ឋ​ទូទៅ និង​ជា​សិស្ស​​និស្សិត​ កំពុង​នាំ​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​នេះ អគ្គមេបញ្ជាការ​កងទ័ព​លោក​ឧត្តមសេនីយ៍ Gaïd Salah បា​ន​ប្រកាស​ថា​យោធា​និង​ប្រជាពលរដ្ឋ​អាល់ហ្សេរី​មាន​ទស្សនៈ​វិស័យ​សម្រាប់​អនាគត​ប្រទេស​ដូច​គ្នា។ ប៉ុន្តែ​ឧត្តម​សេនីយ៍​រូប​នេះ​មិន​បាន​និយាយ​​ចំៗ​ថា​អំពី​បាតុកម្ម​ប្រឆាំង​នឹង​លោក ​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ ទេ។

សេចក្តី​សម្រេច​របស់​បក្ស​កាន់​អំណាច យក​លោក​​ ​អាប់ឌែលឡាហ្ស៊ីស ប៊ូតេហ្វ្លីកា​ ​ជា​បេក្ខជន​ប្រធានាធិបតីអាណត្តិ​ទី​៥ បាន​បង្ក​បង្កើត​ឱ្យ​មាន​ចលនា​បាតុកម្ម​ ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​តាំង​ពី​សប្តាហ៍​ជាប់​គ្នា​ ឥត​ដាច់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១មក។

នៅ​ថ្ងៃអាទិត្យ​នេះ​ ក្រៅ​អំពី​បាតុកម្ម​របស់​ក្រុម​សិស្ស​និង​និស្សិត នៅ​រដ្ឋធានី​អាល់ហ្សេ មាន​ការ​ប្រកូកប្រកាសធ្វើ​បាតុកម្ម​ទូទៅ​ទូទាំង​ប្រទេស។ ហាង​ទំនិញ​ភាគ​ច្រើន​ត្រូវ​បិទ មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ត្រូវគាំង​ឈឹង​​ សាលា​រៀន​មហាវិទ្យាល័យ​ត្រូវ​បិទ​ខ្ទប់​។ ក្បួន​ដង្ហែ​បាតុកម្ម​ថ្មី​មួយ​ទៀត​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃអង្គារ​ស្អែក។ បាតុកម្មប្រឆាំង​នឹង​បេក្ខភាព​លោកប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៥ ​ក៏​មាន​រៀប​ចំ​ធ្វើ​ដែរ​នៅទីក្រុង​ប៉ារីស និង​ក្រុង​ម៉ាស្សី​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។​​ ប្រទេ​សបារាំង​ដែល​មាន​ប្រជាជន​ដើម​កំណើត​អាល់ហ្សេរី​រស់​នៅ​សរុប​​ប្រមាណ​១,៧លាន​នាក់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ