អានតួអត្ថបទ
កូតឌីវ័រ

តុលាការ​ចាប់​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ចាស់​របស់​កូតឌីវ័រ

លោកស្រី​Simone Gbagboជាមនុស្ស​មាន​ឥទ្ធិពលខ្លាំង នៅក្នុង​ពេល​ប្តី​របស់លោកស្រី​laurent Gbagbo នៅធ្វើ​ជា​ប្រធានាធិបតី​កូតឌីវ័រ មុន​នឹង​ធ្លាក់​ចេញ​ពី​តំណែង នៅ​ឆ្នាំ ២០១១
លោកស្រី​Simone Gbagboជាមនុស្ស​មាន​ឥទ្ធិពលខ្លាំង នៅក្នុង​ពេល​ប្តី​របស់លោកស្រី​laurent Gbagbo នៅធ្វើ​ជា​ប្រធានាធិបតី​កូតឌីវ័រ មុន​នឹង​ធ្លាក់​ចេញ​ពី​តំណែង នៅ​ឆ្នាំ ២០១១

នៅប្រទេស​ កូតឌីវ័រវិញ តុលាការ​ព្រហ្មទណ្ឌ​របស់​ប្រទេស​បាន​បើក​សវនាការ​នៅថ្ងៃ​សុក្រនេះ ដើម្បី​ជំនុំជម្រះ​ទៅលើ​ភរិយា​អតីត​ប្រធានាធិបតី​កូតឌីវ័រ គឺ​លោកស្រី Simone Gbagbo។ លោកស្រី Simone Gbagbo និង​មនុស្ស​៨២​នាក់ ផ្សេងទៀត​ដែល​ធ្លាប់​បម្រើការ​នៅក្នុង​របប​ចាស់ ដឹកនាំ​ដោយ​លោក​Laurent Gbagbo ត្រូវរង​ចោទប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។  

ផ្សាយពាណិជ្ជកម្ម

លោកស្រី Simone Gbagbo ត្រូវ​បាន​ចាប់ឃុំ​ខ្លួន នៅក្នុង​គេហដ្ឋាន នៅ​ឆ្នាំ ២០១១។ លោកស្រី​ត្រូវ​អាជ្ញាធរ​កូតឌីវ័រ​ចាត់ទុក​ជា​មនុស្ស​ជំនិត​បំផុត និង​ជាអ្នកផ្តល់​គំនិត​ប្រឹក្សា​សំខាន់​ដល់​ស្វាមី​លោកស្រី គឺ​លោក Laurent Gbagbo នៅក្នុង​ពេល​ធ្វើ​ជា​​ប្រធានាធិបតី កូតឌីវ័រ។ ទាំង​អតីត​ប្រធានាធិបតី​Laurent Ggagbo និង​លោកស្រី Simone Gbagbo ព្រម​ទាំង​សមាជិក​ជាន់ខ្ពស់​របស់​របប​មុន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់ពី​មាន​អំពើហិង្សា នៅក្រោយ​ការបោះឆ្នោត ដែល​នៅក្នុង​នោះ មនុស្ស​ប្រមាណ​៣ពាន់​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។

 
សវនាការ​បើក​នៅថ្ងៃ​សុក្រ​គ្រាន់តែ​ធ្វើ​ទៅ​តាម​ដំណើរ​និតិវិធី ពោល គឺ​គេ​នឹង​បង្ហាញ​មុខ​ចៅក្រម​ថ្មី ៦​នាក់ ដែល​ត្រូវ​ទទួល​បន្ទុក​ជំនុំជម្រះ បន្ទាប់ពី​ចៅក្រម​៤​នាក់​បាន​ដក​ខ្លួន​ចេញ។ តាម​មេធាវី​ការពារ​ក្តី​របស់លោកស្រី​ Simone Gbagbo តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​ ការចោទ​ប្រកាន់​របស់​តុលាការ​ក៏​មិន​ច្បាស់លាស់​ទៅទៀត។ រហូត​មកដល់​ពេលនេះ តុលាការ​បាន​ចោទ​លោកស្រី Simone Gbagbo និង​អតីត​មន្រ្តី​រដ្ឋាភិបាល​ចាស់ ប្រមាណ ៨៣​នាក់ ពីបទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ប៉ុន្តែ មិន​បាន​ដាក់បន្ទុក​ពួកគេ ដូច​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI​បាន​ដាក់​ទៅលើ​លោក​​អតីត​ប្រធានាធិបតី​កូតឌីវ័រទេ។

លោក​Laurent Gbagbo ដែល​ពេលនេះ​កំពុង​ជាប់​ឃុំ​នៅ​ទីក្រុង​ឡាអេ កំពុង​រង​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ សម្រាប់​ការស្លាប់​បាត់បង់​ជីវិត​របស់​មនុស្ស​រាប់ពាន់​នាក់ នៅក្នុង​អំពើ​ហិង្សា កើតឡើង​ក្រោយ​ការបោះឆ្នោត។ តុលាការ CPI ដែល​មាន​មូលដ្ឋាន​នៅប្រទេស​ហូឡង់ បាន​ទាមទារ​ផងដែរ ឲ្យ​រដ្ឋាភិបាល​កូតឌីវ័រ​បញ្ជូន​ភរិយា​របស់​លោក​Laurent Gbagbo គឺ​លោកស្រី​Simone Ggagbo ដែល​អាចប្រឈម​នឹង​បទ​ចោទប្រកាន់​ដូច​ប្តី​របស់​លោកស្រី ទៅ​តុលាការ​ CPI។ នៅក្នុង​លិខិត​មួយ​សរសេរ​ទៅកាន់​រដ្ឋាភិបាល​កូតឌីវ័រ ចៅក្រម​របស់​តុលាការ​របស់​ CPI​បាន​លើកឡើង​ថា ក្រៅតែ​បទស៊ើបអង្កេត​ដំណើរការ​ទៅមុខ​ដោយ​យឺតៗ បទចោទប្រកាន់​ទៅលើ​លោកស្រី Simon Gbagbo ដោយ​តុលាការ​ក្នុង​ស្រុក មាន​លក្ខណៈ​ស្រពេចស្រពិល មិន​ច្បាស់លាស់។

ប៉ុន្តែ យ៉ាងណាក៏​ដោយ តុលាការ​កូតឌីវ័រ បាន​បដិសេធ​មិន​បញ្ជូន​ភរិយា​របស់​អតីត​ប្រធានាធិបតី​ទៅ​តុលាការ​ CPI និង​ថា ខ្លួន​មាន​សមត្ថភាព​អាច​ជំនុំជម្រះ​លើ​លោកស្រី និង​បក្ស​ពួក ដោយ​យុត្តធម៌ និង​ស្មើភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ