អានតួអត្ថបទ
អាល់ហ្សេរី

អាល់ហ្សេរី៖ ប្រធានាធិបតី​ថ្មី ​តែងតាំង​​គណៈរដ្ឋមន្ត្រីថ្មី​ ​មនុស្ស​១ភាគ​៣មុខដដែលៗ បាតុករ​ផ្ទុះ​កំហឹងជាថ្មី

algérie manifestation
algérie manifestation Reuters

ឡើង​កាន់​អំណាចតាម​ការ​បោះឆ្នោត ​ទើប​បាន​២សប្តាហ៍ លោក ​ធេបប៊ូន​ ប្រធានាធិបតី​ថ្មីរបស់​អាល់ហ្សេរី បាន​សម្រេច​​ចាត់តាំង​នាយករដ្ឋមន្ត្រីថ្មី​ ឱ្យ​រៀបចំ​រដ្ឋាភិបាល ដែល​មាន​សមាសភាពគណៈរដ្ឋមន្ត្រី ចំនួន​២៩រូប។ ក៏ប៉ុន្តែ​ ​ចលនាក្រុម​បាតុករ​​អាល់ហ្សេរី ដែល​ធ្វើ​បាតុកម្ម​ជិត​មួយ​ឆ្នាំ​ពេញមកនេះ​ គឺ​នៅតែ​មិន​សប្បាញ​​ចិត្ត។ មិន​ពេញ​ចិត្ត​ ពី​ព្រោះ​ថា ក្នុង​ចំណោម​សមាសភាព​គណៈរដ្ឋមន្ត្រីថ្មី​ ​មានរដ្ឋមន្ត្រី១១រូប គឺ​ស្មើ​ប្រមាណ​១ភាគ​៣ ជារដ្ឋ​មន្ត្រី​ក្នុង​អាណត្តិ​ចាស់​ មុខដដែលៗ ហើយក្នុង​ចំណោម​អ្នក​ទាំងនោះទៀត​សោត​ គឺ​អ្នក​ខ្លះ កាន់​តំណែង​រដ្ឋមន្ត្រី ២០ឆ្នាំ​មកហើយ​។​ ចំពោះ​យុវបាតុករ​វ័យក្មេង គឺពួក​គេចង់​ឃើញ​ប្រព័ន្ធ​ដឹង​នាំ​នយោបាយ​ជាតិ​ថ្មី ដែល​មានការ​ចូលរួម​ពីយុវជន​ច្រើន ហើយ​ថ្មី​សុទ្ធតែម្តង។​ 

ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ថ្មី របស់​អាល់ហ្សេរី គឺ លោក អាប់ដែលឡាស៊ីស ឌ្យេរ៉ាដ (Abdelaziz Djerad) ដែលត្រូវ​ជ្រើស​តាំង​ ជាមួយ​នឹងសមាជិក​គណៈ​រដ្ឋមន្ត្រី ចំនួន​២៨រូប។ ហើយ​ក៏​មាន​​ប្រតិភូ​អម​រដ្ឋមន្ត្រី​ ចំនួន​៧ និង​រដ្ឋលេខា​៤នាក់​ ក្នុងនោះ គឺ​មាន​សមាសភាព ​នារី​៥នាក់ផង។ តាម​ការ​កត់​សម្គាល់​របស់​កាសែត​ក្នុង​ស្រុក, ក្បាលម៉ាស៊ីន​ថ្នាក់ដឹកនាំថ្មីនេះ​ ភាគច្រើន​ មាន​ប្រវត្តិ​រូប​ជា​បញ្ញវន្ត ជាសាស្ត្រាចារ្យ សេដ្ឋវិទូ គ្រូពេទ្យ វិស្វករ... សូម្បីតែនាយករដ្ឋមន្ត្រី ក៏​ធ្លាប់ជា​គ្រូបង្រៀន​មហាវិទ្យាល័យ​ដែរ។​  ថែម​ពីនេះ នៅ​​លើ​វិស័យកំណែទម្រង់​​​សេដ្ឋកិច្ចវិញ​ មាន​បង្កើត​ក្រសួង​ថ្មី គឺ​ផ្នែក​សេដ្ឋកិច្ចសហគ្រាស​ខ្នាតតូច​ ទទួល​បន្ទុក​ជំនួញ​ខ្នាតតូច។

ចំពោះ​ចលនា​បាតុករ ការ​កែប្រែខ្លះៗ​​ប៉ុណ្ណេះ គឺ​មិន​ដូច​អ្វី​ដែល​ពួក​គេ​ចង់​បា​ននោះទេ។ បាតុកម្ម​ផ្ទុះ​ឡើង​ជាថ្មី នៅ​ថ្ងៃ​សុក្រ ទី៣មករា គឺបន្ទាប់ពី​​ទូរទស្សន៍​ជាតិប្រកាស​ពី​សមាសភាព​គណរដ្ឋមន្ត្រី។ នៅក្នុងនោះ គេ​ឃើញ​មាន​រដ្ឋមន្ត្រី​ការបរទេស, ​មហាផ្ទៃ, យុត្តិធម៌, ហិរញ្ញាវត្ថុ និង​ថាមពល ជារដ្ឋមន្ត្រី​មុខចាស់​ដដែល។ ហើយ​រដ្ឋមន្ត្រី​ខាង​នេសាទ, លំនៅដ្ឋាន, ទេសចរណ៍ ជាដើម ជា​មនុស្ស​របស់​អតីតប្រធានាធិបតី​ ​លោក ​ប៊ូតេហ្វ្លីកា ដែល​ពួក​យុវបាតុករ​ទាមទារ​ទម្លាក់​ចេញពី​តំណែង​ កាលពីឆ្នាំមុន ក្នុង​ខែ​មេសា​​ គឺ​ប្រមាណ​ជាជាង​២​ខែ ​ក្រោយ​ផ្ទុះ​ចលនា​បាតុកម្ម​របស់​មហា​ជន​​។ សម្រាប់​យុវជននិង​បាតុកររាប់​លាន​នាក់​នៅ​ពេញ​ផ្ទៃប្រទេស​​​ ពួក​គេ​ចង់​បាន​«សាធារណរដ្ឋ​​អាល់ហ្សេរី ថ្មីមួយ ដែល​មាន​ប្រព័ន្ធ​ដឹកនាំ​ថ្មី សុទ្ធ​សាធាតែម្តង ហើយ​មាន​ពេញ​កម្លាំង​ដោយ​យុវជន​»។

ដើម្បីសម្រន់​ទឹក​ចិត្ត​បាតុករ ​ប្រធានាធិបតី​ថ្មី​អាល់ហ្សេរី លោក​ អាប់ឌែលម៉ាឌជីដ ធេបប៊ូន​ ​(Abdelmadjid Tebboune) និងអាជ្ញាធរពន្ធនាគារ​ បាន​សម្រេច​ដោះលែង​បាតុករ ​ចំនួន​៧៦នាក់ដែល​ចាប់​ឃុំ​តាំងពី​ពេលផ្តើម​ធ្វើ​បាតុកម្ម ខែ​កុម្ភៈ​២០១៩មក។ បាតុកម្ម​រៀង​រៀលថ្ងៃសុក្រ គម្រប់​៤៦សប្តាហ៍​មកហើយ​។​ ការ​រំដោះ​បាតុករ​ឱ្យ​មាន​សេរីភាពពេល​​នេះ ក៏​មិនទាន់​អាច​ធ្វើ​ឱ្យ​កំហឹង​មហាជន​អាល់ហ្សេរី​ បាន​ស្ងប់​ភ្លាមភ្លែត​​នោះ​ដែរ​។ គេប្រមើលមើលថា នៅពេល​ដែល​គណៈ​រដ្ឋមន្ត្រី​ថ្មី ជួប​​ប្រជុំ​គ្នា​លើកទី​១ នៅថ្ងៃអាទិត្យ​ ទី៥មករា ច្បាស់​អាច​មាន​ផ្ទុះ​ការ​តវ៉ា​ថ្មីទៀត ​ជាក់​ជាមិន​ខាន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ