អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ដំណើរ​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​រក​ឃើញ​វិធី​ការពារ​ជំងឺ​វង្វេងវង្វាន់ ?

សំឡេង ០៧:៥០
Catherine MacBride/Getty Images

មាន​ដំណឹង​ល្អ ទាក់ទង​នឹង​ជំងឺ​វង្វេង​វង្វាន់ ! ចំនួន​អ្នក​កើត​រោគ​ចាស់​ទៅ​វង្វេង​វង្វាន់ អាច​នឹង​ធ្លាក់​ចុះ​ ជាង​ការ​គ្រោង​ទុក ហើយ​ការ​ពុំ​ប្រញាប់​ចូល​និវត្តន៍ អាច​នឹងចូល​រួម​​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង​វង្វាន់​ ​បន្ថែម​​បាន​មួយ​កំរិត​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​របស់​អង់គ្លេស​ ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ដើម​ខែ​កក្កដា​នេះ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះទៅ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ចាស់​ទៅកើត​ជំងឺ​វង្វេង​វង្វាន់ ? ជំងឺ​នេះ​ជា​អ្វី​ ? មាន​ផលវិបាក​យ៉ាងណា ? ការ​សិក្សា​បាន​រក​ឃើញអ្វី​ខ្លះ​ថ្មី​ទាក់ទង​នឹង​ជំងឺ​វង្វេង​វង្វាន់​នេះ ? 

ផ្សាយពាណិជ្ជកម្ម

ជំងឺ​វង្វេង​វង្វាន់ ជា​ជំងឺ​មនុស្ស​ចាស់ ! កាន់​តែ​ចាស់ កាន់​តែ​ងាយ​រង​គ្រោះ​ និង កាន់តែ​ពិបាក​គេច ! ជាង​នេះ​ទៅ​ទៀត ចំនួ​ន​មនុស្ស​​ចាស់ ចាប់​ពី​៩០​ឆ្នាំ​ឡើង​ទៅ ជួប​អាការៈ​វង្វេងវង្វាន់​​នេះ​កាន់​​ច្រើន​ខ្លាំង ជាង​មនុស្ស​ចាស់​កៅ​សិប​ឆ្នាំ​ កាលពី​១០​ឆ្នាំ​មុន។ គួរ​ឱ្យព្រួយ​បារម្ភ​ជាង​នេះ ទៀត  ហេតុការណ៍​កើត​ជំងឺ​វង្វេងវង្វាន់ ពេល​ខ្លះ​ត្រូវ​បាន​គេ​មើល​ឃើញថា មិន​មែន​ជា​ជំងឺ​សម្រាប់​តែ​មនុស្ស​ចាស់​ខ្លាំង​នោះ​ទេ មាន​មនុស្ស​វ័យ​ចាប់​ពី​ខ្ទង់​៦០​ឆ្នាំ​ កាន់​តែ​ច្រើន​ឡើងៗ លម្អៀង​ចង់​ធ្លាក់​ក្នុង​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​នេះ។

ការ​ភ្លេច​​ វង្វេង​ រលត់​ការ​ចង​ចាំ​អ្វី​បន្តិច​បន្តួច ម្តង​ម្កាល​ តែង​តែ​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប គឺគ្មាន​ន័យ​ភ្លាម​ថា​កើត​​ជំងឺ​វង្វេងវង្វាន់​នោះ​ទេ។ ជា​ធម្មតា មនុស្ស​យើង​នៅ​ពេល​កើត​មក​តែ​រៀន​​ចេះ​ដឹង​ ចង​ចាំ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​វ័យ​មួយ ចាប់​ពី​អាយុ​ហាសិប​ឡើង​ទៅ មនុស្ស​យើង​ចាប់​ផ្តើម​ចេះ​ភ្លេច ខួរ​ក្បាល លែងសូវ​​ចង​ចាំ។

ប្រសិន​បើ​ជា​ ​ ជំងឺវង្វេង​វង្វាន់ ​​នោះ​រោគ​សញ្ញា នឹង​ផ្តើម​ដោយ​ការ​ភ្លេច​ភ្លាំង​ រលត់​ការ​ចង​ចាំ គ្មាន​ថ្ងៃ​ត្រឡប់​ថយ​ក្រោយ​វិញ នឹក​ឃើញ​អ្វី​ឡើង​វិញ​ទេ ភេ្លច​ឈ្មោះ បន្ទាប់​មក​​ លែង​​ចេះ​គិត ​ ​ លែង​ចេះស្គាល់​របស់​របរ ឬ​មុខ​កូន​ចៅ យូរៗ​ទៅ​ភ្លេច​ទាំង​អស់ ទាំង​ពេល​វេលា ភ្លេច​ទាំង​និយាយ​ស្តី ភ្លេច​ទាំង​ឃ្លាន វង្វេង​រក​ទី​ ឬ​ទិសដៅ ឬ​កន្លែង​​អ្វី​លែង​ឃើញសោះ។ នៅ​ដំណាក់កាល​​ធ្ងន់​ធ្ងរ គឺ​គេ​លែង​អាច​ស្តាប់​ មិន​អាច​​យល់​ និង​ធ្វើ​អ្វី​បាន​ ក្លាយ​ជាមនុស្ស​ដែល​មិន​អាច​រស់​ដោយ​ពឹង​លើ​ខ្លួន​ឯង​បាន។ នេះហើយ​ជា​ជំងឺ​វង្វេង​វង្វាន់។

 
ជំងឺ​ភេ្លច​វង្វេងវង្វាន់​នេះ មាន​កើត​ឡើងច្រើន​​នៅ​លើ​មនុស្ស​ចាប់​ពី​អាយុ​ ៦៥​ឆ្នាំ​ឡើង​ទៅ និង​​មាន​ការ​វិវឌ្ឍន៍​លឿន​ ឬ​យឺត ទៅ​តាម​បុគ្គល​ម្នាក់ៗ​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​វិភាគ​រោគ​សញ្ញា​​ជួប​ការ​លំបាក​ខ្លាំង។ ជាទូទៅ ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​កើត​ជំងឺ​នេះ ជីវិត​ពួក​គាត់​អាច​មាន​សង្ឃឹម​ រស់​រាន​ បាន​ពី​បី ទៅ​៨​ឆ្នាំ។

វិទ្យាសាស្ត្រ​មាន​ការ​ជឿន​លឿន​ខ្លាំង ការ​​​ថត​ឆ្លុះ​ ខួរ​ក្បាល​ តាម​ប្រព័ន្ធ អ៊ីអ៊ែរអ៊ឹម IRM ដ៏​ទំនើប​បំផុត អាច​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅក្នុង​ខួរ​ក្បាល និង​អាច​ស្រាវជ្រាវ​រក​​ជំងឺ​ មើល​ឃើញ​ថា​ ​មាន​ជំងឺ​នៅ​ខួរក្បាលបាន ​ ការស្រាវ​ជ្រាវ​រក​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ ក៏​មាន​លក្ខណៈ​សកម្ម​ខ្លាំង​ណាស់ ប៉ុន្តែ​​រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​ឡើយ​ថ្នាំ​ព្យាបាល​​ មាន​ប្រសិទ្ធិភាព​ សម្រាប់​មក​ពន្យឺត​ពេលវេលាកុំ​ឱ្យជួប​គ្រោះ​វង្វេងវង្វាន់ ឬ សម្រាប់​ព្យាបាលជំងឺវង្វេង​វង្វាន់​​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​ បាត់បង់​ការ​ចង​ចាំ​នេះ។

តើ​មនុស្ស​ នៅ​ពេល​កាន់​តែ​ចាស់ ត្រូវ​តែ​រងគ្រោះ កើត​ជំងឺ​នេះ​ឬ​យ៉ាងណា​ ?!

មិន​ដូច្នេះ​ពេក​ទេ !​ ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​អង់គ្លេស ទំនង​ជា​នឹង​អាច​ប្តូរ​ផ្លាស់​គំនិត​ពីមុន​នេះបាន ! នាឱកាស​សន្និសីទ​អន្តរជាតិស្តី​ពី​ជំ​ងឺ​វង្វេងវង្វាន់​ ថ្ងៃទី ១៣-១៨ កក្កដា កន្លងទៅ​ ​អង់គ្លេសបាន​បង្ហាញ​លទ្ធផល​នៃ​​សិក្សា ថា​អត្រា​ភាគ​រយ​នៃ​មនុស្ស​ចាប់​ពីអាយុ​៦៥​ឆ្នាំ ឡើង​ទៅ កើត​ជំងឺ​វង្វេងវង្វាន់ នឹង​មាន​ការធ្លាក់​២៥% នៅ​រវាង​២០​ឆ្នាំ​ខាង​មុខ។​ ការ​សិក្សា​លើ​មនុស្ស​ប្រមាណ​ ៧០០០​នាក់ ចែក​ជា​ពីរ​ក្រុម​ ៖ ក្រុមទីមួយ​ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ក្រុមទី​ពីរ នៅ​រវាង​ឆ្នាំ​២០០៨-២០១០ មាន​អាយុ​ឃ្លាត​គ្នា​ប្រមាណជា​២០​ឆ្នាំ។ អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា អត្រា​ប្រេវ៉ាឡង់​ កើត​ជំងឺ​រវង្វេងវង្វាន់​របស់​ក្រុមទីពីរ​​បាន​ធ្លាក់​ចុះ​មួយ​ភាគបី។ ធ្លាក់​ចុះ​ក៏​ព្រោះ​តែ​ក្រុមនេះ បាន​ទទួល​ការការ​ពារ និង​ព្យាបាល​ និង​អប់​រំ​សុខភាព​ល្អ តាំង​ពី​ដំបូង​ភ្លាម​ ប្រឆាំង​នឹង​​ជំងឺ​សរសៃឈាម​បេះដូង។ ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​នាំ​ឱ្យ​ងា​យ​មាន​គ្រោះ​កើត​ជំងឺ​វង្វេង​វង្វាន់។

ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយទៀត នោះ​គឺ​ គម្រោង​សហប្រតិបត្តិការ​​សហភាព​អឺរ៉ុប​ស្តីពី​ជំងឺ​វង្វេងវង្វាន់ បាន​បង្ហើប​បង្ហាញ​អំពី​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​កើត​ជំងឺ​រវង្វេង​នេះ។ ហេតុ​អ្វី​ត្រូវ​ធ្លាក់​ចុះ​ បើ​ចំនួន​មនុស្ស​ចាស់​កាន់​តែ​ឡើង​ជា​និច្ច​នោះ ?! តាមការពិត បើ​តាម​ការ​សិក្សា​​មួយ​របស់​បារាំង​ ទម្លាយ​ឱ្យ​ដឹង​ទន្ទឹម​គ្នា​នឹង​ការសិក្សា​របស់​អង់គ្លេស លើក​ឡើង​ថា “ការ​ក្រ​ចូល​និវត្តន៍​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ។ ចាប់​ពី​អាយុ​ ៦០​ឆ្នាំ​ឡើង​ទៅ បើ​នៅ​តែ​បន្ត​ធ្វើ​ការ ពុំ​ចូល​និវត្តន៍ នោះ​គ្រោះ​កើត​ជំងឺ​រវង្វេង​រវង្វាន់ នឹង​ត្រូវ​កាត់ប​ន្ថយ​បាន​៣% ក្នុង​មួយ​ឆ្នាំៗ។ ការងារ​បង្រៀន​មនុស្ស ការងារ​ជួយទ្រទ្រង់​សុខភាព ការ​ងារ​ជួយ​មនុស្ស​ឱ្យ​នៅ​សកម្ម សកម្មទាំង​រាង​កាយ ទាំង​ខួរក្បាល បូក​ផ្សំ​នឹង​មាន​ការ​អប់រំ​ល្អ យល់​ដឹង​ពី​អនាម័យ​ជីវិត គឺ​ពិត​ដូច​ជា​ថ្នាំប៉ូវ ទៅ​ដាក់​​សតិបញ្ញា​ខួរ​ក្បាល​ឱ្យ​នៅ​រឹង​ម៉ាំ​ ចង​ចាំ​បាន​ល្អ ឬ​ជួយ​ពន្យារ​ពេលវេលា​កុំ​ឱ្យ​ខួរក្បាល​ឆាប់​ធ្លាក់​ចុះ​ខ្សោយ​បាន។

ការ​ងារ​ជួយ​កាត់​បន្ថយ​គ្រោះ​បាត់​បង់​វិញ្ញាណ​ ក៏​ព្រោះ​តែ​ការងារ​ ជា​ភ្នាក់ងារ​រក្សា​ឱ្យ​មាន​ទំនាក់ទំនង​ក្នុង​សង្គម មិន​ថា​ជា​សង្គម​គ្រួសារ ឬ​សង្គមការងារ។ ដូច្នេះ​វា​ពិត​ជា​មិន​ចម្លែក​ទេ ដែល​យើងធ្លាប់​បាន​ឮ​ពាក្យ​និយាយតៗ​គ្នា​ថា គ្រាន់​តែ​ចូលនិវត្តន៍​ភ្លាម​ ហាក់​ដូច​ជា​ម៉ីងម៉ាំង​ បាត់​បង់​សតិ​បញ្ហា​នោះ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បារាំង ក៏​សូម​ណែ​នាំ​ឱ្យ​គិត​គូរ​ពី​ប្រភេទ​ និង​លក្ខខណ្ឌ​ការងារ​ដែរ។ ព្រោះ​ការ​ងារ​ខ្លះ​មិន​អំណោយ​ផល​ដល់​មនុស្ស​ចាស់​ឡើយ​ នោះ​វា​ក្លាយ​ទៅ​ពាក្យ​ ស្លាប់​មិន​បាន​ស៊ី​ប្រាក់​និវត្តន៍​វិញ​ជា​មិន​ខាន៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ