អានតួអត្ថបទ

លោក ដូណាល់ ត្រាំ ទៅ​សួរ​សុខទុក្ខ​ទាហាន​អាមេរិក​នៅ​អ៊ីរ៉ាក់ ដោយ​ឥតព្រាងទុក

លោកដូណាល់ ត្រាំ ធ្វើសន្ទរកថា នៅមូលដ្ឋានAl-Assad ១៦០គម ពីក្រុងបាកដាត។ ថ្ងៃទី​២៦ ធ្នូ ២០១៨​
លោកដូណាល់ ត្រាំ ធ្វើសន្ទរកថា នៅមូលដ្ឋានAl-Assad ១៦០គម ពីក្រុងបាកដាត។ ថ្ងៃទី​២៦ ធ្នូ ២០១៨​ REUTERS/Jonathan Ernst

កាលពីល្ងាចថ្ងៃទី២៦ ធ្នូ លោកដូណាល់ ត្រាំ ព្រមទាំងភរិយា បានធ្វើដំណើរទៅសួរសុខទុក្ខ នាយទាហានអាមេរិក ដែលឈរជើង នៅអ៊ីរ៉ាក់។ វាគឺជាការធ្វើដំណើរ ដ៏ភ្ញាក់ផ្អើល ឥតបានព្រៀងទុកជាមុន ហើយវាក៏ជាលើកទីមួយដែរ ដែលលោកដូណាល់ ត្រាំ បានធ្វើដំណើរទៅសួរសុខទុក្ខទាហានអាមេរិក​ ដែលឈរជើងនៅបរទេសបែបនេះ។ ការសម្រេចដកទ័ព ចេញពីស៊ីរី ព្រមទាំងការលាលែងពីតំណែង របស់រដ្ឋមន្តី្រការពារជាតិ នាពេលថ្មីៗនេះ អាចជាមូលហេតុ ដែលជំរុញ ឲ្យលោកដូណាល់ ត្រាំ ធ្វើដំណើរទៅអ៊ីរ៉ាក់ ដើម្បីប្រមូលការគាំទ្រស្រលាញ់ ពីសំណាក់កងទ័ពអាមេរិក។

ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ រួមនឹងលោកស្រី ម៉េឡានីញ៉ា បានទៅដល់មូលដ្ឋានទ័ពអាកាស Al-Assad ចំងាយ១៦០គីឡូម៉ែត្រ ពីក្រុងបាកដាត នៅវេលាម៉ោង៧ និង១៦នាទីល្ងាច។ អ្នកនាំពាក្យសេតវិមាន បានសរសេរ​បង្ហោះលើទំព័រTwitter ថា លោកប្រធានាធិបតី បានធ្វើដំណើរ ទៅអ៊ីរ៉ាក់ ដើម្បី​ទៅសួរសុខទុក្ខ កងទាហានអាមេរិក និងលើកទឹកចិត្តពួកគេ ក្នុងឱកាសបុណ្យណូអែល។

យោងតាមប្រភពពី អ្នកនាំពាក្យសេតវិមាន គឺលោកដូណាល់ ត្រាំ បានមានគំរោងជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Adel Abdel Mahdi ក៏ប៉ុន្តែដោយយោងលើកត្តាសន្តិសុខ ភាគីអាមេរិក បានជូនដំណឹងមុនតែ២ម៉ោងប៉ុណ្ណោះ។ ក៏ប៉ុន្ទេ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ស្ថិតនៅឆ្ងាយ មិនអាចធ្វើដំណើរមកទាន់។ មេដឹកនាំទាំង២ បានត្រឹមតែនិយាយគ្នាតាមទូរស័ព្ទ ដោយបានលើកឡើង ពីសំណុំរឿងស៊ីរី។

ក្រោយជួបសួរសុខទុក្ខនាយទាហាន និងថតរូបជាច្រើនប៉ុស្តិ លោកដូណាល់ ត្រាំ បានឆ្លើយសំណួររបស់អ្នកកាសែតថា លោកគ្មានបំណងដកទ័ពអាមេរិក ចេញពីអ៊ីរ៉ាក់ទេ។ លោកថា មូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់ មានសារៈសំខាន់ ហើយអាចជាមូលដ្ឋាន សម្រាប់ឲ្យកងទ័ពអាមេរិក អាចចេញប្រតិបត្តិការនៅស៊ីរីបាន ដោយងាយ បើសិនជាកាលៈទេសៈតំរូវ។ លោកដូណាល់ ត្រាំ បញ្ជាក់បន្ថែមថា៖ “បើសិនក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ធ្វើអ្វីមួយដែលយើងមិនពេញចិត្ត នោះយើងនឹងចេញទៅវាយភ្លាម មិនទាំងឲ្យពួកនោះដឹងខ្លួនទាន់ផង”។

ដោយឡែក  លោកដូណាល់ ត្រាំ បាននិយាយការពារ ការសម្រេចចិត្តរបស់គាត់ ក្នុងការដកទ័ព ចេញពីស៊ីរី ដោយលោកអះអាង​ថា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានវិនាសបាក់ទ័ពសឹងតែទាំងស្រុងទៅហើយ។ លោកបន្ថែមថា អាមេរិក មិនអាចបន្តធ្វើជាមេសន្តិសុខ ដើរយាមការពារគេគ្រប់គ្នាទូទាំងពិភពលោកទេ។ លោកដូណាល់ ត្រាំ លើកឡើងទៀតថា នៅស៊ីរី តួគីបានធានាថា នឹង​កំទេចក្រុមជីហាតដែលនៅសល់ឲ្យអស់ រីឯអារ៉ាប៊ីសាអូឌីតវិញ សន្យាចំណាយប្រាក់មកជួយអភិវឌ្ឍន៍ស៊ីរីឡើងវិញ ដូច្នេះគ្មានអ្វី ត្រូវ​បារម្ភទេ អាមេរិក ក៏សោះនឹងមិនចំណាយប្រាក់ដែរ។

សូមបញ្ជាក់ថា តាំងពីចូលកាន់តំណែងបាន២ឆ្នាំ នេះជាលើកទីមួយហើយ ដែលលោកត្រាំ បានទៅសួរសុខទុក្ខកងទ័ពអាមេរិក ដល់មូលដ្ឋាន​នៅប្រទេសផ្សេង។ ការធ្វើដោយតក់ក្រហល់នេះ ត្រូវបានគេមើលឃើញថា ដើម្បីស្តារទឹកចិត្តកងទ័ព បន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Jim Mattis ដែលជាមនុស្សមានការគោរពស្រលាញ់ច្រើនក្នុងកងទ័ព បានលាចេញពីតំណែង។ ក្រោយមកទៀត លោក លោកBrett McGurk ដែល​ជា​ប្រេសិតពិសេស តំណាងកងទ័ពអាមេរិក ក្នុងកងទ័ពសម្ព័ន្ធមិត្តប្រយុទ្ធនឹងភេរវកម្ម​ ក៏បាន​លាឈប់ដែរ។ ការដើរចេញពីតំណែងផ្ទួនៗគ្នា​​នេះ គឺបង្ហាញពីភាពមិនចុះសម្រុងគ្នា ជាមួយនឹងលោកដូណាល់ ត្រាំ ដែលសម្រេចអ្វី តាមតែចិត្តនឹកឃើញ តែម្នាក់ឯង គ្មានការពិគ្រោះយោបល់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ