អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រេស៊ីល៖ វាសនា​ចុងក្រោយ ​នៃ​តំណែង​ប្រធានាធិបតី​របស់​លោកស្រី​ ឌីលម៉ា រូសែហ្វ

សំឡេង ០៧:៤៥
លោកស្រី ឌីលម៉ា រូសែហ្វ (Dilma Roussef)  ប្រធានាធិបតីប្រេស៊ីល
លោកស្រី ឌីលម៉ា រូសែហ្វ (Dilma Roussef) ប្រធានាធិបតីប្រេស៊ីល REUTERS/Ueslei Marcelino

លោកស្រី ឌីលម៉ា រូសែហ្វ ​ប្រធានាធិបតី​ប្រេស៊ីល ​ដែល​បាន​រង​នូវ​ការ​ចោទ​ប្រកាន់​នានា ​ហើយ​ដែល​ឈាន​ទៅ​ដល់​ការ​ព្យួរ​តំណែង​បណ្តោះ​អាសន្ន ​កាល​ពី​ខែ​ឧសភា​មក ​ នៅ​ថ្ងៃ​ចន្ទ​ទី​ ២៩ ​សីហា​នេះ​ លោក​ស្រី​ត្រូវ​ចូល​ទៅមុខ​អង្គ​ព្រឹទ្ធសភា ​ដើម្បី​ផ្តល់​អំណះអំណាង​ការពារ​ខ្លួន។ នេះ​គឺ​ជា​ឱកាស​ចុង​ក្រោយ​បង្អស់​ហើយ ​សម្រាប់​លោក​ស្រី ​ឌីលម៉ា រូសែហ្វ ​ក្នុង​ការ​ព្យាយាម​រក្សា​មុខ​តំណែង​ជា​ប្រធានាធិបតី។ លោកស្រី​តែងតែ​បដិសេធ​ រាល់​ការ​ចោទ​ប្រកាន់ ​ហើយ​បរិហារ​ក្រុម​អ្នក​នយោបាយ​ស្តាំនិយម​ ថា​បាន​រៀបចំ​គ្រប់យ៉ាង​ ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​នយោបាយ ​ទម្លាក់​លោកស្រី​ចេញ​ពី​តំណែង។

ផ្សាយពាណិជ្ជកម្ម

លោកស្រី​ឌីល ម៉ារូសែហ្វ ​ត្រូវ​គេ​ចោទ​ប្រកាន់ ​ទៅ​លើ​ពីរ​ករណី។ ទីមួយ​គឺ​គេ​ចោទ​ថា​បាន​ប្រើប្រាស់​ខ្ទង់​ចំណាយ​របស់​ថវិកាជាតិ​ ច្រើន​ហួស​ហេតុ ​ដោយ​គ្មាន​ការ​សម្រេច​យល់ព្រម​ពី​រដ្ឋសភា ​ ហើយ​បទ​ចោទ​ប្រកាន់​ទីពីរ ​គឺ​ការ​រៀបចំ​កែច្នៃ​គណនី​ហិរញ្ញវត្ថុ​របស់​រដ្ឋ ​ដើម្បី​បិទបាំង​ពី​ឱនភាព​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋ ​ ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ​អាណត្តិ​ទី២​ នៅឆ្នាំ​២០១៤។

 
ឱកាសចុងក្រោយ ​ដើម្បី​ការពារ​ខ្លួន​ មុននឹង​ត្រូវ​គេ​ដក​ហូត​តំណែង​ប្រធានាធិបតី៖
នីតិវិធី​ចោទ​ប្រកាន់ ​និង​ដក​ហូត​តំណែង​ប្រធានាធិបតី​នេះ ​ បាន​ចាប់ផ្តើម​ឡើង​ដោយ​មនុស្ស​ម្នាក់​គឺ​លោក​ Eduardo Cunha ​អតីត​ប្រធាន​សភា ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ដោយយោង​លើ​ការ​ចោទប្រកាន់​ទាំង​ពីរ​ខាងលើ ​លោក ​Eduardo Cunha ​ដែល​ជា​មនុស្ស​មក​ពី​គណបក្ស​ស្តាំនិយម ​បាន​ប្រមែលប្រមូល​សម្លេង​គាំទ្រ​ក្នុង​សភា ​ដើម្បី​បោះឆ្នោត​យល់ព្រម​ទម្លាក់​លោក​ស្រី​ឌីលម៉ា រូសែហ្វ ​កាល​ពី​ថ្ងៃទី​១៧​ មេសា។ នីតិវីធី​បន្ទាប់​មកទៀត ​គឺដល់​វេន​ដែល​ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត។ សមាជិក​ព្រឹទ្ធសភា ​បាន​បោះឆ្នោត​រួចម្តង​មក​ហើយ ​ កាល​ពី​ថ្ងៃ​ទី​១២​ ឧសភា ​ដោយ​សម្លេង​ភាគច្រើន ​២ភាគ៣ ​បាន​សម្រេច​ព្រម​ព្យួរ​តំណែង​បណ្តោះអាសន្ន​លោកស្រី​ឌីល ម៉ារូសែហ្វ។

ក្នុងអំឡុង​ពេលនេះ​ គឺលោក​ Michel Temer ​អនុប្រធានាធិបតី​របស់​លោកស្រី​ ដែល​ត្រូវ​កាន់​មុខ​តំណែង ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន។ ហើយ​នៅថ្ងៃ​ចន្ទ​ ​ទី​២៩​ឧសភា​នេះ ​គឺ​ព្រឹទ្ធសភា ​ត្រូវ​បោះឆ្នោត​ម្តង​ទៀត ​ដើម្បី​សម្រេច​ជា​ចុងក្រោយ ​ និង​ជា​ផ្លូវការ​ថា​ត្រូវ​ដក​ រឺ​មិន​ដក​តំណែង​លោកស្រី​ឌីលម៉ា ​រូសែហ្វ។ ដូច្នេះនេះ​គឺ​ជា​ឱកាស​ចុងក្រោយ​ហើយ ​ សម្រាប់​លោកស្រី​ឌីល ម៉ារូសែហ្វ ​ដើម្បី​ផ្តល់​អំណះអំណាង ​ការពារ​ខ្លួន​ នៅ​ចំពោះមុខ​ព្រឹទ្ធសភា។

យោងតាម​នីតិវិធី​ គឺ​លោកស្រី​ឌីលម៉ា រូសែហ្វ ​មាន​ពេល​៣០នាទី​ ដើម្បី​ធ្វើ​បទ​បង្ហាញ ​ ផ្តល់​អំណះអំណាង ​ទៅកាន់​អង្គ​ព្រឹទ្ធសភា។ ហើយ​បន្ទាប់​មក​ទៀត​ព្រឹទ្ធសភា ​ត្រូវ​ប្រជុំ​វែកញែក ​ដេញដោល​យោបល់​គ្នា ​មុននឹង​ធ្វើ​ការ​បោះឆ្នោត​រក​សម្លេង​ភាគច្រើន ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់។ ពោល​គឺ​នៅ​ថ្ងៃ​ទី​៣១​សីហា ​ព្រឹទ្ធសភា​ត្រូវ​បោះឆ្នោត​ជា​ចុងក្រោយ។ បើសិន​មាន​សម្លេង​២ភាគ៣ ​ក្នុង​ចំណោម​៨១​សម្លេង ​គឺមាន​ន័យ​ថា ​លោកស្រី​ត្រូវ​ដកហូត​ចេញ​ពី​តំណែង។ ក្នុង​ករណីនេះ​ លោក​ Michel Temer ​នឹង​ត្រូវ​ក្លាយ​ជា​ប្រធានាធិបតី​ប្រេស៊ីល ​យ៉ាង​ពេញមុខ ​ រហូត​ដល់​ចប់​អាណត្តិ​នៅ​ចុង​ឆ្នាំ​២០១៨។ ហើយ​លោកស្រី ​ឌីលម៉ា រូសែហ្វ វិញ​ នឹង​ត្រូវ​គេ​ហាម​ឃាត់ ​មិនឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៨ឆ្នាំ។

៣០នាទី ដើម្បីបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភា៖
តាម​ការផ្តល់​ដំណឹង​ពី​អ្នក​នាំពាក្យ​របស់​លោក​ស្រី ​ឌីលម៉ា រូសែហ្វ ​ក្នុង​សន្ទរកថា​រយៈពេល​៣០​នាទី​នេះ​ លោកស្រី​រូសែហ្វ ​ នឹង​លើក​ឡើង​ជា​សំខាន់ ​ទាក់ទង​ទៅ​នឹង​ការ​ប្រយុទ្ធ​តស៊ូ ​សឹងតែ​ពេញ​មួយ​ជីវិត​របស់​គាត់ ​ក្នុង​ការ​ការពារ​សិទ្ធិសេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ប្រេស៊ីល។ លោកស្រី​នឹង​ប្រាកដ​ជា​លើកឡើង​អំពី​ បទ​ពិសោធន៍​ជីវិត​ ក្នុង​ពេល​ដែល​លោកស្រី​ត្រូវ​បាន​របប​ផ្តាច់ការ​យោធា ​ចាប់​ដាក់ឃុំ ​សួរ​ចម្លើយ ​និង​ធ្វើ​ទារុណកម្ម ​ក្នុង​រវាង​ឆ្នាំ​១៩៧០។
 

យុវនារី ឌីលម៉ា រូសែហ្វ សកម្មជន​​សង្គមនិយមប្រស៊ីល​ នៅ​ចំពោះមុខតុលាការ​របបយោធា​ឆ្នាំ​១៩៧០
យុវនារី ឌីលម៉ា រូសែហ្វ សកម្មជន​​សង្គមនិយមប្រស៊ីល​ នៅ​ចំពោះមុខតុលាការ​របបយោធា​ឆ្នាំ​១៩៧០ HO / Fondo UH Arch. Pub. Estado de SP / AFP

អ្វីដែល​ជា​ការ​ប៉ាន់ស្មាន​របស់​អ្នក​វិភាគ ​គឺលោក​ស្រី ​រូសែហ្វ ​និង​ផ្តល់​អំណះអំណាង​ តាម​រយៈ​ការ​ចោទ​ប្រកាន់​បកទៅ​វិញ ​ថា​ការ​អនុវត្តន៍​នីតិវិធី​ទម្លាក់​លោកស្រី​ចេញ​ពី​តំណែងនេះ​ គឺជា​រឿង​ដ៏​អម៉ាស​បំផុត​ ព្រោះ​វា​មិនខុស​ពី​ការ​ធ្វើ​រដ្ឋប្រហារ ​ ដោយ​យក​រដ្ឋធម្មនុញ្ញ​មក​ជា​ខែល​នោះ​ទេ។ ម្តេច​បាន​លោកស្រី​ហ៊ាន​និយាយ​ដូច្នេះ ​គឺ​ថា​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អំបាលមាណ ​គឺ​ពុំ​សមស្រប​ទាល់តែ​សោះ។ ទីមួយ ​ទាក់ទិន​ទៅ​នឹង​ការ​ចំណាយ​ថវិការដ្ឋ ​ដោយ​មិនបាន​សុំ​ការ​យល់ព្រម​ពី​រដ្ឋសភា ​គឺ​មិនមែន​មាន​តែ​លោកស្រី​ម្នាក់​ឯង​ទេ​ ដែ​ល​ធ្វើ ​គឺ​ប្រ​ធានាធិបតី​ប្រេស៊ីល​មុនៗ​ ក៏ធ្លាប់​ធ្វើ​បែប​នេះ​ដែរ ​ ក្នុង​ករណី​ចាំបាច់​នានា ​ដើម្បី​សម្រេច​គោលនយោបាយ​រដ្ឋាភិបាល ​ឲ្យ​បាន​រហ័ស។ ហើយ​ចំណែក​ការ​ចោទ​ប្រកាន់​ទីពីរ ​ទាក់ទិន​នឹង​ការ​បិទបាំង​ឱនភាព​នៃ​ថវិការដ្ឋ ​ លោកស្រី​អះអាង​ថា ​ ​វា​គឺ​ជា​ការ​ប្រឌិត​រៀបចំ​ទាំងស្រុង ​របស់​អ្នក​នយោបាយ ​និង​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ ដើម្បី​ដាក់​បន្ទុក​លើ​លោកស្រី។

ប៉ុន្តែ​សួរថា ​តើ​អំណះអំណាង​ ត្រឹម​៣០​នាទី​ នេះ​ តើ​សមាជិក​ព្រឹទ្ធសភា ​ដែល​ធ្លាប់​បោះឆ្នោត​សម្លេង​ភាគច្រើន​ម្តងរួច​មក​ហើយ​នោះ ​ អាច​នឹង​ប្តូរ​ចិត្ត​បាន​ទេ? គ្មាន​អ្នក​ណាជឿ​ថា ​សមាជិក​ព្រឹទ្ធសភា ​និង​បោះឆ្នោត​សង្រ្គោះ​លោក​ស្រីឌីលម៉ា រូសែហ្វ​ទេ។ សូម្បី​តែ​លោកស្រី​ រូសែហ្វ​ខ្លួនឯង ​ក៏មិន​សង្ឃឹម​ដែរ។ ក៏​ប៉ុន្តែ​មនុស្ស​លោក​ស្រី​រូសែហ្វ ​ មិនងាយ​ចុះចាញ់​ងាយៗ​ទេ ​ហើយ​វា​គឺ​ជា​ការ​ការពារ​កិត្តិយស ​នឹង​គោលជំហរ​របស់​លោកស្រី ​ ដែល​គាត់​ត្រូវ​តែ​មាន​វត្តមាន​ចំពោះមុខ​អង្គ​ព្រឹទ្ធសភា។

តាមច្បាប់ ​ទាល់តែ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៤នាក់ ​ក្នុង​ចំណោម​៨១ ​បោះឆ្នោត​ព្រម ​ទើប​អាច​ដក​លោកស្រី​រូសែហ្វ​បាន។ យ៉ាងណាមិញ​ បើយោង​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​ ធ្វើឡើង​ដោយ​សារ​ព័ត៌មាន ​Folha de Sao Paulo​ កាលពី​ថ្ងៃ​ទី​២៥​សីហា ​បាន​បង្ហាញ​ថា ​សមាជិក​ព្រឹទ្ធសភា​៥១​នាក់ ​នឹង​បោះឆ្នោត​ព្រម​ ទល់​នឹង​១៨​នាក់ ​ដែល​មិនយល់​ព្រម។ ចំណែក​១២នាក់​ទៀត ​មិន​បាន​ប្រាប់ពី​កា​រ​សម្រេចចិត្ត​របស់​ខ្លួនទេ។ ហើយ​បើ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន​ El Globo ​វិញ​ គឺ​មាន​សមាជិក​ព្រឹទ្ធសភា​៥៣​រូប​ឯនោះ ​ដែល​បាន​អះអាង​ថា​នឹង​បោះឆ្នោត​ទម្លាក់​លោកស្រី​រូសែហ្វ។ មាន​១០​រូប​ដែល​បាន​សុំ​មិន​ប្រាប់។ អញ្ចឹង​ជារួម​ យើង​ឃើញ​ថា ​សំណាង​ដែល​លោកស្រី​មិន​ត្រូវ​ដក​ពី​តំណែង​នោះ ​គឺមាន​តិចណាស់។

ឆាក​ល្ខោន​នយោបាយ ​ដើម្បី​អំណាច​ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច៖
ក្នុង​រឿង​បែបនេះ ​ គ្មាន​នរណា​ម្នាក់​ស្អាតស្អំ​ទាំងស្រុង​ទេ។ ប្រជាជន​ប្រេស៊ីល​ទូទៅ ​អស់​សង្ឃឹម​នឹង​រដ្ឋា​ភិបាល​ប្រេស៊ីល ​ដែល​បាន​ចាយលុយ​រាប់​រយ​លាន ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ និង​កីឡា​អូឡាំពិក​ ដែលទើបតែ​បិទ​បញ្ចប់​ទៅ​ថ្មីៗ​នេះ។ ការ​រៀបចំ​ទាំង​អស់​នេះ ​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ជំពាក់​គេ​វ័នក​ ខណៈ​ដែល​ប្រជាជន​ប្រេស៊ីល​ប្រមាណ​១១​លាន​នាក់ ​កំពុង​តែ​អត់​ការងារ​ធ្វើ។ ទាំងនេះ ​គឺ​ជា​អ្វី​ដែល​គេ​អាច​បន្ទោស​រដ្ឋាភិបាល ​ដឹកនាំ​ដោយ​លោកស្រី​រូសែហ្វ។

ក៏ប៉ុន្តែ ​បញ្ហាគឺ​វា​ស្មុគស្មាញ​ជាង​នេះ​ឆ្ងាយ​ណាស់។ វិបត្តិ​នយោបាយ​ប្រេស៊ីលនេះ​ គឺ​មិ​នខុស​ពី​រឿង​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ទេ។ វា​គឺ​ជា​លទ្ធផល ​នៃ​រឿង​អាស្រូវ​ពុករលួយ ​ព្រមទាំង​វិបត្តិ​សេដ្ឋកិច្ច ​ដែល​បាន​អូស​ប្រេស៊ីល ​ឲ្យធ្លាក់​ចូល​ក្នុង​វិបត្តិ។ រឿង​អាស្រូវ​ពុករលួយ ​ដ៏ធំ ​ទាក់ទង​នឹង​ក្រុមហ៊ុន​Petrobas ​មិនមែន​ជាប់​ពាក់ព័ន្ធ​តែ​លោកស្រី​ម្នាក់ឯង​ទេ។ ផ្ទុយទៅវិញ​ រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ ​គឺ​ថា ​អ្នក​ដែល​ចេញ​មុខ​ចោទ​លោកស្រី​ឌីលម៉ា រូសែហ្វ ​ថា​ពុករលួយ ​មុន​គេ​នោះ ​គឺ​ខ្លួនឯង​ ក៏​ត្រូវ​តុលាការ​ចោទ​ពី​បទ​ពុក​រលួយ​ដែរ។ ហើយ​ចំណែក​សមាជិក​ព្រឹទ្ធសភា​ទៀត​សោត ​ ជាង​ពាក់​កណ្តាល ​សុទ្ធតែ​ជាប់​សង្ស័យ​ថា​ពុក​រលួយ។

ជាងនេះ​ទៅទៀត ​សាច់រឿង​វា​មាន​ការ​សងសិក​គ្នា​ទៅវិញ​ទៅមក។ លោក​ Eduardo Cunha ​ប្រធាន​សភា ​ដែល​បាន​ចាប់​ផ្តើម​នីតិវិធី​ទម្លាក់​លោកស្រី​រូសែហ្វ​នេះ​ គឺមាន​បំណង​សងសិក​លោកស្រី ​និង​គណបក្ស​លោកស្រី ​ដែល​មិនបាន​ជួយ​ការពារ​កុំឲ្យ​ខ្លួន ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​រឿង​អំពើ​ពុក​រលួយ។ ការ​ឃប់ឃិត​គ្នា ​ ​គឺ​បាន​បន្ត​ទៅ​រហូត​ជាមួយ​នឹង​មន្ត្រី​មាន​អំណាច ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំៗ​នៅ​ប្រេស៊ីល។ ជាក់ស្តែង ​លោក ​Jesse Souza ​អតីត​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រេស៊ីល​ បាន​អះអាង​ថា ​ ក្នុង​នាម​លោក​ជា​សេដ្ឋវិទូ ​លោក​យល់​ថា​ការ​ទំលាក់​លោក​ស្រី​រូសែហ្វ ​វា​គឺ​ជា​ចេតនា​នយោបាយ​សុទ្ធសាធ ​ដែល​កម្មវត្ថុ​ចំបង​ ​គឺ​ដើម្បី​បំផ្លាញ​គណបក្ស​ពលករ​ សង្គមនិយម ​របស់​លោកស្រី​រូសែហ្វ ​មិន​ឲ្យ​ដឹកនាំ​ប្រេស៊ីល​តទៅ​ទៀត។ ហើយ​បន្ទាប់​មកទៀត ​លោក​ Michel​ Temer ​និង​បក្សពួក ​នឹង​រៀបចំ​ចាត់ចែង​គ្នា​គេ ​ដើម្បី​ងាយស្រួល​ធ្វើការ ​យក​ផល​ប្រយោជន៍​ជាមួយ​ក្រុមហ៊ុន​ធំៗ​នៅ​ប្រេស៊ីល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ