អានតួអត្ថបទ

ប្រេស៊ីល៖ លោក លូឡា ត្រូវគេដោះលែងចេញពីពន្ធនាគារ

លោក លូឡា ធ្វើ​សន្ទរកថា នៅខាងមុខស្នងការ​នគរបាល​ក្រុង​​Curitiba ថ្ងៃទី​៨ វិច្ឆិកា ២០១៩​
លោក លូឡា ធ្វើ​សន្ទរកថា នៅខាងមុខស្នងការ​នគរបាល​ក្រុង​​Curitiba ថ្ងៃទី​៨ វិច្ឆិកា ២០១៩​ (Foto: Reuters)

លោក លូឡា អតីតប្រធានាធិបតីប្រេស៊ីល ដ៏មានប្រជាប្រិយភាព ដែលជាប់ពន្ធនាគារ​ រយៈពេលជាង១ឆ្នាំមកហើយនោះ ត្រូវបានគេដោះលែងមកហើយ កាលពីល្ងាចថ្ងៃសុក្រ ទី​៨វិច្ឆិកា។ ការដោះលែងនេះ ត្រូវបាន​ថ្នាក់ដឹកនាំនយោបាយ​ឆ្វេងនិយម នៅតាមប្រទេសជាច្រើនអបអរសាទរ ថានេះគឺជាក្តីសង្ឃឹមមួយ សម្រាប់លោកលូឡា ដែលនឹងឈានមកប្រឡូក ក្នុងឆាកនយោបាយ​ប្រេស៊ីល​ សាជាថ្មី។

ផ្សាយពាណិជ្ជកម្ម

លោកលូឡា ត្រូវបាន​គេដោះលែងចេញពីពន្ធនាគារ​ នៅថ្ងៃទី​៨វិច្ឆិកា។ នៅចំពោះមនុស្សម្នារាប់ពាន់អ្នក ពាក់អាវក្រហម ដែលជាពណ៌នៃគណបក្សពលករប្រេស៊ីល លោកលូឡា បានប្រកាសថា លោកនឹងបន្តតស៊ូនយោបាយ​ដើម្បីប្រជាជនប្រេស៊ីល។ ការដោះលែងលោក លូឡា នេះ គឺធ្វើឡើង ក្រោយពេលដែលចៅក្រម​តុលាការកំពូលប្រេស៊ីល បានសម្រេច ៦សម្លេងទល់នឹង៥សម្លេង លប់ចោល​ការបញ្ជូនជនជាប់ចោទបញ្ចូលគុក ក្នុងករណីជននោះត្រូវបានគេប្រកាសទោស ត្រឹមតែសាលាឧទ្ធរណ៍។

សូមរំលឹកថា លោក លូឡា ដែលមានវ័យ៧៤ឆ្នាំ ត្រូវបាន​តុលាការឧទ្ធរណ៍ប្រេស៊ីល សម្រេចឲ្យជាប់ទោសចំនួន​៩ឆ្នាំ១០ខែ កាលពីឆ្នាំ២០១៧ ពីបទប្រព្រឹត្តិអំពើពុករលួយ។ លោកត្រូវបានគេបញ្ជូនទៅឃុំខ្លួន កាលពីខែមេសា ឆ្នាំ២០១៨។ ដោយសារតែជាប់ឃុំ លោកលូលា បាន​បោះបង់ចោលបេក្ខភាពរបស់​លោក ក្នុងការបោះឆ្នោតប្រធានាធិបតី​ បើទោះបីជាប្រជាជន​ប្រេស៊ីល ប្រមាណ​ជាង៨០% គាំទ្រ​លោកក៏ដោយ។

ក្រោយមក ចៅក្រមឈ្មោះ Sergio Moro ដែលជាចៅក្រមទទួលបន្ទុកសំណុំរឿងលោកលូឡានេះ ត្រូវបាន​លោកបុលសូណារូ ប្រធានាធិបតីថ្មីប្រេស៊ីល តែងតាំងឲ្យធ្វើជា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រឿងរ៉ាវនេះ បានធ្វើឲ្យលេចឡើងកាន់តែច្បាស់ អំពីផែនការ​​​ស៊ុំគ្រលំគ្នា រវាងលោកបុលសូណារូ និងលោកចៅក្រម ដើម្បី​ធ្វើយ៉ាងណារារាំងលោកលូឡា មិនឲ្យចូលរួមក្នុងការបោះឆ្នោត។

គួរកត់សំគាល់ថា ការដោះលែងលោកលូឡា នាពេលនេះ ត្រូវបាន​ថ្នាក់ដឹកនាំនយោបាយ​​បក្សឆ្វេងនិយម នៅតាមបណ្តាប្រទេសនានាអបអរសាទរ។ លោក Alberto Fernandez ប្រធានាធិបតីថ្មីអាហ្សង់ទីន បានលើកឡើងថា​លោករំភើបចិត្ត និងកោត​សរសើរបំផុត ដល់វិរៈភាព​របស់លោកលូឡា ក្នុងការតស៊ូនយោបាយ​ ដើម្បីសិទ្ធិសេរីភាព​និងយុត្តិធម៌ ជូនប្រជាជនប្រេស៊ីល។

ដូចគ្នាដែរ លោក François Holland អតីតប្រធានាធិបតីបារាំង បាន​ថ្លែងថា សេរីភាពត្រូវបានប្រគល់ជូនលោកលូឡាវិញហើយ ហើយ​លោកជឿថា លោកលូឡានឹងយកវាមកប្រើ ដើម្បីជាប្រយោជន៍ដល់ប្រទេសប្រេស៊ីល។ សម្រាប់ប្រជាជនប្រេស៊ីលមួយភាគធំ ជាពិសេសតាមទីជនបទ និងតំបន់ក្រីក្រ លោកលូឡា គឺប្រៀបដូចជាបិតាជាតិ​ ដែលបានជួយរំដោះពួកគេ ឲ្យរួចផុតពីភាពក្រីក្រ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ