អានតួអត្ថបទ
ប្រេស៊ីល

អគ្គីភ័យ លេប​ត្របាក់​សារមន្ទីរ​ជាតិ​ប្រេស៊ីល ​នៅ​ក្រុង​រីយ៉ូ

ភ្លើងកំពុងលេបត្របាក់ សារមន្ទីរជាតិ​ក្រុង​រីយ៉ូ យប់​ថ្ងៃ​ទី២ ​កញ្ញា​ ២០១៨
ភ្លើងកំពុងលេបត្របាក់ សារមន្ទីរជាតិ​ក្រុង​រីយ៉ូ យប់​ថ្ងៃ​ទី២ ​កញ្ញា​ ២០១៨ REUTERS/Ricardo Moraes

កាលពីយប់ថ្ងៃអាទិត្យ ទី២កញ្ញា អគ្គីភ័យមួយ បានលេបត្របាក់សារមន្ទីរជាតិដ៏ធំបំផុត របស់ប្រទេសប្រេស៊ីល នៅ​ឯទីក្រុងរីយ៉ូ ដឹចេនេរ៉ូ។ វត្ថុសិល្បៈ វត្ថុបូរាណ និងឯកសារសិក្សាស្រាវជ្រា​វ ដែលមានតម្លៃមហាសាល សម្រាប់វប្បធម៌និងសិល្បៈប្រេស៊ីល ត្រូវបានឆេះ រលាយក្លាយជាផេះ។ ប្រធានាធិបតីប្រេស៊ីល បានលើកឡើងថា នេះគឺជាសោកនាដកម្មមួយដ៏ធំធេង សម្រាប់វប្បធម៌ប្រេស៊ីល។ តែទន្ទឹមនឹងនេះ អគ្គីភ័យនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ និស្សិត សាស្ត្រាចារ្យប្រេស៊ីល ចាត់ទុកថា គឺជាលទ្ធផល នៃការព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ពីសំណាក់រដ្ឋាភិបាលទៅលើការថែទាំជួសជុល និងសុវត្ថិភាព នៃសារមន្ទីរនេះ។

ផ្សាយពាណិជ្ជកម្ម

បើយោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មានប្រេស៊ីល អគ្គិភ័យបានចាប់ផ្តើមឆេះ នៅវេលាម៉ោង៧និង៣០នាទីល្ងាច។ បើទោះបីជាក្រុមពន្លត់ បានប្រញិបប្រញាប់ធ្វើប្រតិបត្តិការ តែកម្លាំងភ្លើងដ៏ខ្លាំង បានលេបត្របាក់អគារទំហំ១៣០០០ម៉ែត្រការ៉េនេះ សឹងតែអស់ទាំងស្រុង។ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ បានលើកឡើងថា ភ្លើងមាន​កម្លាំងខ្លាំង នឹងឆេះឆាបយ៉ាងលឿន ដោយសារនៅក្នុងអគារ មានសំបូរទៅដោយវត្ថុ និងសារធាតុដែលងាយឆេះជាទីបំផុត។ ទោះយ៉ាងណា មកទល់ពេលនេះ មិនមានដំណឹងណាមួយ បញ្ជាក់ថា មានមនុស្ស​ស្លាប់ក្នុងហេតុការណ៍ដ៏អកុសលនេះទេ។

សូមបញ្ជាក់ថា សារមន្ទីរជាតិក្រុងរីយ៉ូ ដឹចេនេរ៉ូ មានទីតាំងនៅក្នុងអគារអតីតព្រះបរមរាជវាំង ហើយត្រូវបានបើកទ្វារធ្វើជាសារមន្ទីរ នៅឆ្នាំ១៨១៨។ សារមន្ទីរនេះ បានក្លាយជាសារមន្ទីរដ៏ធំ និងមានឈ្មោះល្បីបំផុត សម្រាប់ប្រេស៊ីល និងតំបន់អាមេរិកឡាទីនទាំងមូល។ វត្ថុសិល្បៈ និងវត្ថុបូរាណ ដ៏មានតំលៃមហាសាល មានមិនតិចជាង​២០លាន​វត្ថុ​នោះទេ។ ក្នុងនោះមានជាអាទិ៍ វត្ថុសិល្បៈអេស៊ីប វត្ថុសិល្បៈរ៉ូម៉ាំង និងជាពិសេស គឺមានគ្រឿងឆ្អឹងសត្វឌីណូហ្ស័រ និងគ្រោងឆ្អឹងមនុស្សដ៏ចំណាស់បំផុត ដែលត្រូវបានរកឃើញនៅប្រេស៊ីល។ ក្រៅពីវត្ថុសិល្បៈ វត្ថុបូរាណទាំងនោះ គឺនៅមានសំណុំឯកសារ សិក្សាស្រាវជ្រាវ ដែលគេបានចងក្រងរក្សាទុក អស់រយៈពេល២០០ឆ្នាំមក​នេះ ដែលត្រូវវិនាសសាបសូន្យ​ ដោយសារអគ្គិភ័យនេះ។

លោកមីឈែល តេមែរ ប្រធានាធិបតីប្រេស៊ីល បានប្រកាសថា ការបាត់បង់នេះ គឺជាសោកនាដកម្មដ៏ធំធេង សម្រាប់វប្បធម៌ សិល្បៈ និងការស្រាវជ្រាវប្រវត្តិសាស្ត្រ របស់ប្រេស៊ីល។ ដោយឡែក លោកអគ្គនាយករងនៃសារមន្ទីរ បានថ្លែងថាអគ្គិភ័យនេះ បានធ្វើឲ្យលោកនិងក្រុមការងារ អស់សង្ឃឹម អស់កម្លាំងចិត្តធ្វើការ ហើយព្រមជាមួយនឹងទឹកចិត្តពេញដោយកំហឹងថែមទៀតផង។ លោកលើកឡើងថា សារមន្ទីរនេះ ត្រូវបានរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ហើយក៏មិនដែលបានទទួលការទំនុកបំរុង ផ្នែកថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីជួសជុលថែទាំ ឲ្យត្រឹមត្រូវ តាមស្តង់ដារការពារគ្រោះអគ្គិភ័យទេ។

ដូចគ្នាដែរ លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ប្រេស៊ីល បានទទួលស្គាល់ថា អគ្គិភ័យនេះ គឺជាលទ្ធផលនៃកង្វះខាត និងបញ្ហាបូកបន្ថែមគរលើគ្នា ជាយូរឆ្នាំមកហើយ។ លោកបន្ថែមថា កាលឆ្នាំ២០១៥ ក្នុងអាណត្តិលោកស្រី ឌីលម៉ា រូសែហ្វ រដ្ឋាភិបាលបានសម្រេចចិត្តបិទទ្វារសារមន្ទីរនេះ ជាបណ្តោះអាសន្ន ដោយសារតែគ្មានថវិកាគ្រប់គ្រាន់ក្នុងការជួសជុលថែទាំ។

គួរកត់សំគាល់ដែរថា អគ្គិភ័យនេះ បានបង្កជាកំហឹង រិះគន់ទៅលើថ្នាក់ដឹកនាំនយោបាយ ពីសំណាក់និស្សិត សាស្ត្រាចារ្យ និង អ្នកស្រាវជ្រាវប្រេស៊ីល។ អ្នករិះគន់ បានលើកឡើងអំពីអំពើពុករលួយ របស់ថ្នាក់ដឹកនាំ ហើយរដ្ឋាភិបាល​ពុំបានប្រើថវិការដ្ឋ ឲ្យបានសមរម្យ ក្នុងការ​ជួយ​លើក​កំពស់ អភិវឌ្ឍន៍ថែទាំវិស័យវប្បធម៌ និងសារមន្ទីរបូរាណនេះទេ។ ក្រុមអ្នកតវ៉ារិះគន់ មានគំរោងធ្វើបាតុក​ម្ម នៅខាង​មុខសារមន្ទីរដែលឆេះ នៅថ្ងៃចន្ទនេះ ថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ