អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វ៉េណេស៊ុយអេឡា៖ បោះឆ្នោត​សភា​ធម្មនុញ្ញ​ ក្នុង​បរិយាកាស​ដ៏​តាន​តឹង​បំផុត ​ខណៈ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​

សំឡេង ០៦:៥៦
លោកប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ ​ឃោសនាអំពាវនាវ​ឲ្យ​ប្រជាជន​ ទៅ​​បោះ​ឆ្នោត​បង្កើត​​សភា​​ធម្មនុញ្ញ
លោកប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ ​ឃោសនាអំពាវនាវ​ឲ្យ​ប្រជាជន​ ទៅ​​បោះ​ឆ្នោត​បង្កើត​​សភា​​ធម្មនុញ្ញ REUTERS/Carlos Garcias Rawlins

ថ្ងៃទី​៣០​កក្កដា​នេះ ​គឺជា​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​ទន្ទឹង​រងចាំ​ជា​យូរ​មក​ហើយ ​ព្រោះ​ជា​ថ្ងៃ​បោះឆ្នោត ​ជ្រើសរើស​សភា​ធម្មនុញ្ញ ​យ៉ាង​ពិសេស​មួយ ​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី។ ការ​បោះឆ្នោត​ថ្ងៃ​នេះ ​ស្ថិត​ក្នុង​បរិយាកាស​យ៉ាង​តឹងតែង​បំផុត​ ដោយសារ​គណបក្ស​ប្រឆាំង ​បាន​ធ្វើ​ពហិការ​ មិន​ចូល​រួម​ ហើយ​ប្រជាជន​បាន​អំពាវ​ថា​នឹង​ធ្វើ​បាតុកម្ម។ វ៉េណេស៊ុយ​អេឡា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ ​ទាំង​នយោបាយ ​និង​សេដ្ឋកិច្ច​ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ហើយ​អស់​រយៈ​ពេល​ជាង​៤ខែ​មក​ហើយ ​ដែល​ប្រជាជន​វ៉េណេស៊ុយអេឡា​ បាន​ធ្វើ​បាតុកម្ម ​ទូទាំង​ប្រទេស ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ​ចុះចេញ​ពី​តំណែង។​ រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង ​បង្រ្កាប​បាតុកម្ម ​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​១០០​នាក់។

ផ្សាយពាណិជ្ជកម្ម

វ៉េណាស៊ុយអេឡា ​ឬក៏​លោក ​ម៉ាឌុយរ៉ូ ​ដែល​ជា​អ្នក​ត្រូវការ​រដ្ឋ​ធម្មនុញ្ញ​ថ្មី?

កម្មវត្ថុនៃ​សភា​ធម្មនុញ្ញ​នេះ ​ គឺ​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី ​សម្រាប់​វ៉េណេស៊ុយអេឡា។ លោក​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ​បាន​និយាយ​ថា ​៖ “វ៉េណេស៊ុយអេឡា​ ត្រូវការ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ ​ដែល​រឹងមាំ ​ល្អ​ប្រសើរ​ជាងមុន។ សភា​ធម្មនុញ្ញ​នេះ ​នឹង​មាន​សិទ្ធិ​អំណាច​ពេញដៃ ​ដើម្បី​ស្តារ ​រៀបចំ​អំណាច ​ស្ថាប័ន​រដ្ឋ​ និង​ច្បាប់​គ្រប់គ្រង​ប្រទេស។”

លោក​ ម៉ាឌុយរ៉ូ​ ដែល​ជា​អ្នក​ផ្តើម​គំនិត​រៀបចំ​ការ​បោះឆ្នោត​ដ៏​ចំរូង​ចំរាស​នេះ ​បាន​ចោទ​ថា​ វិបត្តិ​នៅ​វ៉េណេស៊ុយ​អេឡា ​បច្ចុប្បន្ន​នេះ ​គឺ​ដោយសារ​តែ​សកម្មភាព​បង្ក​ចលាចល ​របស់​ក្រុម​បក្ស​ប្រឆាំង ​ហើយ​ឃុំឃិត​ផ្សំ​គំនិត​គ្នា ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ ក្នុង​ទិស​ដៅ​តែ​មួយ​គត់ ​គឺ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ទាំងអស់​នេះ ​គឺ​ជា​អំណះអំណាង​របស់​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​តែ​សម្រាប់​ក្រុម​បក្ស​ប្រឆាំង​​វិញ​ ការ​រៀបចំ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ​គឺជា​លេស​របស់​លោក ​ម៉ាឌុយរ៉ូ ​ដើម្បី​អាច​បន្ត​កាន់​តំណែង​តទៅ​មុខ​ទៀត​តែ​ប៉ុណ្ណោះ។ បន្តកាន់​អំណាច ​ព្រម​ជាមួយ​នឹង​ការ​ពង្រឹង​ក្តោបក្តាប់​ នៅ​តាម​ស្ថាបន័​ធំៗ ​ ដែល​ទាំង​នេះ​ គឺ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ​ជា​ដំណើរ​ឈាន​ទៅ​រក​របប​ដឹកនាំ​ផ្តាច់ការ។

បើយើង​ក្រឡេក​មក​មើល​ការ​ពិត​ជាក់​ស្តែង ​គឺថា ​អស់​រយៈ​ពេល​៤ខែ​មក​ហើយ​ ដែល​ប្រជាជន​វ៉េណេស៊ុយអេឡា​រាប់សែន​នាក់​ នៅតាម​ទីក្រុង​ធំៗ ​បាន​ធ្វើ​បាតុកម្ម​សឹងតែ​ជា​រៀងរាល់​ថ្ងៃ ​ដើម្បី​ទាមទារ​ឲ្យ​លោក ​ម៉ាឌុយរ៉ូ ​ចុះចេញ​ពី​តំណែង។ លោក ​ម៉ាឌុយរ៉ូ ​ដែល​ជា​មនុស្ស​មក​ពី​បក្ស​សង្គម​និយម​ បន្ត​តំណែង​ពី​លោក ​អ៊ុយហ្គោ ឆាវ៉េស​ នោះ ​បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១៣។ បន្តិច​ម្តងៗ​ វ៉េណេស៊ុយអេឡា ​ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​នៅ​អាមេរិក​ឡាទីន ​​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​។​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ ​ឆ្នាំ​២០១៥​ គណបក្ស​សង្គម​និយម​របស់​លោក ​ម៉ាឌុយរ៉ូ​ បាន​ចាញ់​ឆ្នោត ​ ហើយ​សម្លេង​ភាគ​ច្រើន​ក្នុង​សភា ​ត្រូវ​បាន​ទៅ​ខាង​បក្ស​ប្រឆាំង។​

មិនត្រឹម​តែ​មិន​ទទួល​ខុសត្រូវ​ ពី​ចំណុច​អសកម្ម​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ លោក​ម៉ាឌុយរ៉ូ​ បែរ​ជា​ចោទ​គណបក្ស​ប្រឆាំង ​និង​អាមេរិក ​ថា​បាន​រៀបចំ​ចង់​ផ្តួល​រំលំ​លោក​ទៅ​វិញ។ ការ​បោះឆ្នោត​ប្រធានាធិបតី​ នឹង​ត្រូវ​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៨​ខាង​មុខ។ ដូចនេះ​ ដោយ​ខ្លាច​ចាញ់​ឆ្នោត ​លោក​ម៉ាឌុយរ៉ូ ​បាន​រៀបចំ​ ឲ្យ​ការ​បោះឆ្នោត​បង្កើត​សភា​ធម្មនុញ្ញ​នេះ​ឡើង ​ដើម្បី​រំលាយ​សភា​ចាស់​ចោល ​ហើយ​រៀបចំ​ធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី ​បន្ត​កាន់​តំណែង​ត​ទៅ​ទៀត។

នីតិវិធី​បោះឆ្នោត ​ដែល​ចំលែក ​និង​លំអៀង

សភាធម្មនុញ្ញ ​ដែល​លោក​ ម៉ាឌុយរ៉ូ​ ចង់​បាន​នេះ ​មាន​សមាជិក​៥៤៥​នាក់ ​ដែល​នឹង​ត្រូវ​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ទី ​២ខែ​សីហា ​ហើយ​ដោយ​ពុំមាន​អាណត្តិ​កំណត់​ថា​ចប់​នៅ​ពេលណា​ទេ។ ចំណែក​រដ្ឋសភា ​ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៥​ ដែល​តំណាង​រាស្ត្រ​ភាគ​ច្រើន​ ជា​មនុស្ស​របស់​បក្ស​ប្រឆាំង​នោះ ​នឹង​ត្រូវ​រំលាយ​ចោល។

មាន​បេក្ខជន​ឈរ​ឈ្មោះ ​ចំនួន​៦១២០​នាក់។ តាម​គោលការណ៍​ បេក្ខជន​ឈរ​ឈ្មោះ ​ទាំង​នោះ ​មិន​ត្រូវ​ជា​សមាជិក​នៃ​បក្ស​នយោបាយ​ណាមួយ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ​តាម​ក្រុម​សង្កេត​ការ​របស់​គណបក្ស​ប្រឆាំង ​​បាន​លើក​ឡើង​ថា ​គេ​ឃើញ​មាន​ឈ្មោះ​អ្នក​នយោបាយ​គ្រាក់ៗ ​ស្និត​នឹង​លោក​ប្រធានាធិបតី ​ម៉ាឌុយរ៉ូ ​ជាច្រើន​នាក់ ​ហើយ​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​សឹង​តែ​ទាំង​អស់​ គឺ​សុទ្ធ​តែ​ជា​សកម្មជន ​របស់​គណបក្ស​សង្គម​និយម ​ឬអ្នក​គាំទ្រ​លើកជើង​រដ្ឋាភិបាល​លោក ​ម៉ាឌុយរ៉ូ។

ក្នុង​ចំណោម​បេក្ខជន​ជាប់​ឆ្នោត​ទាំង​៥៤៥ ​គឺ​មាន​៣៦៤​នាក់ ​ជា​បេក្ខជន​តំណាង​ឲ្យ​មណ្ឌល​នីមួយៗ ​តែ​ពុំមែន​​សមាមាត្រ​ទៅតាម​ចំនួន​ប្រជាជន​នៅ​តាម​មណ្ឌល​នោះ​ទេ។ ឃុំឬ​សង្កាត់​មួយ​ ត្រូវ​បោះឆ្នោត​រើស​បេក្ខជន​ម្នាក់​ ទោះ​មាន​ប្រជាជន​ប៉ុន្មាន​ក៏​ដោយ ​លើកលែង​តែ​តាម​ទីក្រុង​ធំៗ ​ដែល​ត្រូវ​រើស​បេក្ខជន​ពីរ​នាក់។

ចំណែក​បេក្ខជន​១៧៣​នាក់​ផ្សេង​ទៀត ​ នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស ​ទៅតាម​ប្រភេទ​សហគម​សង្គម​ ដែល​ខ្លួន​តំណាង​ ឧទាហរណ៍​បេក្ខជន​តំណាង​សហគម​មន្ត្រី​បុគ្គលិក​រដ្ឋ​ ក្រុម​អ្នក​ចូល​និវត្តន៍​ និស្សិត ​​កសិករ​ ជន​ពិការ ​ឬ​ពាណិជ្ជករ​ជា​ដើម។ ដូច្នេះ​មានន័យ​ថា ​មនុស្ស​ម្នាក់​ អាច​មាន​សិទ្ធិ​បោះឆ្នោត​២ដង ​គឺទីមួយ​បោះ​រើស​អ្នក​តំណាង​មណ្ឌល​មូលដ្ឋាន​របស់​ខ្លួន ​ហើយ​ទីពីរ ​គឺ​បោះ​រើស​អ្នក​តំណាង ​នៃ​ក្រុម​ប្រភេទ​សង្គម ​របស់​រៀងៗ​ខ្លួន។

ចំនុចទាំង​នេះ គឺ​វា​ចំលែក​មិន​ប្រក្រតី​ទេ ​ទីមួយ​មនុស្ស​ម្នាក់​ បោះឆ្នោត​បាន​ពីរ​ដង ​ហើយ​មួយ​ទៀត​ គឺ​ការ​កំណត់​ចំនួន​បេក្ខជន​ ដោយ​មិន​សមាមាត្រ​ ទៅនឹង​ចំនួន​ប្រជាជន​នៃ​មូលដ្ឋាន។ ឧទាហរណ៍ ​រដ្ឋ​ដាច់​ស្រយ៉ាល ​ឈ្មោះ ​Falcon ​ដែលនៅ​ភាគ​ខាង​ជើង​ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង​ ត្រូវ​បោះឆ្នោត​រើស​​បេក្ខជន​ដល់​ទៅ​២៦​នាក់។ រី​ឯ​ទីក្រុង​ការ៉ាកាស ​ដែល​មាន​ប្រជាជន​ដល់​ទៅ​ជាង​២លាន​នាក់​ ត្រូវ​បោះឆ្នោត​រើស​បេក្ខជន​តែ​៧នាក់​ប៉ុណ្ណោះ។

បោះឆ្នោត​សភា​ធម្មនុញ្ញ ​ដោយ​មិន​បាន​ធ្វើ​ប្រជាមតិ​ សួរចិត្ត​ប្រជាជន​ជាមុន

សម្រាប់​បក្ស​ប្រឆាំង ​ទាំងអស់​នេះ​​​ គឺ​ជា​ឆាក​ល្ខោន​សុទ្ធសាធ។ គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ​ដែល​ស្ថិត​នៅ​ក្រោម​ឃ្លៀក ​របស់​លោក​ប្រធានាធិបតី​ បាន​រៀបចំ​នីតិវិធី​បោះឆ្នោត​នេះ ​ដើម្បី​លៃធ្វើ​យ៉ាង​ណា ​ឲ្យ​សមាជិក​នៃ​សភា​ធម្មនុញ្ញថ្មី​នេះ ​ជា​មនុស្ស​ដែល​គាំ​ទ្រ​លោក​ម៉ាឌុយរ៉ូ​ ច្រើន​បំផុត។ គេ​ដឹង​ថា ​តាម​ស្រុក​ស្រែ​ចំការ​ជនបទ ​គឺ​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល ​រឺ​ឯ​អ្នក​នៅ​តាម​ក្រុង​ធំៗ​វិញ ​សុទ្ធ​តែ​ជា​ប្រជាជន​ដែល​តវ៉ា​រិះ​គន់​លោក​ម៉ាឌុយរ៉ូ។ ដូច្នេះ​ហើយ ​បាន​ជា​គេ​រៀប​ឲ្យ​តាម​តំបន់​ដាច់​ស្រយ៉ាល ​មាន​បេក្ខជន​តំនាង​ច្រើន​ជាង​នៅ​តាម​ក្រុង។ បូក​បន្ថែម​ជាមួយ ​មនុស្ស​ម្នាក់​ អាច​បោះ​ឆ្នោត​បាន​២ដង ​ផង​ទៀត​នោះ ​គឺ​លោក​ម៉ាឌុយរ៉ូ ​នឹង​ត្រូវ​ប៉ាន់​គ្រប់​ទឹក​តែ​ម្តង។

ការ​ធ្វើ​ពហិការ​ របស់​បក្ស​ប្រឆាំង​ គឺ​ផ្អែក​លើ​ហេតុផល​មួយ​ទៀត ​ដែល​សំខាន់ ​គឺថា ​ការ​បោះឆ្នោត​សភា​ធម្មនុញ្ញ ​បាន​ប៉ះពាល់​ដល់​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ គេ​មិន​អាច​សុខៗ ​មក​រៀបចំ​រំលាយ​សភា ​ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ស្រប​ច្បាប់​ ហើយ​ឈាន​ទៅ​បង្កើត​សភា​ធម្មនុញ្ញ ​ដើម្បី​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​តាម​តែ​ចិត្ត​ចង់​បាន​ទេ។ គេ​អាច​ធ្វើ​ទៅ​បាន​ ល្គិក​ណា​សួរ​ចិត្ត​ប្រជាពល​រដ្ឋ​ជា​មុន​សិន។ នេះ​ទើប​ហៅថា​ជា​លិទ្ធិ​ប្រជាធិបតេយ្យ។ ជាក់​ស្តែង​លោក​ អ៊ុយហ្គោ ​ឆាវ៉េស ​បាន​ធ្វើ​ប្រជាមតិ​នៅ​ឆ្នាំ​៩៩​ ដើម្បី​សួរ​ចិត្ត​ប្រជាពលរដ្ឋ​ មុន​នឹង​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ។ តែ​ផ្ទុយ​ទៅ​វិញ ​លោក ​ម៉ាឌុយរ៉ូ ​មិន​បាន​ធ្វើ​ប្រជាមតិ​សួរ​ចិត្ត​ប្រជាជន​ថា ​ចង់​បាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​ឬ​ក៏​អត់ទេ ​គឺគាត់​សម្រេច​តែ​ម្នាក់​ឯង​គត់។

បញ្ហា​ចោទ​នៅ​ពេល​នេះ ​គឺ​ថា​ក្រុម​បក្ស​ប្រឆាំង ​ពុំមាន​ជម្រើស​អ្វី​ ក្រៅតែ​ពី​បំផុស​ឲ្យ​ប្រជាជន​ ធ្វើ​បាតុកម្ម​តវ៉ា​ទូទាំង​ប្រទេស​ទេ។ ចំណែក​ខាង​បក្ស​ពួក​លោក ​ម៉ាឌុយរ៉ូ ​ គេ​ក្តោបក្តាប់​អំណាច​តុលាការ ​និង​កម្លាំង​ទ័ព​ពេញ​ដៃ។ ដូច្នេះ ​ទោះ​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​នេះ ​ទៅ​ជា​យ៉ាងណា ​បញ្ហា​ចលាចល ​វិបត្តិ​នយោបាយ​ ចំនួន​មនុស្ស​ស្លាប់ ​ដោយ​ការ​បង្ក្រាប​បាតុកម្ម ​នឹង​កើន​ជា​ហូរហែរ។ ស្រប​ពេល​នេះ ​ប្រជាជន​វ៉េណេស៊ុយអេឡា ​កំពុង​រស់​ក្នុង​ភាព​ចលាចល ​ដោយ​សារ​ខ្វះ​ទំនិញ​គ្រប់​មុខ​ គ្មាន​ថ្នាំពេទ្យ ​គ្មាន​ចំណូល ​ហើយ​អ្នក​ខ្លះ ​បាន​ភៀសខ្លួន​ ទៅ​ប្រទេស​ជិត​ខាង​ ជា​បណ្តើរៗ​ ទៀតផង។ វា​ជា​រឿង​មួយ ​មិន​អាច​ទទួល​យក​បាន​ទេ ​ព្រោះ​វ៉េណេស៊ុយអេឡា ជា​​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ នៅ​ទ្វីប​អាមេរិក​ខាងត្បូង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ