អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា៖​ ប្រធានាធិបតី​ម៉ាឌុយរ៉ូ គំរាម​ឲ្យ​កងទ័ព ​ត្រូវតែ​ស្មោះ​ត្រង់​នឹង​លោក​

លោក Nicolas Maduro ប្រធានាធិបតី​​វ៉េណេ​ស៊ុយអេឡា​
លោក Nicolas Maduro ប្រធានាធិបតី​​វ៉េណេ​ស៊ុយអេឡា​ REUTERS/Marco Bello

បន្ទាប់ពី​បាន​រៀប​ចំ​បង្កើត​សភា​ធម្មនុញ្ញ ​ដើម្បី​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​ថ្មី ​ទៅ​តាម​ការ​ចង់បាន​របស់​ខ្លួន​នោះ ​លោក​ម៉ាឌុយរ៉ូ ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​ទើប​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ចំពោះ​មុខ​កងទ័ព​ជាតិ​ថា ​ក្នុង​កាលៈទេសៈ​នេះ​ កងទ័ព​ត្រូវតែ​ស្មោះស្ម័គ្រ​នឹង​លោក​ មិន​ត្រូវ​បែបបាក់​គ្នា​ឡើយ។ លោក​ម៉ាឌុយរ៉ូ ​ក៏បាន​លើកឡើង ​អំពី​គំរោង​ឈ្លានពាន ​របស់​កងទ័ព​អាមេរិក​ ដែល​ចង់​មក​ផ្តួល​រំលំ​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា។

ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅ​ចំពោះមុខ​ មេទ័ព​ធំៗ​រាប់រាយ​នាក់ ​ លោក​ម៉ាឌុយរ៉ូ ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​បាន​និយាយ​ថា៖​​ "ស្ថិត​ក្នុង​កាលៈទេសៈ​បែបនេះ ​​ គ្រប់គ្នា​ត្រូវ​តែ​ចាប់ដៃ​គ្នា ​ដើម្បី​ការពារ​ប្រទេស។ ពេល​នេះ ​មិនមែន​​ជា​ពេល ​ដែល​ត្រូវ​បែកបាក់​គ្នា​ទេ។ បើ​នរណា​ម្នាក់ ​ដែល​មិន​មាន​ចិត្ត​ស្មោះត្រង់ ​ត្រូវ​តែ​ដើរ​ចេញ​ពី​ជួរ​កង​ទ័ព​ជា​បន្ទាន់ "។

លោក​ម៉ាឌុយរ៉ូ ​បាន​ឆ្លៀត​ឱកាស​នោះ ​លើកឡើង​អំពី​ការ​គំរាម​ របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ កាលពី​ ២​សប្តាហ៍​មុន​ ដែល​ថា ​កងទ័ព​អាមេរិក​ អាច​នឹង​ធ្វើ​ប្រតិបត្តិការ​ ផ្តួល​រំលំ​របប​ផ្តាច់ការ​របស់​វ៉េណេស៊ុយអេឡា។ លោក​បន្ថែម​ថា ​អាមេរិក​ មាន​គម្រោង​បិទ​ច្រក​ចេញ​ចូល​តាម​សមុទ្រ ​មិន​ឲ្យ​វ៉េណេស៊ុយអេឡា​ នាំប្រេង​យក​ទៅ​លក់ ​ទៀត​ផង។ ក្នុងន័យ​នេះ ​លោក​ម៉ាឌុយរ៉ូ ​បាន​បំផុសបំផុល​កងទ័ព​ ​ឲ្យ​មាន​កំហឹង​ជាតិ​និយម ​ចាប់ដៃ​សាមគ្គី​គ្នា​នៅ​ពី​ក្រោយ​ខ្លួន​ ដើម្បី​តតាំង​នឹង​នយោបាយ​ចក្រព័ត្រ​ឈ្លានពាន​ របស់​សហរដ្ឋ​អាមេរិក។

សូម​បញ្ជាក់​ថា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ​ដែល​វ៉េណេស៊ុយអេឡា ​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ យ៉ាង​ធ្ងន់ធ្ងរ។ ប្រជាជន​រាប់សែន​នាក់​ បាន​ធ្វើ​បាតុកម្ម​ជា​ប្រចាំ​អស់​រយៈ​ពេល​៤​ខែ​មក​នេះ​ ដើម្បី​ទាមទារ​ឲ្យ​លោក​ម៉ាឌុយរ៉ូ ​ចុះចេញ​ពី​តំណែង។ ការ​បង្ក្រាប​បាតុកម្ម ​ដោយ​ប្រើ​កំលាំង​ទាហាន ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១២៥​នាក់ ​ក្នុង​រយៈ​ពេល​៤ខែ​នេះ។

មិនត្រឹម​តែ​មិន​បាន​ចុះចាញ់ ​នឹង​ការ​តវ៉ា​របស់​ប្រជាជន ​លោក​ប្រធានាធិបតី​ម៉ាឌុយរ៉ូ ​បាន​រំលាយ​រដ្ឋសភា ​ហើយ​បាន​រៀប​ចំ​បង្កើត​សភា​ធម្មនុញ្ញ​មួយ​ ដើម្បី​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ ទៅតាម​ការ​ចង់បាន​របស់​ខ្លួន។ សកម្មភាព​ឈាន​ទៅរក​ ការ​ដឹកនាំ ​​ដោយ​អំណាច​ផ្តាច់ការ​នេះ ​ត្រូវ​បាន​សហគម​អន្តរជាតិ​ រិះគន់​លោក​ម៉ាឌុយរ៉ូ ​នឹង​បក្ស​ពួក​ជា​ខ្លាំង។

កន្លង​មក​កងទ័ព​វ៉េណេស៊ុយអេឡា ​តែងតែ​នៅ​ពី​ក្រោយ ​គាំទ្រ​លោក​ម៉ាឌុយរ៉ូ​ជានិច្ច។ តែ​ប្រឈមមុខ​នឹង​ការ​រិះគន់​ជាច្រើន​ ព្រម​ទាំង​មាន​ការ​អំពាវនាវ​ ពី​ក្រុម​គណបក្ស​ប្រឆាំង​ផង​នោះ​ មាន​ពាក្យ​ចចាម​អារ៉ាម​ខ្លះ ​លើក​ឡើង​ថា ​កងទ័ព​កំពុង​តែ​បែកបាក់​ផ្ទៃ​ក្នុង។ ជាមួយ​នឹង​ការ​គំរាម​ ​ឲ្យ​កងទ័ព​ ត្រូវតែ​ស្មោះ​នឹងខ្លួន​ នា​ពេល​នេះ ​លោក​ម៉ាឌុយរ៉ូ ​ចង់​លេង​សន្លឹក​បៀរ​ចុងក្រោយ ​តាម​រយៈ​ការ​បំផុស​គំនិត​ជាតិ​និយម​ ឲ្យ​កងទ័ព​ស្អប់​អាមេរិក​ ហើយ​និង​តាមរយៈ​​ការ​បោស​សម្អាត​មេ​ទាហាន ​ដែល​មាន​គំនិត​ចង់​ប្រឆាំង​នឹង​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ