អានតួអត្ថបទ

អាមេរិក និង អ៊ីរ៉ង់ ធ្វើ​ការ​ដោះដូរ​អ្នក​ទោសគ្នា ម្ខាង​ម្នាក់

នៅលើទំព័រ Twitter របស់លោក​Javad Zarif មានបង្ហោះរូបថត​ប៉ុន្មាន​សន្លឹក ស្តីពី​ការ​ធ្វើដំណើរ​​ត្រលប់​មក​អ៊ីរ៉ង់វិញ របស់​លោក Massoud Soleimani
នៅលើទំព័រ Twitter របស់លោក​Javad Zarif មានបង្ហោះរូបថត​ប៉ុន្មាន​សន្លឹក ស្តីពី​ការ​ធ្វើដំណើរ​​ត្រលប់​មក​អ៊ីរ៉ង់វិញ របស់​លោក Massoud Soleimani Twitter@Javad Zarif

កាលពីថ្ងៃសៅរ៍ ទៅ​៧ធ្នូ សហរដ្ឋអាមេរិក និង​ អ៊ីរ៉ង់ បានប្រកាសរៀងៗខ្លួន ថាប្រទេសទាំង២ បានធ្វើការដោះដូរអ្នកទោសគ្នា ម្ខាងម្នាក់។ អាមេរិកបានដោះលែង អ្នកទោសជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Massoud Soleimani ចំណែកអ៊ីរ៉ង់វិញ បានដោះលែងអ្នកទោសជនជាតិអាមេរិក ដើមកំណើតចិនម្នាក់ ឈ្មោះ Wang Xiyue។ គួរកត់សំគាល់ថា នេះគឺជាករណីកម្របំផុត ដែលប្រទេសទាំង២ និយាយត្រូវរូវគ្នា ព្រមព្រៀងដោះលែងអ្នកទោស ខណៈដែលកាលៈទេសៈពេលនេះ ប្រទេសទាំង២កំពុងគំរាមសំឡុតគ្នាទៅវិញទៅមក។

ផ្សាយពាណិជ្ជកម្ម

រសៀលថ្ងៃសៅរ៍​ ទៅ៧ធ្នូ នៅលើទំព័រ Twitter លោក Javad Zarif រដ្ឋមន្ត្រី​ក្រសួងការបរទេសអ៊ីរ៉ង់ បានសរសេរថា៖ សប្បាយចិត្តណាស់ បន្ទាប់ពីបានដឹងថា លោកសាស្ត្រាចារ្យ Massoud Soleimani និងលោក Wang Xiyue នឹងអាចត្រលប់ទៅជួបជុំក្រុមគ្រួសារវិញ។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សរសេរបន្ថែមថា លោកសូមអរគុណ មន្តី្រការទូតស្វីស ដែលបានដើរតួជាអាជ្ញាកណ្តាល សម្រេចកិច្ចការនេះ ព្រោះស្វីស​ជាតំណាងឲ្យរដ្ឋាភិបាលអាមេរិក ប្រចាំនៅអ៊ីរ៉ង់ ក្រោយពេលដែលអាមេរិក និងអ៊ីរ៉ង់ ផ្តាច់ចំណងការទូតនឹងគ្នានៅឆ្នាំ១៩៧៩។

ប្រមាណ​មួយម៉ោងក្រោយ លោកដូណាល់ ត្រាំ បានលិខិតមួយ ដោយបានប្រកាសថា លោក Wang Xiyue កំពុងតែធ្វើដំណើរត្រលប់មកផ្ទះ ជួបជុំក្រុមគ្រួសារនៅសហរដ្ឋ​អាមេរិក​វិញហើយ។ ក្នុងលិខិតដដែល លោកដូណាល់ ត្រាំ ក៏បានឆ្លៀតអរគុណរដ្ឋាភិបាលស្វីស ដែលតែងតែជួយសម្របសម្រួល ការពារផល​ប្រយោជន៍អាមេរិក។

សូមរំលឹកថា លោក Wang Xiyue ជនជាតិអាមេរិក ដើមកំណើតចិន គឺជាអ្នកស្រាវជ្រាវ សរសេរនិក្ខេបបទថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យ Princeton។ លោកត្រូវបានអាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួន នៅពេលដែលលោកចុះទៅស្រាវជ្រាវនៅអ៊ីរ៉ង់ នៅឆ្នាំ២០១៦។ តុលាការអ៊ីរ៉ង់ បានកាត់ទោស​លោក ឲ្យជាប់ពន្ធនាគារ​១០ឆ្នាំ ពីបទធ្វើចារកិច្ច។ ចំណែកលោក Massoud Soleimani សាស្ត្រាចារ្យជនជាតិអ៊ីរ៉ង់ ជាអ្នក​ស្រាវជ្រាវជំនាញកោសិកា សរីរាង្គ​។ លោក Massoud Soleimani ត្រូវបានសមត្ថកិច្ចអាមេរិក ចាប់ឃាត់ខ្លួន នៅឯព្រលានយន្តហោះChicago នៅខែ​តុលា ឆ្នាំ២០១៨ ដោយចោទថាលោកបានបន្លំបញ្ជូនសមាធាតុជីវសាស្ត្រ ចេញពីអាមេរិក ទៅអ៊ីរ៉ង់។

គួរកត់សំគាល់ថា ការព្រមព្រៀងគ្នា ដោះលែងអ្នកទោសទៅវិញទៅមក រវាងអ៊ីរ៉ង់ និងអាមេរិកនេះ គឺជារឿងកម្រណាស់។ ជាពិសេសទៀតនោះ គឺក្នុងពេលនេះទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់ បានឈានមកដល់ដំណាល់កាលមួយ ធ្ងន់ធ្ងរ គំរាមប្រើកម្លាំងដាក់គ្នាទៅវិញទៅមក។

សូមបញ្ជាក់ដែរថា ទោះយ៉ាងនេះក្តី អ៊ីរ៉ង់នៅបន្តបង្ឃាំងជនជាតិអាមេរិកជាច្រើននាក់ទៀត​ ដោយចោទពីបទធ្វើចារកិច្ចស៊ើបការសំងាត់។ ក្នុងនោះមានដូចជា ឪពុកកូន២នាក់ ​ជនជាតិអាមេរិក ដើមកំណើតអ៊ីរ៉ង់ Mohammed Bagher Namazi និង Siamak Namazi ដែលត្រូវតុលាការអ៊ីរ៉ង់ កាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ។ អតីតទាហានអាមេរិកម្នាក់ ឈ្មោះ Michael R. White ក៏កំពុងជាប់ឃុំនៅអ៊ីរ៉ង់ដែរ ហើយចំណែកអ្នកស៊ើបការណ៍FBI ម្នាក់ ឈ្មោះ Robert Levinson បានបាត់ខ្លួននៅអ៊ីរ៉ង់ គ្មានដំណឹងសោះ។ ចំណែក អាមេរិកវិញ ក៏​កំពុងបង្ឃាំង​ អ្នកទោសជនជាតិអ៊ីរ៉ង់ជាច្រើននាក់ដែរ ដោយចោទពីបទបំពាននឹងទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែលអាមេរិកបាន​ដាក់ទៅលើអ៊ីរ៉ង់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ