អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

"ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់" ជា​​ សិទ្ធិមនុស្ស

ប្រជាជន​ជិត​មួយ​ពាន់​លាន​នាក់​គ្មាន​ទឹក​ស្អាត​បរិភោគ
ប្រជាជន​ជិត​មួយ​ពាន់​លាន​នាក់​គ្មាន​ទឹក​ស្អាត​បរិភោគ Pnue

បន្ទាប់​ពី​ពិភាក្សា​វែកញែក អស់​រយៈ​ពេល​ជិត ១៥​ឆ្នាំមក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ អង្គការ​សហប្រជាជាតិបាន​ប្រកាស​ទទួល​ស្គាល់​សិទ្ធិ​ទទួល​ទឹក​ស្អាត​ប្រើ​ប្រាស់ ប្រកប​ដោយ​គុណភាព​ និងមាន​​ប្រព័ន្ធ​ត្រឹមត្រូវ ថា​ជា​ "សិទ្ធិ​មួយ​របស់​មនុស្ស" ​លោកទូទៅ និង​ជា​ចំណែក​មួយ​នៃ​ច្បាប់​សិទ្ធិមនុស្ស។

ផ្សាយពាណិជ្ជកម្ម

ប្រទេសចំនួន ១២២​បានបោះ​ឆ្នោត​គាំទ្រ​ ទទួល​ស្គាល់​ថា​ “ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់” គឺ​ជា​សិទ្ធិ​​មួយ​របស់​មនុស្ស​លោក និង​៤១​ប្រទេស​ បាន​បោះ​ឆ្នោត​អនុប្បវាទ។ សិទ្ធិ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ ដែលជា​ការ​​ផ្តួច​ផ្តើម​​ និង​តាក់តែង​ឡើង​ដោយ​ប្រទេស​បូលីវី បាន​លេច​ចេញ​ជា​រូប​រាង​ បន្ទាប់មានការ​ពិភាក្សា​ និង​តស៊ូ​មតិ​អស់​រយៈ​ពេល​ជិត​១៥​ឆ្នាំ ដោយ​ចែង​ថា “សិទ្ធិ​ទទួល​បាន​ទឹក​ស្អាត ប្រកប​ដោយគុណ​ភាព​ និង​អនាម័យ គឺ​ជា​សិទ្ធិ​របស់​មនុស្ស ! ទឹក​ជា​ប្រភព​នៃ​ការ​រស់​រាន​មាន​ជីវិត​!”

យោង​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិនេះ មាន​ប្រជាជន​ប្រមាណ​ជាង​៨៨៤​លាន​នាក់​គ្មាន​ទឹកស្អាត​ប្រើប្រាស់ និង​ជាង​២៦០០​លាន​នាក់​គ្មាន​បណ្តាញ​​និង​ប្រព័ន្ធ​ទឹក​ស្អាត និង​បន្ទប់​អនាម័យ​ ហើយ​ក្នុង​មួយ​ឆ្នាំៗ មាន​កុមារ​ជាង​ពីរលាន​នាក់​ត្រូវ​ស្លាប់ ដោយ​ជំងឺ​បង្ក​ឡើង​ពី​ទឹក​កខ្វក់ និង​គ្មាន​អនាម័យ។

ដូច្នេះ​ ថ្ងៃ​ពុធ​ទី ២៨​កក្កដា ២០១០ ម្សិលមិញ អាច​ចាត់​ទុក​ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​​សំរាប់​ពិភពលោក ! ពិភពលោក​ដែល​បោះ​ជំហាន​ទៅ​រក​ផ្លូវ​ល្អ ទៅ​រក​សន្ធិសញ្ញា​មួយ​ស្តី​ពី​ទឹក នៅ​ថ្ងៃ​អនាគត ! ​អតីត​ទី​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ទឹក​ស្អាត លោកស្រី Barlow បាន​អប​អរ​ ​ស្វាគមន៍​​ និង​​អរគុណ​ដល់​បណ្តា​ប្រទេស​ធំៗ មាន​ជា​អាទិ៍​ប្រទេស​ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ​ ប្រេស៊ីល ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ចិត្ត​នេះ ប៉ុន្តែ​ខក​ចិត្ត​នឹង​​ប្រទេស​កាណាដា (ប្រទេស​កំណើត​របស់​លោក​ស្រី) ដែល​បោះ​ឆ្នោត​អនុប្បវាទ។

ប្រទេស​ខ្លះ​មិន​គាំទ្រ​ច្បាប់​ថ្មី​នេះ ដោយ​ហេតុ​តែ​ខ្លាច​ត្រូវ​ចំណាយ​បង់​ប្រាក់ ព្រោះ​សេចក្តី​សម្រេច​ចិត្ត​ថ្មី​នេះ បាន​អំពាវ​នាវ​ឲ្យ​​ប្រមុខ​ដឹក​នាំ​នៅ​លើ​ពិភពលោក​​អនុវត្ត​ឲ្យ​បាន​កិច្ច​សន្យា​របស់​ខ្លួន​កាលពី​ឆ្នាំ ២០០០ កាត់​បន្ថយ​ឲ្យ​បាន​ពាក់​កណ្តាល​ ពី​ពេល​នេះ​ដល់​ឆ្នាំ ២០១៥ ចំនួន​មនុស្ស​គ្មាន​ទឹក​ស្អាត​បរិភោគ និង​បាន​សំណូម​ពរ​ឲ្យ​ប្រទេស​អ្នកមាន និង​អង្គការ​អន្តរជាតិ​ទាំង​អស់​​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ សំរាប់​ផលិត និង​កសាង​ប្រព័ន្ធ​​ទឹកស្អាត មាន​គុណភាព​ទៅ​​ឲ្យ​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ