អានតួអត្ថបទ

NASA ភ្នាក់ងារ​អវកាស​អាមេរិក​រកឃើញ​មាន​ទឹកហូរ​​នៅ​លើ​ភព​អង្គារ

រូបថត​ផ្តល់​ដោយ​ភ្នាក់ងារ​អវកាស​អាមេរិក​បញ្ជាក់​ពី​វត្តមាន​ទឹក​ហូរ​នៅភព​អង្គារ
រូបថត​ផ្តល់​ដោយ​ភ្នាក់ងារ​អវកាស​អាមេរិក​បញ្ជាក់​ពី​វត្តមាន​ទឹក​ហូរ​នៅភព​អង្គារ AFP/NASA/AFP

ភ្នាក់ងារ​អវកាស​អាមេរិក ចេះ​ទាក់ទាញចំណាប់​អារម្មណ៍​​ពិភពលោក​​ណាស់ ! ​តាម​ប្រព័ន្ធសង្គម​ Twitter NASA បាន​អះអាងថា​​នឹង​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​ដ៏​សំខាន់​មួយ​​ទាក់ទង​នឹង​របក​គំឃើញ​វិទ្យាសាស្ត្រ​នៅ​​ភពអង្គារ។ ការ​បំប៉ោង​ព័ត៌មាន​មាន​គ្រប់យ៉ាង ហើយទើប​តែ​នៅ​ចន្ទ​ម្សិលមិញ ដែល​ភ្នាក់ងារ​អវកាស​អាមេរិក បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ ក្នុង​ទស្សនាវដ្តី « Nature Geoscience » ថា​មាន​ទឹកជា​វត្ថុ​រាវហូរ​​នៅលើ​​ផ្ទៃនៃ​ភព​អង្គារ។

ផ្សាយពាណិជ្ជកម្ម

ជា​វត្ថុ​រាវ​ហូរ​នៅ​តាម​ជ្រលង​ភ្នំ និង​ខ្ពង់រាប​របស់​ភព​អង្គារ។ វត្ថុ​រាវនេះ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កំណត់​ឃើញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ! ហើយ​វា​បាត់ និង​ឃើញ​វិញ ទៅ​តាម​វដ្ត​រដូវ​ តែ​គេ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ភាព​អាថ៌កំបាំង​ត្រូវ​បាន​ទម្លាយ ព្រោះ​វត្ថុ​រាវ​នោះ គឺ​ជា​ទឹក ! ជា​ទឹក​ប្រៃ​! ជាតិ​អំបិល ដែល​បាន​ធ្វើ​ឱ្យ​ទឹក​រលាយ​ ​ ហូរ នៅ​មាន​អាកាសធាតុ​ក្តៅល្មម។

 
អ្នក​វិទ្យាសាស្ត្រ​បាន​ដឹងរួច​មកហើយ​ថា​មាន​ទឹក​នៅ​លើភព​អង្គារ ប៉ុន្តែ​ជា​ទឹកកក ដូច​នៅ​តំបន់​ប៉ូល។ ឥលូវ​ក្តី​ស្រមៃ​បានក្លាយ​ជាការពិត នៅ​ពេល​នេះ គេ​បាន​រក​ឃើញ​ពិត​ថា​មាន​ទឹក​ ជា​វត្ថុរាវ ហូរ​លើ​ភព​អង្គារ។

​មាន​ទឹក គឺ​អាច​ជា​ប្រភព​​ជីវិត ?!

មិន​ទេ ! សរីរាង្គ​មនុស្ស​មិន​អាច​រស់​បាន​ដោយ​ទឹក​ប្រៃ​ឡើយ នេះ​បើ​យោង​ទៅ​តាម​ពិសោធន៍​ជីវិត​មនុស្ស​នៅ​លើ​ភពផែនដី និង​​ម្យ៉ាង​ទៀត បើ​​​បរិមាណ​ទឹក​មិនគ្រប់គ្រាន់ ក៏​មិន​អាច​បង្ក​ឱ្យ​មាន​ជីវិត​រស់​រាន​បាន​ដែរ ថ្វីបើ​ជីវិត​សត្វ​រុក្ខជាតិ​ខ្លះ​អាច​ត្រដររស់​នៅ​កន្លែង​រាំង​ស្ងួត​ខ្លាំង​មែនទែន​ក៏​ដោយ។  

បើ​មាន​ទឹក ត្រូវ​មាន​ប្រភព ? នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​កំពុង​រក​ចម្លើយ។ មាន​លទ្ធភាព​ពីរ នៅ​លើ​ និង​នៅ​ក្រោម​ដី។ បរិយាកាស​ភពអង្គារ មាន​លក្ខណៈ​ក្តៅ​និង​ស្ងួត​ហួត​ហែង​ខ្លាំង​ណាស់ ដែល​មិន​អាច​ជា​ប្រភព​ផ្តល់​ទឹក​ឡើយ ឬ​ត្រូវ​សិក្សា​លម្អិត​អំពី​ធាតុ​ផ្សំ​នៃ​បរិយាកាស​ឱ្យ​បាន​ស៊ីជម្រៅ ក្រែង​អាច​មាន​ករណី​ មាន​សន្សើម​នាពេល​ព្រឹក​ព្រលឹម។

ប៉ុន្តែ​សេចក្តី​សន្និដ្ឋាន ដែល​អាច​យក​ជា​បាន​ច្រើន​ជាង​គេ​ គឺ​ប្រភព​ទឹក​ក្រោម​ដី។ នេះ​ជា​​មូលហេតុ​ដែល​នាំ​ឱ្យ​គេ​គិត​ថា​ភព​អង្គារ​ពី​មុន ជា​ភពមាន​សំណើម មាន​មហាសមុទ្ទ និង​ទន្លេ។ តែ​ថ្ងៃ​នេះ ទឹក​ហួត​អស់​ ទៅ​ក្នុង​ខ្យល់​ ឬ​ កក​អស់​ដូច​នៅ​តំបន់ប៉ូល។ អ្វី​ដែល​គេ​មិន​អាច​ច្រាន​ចោល​បាន​ទាំង​ស្រុង គឺ​ភព​អង្គារ​អាច​មាន​លាក់​នៅ​ឡើយ​ប្រភព​ទឹក​ ក្រោម​ដី  ដូច​ភព​ផែនដី​យើង​ដែរ។

នេះ​ជា​ដានដែល​ត្រូវ​​ធ្វើ​ការ​ស្រាវជ្រាវ​ស្វែង​រក​បន្ត​ទៀត ប៉ុន្តែ​​ណាហ្សា​មិន​អាច​ទៅ​យក​ទឹក​នោះមក​ភពផែនដី​បាន ព្រោះមិន​​អាច​សម្លាប់មេរោគអស់ ឬ​នាំ​មេរោគ​មក​ភពផែនដី​ចម្លង​មនុស្ស។

ជា​ចុងក្រោយ បេសកកម្ម​របស់​ភ្នាក់ងារ​អវកាស​អឺរ៉ុប បញ្ជូន​យានយន្ត​ទៅ​ខួង​ដី​ភពអង្គារ​​ពីរ​ម៉ែត្រ​ មាន​គម្រោង​​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ