អានតួអត្ថបទ
កូឡុំប៊ី

កូឡុំប៊ី៖​រដ្ឋាភិបាល និង​ចលនា Farc ចុះ​ហត្ថលេខា​លើ​កិច្ចព្រៀង​សន្តិភាព​ដែល​ទើប​កែប្រែ​ថ្មី

កូឡុំប៊ី៖រដ្ឋាភិបាល និងចលនា Farc ចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពដែលទើបកែប្រែថ្មី
កូឡុំប៊ី៖រដ្ឋាភិបាល និងចលនា Farc ចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពដែលទើបកែប្រែថ្មី REUTERS/John Vizcaino

នៅ​ក្នុង​ប្រទេស​កូឡុំប៊ី រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម Farc ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ទើប​បាន​កែប្រែ​ឡើង​វិញ។ គឺ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បិទបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ជាង ៥០ឆ្នាំ​រវាង​រដ្ឋាភិបាល​ទីក្រុង​បូហ្គោតា និង​ពួក​ឧទ្ទាម Farc។ អ្វី​ជា​ការ​កត់សម្គាល់ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា​នេះ​មិន​សូវ​មាន​លក្ខណៈ​ធំធេង​ដូច​កាល​ពី​ថ្ងៃទី២៦ កញ្ញា​កន្លង​ទៅ​ទេ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា​នេះ រដ្ឋាភិបាល​បាន​រៀបចំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ដោយ​មាន​ការ​ចូលរួម​ពី​ជនរងគ្រោះ​ក្នុង​សង្រ្គាម អតីត​ប្រធានាធិបតី ក្រុម​អ្នកច្បាប់ និង​ក្រុម​អ្នកតំណាង​សមាគម​សង្គម​ប៉ុណ្ណោះ ពោល​មិន​ដូច​ការ​រៀបចំ​កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា​កន្លង​ទៅ​ដែល​មាន​ការ​អញ្ជើញ​មនុស្ស ២ ៥០០នាក់ ក្នុង​នោះ​មាន​ប្រមុខ​រដ្ឋ​បរទេស ១៥រូប រួម​ទាំង​ប្រមុខ​រដ្ឋាភិបាល​បរទេស និង​មន្រ្តីបរទេស​ជា​ច្រើន​រូប​នោះ​ទេ។ ការ​រៀបចំ​ជា​លក្ខណៈជាតិ​ក៏​ដោយ​សារ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ចុះ​ហត្ថលេខា​ពេល​នេះ​ជា​កិច្ចព្រមព្រៀង​ចាស់​ដែល​ទើប​បាន​កែប្រៃ បំពេញ​បន្ថែម​លើ​ចំណុច​ខ្វះខាត​មួយ​ចំនួន។

ចំណុច​បំពេញ​បន្ថែម​រួម​មាន ការ​លើកលែង​ទោស​ដល់​ពួក​ឧទ្ទាម​ថ្នាក់ទាប បង្កើត​ឲ្យ​មាន​គណៈកម្មការ​សច្ចៈភាព និង​តុលាការ​សន្តិភាពពិសេស ឬ​មួយ​បង្កើត​ឲ្យ​មាន​នយោបាយ​សម្រាប់​ការ​បែងចែក​ដីធ្លី​ជា​ដើម។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ជម្លោះ​ប្រដាប់​អាវុធ​រវាង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​គ្រប់ប្រភេទ​ជាង​កន្លះ​សតវត្ស​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៦ម៉ឺននាក់ បាត់ខ្លួន​ប្រមាណ​ជា ៦០ ០០០នាក់ និង​មាន​អ្នក​រត់ភៀសខ្លួន​ជិត ៧លាននាក់។ ម្យ៉ាង​ទៀត កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ចុះ​ហត្ថលេខា​ដំបូង​ក្នុង​ថ្ងៃទី២៦ កញ្ញា និង​ចុះ​ជា​ថ្មី​ក្នុង​ថ្ងៃ​នេះ​បន្ទាប់​ពី​បាន​កែប្រៃ គឺ​ជា​កិច្ចព្រមព្រៀង​ដែល​បាន​រក​ឃើញ​កាល ពី​ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០១៥។

កំណត់​សម្គាល់​មួយ​ទៀត ការ​ដែល​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម Farc បាន​ព្រមព្រៀង​គ្នា​ធ្វើ​ការ​កែប្រៃ និង​បំពេញ​បន្ថែម​លើ​ចំណុច​ខ្វះខាត​ក៏​ដោយសារ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ចាស់​ត្រូវ​បាន​ពលរដ្ឋ​កូឡុំប៊ី​បោះឆ្នោត​ប្រឆាំង​នា​ការ​បោះឆ្នោត​ប្រជាមតិ​កន្លង​មក។ យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀង​សន្តិភាព​កែប្រែ​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​សភា​ពិនិត្យ និង​ឲ្យ​សច្ចាប័ន្រ។ រីឯ​បក្សប្រឆាំង​នៅ​តែ​អះអាង​ថា ពួក​គេ​នឹង​បន្ត​ប្រឆាំង​កិច្ចព្រមព្រៀង​សន្តិភាព​ទើប​កែប្រែ​ថ្មី​ដោយ​គេ​យល់​ឃើញ​ថា នៅ​មាន​ចំណុច និង​មាត្រា​ជា​ច្រើន​ដែល​ត្រូវ​កែប្រែ​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ