អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អង្គ​បោះឆ្នោត អាច​ជំទាស់​មិន​ឱ្យ​លោក ដូណាល់ ត្រាំ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​បាន​ឬ​?

សំឡេង ០៦:៥៥
អង្គ​បោះឆ្នោត​ត្រូវ​សម្រេច​នៅ​ថ្ងៃនេះ ថា​តើ​ត្រូវ​ផ្តល់​ទំនុកចិត្ត​លើ​លោក ត្រាំ ឱ្យ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ឬទេ ?
អង្គ​បោះឆ្នោត​ត្រូវ​សម្រេច​នៅ​ថ្ងៃនេះ ថា​តើ​ត្រូវ​ផ្តល់​ទំនុកចិត្ត​លើ​លោក ត្រាំ ឱ្យ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ឬទេ ? REUTERS/Lucas Jackson

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ ពិតប្រាកដ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃចន្ទ​ទី ១៩ ធ្នូ នេះ​ទេ ! ​កាលពី​ថ្ងៃទី ៨ វិច្ឆិកា ប្រជាពលរដ្ឋ​អាមេរិក​ បាន​​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង ឬ​អង្គ​បោះឆ្នោត ដែល​មាន​ភារៈ​សម្រេច​ចិត្ត​ចុងក្រោយ​ ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ នៅ​ថ្ងៃ​នេះ​។ ដើម្បី​បាន​​ក្លាយ​ជា​ប្រធានាធិបតី គេ​ត្រូវ​ការ​ប្រមូល​សំឡេង​អ្នក​តំណាង ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២៧០ ក្នុង​ចំណោម​អង្គ​បោះឆ្នោត​សរុប ៥៣៨​នាក់។ ថ្វី​បើតាម​លទ្ធផលផ្លូវការ លោក ដូណាល់ ត្រាំ ប្រមូល​បាន​អ្នក​តំណាង ៣០៦ ឯលោកស្រី គ្លីនតុន ២៣២នាក់ ប៉ុន្តែ​​ចលនា​ប្រឆាំង​ មាន​ជាអាទិ៍​បក្ស​ប្រជាធិបតេយ្យ និង​សមាជិក​បក្ស​សាធារណរដ្ឋ​ខ្លះ កំពុង​ប្រឹង​បញ្ចូល​បញ្ចូល​អង្គ​បោះឆ្នោត​ឱ្យ​ប្តូរចិត្ត ដើម្បី​​ទប់​ស្កាត់​មិន​ឱ្យ​លោក ដូណាល់ ត្រាំ បាន​ឡើង​ជា​ប្រធានាធិបតី​អាមេរិក​បាន។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ៨ វិច្ឆិកា ប្រជាពលរដ្ឋ​អាមេរិក​ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ ប៉ុន្តែ​មិនមែន​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​​ដោយ​ផ្ទាល់​ទេ​!  ​ជា​ការ​បោះឆ្នោត​ជ្រើសរើសតំណាង​ ឬ​​អង្គ​បោះឆ្នោត ក្នុង​រដ្ឋ​របស់​ខ្លួន។ អង្គ​បោះឆ្នោត ឬ​អ្នក​តំណាង​នេះ ដែល​មានចំនួន​សរុប ៥៣៨​រូប ត្រូវ​ទៅ​បោះឆ្នោត​បន្ត និង​សម្រេច នៅ​ថ្ងៃចន្ទ​ ​កណ្តាលខែ​ធ្នូ (ថ្ងៃចន្ទ​បន្ទាប់ពុធទីពីរ​នៃ​ខែ​ធ្នូ) ដើម្បី​ជ្រើសរើស​ជា​ផ្លូវការ​ប្រធានាធិបតី និង​អនុប្រធានាធិបតី សម្រាប់​មក​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី ២០ មករា។ នេះ​ជា​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ដែល​មាន​ចែង​តាំង​ពី​ឆ្នាំ​១៧៨៧​មក។

អង្គបោះឆ្នោត​ជា​នរណា ?

ចំនួន​អង្គ​បោះឆ្នោត ប្រែប្រួលទៅ​តាមរដ្ឋនីមួយៗ ស្រប​តាម​​សមមាត្រចំនួន​ពលរដ្ឋ ពោល​គឺដូច​គ្នា​នឹង​ចំនួន​ព្រឹទ្ធសភា (ពីរនាក់) និង​តំណាង​រាស្ត្រ​សភារបស់​រដ្ឋ។ រដ្ឋ​ដែល​មានពលរដ្ឋ​រស់​នៅ​ច្រើន ដូច​យ៉ាង កាលីហ្វ័រនី មាន​អ្នក​តំណាង​ដល់​ទៅ ៥៥នាក់ ឯ​រដ្ឋ​អាឡាស្កា​មាន​តែ​បីរូប។

ការ​ជ្រើសរើស​អ្នក​តំណាង ឬ​អង្គ​បោះឆ្នោត ក៏​ខុស​គ្នា​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ដែរ ប៉ុន្តែ​ជា​ទូទៅ​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​សកម្ម​ខ្លាំង​ក្នុង​​នយោបាយ។ អង្គបោះឆ្នោត​នេះ ត្រូវបាន​ជ្រើស​តាំង​ដោយ​បក្ស (បក្ស​សាធារណរដ្ឋ ឬ​បក្ស​ប្រជាធិបតេយ្យ) នៅ​ក្នុង​ពេល​បើក​សមាជបក្ស​ថ្នាក់​រដ្ឋ ឬ​ដោយ​គណៈកម្មការកណ្តាល​របស់​បក្ស។ អ្នក​តំណាង មាន​គ្រប់​សណ្ឋាន ខ្លះ​ជា​សមាជិក​រដ្ឋបាល ជា​មន្ត្រីរដ្ឋ​ការ ឬ​សាស្ត្រាចារ្យ ...តែ​មិនស្ថិត​នៅ​ក្នុង​ព្រឹទ្ធ​សភា​ ឬ​សមាជិក​ការិយាល័យ​រដ្ឋ​​សហព័ន្ធ​។

ការ​បោះឆ្នោត​មាន​​ដំណើរការ​​យ៉ាង​ដូចម្តេច​?

​អង្គ​បោះឆ្នោត​ត្រូវ​ទៅ​ជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​នៃ​រដ្ឋរបស់​ខ្លួន​ នៅ​ថ្ងៃ​ចន្ទ​ទី ១៩​នេះ ដើម្បី​ធ្វើការ​បញ្ចេញ​សំឡេង តាម​រយៈ​សន្លឹក​ឆ្នោត​ដែល​មាន​ត្រា​បញ្ជាក់ និង​បិទ​ជិត​ឈឹង​ ផ្ញើ​បញ្ជូន​ទៅ​ឱ្យ​ប្រធាន​ព្រឹទ្ធ​សភាអាមេរិក។ ព្រឹទ្ធសភា​ដែល​នឹង​ត្រូវ​បើក​រាប់​សន្លឹក​ឆ្នោត​នោះ​ នៅ​ថ្ងៃទី ៦ មករា ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ ពិសេស។ ជាការ​​បោះឆ្នោត​រក​សំឡេង​ភាគ​ច្រើន​ដាច់​ខាត មាន​ន័យ​ថា បេក្ខជន​ប្រធានាធិបតី ត្រូវ​ប្រមូល​សំឡេង​ឱ្យ​បាន ២៧០​ ក្នុង​ចំណោម​ ៥៣៨ ត្រូវ​ឈ្នះ។ ប្រសិនបើ​គ្មាន​បេក្ខជន​ណា​ដណ្តើម​បាន​សំឡេង​ភាគ​ច្រើន​ដាច់ខាតទេ នោះ គឺ​សភា​ជា​អ្នក​តែង​តាំង​ប្រធានាធិបតី​ថ្មី ក្នុង​ចំណោម​បេក្ខជន​បី​នាក់​​ដែល​នាំ​មុខ​គេ ក្នុង​ការ​បោះឆ្នោតថ្ងៃទី ៨ វិច្ឆិកា ដ៏​គគ្រឹកគគ្រេង។

នេះ​ជា​ដំណើរការ​​បោះឆ្នោត​ប្រធានាធិបតី ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ រាប់សតវត្ស​រ៍​ហើយ។ ប៉ុន្តែ​ឆ្នាំ​នេះ គ្រប់​គ្នា​បាន​បន្ត​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​របស់​អ្នក​តំណាង​ទៀត​ ក៏​ព្រោះ​លោក ដូណាល់ ត្រាំ ដែល​បាន​ប្រកាស​ជោគជ័យ ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រធានាធិបតីអាមេរិក​ទី ៤៥​ ​ប្រមូល​បាន​ចំនួន​អង្គ​បោះឆ្នោត​ដល់​ទៅ ៣០៦ ឈ្នះលោកស្រី គ្លីនតុន ​ជាគូប្រជែងមែន តែ​បាន​ទទួល​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​តិច​ជាង ដល់​ទៅ ២លាន​កន្លះ​នាក់។ ករណី​បែប​នេះ​ធ្លាប់​កើត​ឡើង​ម្តង​ពីរ​ដែរ ចុងក្រោយ​គឺ​ពេល​ប្រធានាធិបតី​ហ្ស័ក ឌុបបែលយូប៊ូស នៃ​បក្ស​សាធារណរដ្ឋ​ឈ្នះ​លោក អាល់ ហ្ក័រ​នៃ​បក្ស​ប្រជាធិបេតយ្យ​ កាលពី​ឆ្នាំ​២០០០។

ប៉ុន្តែ​លើ​នេះ​ទំនង​មក​មាន​រឿង​អាស្រូវ វាយប្រហារ​តាម​អ៊ីនធ័រនែត​ពី​រុស្ស៊ី​ផង និង​បញ្ហា​បុគ្គលលោក ត្រាំ​ ផង ទើប​បំផុស​ភាព​សង្ស័យ​ឡើង។ ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ពលរដ្ឋ​សំឡឹង​ឃើញ​បុគ្គលិកលក្ខណៈ​របស់​លោក ត្រាំ ហាក់​ដូច​ជាមិន​​សមរម្យ​​ជា​ប្រធានាធិបតី​អាមេរិក​សោះ។ ពួក​គេ​ជិត​៥លាន​នាក់ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ ធ្វើ​ជា​រនាំង​ កុំ​បោះឆ្នោត​ជូន​លោក ដូណាល់ ត្រាំ។

តើ​ក្រុម​អ្នក​តំណាង អាច​បោះឆ្នោត​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ បានដែរឬទេ ?

គ្មាន​ច្បាប់សហព័ន្ធ​​អាមេរិក​ណា​ចែង​ហាមឃាត់ទេ ! គ្មាន​ច្បាប់​ធម្មនុញ្ញ​ណា ដាក់​បង្ខំ​ឱ្យ​អង្គ​បោះឆ្នោត​នោះ ត្រូវ​តែ​សម្រេចចិត្ត​ស្រប​ឬ​ប្រឆាំងនឹង​ឆន្ទៈ​ពលរដ្ឋ​ឡើយ ! ប៉ុន្តែ​នៅ​ក្នុង​រដ្ឋ​ខ្លះ គេ​មាន​កំហិត​ដាក់​ពិន័យ​ ដល់​អ្នក​តំណាង​ដែល​គ្មាន​ភក្តីភាព​នឹង​ពលរដ្ឋ​ ដោយ​ពិន័យ​ជា​ប្រាក់​ ឬ​ដាក់​ទណ្ឌកម្ម​ ... ឯ​រដ្ឋ​ចំនួន ២១​ផ្សេង​ទៀត គ្មាន​ចេញ​បម្រាមអ្វី​ទាំង​អស់។ ពួក​គេ​អាច​​សម្រេច​អ្វី​ទៅ​តាម​សម្បជញ្ញៈ​របស់​គេ។

យ៉ាង​ណា​ក៏​ដោយ ក៏​សង្កេត​ឃើញ​ថា វា​ជា​ការ​កម្រ​បំផុត ដែល​អង្គបោះឆ្នោត​ក្បត់​ឆន្ទៈ​ពលរដ្ឋ​។ គិត​ចាប់​តាំង​ពី​ដើម​សតវត្សរ៍​ទី ២០​មក គេ​រាប់​ឃើញ​មាន​អ្នក​តំណាង​៩​រូប​ប៉ុណ្ណោះ មិន​បាន​បោះឆ្នោត​តាម​អ្វី​ដែល​បាន​សន្យា ប៉ុន្តែ​សំឡេង​នោះ​មិន​បាន​ប្តូរផ្លាស់​លទ្ធផលចុងក្រោយទេ។

តើ​គេ​អាច​​ច្រាន​ លោក ដូណាល់ ត្រាំ មិន​ឱ្យ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​បាន ?

ក្រុម​អ្នក​ចាញ់ នៃ​បក្ស​ប្រជាធិបតេយ្យ និង​ក្រុម​អ្នក​ប្រឆាំង​ក្នុង​បក្ស​សាធារណរដ្ឋ នៅ​តែ​បន្ត​មាន​សង្ឃឹម និង​ប្រឹង​បញ្ចុះបញ្ចូល​ អង្គ​បោះឆ្នោត​នៃ​បក្ស​សាធារណរដ្ឋ ឱ្យ​ធ្វើ​ការ​ប្តូរ​ចិត្ត។

ប៉ុន្តែ​សេណារីយោ​នេះ ដូច​ជា​ពិបាក​ចេញ​រួច​ណាស់ ! ក្នុង​នាម​ជា​អ្នក​នយោបាយ​ពួក​គេ ត្រូវ​ការ​គោរព​ឆន្ទៈ​របស់ពលរដ្ឋ​ក្នុង​រដ្ឋ​របស់​ខ្លួន។ ហើយម្យ៉ាង​ទៀត អ្នក​សាធារណរដ្ឋ​ហាក់​មើល​មិន​ឃើញ​ប្រយោជន៍​អ្វី​ដែល​ត្រូវ​បោះឆ្នោត​ប្រឆាំង​ទេ ព្រោះ​ទាំង​សភា និង​ព្រឹទ្ធសភា សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​សាធារណរដ្ឋ​ទាំង​អស់។ មួយ​ចំណែក​ទៀត ​ក្រុម​អ្នក​ប្រឆាំង ត្រូវ​​ការបញ្ចុះ​បញ្ចូល​​អ្នក​តំណាង​ចំនួនដល់​ទៅ​ ៣៧​រូប កុំ​បោះឆ្នោត​ឱ្យ​លោកត្រាំ។

ថ្វី​បើ​អ្នក​សាធារណរដ្ឋ​ផ្ទាល់ ជា​ច្រើន​ក្រុម បាន​និង​កំពុង​ ប្រឹង​អូសទាញ អ្នក​តំណាង​មែន ប៉ុន្តែ​មក​ទល់​ពេល​នេះ​ម៉ោង​នេះ គេ​ឃើញ​មាន​អ្នក​តំណាងនៃ​បក្ស​សាធារណរដ្ឋ​​តែ​ម្នាក់​គត់ មក​ពី​រដ្ឋ​តិចសាស់ លោក Chris Suprun បាន​ប្រកាស​ដោយ​ចំហ​ថា​នឹង​មិន​បោះឆ្នោត​ឱ្យ​លោក ត្រាំ។ អង្គ​បោះឆ្នោត​ គ្មាន​ឱកាស​ពិភាក្សា​គ្នា​ទេ ហើយ​ម្នាក់ៗ​បោះ​តែ​នៅ​ក្នុង​រដ្ឋ​ខ្លួន ដោយ​គ្មាន​ការ​ព្រមព្រៀង​គ្នា​យ៉ាង​ដូច្នេះ លទ្ធផល​ឆ្នោត​ថ្ងៃចន្ទនេះ មាន​សំណាង​ប្តូរ​ស្ថានការណ៍​តិច​តួច​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ