អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មុនអស់អំណាច​លោក​អូបាម៉ា​ឆ្លៀត បង្កើត​ច្បាប់​ដើម្បី​ខ្ទាស់​ជើង​លោក​ត្រាំ

សំឡេង ០៦:០៧
Reuters

លោក​បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារ បាន​ចេញ​អនុក្រឹត្យ​មួយ ដែល​សំដៅ​ហាមឃាត់ ជារៀងរហូត មិន​ឲ្យ​មាន​ការជីកខួង ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន​ ក្នុង​មហាសមុទ្រ​ទឹកកក​អាក់ទិក ហើយ​និង​អាត្លង់ទិក។ អនុក្រឹត្យ​របស់​លោក​អូបាម៉ា បាន​រង​ការរិះគន់​ខ្លាំងពី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​អាមេរិក ដែល​បាន​សង្ឃឹម​រួចហើយ ថា អនាគត​ប្រធានាធិបតី លោក​ដូណាល់ ត្រាំ នឹង​សើរើ លុប​ចោល​អនុក្រឹត្យ របស់លោក​អូបាម៉ា ដើម្បី​ជំរុញ​អាជីវកម្ម​ប្រេង ដែល​លោក​ត្រាំ ធ្លាប់​សន្យា ក្នុង​យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត​កន្លងមក។ តើ​អនុក្រឹត្យ ការពារ​បរិស្ថាន​របស់​លោកអូបាម៉ា​នឹង​អាច​មាន​ជីវិត​ដែរ​ឬទេ នៅ​ក្នុង​អាណត្តិ​របស់​លោក​ដូណាល់ ត្រាំ? 

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​បាន​ជ្រើសរើស​យក​ការការពារ​បរិស្ថាន​ជា​នយោបាយ​អាទិភាព​ក្នុង​អាណត្តិ​របស់លោក បាន​ចេញ​អនុក្រឹត្យ មួយ ដែល​មាន​គោលដៅ ហាមឃាត់ មិន​ឲ្យ​គេ​ជីកខួង ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន ជារៀងរហូត ក្នុង​ដែនទឹក​អាមេរិក នៅ​មហាសមុទ្រ​ទឹកកក​អាក់ទិក ហើយនិង​នៅ​មហាសមុទ្រ​អាត្លង់ទិក។

 
“អនុក្រឹត្យ​នឹង​ជួយ​ការពារ​បរិស្ថាន និង​ជីវសាស្រ្ត នៅ​តំបន់​ប៉ូល​ខាងជើង” នេះបើតាម​ការពន្យល់​របស់លោក​អូបាម៉ា នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ។ ទៅតាម អនុក្រឹត្យ​របស់​ប្រធានាធិបតី រាល់​ការជីក​ធ្វើ​អាជីវកម្ម​ថ្មី នៅក្នុង​តំបន់​ទឹក​អាមេរិក ក្បែរ​រដ្ឋអាឡាស្កា ក្នុង​មហាសមុទ្រ​ទឹកកក​អាក់ទិក នឹង​ត្រូវ​គេ​ហាមឃាត់​មិនឲ្យមាន​ជា​រៀងរហូត។

កន្លងមក លោក​អូបាម៉ា​ធ្លាប់​បាន​ព្រលយ​ឲ្យ​ដឹង​ពី​បំណង​របស់លោក ដើម្បី​បង្កើត​តំបន់​ការពារ​បរិស្ថាន នៅ​មហាសមុទ្រ​ទឹកកក​អាក់ទិក។ ប៉ុន្តែ អ្វីដែល​ថ្មី នៅពេលនេះ គឺ​លោក​បាន​ដាក់ពាក្យ​ថា ជារៀងរហូត មិនឲ្យ​គេ​ជីកធ្វើ​អាជីវកម្ម​ប្រេង​នៅក្នុង​ដែនសមុទ្រ​អាមេរិក ក្នុង​មហាសមុទ្រ​អាក់ទិក។ ទៅតាម​អនុក្រឹត្យ តំបន់​ដែល​គេ​ហាម​មិន​ឲ្យ​មាន​ជីក​អណ្តូង ខួង​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន មាន​ទំហំ ៥០​លាន​ហិចតា។ សម្រាប់​លោកអូបាម៉ា វិធានការ​មួយ​នេះ​ធ្វើឡើង​ដើម្បី​ការពារ​បរិស្ថាន​ធម្មជាតិ ការពារ​ជីវិត​សត្វ ទាំងនៅក្នុង​ទឹក និង​លើ​ទឹកកក​អាក់ទិក ដែល​កំពុង​ឈាន​ទៅរក​ការវិនាសផុតពូជ ដូចជា​ខ្លាឃ្មុំស​ជាដើម។

នៅភាគី​កាណាដា នាយករដ្ឋមន្រ្តី​លោក​ចាស្ទីន ទ្រុយដូរ​សរសេរ​នៅក្នុង​Twitterថា កាណាដា​បាន​ប្រកាស​ជាមួយ​អាមេរិក​ចាត់វិធានការ​ការពារ​ជីវិត​ជីវសាស្រ្ត​នៅក្នុង​មហាសមុទ្រ​អាក់ទិក។ ខុស​ពី អាមេរិក​ដែល​បាន​ហាម​ជារៀងរហូត កាណាដា​បាន​បង្កើតច្បាប់​ហាមឃាត់​មិន​ឲ្យ​ជីករុករក ប្រេង នៅ​អាក់ទិក ដែល​មាន​អាយុ ត្រឹម ៥​ឆ្នាំ។ មានន័យថា នៅក្រោយ​៥​ឆ្នាំ គេ​អាច​ពិចារណា ឡើងវិញ​ថា តើ​ត្រូវ​បន្ត​ការហាមឃាត់​ដែរឬទេ។

បើតាម​លោកអូបាម៉ា គេ​ត្រូវ​បង្កើត​តំបន់​អភិរក្ស ក្នុង​តំបន់ទឹកកក​អាក់ទិក ព្រោះថា បទពិសោធន៍​កន្លងមក​បង្ហាញថា កំហុស​របស់​មនុស្ស ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ​ប្រេង នៅក្នុង​ពេល​ជីក​ប្រេង បាន​សម្លាប់​ជីវិតសត្វ និង​បំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។

ក្រុម​ការពារ​បរិស្ថាន​ពិភពលោក​ទាមទារ​ឲ្យ​គេ​ការពារ​តំបន់​ទឹកកក​អាក់ទិក​ពីការ​ធ្វើ​អាជីវកម្ម​ជីករកប្រេង និង​ឧស្ម័នង
ក្រុម​ការពារ​បរិស្ថាន​ពិភពលោក​ទាមទារ​ឲ្យ​គេ​ការពារ​តំបន់​ទឹកកក​អាក់ទិក​ពីការ​ធ្វើ​អាជីវកម្ម​ជីករកប្រេង និង​ឧស្ម័នង http://www.greenpeace.org/russia

អនុក្រឹត្យ​ដែល​ប៉ះពាល់​ប្រយោជន៍​ក្រុមហ៊ុន​មិត្តភក្តិ​របស់លោក​អនាគត​ប្រធានាធិបតី​ដូណាល់ ត្រាំ
អនុក្រឹត្យ​របស់លោក​អូបាម៉ា បាន​ទទួល​ការស្វាគម​ច្រើន​ពី​ក្រុមអ្នកការពារ​បរិស្ថាន ប៉ុន្តែ ជាមួយគ្នានោះ ក៏​រង​ការរិះគន់​ខ្លាំងណាស់ដែរ​ពី​ក្រុមហ៊ុន​ប្រេង​នៅ​អាមេរិក។ ចង់ ឬ​មិនចង់ អនុក្រឹត្យ​របស់លោក​អូបាម៉ា ដែល​ចង់​បង្កើត​តំបន់​ការពារ មិន​ឲ្យ​គេ​ជីក​រក​ប្រេង នៅ​អាក់ទិក ពិត​ជា​ប៉ះពាល់​ខ្លាំង​មុនគេ​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​ជា​គ្នីគ្នា​របស់លោក​ត្រាំ ជាពិសេស អនាគត ប្រមុខការទូត​អាមេរិក​ផ្ទាល់ គឺ លោក​Rex Tillerson ដែល​ជា​មហាសេដ្ឋីប្រេង និង​ដែល​កំពុង​សហការ ជាមួយ​ក្រុមហ៊ុនឧស្ម័ន​រុស្ស៊ី ដើម្បី​ជីករក​ប្រេង និង​ឧស្ម័ន នៅក្នុង​មហាសមុទ្រ​អាក់ទិក ក្នុងដែល​ទឹក​របស់​រុស្ស៊ី។

វិទ្យាស្ថាន​ប្រេង​អាមេរិក វិញដែល​តំណាង​ឲ្យ​ផលប្រយោជន៍​ឧស្សាហកម្ម​ប្រេង នៅអាមេរិក បាន​បន្ទោស​លោកអូបាម៉ា​ដែល​បាន​បង្កើត​ចេញច្បាប់ ដោយ​ប្រថុចញ៉ុច គ្មានបាន​គិតគូរ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក។ តាម​វិទ្យាស្ថានប្រេង​អាមេរិក អនុក្រឹត្យ​របស់លោក​អូបាម៉ា ដែល​បិទ​ហាម​មិន​ឲ្យគេ​ធ្វើ​អាជីវកម្ម​នៅ​មហាសមុទ្រ​អាក់ទឹក មិន​ត្រឹមតែ​បំផ្លាញ​ការងារធ្វើ​របស់​ប្រជាជន​អាមេរិកាំង​តែប៉ុណ្ណោះទេ ប៉ុន្តែ វានឹង​ធ្វើ​ឲ្យ​អាមេរិក​នៅ​តែ​ពឹងផ្អែក​ទៅលើ​ការផ្គត់ផ្គង់​ថាមពល​ពី​បរទេស។

ទៅតាមការវាយតម្លៃរបស់​ក្រុមហ៊ុន​អាមេរិកាំង តំបន់​អាក់ទឹក ក្នុង​ដែន​គ្រប់គ្រង​របស់​អាមេរិក មាន​សក្តានុពល​ផ្គត់ផ្គង់​ប្រេង​ប្រមាណ ២៧ពាន់​លាន​បារ៉ីល និង​មាន​ឧស្ម័ន ធម្មជាតិ​ក្រោមទឹកកក ប្រមាណ ១៣២​ពាន់ពាន់ ពាន់​លាន​ម៉ែត្រគូប។ ក្រុមហ៊ុន​ប្រេង​អាមេរិក​រំពឹង​ថា នឹង​យក​ប្រេង​និង ឧស្ម័ន​ទាំងនេះ នឹង​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​អាមេរិក។

តើ​អនុក្រឹត្យ ការពារ​បរិស្ថាន​របស់​លោកអូបាម៉ា​នឹង​អាច​មាន​ជីវិត​រស់ដែរឬទេ នៅ​ក្នុង​អាណត្តិ​របស់​លោក​ដូណាល់ ត្រាំ
អនុក្រឹត្យ​របស់លោកអូបាម៉ា គឺ​ប្រៀប​បាន​នឹង​ឆ្អឹង​ទទឹង ក ដែល​លោក​បាន​បន្សល់​ទុក​ឲ្យ​ដូណាល់ ត្រាំ។ នៅ​តែ​មួយខែ​ទៀត​ប៉ុណ្ណោះ លោក​អូបាម៉ា នឹងដើរ​ចេញ​ពី​សេតវិមាន អស់​អំណាច​ជា​ប្រធានាធិបតី។ ដូច្នេះ ក្នុង​ពេល​មួយខែ​ចុងក្រោយ ដែល​លោក​នៅ​ជា​ប្រធានាធិបតី​អាមេរិកនៅឡើយ លោកអូបាម៉ា​ខំ​ឆ្លៀតពេល​ ដើម្បី​ចេញ​អនុក្រឹត្យ​ការពារ​បរិស្ថាន ឲ្យ​រួចផុត​ពី​មហិច្ឆតា កណ្តាប់ដៃ​ក្រុមហ៊ុន​ប្រេង ដែលភាគច្រើន ​ជា​មិត្ត​របស់​អនាគត​ប្រធានាធិបតី​ដូណាល់ ត្រាំ។

លោក​អូបាម៉ា​ដឹងច្បាស់​ថា បើ​លោក​មិន​ចេញ​អនុក្រឹត្យ​នៅពេលនេះ នោះ​លោក​ដូណាល់ ត្រាំ ដែល​មិន​ខ្វល់​នឹង​រឿង​បរិស្ថាន និង​ដែល​ធ្លាប់​សន្យា​ជំរុញ​ការធ្វើ​អាជីវកម្ម​ប្រេង ច្បាស់​ជា​ចេញច្បាប់​ឲ្យ​ក្រុមហ៊ុន​ប្រេង​ធ្វើខួង​រុករក​ប្រេង និង​ឧស្ម័ន នៅ​តំបន់​អាក់ទិក​មិនខាន។លោក​អូបាម៉ា ចេញ​អនុក្រឹត្យ​បិទផ្លូវ ហាម​មិនឲ្យ​គេ​ជីក ធ្វើអាជីវកម្ម​រ៉ែ គឺមិនខុស​អី​ពី​នយោបាយ​ដាល់​ចំ​កណ្តាលមុខ​របស់​អនាគត​លោក​ដូណាល់ ត្រាំនោះទេ។ លោកត្រាំធ្លាប់​បាន​សន្យា​ម្តងហើយ ម្តងទៀត ថា នឹង​លុបចោល បម្រាម​របស់​លោកអូបាម៉ា កន្លងមក ដែល​បាន​រារាំង ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ប្រេង ក្នុង​ហេតុផល​ការពារ​បរិស្ថាន។

វិទ្យាសា្ថន​ប្រេង​អាមេរិក​បាន​និយាយ​រួចហើយថា គេ​នឹង​ប្តឹង និង​ទាមទារ​ឲ្យ​អនាគត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ លុបចោល​អនុក្រឹត្យ​របស់លោក​អូបាម៉ា។ ប៉ុន្តែ បើតាម​អ្នកជំនាញ​ជាច្រើន អនាគត​ប្រធានាធិបតី​ លោកត្រាំ ដែល​សន្យា​ជំរុញ​អាជីវកម្ម​ប្រេង នៅ​អាមេរិក គឺ​មិនងាយ​នឹង​អាច​សើរើ លុបចោល​អនុក្រឹត្យ​របស់​លោក​អូបាម៉ាបាន​ទេ ព្រោះថា លោកអូបាម៉ា បាន​បង្កើត​អនុក្រឹត្យ​នេះ ដោយ​យោង​ទៅលើ​ច្បាប់​អាមេរិក ឆ្នាំ ១៩៥៣ ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​មាន​សិទ្ធិ​បង្កើត​តំបន់​ការពារ ក្នុង​សមុទ្រ។

ដោយសារ​តែ​អនុក្រឹត្យ​ត្រូវ​បង្កើតឡើង​ទៅតាមច្បាប់ ដូច្នេះ បើសិន​លោក​ត្រាំ​ចង់​សើរើ នោះ​លោកត្រាំ​ត្រូវតែ​ឆ្លងកាត់​ការប្តឹងផ្តល់​នៅ​តុលាការ ពោល​គឺ​គ្មាន​សិទ្ធិ​ចេញ​អនុក្រឹត្យ​ថ្មី ដើម្បី​លុបចោល​អនុក្រឹត្យ​ចាស់​របស់​លោក​អូបាម៉ា​បាន​នោះទេ។ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក វា​កម្រណាស់ ដែល​ប្រធានាធិបតី​អាច​តវ៉ា សើរើ​ចង់​លុប​ចោល​អនុក្រឹត្យ​របស់​ប្រធានាធិបតី​មុន ព្រោះថា ដើម្បី​ធ្វើ​ដូច្នេះ គឺ​ត្រូវឆ្លងកាត់​ការប្តឹងផ្តល់​តាម​ផ្លូវ​តុលាការ។ ម្យ៉ាងទៀត ការប្តឹងផ្តល់ ដើម្បី​ឈាន​ទៅលុបចោល​អនុក្រឹត្យ​របស់លោកអូបាម៉ា ទំនង​ជា​នឹង​មិន​ធ្វើ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​ទេ ព្រោះថា ខួង​អណ្តូងប្រេង​នៅ​មហាសមុទ្រ​អាក់ទិក តាមពិត​ទៅ​មិន​សូវ​ជា​សំខាន់ និង​អាទិភាព​នោះទេ។ គេ​បាន​ប៉ាន់ស្មាន​ថា ការជីករុករក​ប្រេង​នៅ​មហាសមុទ្រ​អាក់ទិក គឺ ថ្លៃ មិន​ចំណេញ ហើយ​និង​ពិបាកខួង ជាង​ក្នុងទឹក​ធម្មតា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ