អានតួអត្ថបទ
សហរដ្ឋអាមេរិក

ស្ថាបនិក​របស់​Wikileaks​ចោទប្រកាន់ ទីភ្នាក់ងារ​CIA ថា អសមត្ថភាព

លោក​ជូលៀន អាសាញជ៍​ស្ថាបនិក​Wikileaks នៅ​បន្ត​សំងំ​លាក់ខ្លួន​នៅ​ស្ថានទូត​អេក្វាទ័រ ក្នុង​ប្រទេស​អង់គ្លេស
លោក​ជូលៀន អាសាញជ៍​ស្ថាបនិក​Wikileaks នៅ​បន្ត​សំងំ​លាក់ខ្លួន​នៅ​ស្ថានទូត​អេក្វាទ័រ ក្នុង​ប្រទេស​អង់គ្លេស REUTERS/Peter Nicholls/File Photo

នៅ​ពីរ​ថ្ងៃ​ក្រោយ​ចេញផ្សាយ​ឯកសារ​សម្ងាត់​របស់​ទីភ្នាក់ងារចារកម្ម​អាមេរិក CIA លោក​ជូលៀន អាសង់ ស្ថាបនិក​របស់​វិបសៃតិ៍ វីគីលីក បាន​ចេញមុខ​រិះគន់ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​CIA ថា អសមត្ថភាព ដែល​នាំ​ទៅ​បំផ្លិចបំផ្លាញ​អ្នកដទៃ។ ស្ថាបនិក​របស់​វីគីលីក​អះអាង​ដែរថា នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បី ជួសជុល កែតម្រូវ​លែង​ឲ្យ​CIA អាចលែង​ជ្រៀត​ចូល​ទៅ​លួចស្តាប់​យកការណ៍។ 

ផ្សាយពាណិជ្ជកម្ម

អសមត្ថភាព​ជាប្រវត្តិសាស្រ្ត​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA​បង្ក​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ​ដ៏ធំធេង។ នៅក្នុង​សន្និសីទ​កាសែត​តាម​វីដេអូ ដែលលោក​ធ្វើ​តាំង​ពី​ស្ថានទូត​អេក្វាទ័រ ក្នុងទីក្រុង​ឡុងដ៍ លោក​ជូលៀន លោក​ជូលៀន​ អាសាញ់ជ៍ ស្ថាបនិក​របស់​វិបសៃតិ៍ វីគីលីក បាន​រិះគន់ ចារកិច្ច​អាមេរិក ថា បានធ្វើ​កំហុស​មួយ ដោយបាន​ផលិត កសាង​អាវុធ​ព័ត៌មានវិទ្យា ​ដ៏ពិសពុល​មួយ ប៉ុន្តែ  ផ្ទុយទៅវិញ បាន​រក្សា​ទុក​វា​នៅកន្លែង​ប្រមូលផ្តុំ​តែមួយ។ ការណ៍​នេះ​គ្រោះថ្នាក់ ខ្លាំងណាស់ ជាពិសេស នៅពេល​កម្មវិធី​បង្កើត​ឡើង​ដោយ​CIA​ធ្លាក់​ទៅក្នុង​ដៃ​របស់​ឧក្រិដ្ឋជន។ “គេមិន​អាច​គ្រប់គ្រង​អាវុធ​ព័ត៌មានវិទ្យា​បាន​ទាំងស្រុងទេ​ ប្រសិន​បើ​អ្នកបង្កើត​វាឡើង នៅថ្ងៃ​ណាមួយ អ្នកនឹង​បាត់​វា​ពីក្នុង​ដៃ។” នេះ​បើតាម​ស្ថាបនិក​របស់​វីគីលីក វិបសៃតិ៍ ដែល​ជំនាញ​ខាង​ទម្លាយការសម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក។

 
នៅ​ថ្ងៃ​អង្គារ វិបសៃតិ៍ វីគីលីក​បាន​បោះពុម្ពផ្សាយ​ឯកសារ​ប្រមាណ ៩ពាន់​ឯកសារ ដែល​បង្ហាញ​ថា CIA ​បាន​បង្កើត កម្មវិធី​ជាង​មួយ​ពាន់​កម្មវិធី ដូច​ជា​កម្មវិធី​malware វីរ៉ុស និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​អាច​បញ្ជា​រថយន្ត ឬ​ប្រែក្លាយ​សម្ភារៈ​អេឡេចត្រូនិច ឲ្យ​ទៅ​ជា​ម៉ាស៊ីន​លួច​ថត ចូល​ស្តាប់​សំឡេង​សន្ទនា​របស់​អ្នកប្រើប្រាស់។ កម្មវិធី​ទូរស័ព្ទ​អាយហ្វូន ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​អង់ត្រូអ៊ីត Microsoft ឬ​សូម្បី​តែ​ទូរទស្សន៍​ភ្ជាប់​អ៊ីនធ័រនែត ​សាំស៊ុង សុទ្ធ​តែ​ជាប់​ក្នុង​គម្រោងការ​ចារកម្ម​របស់​សេអ៊ីអា​ទាំង​អស់។

វិបសៃតិ៍ វីគីលីក​បាន​ទទួល​ឯកសារ​ច្រើនអណេក ពី​ចោរអ៊ីនធ័រនែត​ដែល​បាន​ចូលលួច​យក​ទិន្នន័យ ដោយសារ​តែ​ការធ្វេសប្រហែស​របស់ CIA។ ប៉ុន្តែ ស្ថាប័ន​របស់​លោក​សម្រេច​ចុះផ្សាយ​ឯកសារ​តែ​មួយផ្នែក​តូច​ប៉ុណ្ណោះ ដោយសារ​តែ​សារៈសំខាន់​របស់វា ពោល​គឺ​ឯកសារ​មួយចំនួន​ផ្សេងទៀត នៅ​មាន​លេខកូដ នៅឡើយ ដែល​ចោរអ៊ីនធ័រនែត ឬ ឧក្រិដ្ឋជន​អាច​លួច​យក​ទៅ​ប្រើប្រាស់​បន្ត ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។

នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ជូលៀន លោក​ជូលៀន​ អាសាញ់ជ៍ ​បានអះអាងថា លោក​នឹង​សហការ ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿងអេឡិចត្រូនិក ដើម្បី រក​វិធីទប់ទល់ នឹង​កម្មវិធី​លួចស្តាប់​របស់​CIA។ បន្ទាប់​ពី​ដោះស្រាយ​បញ្ហា​ចប់សព្វគ្រប់ ពោល​គឺ​បន្ទាប់ពី​រក​គន្លឹះ ឈប់​ឲ្យ​មាន​កម្មវិធី​លបស្តាប់​ដែល​បង្កើតឡើង​ដោយ​CIA រួចហើយ វិបសៃតិ៍ វីគីលីក សន្យា​នឹង​ចុះផ្សាយ ឯកសារ​ដទៃ​ទៀត​ដែល​លម្អិត​ពី​ប្រតិបត្តិការ​ចូលលួច​ស្តាប់​របស់ទីភ្នាក់ងារ​ស៊ើបការន៍​សម្ងាត់​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ