អានតួអត្ថបទ

កូឡុំប៊ី ការ​ហូរបាក់ដី​មរណៈ​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច ជាង​ពីររយ​នាក់

យោធា​កូឡុំប៊ី​ចូល​សង្គ្រោះ​​មនុស្ស​កប់​ភក់​ បង្ក​ឡើង​ដោយ​ទឹក​ជំនន់​ទឹកភ្លៀង​ហូរ​បាក់​ដី
យោធា​កូឡុំប៊ី​ចូល​សង្គ្រោះ​​មនុស្ស​កប់​ភក់​ បង្ក​ឡើង​ដោយ​ទឹក​ជំនន់​ទឹកភ្លៀង​ហូរ​បាក់​ដី EJERCITO DE COLOMBIA / AFP

គ្រោះហូរបាក់​ដី​ដ៏​សម្បើម​មួយ​កំពុង​វាយ​ប្រហារ​លើ​ប្រទេស​កូឡុំប៊ី​ភាគ​ខាង​ត្បូង។ ក្រុង​​ដែល​មាន​ប្រជាជន​រស់​នៅ​ជាង​បួន​ម៉ឺន​នាក់ ស្ទើរ​​លុប​បាត់​ឈឹង។ តុល្យការ​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង ៖ ជាង​ពីរ​នាក់​ស្លាប់។ បើ​តាម​អង្គកា​រ​កាកបាទ​ក្រហម​ មាន​មនុស្ស​ជាង​២០០​នាក់​ផ្សេង​ទៀត​រង​របួស និង​ជាង​២២០​នាក់ បាត់​ខ្លួន។ រដ្ឋាភិបាលកូឡុំប៊ី​កំពុង​បើក​យុទ្ធនាការ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ។

ផ្សាយពាណិជ្ជកម្ម

សោកនាដកម្ម​បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ជា​ហេតុការណ៍ ​អាកាសធាតុ​ធម្មជាតិ El Nino និង​ដែល​បណ្តាល​ឱ្យ​ទន្លេ​បី​ជន់​ឡើង​ក្នុង​ពេល​ទាំង​មួយ ទើប​មាន​ហេតុការណ៍ហូរ​បាក់​ដី​ឡើង។

ជំនន់​ភក់ និង​ថ្ម បាន​ហូរ​អូស​យក​ផ្ទះ​សម្បែង រថយន្ត ស្ពាន​ថ្នល់​ទៅ​ជាមួយ​ សឹង​ថា​ឆូត​បំបាត់​ក្រុង​តូច​មួយនៅភាគ​ខាង​ត្បូង​ប្រទេស​ឱ្យ​បាត់​ចេញ​ពីផែនទី​តែ​ម្តង។ ក្រុម​អ្នក​សង្គ្រោះ ដោយ​មាន​ជំនួយ​ពី​យោធា​ផង កំពុង​​ស្វែង​រក​អ្នក​បាត់​ខ្លួន​ អស់​ពេញ​មួយ​ថ្ងៃ កាយ​វែក​រក​ក្នុង​គំនរ​ថ្ម​ គំនរ​ដី​។ អាជ្ញាធរ​តំបន់ បាន​ភ្ញាក់ខ្លួន​ដឹង​អំពី​ទំហំ​នៃ​គ្រោះ​ថ្នាក់ នៅ​រសៀល​ម្សិលមិញ​ប៉ុណ្ណោះ និង​កំពុង​ផ្តើម​រាប់​ជន​រងគ្រោះ​ដែល​កើន​ឡើង​ឥតឈប់ឈរ។ បើតាម​តួលេខ​របស់​យោធា​សង្គ្រោះ គេ​រាប់​ឃើញ​មាន​ស្លាប់​២៥០​នាក់ របួស​ជាង​បួន​រយ​នាក់ និង​ជាង​២០០​នាក់​បាត់​ខ្លួន។

 
រដ្ឋាភិបាល​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​ថ្នាំ​សង្កូវ ស្បៀង​ ទឹក​ស្អាត​ ចំនួន​៧​តោន​។ ប្រធានាធិបតី​ សិនតូស ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៦ បានចុះ​ទៅ​ដល់​កន្លែង​រងគ្រោះ ដើម្បី​ធ្វើ​អធិការកិច្ច​ប្រតិបត្តការ​សង្គ្រោះ និង​ជួប​ជាមួយ​គ្រួសារ​រងគ្រោះ ដោយ​បាន​ប្រកាស​ចាត់​ទុក​គ្រោះ​ហូរបាក់ដី​ថា​ ជា​អន្តរាយសាធារណៈ។

រដូវ​វស្សា​ឆ្នាំ​នេះ បាន​ចាប់​ផ្តើម​​យ៉ាង​កំណាច​ មិន​ធ្លាប់​មាន​ទេ​ សម្រាប់​តំបន់​ទាំង​មូល​តែម្តង ៖ នៅ​ប៉េរ៉ូ​ប្រទេស​ជាតិ​ខាង ប្រជាជន​ជាង​មួយ​លាន​នាក់​ត្រូវ​រង​គ្រោះ និង​១០០​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់។ តំបន់​ជា​ច្រើន​​ នៃ​ប្រទេស​កូឡុំប៊ី បន្ត​ស្ថិត​ក្រោម​ការ​ប្រកាសអាសន្ន​ទឹក​ភ្លៀង​និង​ការ​ហូរ​បាក់​ដី។

សហគមន៍​អន្តរជាតិ ដោយ​ផ្តើម​ពី​ប្រទេស​បារាំង តាម​រយៈ​សេចក្តី​ថ្លែងការ​ណ៍ថ្ងៃ​នេះ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ផ្ញើសារ​សាមគ្គីភាព​និង​ប្រកាស​ត្រៀម​ផ្តល់​ជំនួយ​ ទៅ​តាម​សំណើ​សុំ​របស់​កូឡុំប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ