អានតួអត្ថបទ
តួកគី

ប្រធានាធិបតី​តួកគី​អំពាវនាវ​អាមេរិក​ឲ្យ​រួមដៃ​កម្ទេច​ក្បាល​ម៉ាស៊ីន​ក្រុមជីហាត​នៅ​រ៉ាកា

ប្រធានាធិបតី​តួកគី​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters នៅថ្ងៃ​ទី ២៥​មេសា ២០១៧
ប្រធានាធិបតី​តួកគី​ផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters នៅថ្ងៃ​ទី ២៥​មេសា ២០១៧ © REUTERS/Umit Bektas

ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន នៅថ្ងៃ​សៅរ៍​ម្សិលមិញ បាន​វាយតម្លៃថា បើសិន​អាមេរិក​រួមដៃ​ជាមួយ​កងទ័ព​តួកគី នោះ​ប្រទេស​ទាំង​ពីរ​នឹង​អាច​វាយកម្ទេច ប្រែក្លាយ​ទីក្រុង​រ៉ាកា​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ទៅ​ជា​ទីវាល​កប់ខ្មោច។ ប្រសាសន៍​របស់​លោក​រេស៊ីប អ៊ែរដូហ្កាន​ ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​ប្រមុខរដ្ឋ​តួកគី​រូបនេះ​ត្រូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាលើក​ទី១ ទៅ​ជួប​ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ នៅពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

អាមេរិក​ដ៏ធំធេង និង​តួកគី​អាច​រួម​កម្លាំង​គ្នា ដើម្បី​ប្រែក្លាយ​ទីក្រុង​រ៉ាកា​ឲ្យ​ទៅ​ជា​វាល​កប់ខ្មោច។ នេះ​ជា​ការថ្លែង​របស់​ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែរដូហ្កាន នៅក្នុង​សុន្ទរកថា​ខ្លី​មួយ ទៅ​កាន់​សាធារណជន​តួកគី នៅ​ថ្ងៃ​សៅរ៍។

 
តួកគី​ចង់​ចូលរួម​ជាមួយ​អាមេរិក​ដែល​កំពុង​ត្រៀម​វាយប្រហារ​ទីក្រុង រ៉ាកា ដែល​ជា​ទីស្នាក់ការ​កណ្តាល ក្បាល​ម៉ាស៊ីន​រដ្ឋបាល​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ទឹកដី ស៊ីរី។ ប៉ុន្តែ រហូត​មក តួកគី និង​អាមេរិក នៅ​មិនទាន់​យល់ស្រប​គ្នា ពី​យុទ្ធសាស្រ្ត​ដែល​គេ​ត្រូវ​ប្រើ នៅក្នុង​ទឹកដី​ស៊ីរី។

តួកគី​ដែល​ចង់​ចូលរួម​កម្លាំង​ជាមួយ​អាមេរិក ក៏​ព្រោះ​តែ​មិន​ចង់​ឃើញ​ក្រុម​ទាហាន​គួដ នៅ​ស៊ីរី (Peopole protection ‘s Unit YPG) ដើរតួ​នាទី​សំខាន់ ក្នុង​ការវាយ​រំដោះ​ទីក្រុង​រ៉ាកា​ជាមួយ​អាមេរិក។ រដ្ឋបាល​អាមេរិក​បាន​គាំទ្រ​ទាំង​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​ដល់​ក្រុម​គួដ​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។

ប៉ុន្តែ ក្នុង​ក្រសែ​ភ្នែក​របស់​ទីក្រុង​អង់ការ៉ា ក្រុមគួដ ស៊ីរី​ជា​សម្ព័ន្ធមិត្ត អ្នកគាំទ្រ​​ពួក​ឧទ្ទាម គួដ នៅ​​តួកគី PKK ដែល​រដ្ឋាភិបាល​តួកគី​ចាត់ទុក​ជា​ក្រុមភេរវជន ប្រយុទ្ធប្រឆាំង​នឹង​អំណាច​រដ្ឋាភិបាល​តាំងពី​ឆ្នាំ ១៩៨៤​មក។ នៅ​ដើម​សប្តាហ៍នេះ ទីក្រុង​អង់ការ៉ា​បាន​ធ្វើ​ឲ្យ​អាមេរិក​អាក់អន់​ចិត្ត បន្ទាប់​ពី​យន្តហោះ​ចម្បាំង​តួកគី​បាន​ទម្លាក់​គ្រាប់​ទៅ​លើ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមទាហាន​គួដ​ស៊ីរី និង​ក្រុមគួដ អ៊ីរ៉ាក់ ដែល​ទាំងពីរ​ក្រុម​សុទ្ធ​តែ​ជា​គ្នីគ្នា​របស់​អាមេរិក និង​ដែល​បាន​សម្លាប់​មនុស្ស សរុប ៣៤​នាក់។

ដោយពិតទៅ កងទ័ព​តួកគី និង​ក្រុមទាហាន​គួដ នៅ​ស៊ីរី​ឧស្សាហ៍​ប៉ះទង្គិច ជាពិសេស​នៅ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ។ នៅ​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​តួកគី​ដែល​និយាយ​ការពារ​ ​កងទ័ព​តួកគី បាន​អះអាងថា គេ​បាន​សម្លាប់​ក្រុមភេរវជន​ប្រមាណ ២០០​នាក់ នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​កន្លងទៅ នៅ​ក្នុង​ទឹកដី​ស៊ីរី។ ប្រធានាធិបតី​តួកគី​បាន​បញ្ជាក់ដែរ​ថា លោក​មាន​ឯកសារ ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ទៅ​បង្ហាញ​លោក​ប្រធានាធិបតី​អាមេរិក ឲ្យ​ឃើញ​ថា ក្រុមទាហាន​គួដ នៅ​ស៊ីរី ដែល​អាមេរិក​កំពុង​គាំទ្រ ផ្តល់ជំនួយ តាមពិត​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមគួដ​តួកគី ដែល​តួកគី និង​ប្រទេស​លោកខាងលិច​ចាត់ចូល​ក្នុង​បញ្ជី​ភេរវជន​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ