អានតួអត្ថបទ

ធ្លាយ​រឿង​លោកត្រាំ និង​លោក​ពូទីន សំងំ​​​ពិភាក្សា​គ្នា​​ជា​លើក​ទី​ពីរ​ក្នុង​ជំនួប​G២០ ដោយ​ស្ងាត់ៗ

ប្រធានាធិបតី​អាមេរិក​និង រុស្ស៊ី ក្នុង​ជំនួប​ផ្លូវការ​នៅ​Hambourg អាល្លឺម៉ង់ ថ្ងៃទី ៧ កក្កដា
ប្រធានាធិបតី​អាមេរិក​និង រុស្ស៊ី ក្នុង​ជំនួប​ផ្លូវការ​នៅ​Hambourg អាល្លឺម៉ង់ ថ្ងៃទី ៧ កក្កដា REUTERS/Carlos Barria

ក្នុង​អំឡុងជំនួប​កំពូល​​G២០ នៅ​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ៧​កក្កដា ២០១៧ ​លោកប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន បាន​ជួប​ពិភាក្សាគ្នា​​ដល់​ទៅ​ពីរ​លើក។ លើក​ទី​មួយ ជា​ជំនួប​ផ្លូវការ​ នៅ​មុន​ពេល​បើក​ជំនួប​កំពូល។ ​កិច្ចសន្ទនា​ទីពីរ​​នៅ​ក្រោយ​ពេល​បាយ​ល្ងាចបិទ​កម្មវិធី តែ​សេតវិមាន​ទើប​បាន​ទម្លាយ​ព័ត៌មាន​នៅ​ពេល​នេះ។ ការ​មិន​ប្រកាស​ជា​សាធារណៈ​អំពី​ជំនួប​លើក​ទី​ពីរ កំពុង​ក្លាយ​ជា​បញ្ហា​​ដ៏​​ចម្រូង​ចម្រាសនៅ​សហរដ្ឋ​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​ទី​មួយ​ដែល​ជា​ថ្ងៃ​​បើក​ជំនួប​កំពូល​G២០ នៅ​ហំបួរ​ប្រទេស​អាល្លឺម៉ង់ លោក ត្រាំ និង​លោក ពូទីន បាន​ជួប​ពិភាក្សា​គ្នា​ ជា​ផ្លូវការ រយៈ​ពេល​ជាង​ពីរ​ម៉ោង អម​ដោយ​វត្តមាន​រដ្ឋមន្ត្រី​បរទេសអាមេរិក​និង​រុស្ស៊ី។ នា​ឱកាសនោះ បើ​តាម​លោក​ត្រាំ ប្រធានាធិបតី​រុស្ស៊ី​បាន​បដិសេធ​ថា​មិន​បាន​លូក​ដៃ​ចូល​ជ្រៀត​ជ្រែក​ក្នុង​យុទ្ធនាការបោះឆ្នោត​អាមេរិក​ទេ។

ប៉ុន្តែ​សេតវិមាន​មិន​បាន​ផ្តល់​ព័ត៌មាន និង​លម្អិត​អ្វី​ទាំង​អស់ ទាក់ទង​នឹង​ជំនួប​លើក​ទី​ពីរ រវាង​ប្រធានាធិបតី​ទាំង​ពីរ នៅក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​កិច្ច​បិទ​បញ្ចប់​ជំនួប​កំពូលG២០ ហើយសេតវិមាន​ទើប​ទម្លាយឱ្យ​ដឹង​នៅ​ល្ងាច​មិញ​នេះ​តែ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​មាន​សំណួរ​ជា​ច្រើន​ចោទ​ឡើង ថា​តើ​មេ​ដឹកនាំ​ទាំង​ពីរ​សំងំ​ពិភាក្សា​គ្នា​រឿងអ្វី ? ហេតុ​អ្វី​បាន​ជា​លោកត្រាំមិន​​ប្រកាស​ជា​សាធារណៈ​ជំនួប​​លើក​ទីពីរ​នេះ ?

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោកស្រី​ ត្រាំ នៅ​ក្នុងពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ក្រោយ​ជំនួបប្រជុំហ្សេ២០ ថ្ងៃទី ៧ កក្កដា ២០១៧
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោកស្រី​ ត្រាំ នៅ​ក្នុងពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ក្រោយ​ជំនួបប្រជុំហ្សេ២០ ថ្ងៃទី ៧ កក្កដា ២០១៧ © Reuters

លោក​ដូណាល់​ត្រាំ ដូច​ទម្លាប់​បាន​ពន្យល់​បក​ស្រាយ​តាម​Twitterថា មិន​មែន​ជា​ជំនួបដោយ​​សម្ងាត់ទេ ! មេ​ដឹកនាំប្រទេស​មហាឧស្សាហកម្ម​​ទាំង​២០ ​បានជួបជុំ​ទទួល​ទាន​អាហារ​​ពេល​ល្ងាច​ជុំ​គ្នា​តាម​ការ​អញ្ជើញ​របស់​អាល្លឺម៉ង់​ជា​ម្ចាស់​ផ្ទះ ​ហើយ​លោក​ក៏​បាន​ជួប​ពិភាក្សា​មួយ​ភ្លែត​ជាមួយ​លោក​ពូទីន ដែល​អង្គុយ​ជាប់​ភរិយា​លោក។ អ្នក​ទទួល​ខុស​ត្រូវ​សេតវិមាន ក៏​បាន​អះអាង​ដូច​គ្នា​ថា​ ជា​ជំនួប​ដ៏​ខ្លី​ ក្នុង​កម្មវិធី​ជា​ផ្លូវការ។

ប៉ុន្តែ​បើ​តាមNew York Times​ លោក​ត្រាំ​និង​លោក​ពូទីន បាន​ជួប​ពិភាក្សា​គ្នា​ដល់​ទៅ ​ប្រហែល​មួយ​ម៉ោង។ ជា​ពេល​វែង និង​យូរ​ហួស​ក្បួន​ច្បាប់​ពិធីការ​ផ្លូវការ រហូត​ដល់ភ្ញៀវ​ផ្សេងៗ​ទៀត​ភ្ញាក់ផ្អើល​ចាប់​អារម្មណ៍។ មិន​តែ​ប៉ុណ្ណោះ​ មេដឹកនាំទាំង​ពីរ​បាន​ជួប​និយាយ​​គ្នា​មួយ​ទល់​នឹង​មួយ​ ដោយ​មាន​អ្នក​បក​ប្រែ​ជា​ជន​ជាតិ​រុស្ស៊ី និង​គ្មាន​ឥស្សរជន​ណា​ម្នាក់​ផ្សេង​ទៀត ចូល​រួម​ឡើយ។

ដោយ​ហេតុ​ថា​ទំនាក់ទំនង​អាមេរិក​រុស្ស៊ី​ជា​ប្រធានបទ​ដ៏រសើប​ស្រាប់​ផង​យ៉ាង​ដូច្នេះ ជំនួប​មួយ​ទល់​នឹង​មួយ​ រវាង​លោកត្រាំ​និង​ពូទីន អា​ចជា​ប្រភព​នៃ​ការ​ព្រលាត់​រិះគន់​គ្រប់​យ៉ាង។ សេតវិមាន​បាន​សាក​ល្បង​ឆ្លើយ​បំភ្លឺ​ថា​នៅ​យប់​នោះ គូស្រករប្រធានាធិបតី​ មាន​សិទ្ធិ​ប្រើ​អ្នក​បកប្រែ​តែ​ម្នាក់ លោកត្រាំ​មាន​អ្នក​បក​ប្រែ​និយាយ​ជប៉ុន​មិន​ចេះ​រុស្ស៊ី​ទេ ព្រោះ​លោក​អង្គុយ​ជាប់​លោក​ស្រី​អាបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ